សកម្មជនចលនាមាតាធម្មជាតិធ្វើធម្មយាត្រា​ទៅ​ខេត្តព្រះសីហនុ ទាមទារអាជ្ញាធរ​រុះរើ​សំណង់​ខុស​ច្បាប់​នៅកោះរ៉ុងសន្លឹម

ព្រះសង្ឃ និងយុវជនចលនា​មាតាធម្មជាតិកំពុងនិមន្ត និងដើរដោយថ្មើរជើងតាមបណ្តោយផ្លូវជាតិលេខ៤ នៅថ្ងៃពុធទី១៦ ខែតុលា ឆ្នាំ២០១៩។ (រូបថតផ្តល់ដោយ៖ លោក ហ៊ុន វណ្ណៈ)

សកម្មជនចលនាមាតាធម្មជាតិ បានចាប់ផ្តើមយុទ្ធនាការដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ ចាត់វិធានការរុះរើសំណង់អាគារកាស៊ីណូចិននៅកោះរ៉ុងសន្លឹម ដែលត្រូវបានរកឃើញថាប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ។

សកម្មជន​ចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា បានលើកឡើងថាយុទ្ធនាការនេះធ្វើឡើងដើម្បីជំរុញ​ឱ្យអាជ្ញាធរ​ខេត្តព្រះសីហនុ​ចុះរុះរើកាស៊ីណូ ជីន ទីង និងបំផុសគំនិតយុវជនឱ្យងាកមកចាប់អារម្មណ៍ទៅលើបញ្ហាបរិស្ថាន។

កញ្ញា គន្ធា ប្រាប់ វីអូឌី ថា៖«នៅក្នុងយុទ្ធនាការរបស់ពួកខ្ញុំនឹងគឺដើម្បីជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុហ្នឹង គឺគាត់អឺរុះរើសំណ​ង់​អាគារកាស៊ីណូ ធីន ទីង ដែលសាងសង់រំលោភដីឆ្នេរសាធារណៈ។ និយាយរួមទៅ ឱ្យអាជ្ញាធរគឺចាត់វិធានការទៅលើរឿងហ្នឹង ហើយមួយទៀតហ្នឹងគឺដើម្បីបំផុសឱ្យយុវជន​ប្រជាពល​រដ្ឋគាត់ចាប់ផ្តើមមានឆន្ទៈឈឺឆ្អាលទៅនឹងបញ្ហាសង្គម ដើម្បីឱ្យគាត់កុំចេះតែមានភាពភ័យខ្លាចលែងហ៊ាន»។

យុវជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺ លោក ហ៊ុន វណ្ណៈ ប្រាប់វីអូឌីថា យុទ្ធនាការនេះគ្រោង​ចំណាយពេល​១០ថ្ងៃ (ចាប់ពីថ្ងៃទី១៥-២៥ ខែ​តុលា) ដោយចេញដំណើរពីមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ​។ បើតាមលោក វណ្ណៈ ​មកទល់រសៀលថ្ងៃនេះ អ្នកចូលរួមកើនដល់៩អង្គ-នាក់ (ព្រះសង្ឃ៤អង្គ)។

លោក វណ្ណៈ បន្ថែមថា លោកបានដាក់លិខិតជូនដំណឹងតែអាជ្ញាធរខេត្តព្រះសីហនុប៉ុណ្ណោះ សម្រាប់ខេត្តដទៃ មិន​បានដាក់ទេ ដោយសារតែនេះជាការដើរធម្មតា។

លោក វណ្ណៈ ប្រាប់ វីអូឌី តាមប្រព័ន្ធ Telegram ថា៖«សកម្មភាពដែលយើងដើរពីភ្នំពេញ ខេត្តកណ្តាល និង​កំពង់​ស្ពឺ គឺយើងអត់មានលើកប​ដា ឬមួយក៏ផ្ញើសារជាការតស៊ូមតិ ឬក៏យុទ្ធនាការ ហែក្បួនអីប្រើ​ឧបករណ៍​ឃោសនសព្ទអីទេ។ យើងដើរធម្មតា គេហៅថាធម្មយាត្រាធម្មតាទេ។ ពេលដែលយើង​ចូលដល់ទឹក​ដី​ខេត្ត​ព្រះសីហនុបានយើង​ចាប់ផ្តើមលើកពិដា មានជាការហែក្បួនទាមទារឱ្យរុះរើកាស៊ីណូ»។  

កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅនេះ ក្រុមយុវជនចលនាមាតាធម្មជាតិមានគ្នាសរុបចំនួន១៤អង្គ-នាក់ បាន​ដាក់ញ្ញាត្តិទៅ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ទាមទារឱ្យអាជ្ញាធរ​ខេត្ត​ចុះរុះរើ​សំណង់​អាគារកា​ស៊ី​ណូ ជីន ទីង របស់ជនជាតិចិននៅកោះរ៉ុងសន្លឹម ដែលរកឃើញថា សំណង់នោះសង់និងបើក​អាជីវកម្មដោយបំពាន​ច្បាប់​។ 

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ លើកឡើងថា កន្លងមកអាជ្ញាធរបានចាត់វិធានការ និងកំពុងដំណើរការនីតិវិធីលើសំណង់កាស៊ីណូ ជីន ទីង តាមញាត្តិទាមទាររបស់ក្រុមយុវជនមាតាធម្មជាតិ​ហើយ ក្រោមចំណារពីអភិបាលខេត្ត​។ លោកយល់ថា ចំពោះយុទ្ធនា​ការថ្មើរជើងរបស់ក្រុមយុវជន​មាតាធម្មជាតិ​អាច​ធ្វើឡើងក្នុងគោលបំណងផ្សេង។  

លោក ឃាង ភារម្យ មានប្រសាសន៍ថា៖«ការដែលដើរព្យុះហយាត្រាអីផ្សេងៗនេះ ខ្ញុំគិតថាដូច​មិនមែន​តែក្នុង​ន័យ​សម្រាប់បញ្ហារឿងបរិស្ថាននេះមួយទេ។ ចឹងវាអាចនៅក្នុងន័យផ្សេងមួយទៀត។ ហើយបើសិនលោក​ធ្វើ​ទៅ​ត្រឹម​ត្រូវតាមច្បាប់ ស្របច្បាប់ អាហ្នឹងអត់បញ្ហាទេ គឺធ្វើយ៉ាងណាកុំឱ្យប្រាស់ចាកគន្លងច្បាប់ឱ្យសោះ»។

យ៉ាងណា លោក ឃាង ភារម្យ សូមមិនធ្វើការបកស្រាយអំពីនិតិវិធីច្បាប់ទៅលើករណីសំណង់អាគារ ជីន ទីង ដោយលោកថាទុកកិច្ចការនេះឱ្យទៅមន្រ្តីស្ថាប័នជំនាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ