ទីក្រុងនៅស៊ុយអែតសំបូរដើមឈើដូចតំបន់អភិរក្ស

បឹងនៅក្នុងទីក្រុងKalmar មានសត្វហែលលើទឹក និងមានព្រៃឈើដុះជុំវិញ។ ថតនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩(រូប ដោយពៅ មេត្តា)

ស៊ុយអែតគឺជាប្រទេសមួយនៅសហគមន៍អឺរ៉ុប សំបូរទៅដោយព្រៃឈើ មានកោះ ឆ្នេរសមុទ្រ និង កោះ នៅបឹងក្នុងទឹកសាបរាប់ពាន់កន្លែង រួមទាំងសត្វព្រៃផ្សេងទៀតជាច្រើនរស់នៅចម្រុះគ្នា។​

តាមរបាយការណ៍worldometersគឺ ប្រទេសស៊ុយអែតមានប្រជាជនប្រមាណ១០លាននាក់ រស់នៅក្នុងរដ្ឋធានីឈ្មោះstockholm  និងទីក្រុងផ្សេងៗចំនួន៩ទៀត។ ភាគច្រើននៃប្រជាជនគឺរស់នៅតំបន់ភាគត្បូង ចំណែកភាគខាងជើងនៃប្រទេសគ្របដណ្តប់ទៅដោយព្រៃឈើ។​

ស្របពេលដែលរបាយការណ៍ព្រៃឈើនៅតាមបណ្តាប្រទេសមួយចំនួនមានការថយចុះនោះ នៅក្នុងប្រទេសស៊ុយអែតរបាយការណ៍ព្រៃឈើមានការកើនឡើងទៅវិញ។​

របាយការណ៍របស់Swedish Wood បង្ហាញថា ប្រទេសស៊ុយអែត គ្របដណ្តប់ទៅដោយព្រៃឈើ៧០ភាគរយលើផ្ទៃដីគោក ហើយគិតលើប្រទេសនេះទាំងមូលរួមទាំងផ្ទៃទឹកគឺគ្របដណ្តប់ដោយព្រៃឈើជាង៥០ភាគរយ។​

ព្រៃឈើនៅក្នុងប្រទេសស៊ុយអែតបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរច្រើន ពិសេសក្រុមអ្នកដែលចូលចិត្តដើរផ្សងព្រេងក្នុងព្រៃ។​

បើយើងពិនិត្យមើលក្នុងទីក្រុងKalmar ជាទីក្រុងមួយស្ថិតនៅភាគអាគ្នេយ៍របស់ស៊ុយអែត នៅជាប់មាត់សមុទ្រ មានទាំងកោះទឹកសាប និងទឹកប្រៃ។​ ឈ្មោះជាទីក្រុង ប៉ុន្តែមិនមានអគារកប់ពពកដូចទីក្រុងនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីទេ គឺមើលទៅសំបូរទៅដោយដើមឈើកប់នៅក្នុងផ្សែងអ័ព្ទក្នុងអាកាសធាតុត្រជាក់ប្រមាណ១០អង្សា។​

ព្រៃឈើនៅក្បែរៗដៃសមុទ្រនៅក្នុងទីក្រុងKalmar។ រូបថតនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩(ដោយពៅ មេត្តា)
ផ្លូវដើរទៅកាន់Kalmar Castle ជាកន្លែងគោលដៅទេសចរមួយនៅក្នុងទីក្រុងKalmar។ ថតថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩(រូបដោយ ពៅ មេត្តា)

នៅតាមដងផ្លូវ តាមមាត់បឹង និងនៅតាមឆ្នេរមានដាំដើមឈើជាជួរខ្លះ និងដាំជ្រុំជាក្រុមខ្លះតាមទីតាំងធំ និងតូច។ នៅតាមមាត់បឹង និងឆ្នេរមិនមានការសង់ផ្ទះ ហាងឬភោជនីយ៍ដ្ឋានទេ គឺជំនួសទៅដោយការដាំស្មៅ ផ្កា រុក្ខជាតិតូចធំ និងរៀបចំជាកន្លែងទីធ្លាសម្រាប់ការអង្គុយលំហែកាយ និង អាចហាត់ប្រាណបាន។

នៅក្នុងទីក្រុងដែលមានដើមឈើចម្រុះនេះ ក៏អំណោយផលជាជម្រកដល់ជីវិតសត្វស្លាបផ្សេងៗរស់នៅដែរ។ ភ្ញៀវទេសចរដើរក្នុងទីក្រុងអាចឮសំឡេងសត្វស្លាបស្រែក និងឃើញវាហោះហើរចុះឡើងក្បែរៗនោះដើម្បីរកចំណី។​ សត្វស្លាបទាំងនេះ ស្វែងរកចំណីក្បែរៗមនុស្សហាក់មិនភ័យខ្លាចទេ។

ប្រជាជនស៊ុយអែតអះអាងថា នៅក្នុងប្រទេសនេះមិនមែនតែនៅក្នុងទីក្រុងKalmarមួយទេដែលសំបូរដើមឈើរនោះគឺនៅក្នុងទីក្រុងផ្សេងៗទៀតក៏មានដើមឈើច្រើនដូចគ្នាដែរគឺពួកគេចូលចិត្តដាំ និងថែរក្សាដើមឈើ។​

ប្រជាជននៅទីនេះអះអាងថា ដើមឈើអាចធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា ជួយទ្រទ្រង់បរិស្ថាន ពិសេសកាត់បន្ថយការបំពុលបរិយាកាស ខណៈប្រទេសមួយចំនួនកំពុងជួបបញ្ហាខ្យល់ពុល។​

នៅក្នុងប្រទេសស៊ុយអែតមានឧទ្យានជាតិចំនួន៣០គ្របដណ្តប់លើផ្ទៃដីជាង៧០ម៉ឺនហិកតា។ ក្នុងនោះ ឧទ្យានSarek នៅភាគខាងជើងនៃប្រទេសសំបូរដើមឈើស្រស់ស្អាត ហើយមានអាយុកាលចាស់ជាងគេនៅស៊ុយអែត ក៏ដូចជានៅតំបន់អឺរ៉ុបគឺបង្កើតឡើងតាំងពីឆ្នាំ១៩០៩៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ