សកម្មជនចលនាមាតា​ធម្មជាតិ ប្តេជ្ញាដើរឱ្យដល់​ខេត្ត​​ព្រះសីហនុ​ទោះជួបឧបសគ្គ

ព្រះសង្ឃ និងយុវជនចលនា​មាតាធម្មជាតិកំពុងនិមន្ត និងដើរដោយថ្មើរជើងតាមបណ្តោយផ្លូវជាតិលេខ៤ នៅថ្ងៃពុធទី១៦ ខែតុលា ឆ្នាំ២០១៩។ (រូបថតផ្តល់ដោយ៖ លោក ហ៊ុន វណ្ណៈ)

យុវជនចលនាមាតាធម្មជាតិ ប្តេជ្ញាដើរឱ្យដល់ក្រុងព្រះសីហនុ បើទោះជាត្រូវជួបឧបសគ្គអ្វីក៏ដោយ ដើម្បីសម្រេចបំណងរបស់ពួកគេក្នុងការ​ទាមទារឱ្យអាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយ​នេះរុះរើ​សំណង់កាស៊ីណូ​ចិន​ខុសច្បាប់មួយនៅកោះរ៉ុងសន្លឹម។

យុវជនចលនាមាតាធម្មជាតិ កំពុង​ធ្វើធម្មយាត្រាថ្មើរជើងពីរាជធានីភ្នំពេញទៅក្រុ​ង​ព្រះសី​ហនុដោយ​ប្រើ​រយៈ​ពេល​១០ថ្ងៃ(ចាប់​ពី​ថ្ងៃទី១៥ ដល់២៥ ខែតុលា) ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តចុះរុះរើសំណង់កាស៊ីណូចិន ជីន ទីង ដែលសង់ឡើងរំលោភលើដីឆ្នេរ និងបង្កផលប៉ះពាល់ដល់បរិស្ថាន។

ធម្មយាត្រាក្រុមយុវជននេះ ធ្វើឡើងក្រោយពីពួកគេបានដាក់ញ្ញាតិទៅអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៣កញ្ញាកន្លងទៅ ដើម្បីទាមទារឱ្យអាជ្ញាធរចាត់វិធានការច្បាប់ ចុះរុះរើសំណង់កាស៊ីណូចិន ជីន ទីង ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ។

យុវជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា បានលើកឡើងថា ក្រុមកញ្ញាបានជួបបញ្ហាមិនអាចស្វែង​រកវត្ត​ស្នាក់​ពេលយប់បាន ហើយមានព្រះសង្ឃ១អង្គមានអាពាធ និងយុវជនជានារីម្នាក់ពងជើង តែយ៉ាងណាកញ្ញាអះអាងថា ក្រុមកញ្ញា​នឹងមិនរាថយឡើយ។

កញ្ញា ឡុង គន្ធា ប្រាប់ វីអូឌី តាមទូរសព្ទថា​៖«ពួកខ្ញុំគឺប្តេជ្ញាថានឹងត្រូវទៅឱ្យដល់ក្រុងព្រះសីហនុទោះជាមាន​ឧបសគ្គប៉ុនណា​ក៏ដោយ គឺយើងត្រូវទៅឱ្យដល់។ […] មកដល់ពេលហ្នឹងមាន៧នាក់ដដែល អ្នកដែលធ្វើដំ​ណើរ​​ថ្មើរ​ជើង​ហ្នឹង​មាន៤អង្គ-នាក់ ​ដែ​​លព្រះសង្ឃ១អង្គ ហើយយុវជនយើង៣នាក់ ជាស្រ្តី២នាក់ ហើយ​ព្រះសង្ឃ១​អង្គ​ទៀតដែលអាពាធ ព្រះអង្គបានធូរស្បើយហើយ។ ប៉ុន្តែយើងអត់​ទាន់ហ៊ាន​ឱ្យព្រះអង្កនិមន្តខ្លាច​ព្រះអង្គលាប់​ជំងឺវិញ»។

យុវជនចលនាមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ឱ្យដឹងបន្ថែមថា ក្រុមរបស់លោកជួបបញ្ហាលំបាកបំផុតក្នុងការ​ស្វែង​រកកន្លែងស្នាក់អាស្រ័យពេលយប់ចាប់ពីថ្ងៃធ្វើធម្មយាត្រារយៈពេល៤ថ្ងៃមកនេះ។

លោក វណ្ណៈ និយាយថា៖«យើងសុំវត្តទី១ គឺវត្តចំបក់ហ្នឹងគឺគេបិទទ្វារអត់ឱ្យយើងចូលទេ។ ហើយក៏បានសួរនាំ​នេនតូច​ដែលចាំបិទទ្វារហ្នឹងក៏គាត់ថា រាល់ដងគឺអត់ដែលបិទទ្វារទេ ទើបតែថ្ងៃហ្នឹងគឺខាងលើគេប្រាប់ថា ចៅអធិការ​ប្រាប់ថា ឱ្យបិទទ្វារទៅព្រោះខ្លាចមានគេហែចូល។ បន្ទាប់មកក៏យើង​ព្យាយាមសុំវត្តទី២​វត្តធម្មយុត​នៅគៀកគ្នាដែរ ក៏ព្រះអង្គគុណម្ចាស់នៅវត្តហ្នឹងក៏បានប្រាប់ថាគាត់ចង់ ចង់អនុញ្ញាត​ឱ្យយើងស្នាក់​នៅព្រោះ​វត្តសម្រាប់ព្រះសង្ឃ ជាពិសេសគឺស្វាគមន៍ព្រះសង្ឃដែលដើរធម្មយាត្រាដើម្បីសង្គមដើម្បីជាតិហ្នឹងដែរ តែគាត់អត់មានជម្រើសទេ»។  

ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ដែលបានតាមដានធម្មយាត្រាក្រុម​យុវជនចលនាមាតា​ធម្ម​ជាតិ​​ លើកឡើងថា រាល់សកម្មភាពរបស់ក្រុមយុវជនដើម្បីទាមទាររកដំណោះស្រាយចំពោះផលប៉ះពាល់បរិស្ថាន គួរ​តែត្រូវបានលើកទឹកចិត្ត។  

លោក ម៉ាឡៃ មានប្រសាសន៍ថា៖«ក្នុងសង្គមរបស់យើង ឬក៏នៅក្នុងប្រទេសផ្សេងទៀត ជាប្រទេសដែលគេចង់​ឱ្យមានការ​លើកកម្ពស់ការអនុវត្តនូវសិទ្ធិគេក៏ការលើកទឹកចិត្តយុវជនក្នុងការការពារបរិស្ថានបែបនេះ ខ្ញុំយល់​ថា ត្រូវបានគាំទ្រ ត្រូវបានសាទរ។ ហើយគួរយុវជនផ្សេងទៀតដែលជាអ្នកស្រលាញ់ហ្នឹងបន្តការគាំទ្រ ហើយ​ជាពិសេសពីរដ្ឋាភិបាលផងដែរ»។

ឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមយុវជន អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ វីអូឌី កាលពីថ្ងៃពុធថា​ អាជ្ញាធរខេត្តបាននិងកំពុងដំណើរការនីតិវិធីទៅលើសំណង់អាគារកាស៊ីណូចិន ជីន ទីង នោះហើយ ពោលគឺ រដ្ឋបាលខេត្តមិនមែននៅស្ងៀមនោះទេ។  

លោក ឃាង ភារម្យ មានប្រសាសន៍ថា៖«(ញ្ញត្តិ)ក្រុមយុវជនមាតាធម្មជាតិ រដ្ឋបាលខេត្តបានទទួលហើយ ហើយក្នុង​នោះក៏មានចំណារពីអភិបាលខេត្តដែរ។ លោកបានចារនៅលើនោះ ថានឹងចា​ត់ការតាមនីតិវិធី ហើយបើញ្ញាតិ​ដាក់​ហើយ លោកនៅតែបន្តធ្វើព្យុះហយាត្រាអ្វីរបស់លោកនោះ អាហ្នឹងជារឿងរបស់លោកមួយទៀត ប៉ុន្តែ អាជ្ញាធរខេត្តលោកបាននិងកំពុងតែធ្វើការងារហ្នឹងហើយ»។

កាលពីខែឧសភា អាជ្ញាធរខេត្តព្រះសីហនុ រួមមានក្រុមការងារចម្រុះ និងព្រះរាជអាជ្ញាផង បានចេញដីកា និង​ចុះទៅ​បង្ខំបិទ​កាស៊ីណូខុសច្បាប់ខាងលើ បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូន​ដំណឹងឱ្យបិទ២លើកហើយ​មិន​មាន​​ប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ