ម្ចាស់​អាគារ​កាស៊ីណូសង់រំលោភ​ដី​ឆ្នេរកោះរ៉ុងស្នើ​សុំពន្យាពេលរុះរើសំណង់

មជ្ឈមណ្ឌលកម្សាន្ត ជីង ទីង នៅខេត្តព្រះសីហនុ។ រូបភាព៖ Mother Nature Cambodia/ Screeshot

យោងតាមអភិបាល​ក្រុង​កោះរ៉ុង​ លោក ងួន ប៊ុនថុល ឲ្យ​ដឹងថា ម្ចាស់​សំណង់​អាគារ​កាស៊ីណូ​ឈ្មោះ​ ជីន ទីង បាន​ស្នើ​សុំពន្យាពេលរុះរើសំណង់អាគារកាស៊ីណូ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​សាងសង់​រំលោភលើដី​ឆ្នេរសមុទ្រ នៅកោះរ៉ុងសន្លឹម រហូតដល់សំណង់កាស៊ីណូថ្មី​ត្រូវ​បានសាងសង់រួចរាល់។

នៅក្នុង​លិខិតជូន​ដំណឹង​មួយជូនទៅ​លោក គួច ចំរើន អភិបាល​ខេត្តព្រះ​សីហនុ ចុះថ្ងៃទី០៤ តុលា ២០១៩ ហើយ​ត្រូវបានគេបង្ហោះលើទំព័រ Facebook របស់រដ្ឋបាលខេត្តកាលពី​ម្សិលមិញ លោក ងួន ប៊ុនថុល ឱ្យដឹងថា សំណើនេះធ្វើឡើងដោយក្រុមហ៊ុនម្ចាស់កាស៊ីណូ ដើម្បីរក្សាទុកសម្ភារក្នុងអាគារបណ្តោះអាសន្ន រង់ចាំការសាងសង់អាគារនៅទីតាំងថ្មីរួចរាល់ ទើបរើសម្ភារទាំងអស់ទៅដាក់នៅទីនោះ។​

លិខិតដដែលបញ្ជាក់បន្ថែមថា បន្ទាប់ពីផ្ទេរសម្ភារទៅកាន់អាគារកាស៊ីណូថ្មី ខាងក្រុមហ៊ុននឹងធ្វើការរុះរើសំណង់អាគារចាស់ដោយខ្លួនឯង។ ទោះ​យ៉ាង​ណា លោក ងួន ប៊ុនថុល ជូនដំណឹងនៅក្នុងលិខិត​នោះថា សម្រាប់អាគារថ្មី ក្រុមហ៊ុនកំពុងស្នើសុំគោលការណ៍ពីខាងក្រសួងពាក់ព័ន្ធដើម្បីសាងសង់។​

លិខិតជូនដំណឹងនេះ ធ្វើឡើងខណៈដែលក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើធម្មយាត្រាដើរដោយថ្មើរជើងទៅកាន់ខេត្ត​ព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តអនុវត្តនីតិវិធីច្បាប់ចុះរុះរើសំណង់កាស៊ីណូជីន ទីង។​

អភិ​បាល​ក្រុង​កោះ​ រ៉ុង លោក នួន ប៊ុន​ថុល ថ្លែងប្រាប់អ្នក​យកព័ត៌មានVOD​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះថា លោកកំពង់​រង់ចាំ​ការ​ឯកភាព​ពី​អភិបាល​ខេត្ត​ព្រះសីហនុ។

អភិបាល​ខេត្ត​ព្រះ​សីហនុ លោក គួច ចំរើន​ មាន​ប្រសាសន៍​ថា​លោក​កំពុង​នៅការដ្ឋាន​ ហើយ​ឲ្យ​សួរទៅអ្នក​នាំពាក្យ​។

អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ លោកជាប់​ប្រជុំ​មិន​អាច​និយាយបាន។

កាស៊ីណូ ជីន ទីង ត្រូវបានអាជ្ញាធរខេត្តព្រះសីហុនចុះបង្ខំឱ្យបិទកាលពីខែឧសភា ឆ្នាំ២០១៩នេះ ក្រោយរកឃើញថាបានសាងឡើងរំលោភដីឆ្នេរសាធារណៈ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងបើកអាជីវកម្មហួសសុពលភាព។ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ចេញលិខិតជូនដំណឹងឱ្យម្ចាស់អាគារ​កាស៊ីណូ ជីន ទីងនេះបិទចំនួន២លើករួចមកហើយ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ