កម្ពុជា និង តួកគីប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យដល់មួយពាន់លានដុល្លារ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ (រូបភាព៖ ហេង វិចិត្រ)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និង តួកគី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់ ១០០០លានដុល្លារអាមេរិកនាពេលពេលអនាគត។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញ ឱ្យដឹងថាការប្តេជ្ញានេះ ធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ​ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគីលោក បេគៀរ ប៉ាកដឺមៀលី (Bekir Pakdemirli) ក្នុង​កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងមន្ត្រីជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី កាលពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអង់ការ៉ាប្រទេសតួកគី។ ​

យោងតាម​ប្រភព​ដដែលនេះឲ្យ​ដឹងថា ដោយគិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-តួកគី មានចំនួនប្រមាណ ៥១០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ កម្ពុជានាំចេញទៅកាន់ប្រទេសតួកគីមានទំហំទឹកប្រាក់ជាង ៤៣៧ លានដុល្លារអាមេរិក និងនាំចូលពីតួកគីមានទឹកប្រាក់ជាង ៧២ លានដុល្លារអាមេរិក។

លោក ប៉ាន សូរសក្តិ ត្រូវ​បាន​ដកស្រង់​សំដី​មក​ថា កម្ពុជាទំនិញដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ប្រទេសតួកគី រួមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច និងអង្ករ ។ល»។

កាលពី​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​កម្ពុជានិង​តួ​ក​គី បាន​សហការគ្នា​ចាប់ខ្លួនបុរសជនជាតិ​តួកគីម្នាក់គឺ​លោក Osman Karaca ជាអតីតនាយកសាលាអន្តរជាតិហ្សាម៉ាន់ បច្ចុប្បន្នប្តូរមកជាសាលាអន្តរជាតិផារ៉ាហ្គន់ បញ្ជូនទៅ​តួ​កគីតាម​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​គី​កន្លងមក​។ ​

ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ(Reuters)​ដែល​បាន​ចុះ​ផ្សាយ​រឿងនេះ សរសេរ​ថា  ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បាន​ចាប់ខ្លួន​លោក Osman Karaca សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​ដើមកំណើត​តួ​ក​គី​ពី​ប្រទេស​កម្ពុជា ហើយ​នាំទៅ​ឃុំខ្លួន​នៅ​ប្រទេស​តួ​ក​គី ក្រោម​បទ​ចោទ បង្កើតនិង​រៀបចំ​ផែនការធ្វើ​រដ្ឋប្រហារ​ កាលពីឆ្នាំ២០១៦ជាមួយ​បណ្ដាញភេរវកម្ម​មួយ ដឹកនាំ​ដោយ​លោក Fethullha Gulen ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ