យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក World Bank បង្ហាញថាចំណាត់ថ្នាក់បរិយាកាសធ្វើអាជីវកម្មនៅកម្ពុជា នៅឆ្នាំ២០២០នៅតែបន្តធ្លាក់ចុះទាប ធៀបនឹងឆ្នាំ២០១៩ ដោយសារកក្តាសំខាន់ៗមួយចំនួន។
តាមរបាយការណ៍សិក្សាប្រចាំឆ្នាំ Doing Business 2020 ចេញផ្សាយនៅថ្ងៃម្សិលមិញ បានដាក់ចំណាត់ថ្នាក់បរិយាកាសធ្វើអាជីវកម្មនៅកម្ពុជាសម្រាប់ឆ្នាំក្រោយ ក្នុងលំដាប់លេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៩០ ធ្លាក់ចុះពីលេខរៀងទី១៣៨ នៅឆ្នាំ២០១៩។
ការសិក្សាដដែលរកឃើញថា៖«កម្ពុជាបានធ្វើឱ្យការចាប់ផ្តើមអាជីវកម្មមួយកាន់តែអស់ដើមទុនច្រើន ដោយត្រូវចំណាយកាន់តែខ្ពស់លើតម្លៃដែលពាក់ព័ន្ធនឹងការចុះបញ្ជីឈ្មោះនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
ការសិក្សានេះ ចាប់ធ្វើពីថ្ងៃទី១ឧសភាឆ្នាំ២០១៨ ដល់ថ្ងៃទី១ឧសភាឆ្នាំ២០១៩ វាយតម្លៃលើកត្តាចំនួន១០ តាមស្តង់ដាសកល ក្នុងដំណើរការអាជីវកម្មសហគ្រាសខ្នាតតូចនិងមធ្យម(SME) ចាប់ពីដំណាក់កាលដាក់ពាក្យស្នើសុំបើករហូតដល់ការដោះស្រាយការក្ស័យធន។
ក្នុងរបាយការណ៍សិក្សា Doing Business 2020 ដដែល ឱ្យដឹងថាមានកត្តា៣ ដែលទាញទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជានៅពេលនេះ។ កត្តាទាំងនោះរួមមាន ការចាប់បើកអាជីវកម្ម ការព្រមព្រៀងអនុញ្ញាតសាងសង់ និងការអនុវត្តកុងត្រា ដោយទទួលបានចំណាត់ទី១៨៧, ១៧៨ និង ១៨២ ក្នុងចំណោមប្រទេស១៩០។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មិនទាន់អាចវាយតម្លៃលើរបាយការណ៍នោះថាយ៉ាងណាទេ ដោយលោកត្រូវការពេលពិនិត្យល្អិតល្អន់ជាមុនសិន។ យ៉ាងណាលោកលើកឡើងថា បរិយាកាសធ្វើអាជីវកម្មនៅកម្ពុជាមានភាពល្អប្រសើរធម្មតា ពុំមានអ្វីប្រែប្រួលនោះទេ។
លោក ស៊ាង ថៃ មានប្រសាសន៍ថា៖«ខ្ញុំមិនទាន់អាចវាយតម្លៃ ឬមានយោបល់ថាម៉េចបាននៅក្នុងខ្លឹមសារនៃការវាយតម្លៃរបស់ World Bank។ មិនទាន់អាចឆ្លើយថា ការវាយតម្លៃហ្នឹងខុសហើយ ឬក៏ត្រូវអីយ៉ាងម៉េចបានទេ ព្រោះរបាយការណ៍វាវែង មិនទាន់បានមើល។ រហូតមកទល់ពេលនេះស្ថានភាពរបស់វិនិយោគិន ពាណិជ្ជករអី ជាពិសេសគេសួរនាំខ្ញុំពីការនាំចេញកង់ទៅអឺរ៉ុប ទាំងតួលេខ ទាំងស្ថានភាពផលិតអី វាមានលក្ខណៈល្អប្រសើរនៅឡើយទេ»។
សាស្ដ្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោក លោក អៀ សុផល ដែលលោកថាធ្លាប់ធ្វើការនៅធនាគារពិភពលោក ចាត់ទុករបាយការណ៍សិក្សាពីស្ថាប័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយនេះ ជាប៉ារ៉ាម៉ែត្រសកលមួយសម្រាប់វាស់ស្ទង់សុខភាពសេដ្ឋកិច្ចកម្ពុជា។
លោកប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចបន្ថែមថា៖«កំណើន GDP ប្រាប់ពីកំណើនសេដ្ឋកិច្ច។ ចំណាត់ថ្នាក់ធ្វើអាជីវកម្ម ប្រាប់ពីកម្រិតនៃភាពងាយស្រួល ឬលំបាកក្នុងការធ្វើអាជីវកម្ម។ កម្ពុជាគួរតែធ្វើការកែទម្រង់លើផ្នែកមួយចំនួនដើម្បីទម្លាក់ចំណាត់ថ្នាក់នេះ»។ ។
លោក អៀ សុផល ផ្តល់យោបល់ថា កម្ពុជាគួរតែទម្លាក់តម្លៃក្នុងការចុះឈ្មោះបង្កើតអាជីវកម្ម បង្កើតបរិយាកាសប្រកួតប្រជែងពិតប្រាកដ មានតម្លាភាព ដោយមានគណបក្សប្រឆាំងចូលរួមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់ភាគីដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ៕