សមត្ថកិច្ច​​កម្ពុជា​រាប់​រយ​នាក់​កំពុង​ស្វែង​រក​នារី​ទេសចរ​អង់គ្លេស​ម្នាក់​កំពុង​បាត់​ខ្លួន​នៅ​កោះ​រ៉ុង

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន (ទី​២​ពី​ឆ្វេង) ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៩ ដើម្បី ស្វែងរក​នារី​ភ្ញៀវ​ទេសចរ​អង់គ្លេស Amelia Louise ដែល​កំពុង​បាត់​ខ្លួន​នៅ​លើ​កោះ​រ៉ុង។ រូបថត៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​រាប់​រយ​នាក់ កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​នារី​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​បាត់​ខ្លួន​​អស់​រយៈ​ពេល ៤​ថ្ងៃ​កន្លង​មក​ហើយ​ អំឡុង​ពេល​ស្នាក់នៅ និង​លម្ហែ​កម្សាន្ត​នៅ​លើ​តំបន់​ទេសចរណ៍​កោះរ៉ុង។

អភិបាល​ក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា នារី​​ឈ្មោះ Amelia Bambridge ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អង់គ្លេស​វ័យ ២១​ឆ្នាំ បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា បន្ទាប់​ពី​គាត់​បាន​ជួប​ជុំ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​ជា​​ជន​ជាតិ​បរទេស​នៅ​ឯ​រមណីយដ្ឋាន​មួយ​ ស្ថិត​នៅ​ភូមិ​កោះតូច នៅ​លើ​កោះរ៉ុង​នេះ។

លោក នួន ប៊ុនថុល មាន​ប្រសាសន៍​ថា​៖ «រហូត​មក​ដល់​ម៉ោង​នេះ [៤​រសៀល​ថ្ងៃ​អាទិត្យ​ ទី​២៧ ខែ​សីហា] យើង​អត់​ទាន់​មាន​ភ្លឺ​នៅ​ឡើយ​ទេ»

មន្ត្រី​មូលដ្ឋាន​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​រក​ឃើញ​​សម្ភារៈ​មួយ​ចំនួន​របស់​នារី​រូប​នោះ​នៅ​លើ​ថ្ម​នៅ​ក្នុង​ទឹក​សមុទ្រ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ​ពី​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​បរទេស​រូប​នោះ​ ជួប​ជុំ​​រីករាយ​ជប់​លៀង​ជាមួយ​មិត្ត​ភក្តិ​បរទេស​ដទៃ​ទៀត។

លោក នួន ប៊ុនថុល បាន​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​មុជ​ទឹក​ស្វែង​រក​នារី​រូប​នោះ​នៅ​ក្នុង​ផ្ទៃ​ទឹក​​ទំហំ​ចន្លោះ​ពី ៥០០​ម៉ែត្រ នៅ ១,០០០​ម៉ែត្រ ពី​ទីតាំង​ដែល​សមត្ថកិច្ច​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​របស់​គាត់ ខណៈ​ដែល​អាជ្ញាធរ​ក៏​បាន​ស្វែង​រក​នារី​រូប​នោះ​នៅ​លើ​ផ្ទៃ​ដី​កោះ​រាប់​ពាន់​ហិកតា​ផង​ដែរ។

លោក ប៊ុនថុល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ស្វីស​ម្នាក់ បាន​វង្វេង​ផ្លូវ​នៅ​លើ​កោះ បន្ទាប់​ពី​គាត់​បាន​ដើរ​លេង​កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ទៀត​ ប៉ុន្តែ សមត្ថកិច្ច​មូលដ្ឋាន បាន​រក​ឃើញ​គាត់​វិញ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន បាន​ឱ្យ​ដឹង​បន្ថែម​ថា សមត្ថកិច្ច​កម្ពុជា​ចម្រុះ​សរុប​ជាង ៣០០​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​ជំនាញ​ខាង​មុជ​ទឹក​​ប្រហែល ២០​នាក់​ផង​ដែរ កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​នារី​ទេសចរ​ដែល​កំពុង​បាត់​ខ្លួន​រូប​នោះ។

លោក ជួន ណារិន មាន​ប្រសាសន៍​ថា​៖ «យើង​បាន​ចុះ​រុក​រក​ទាំង​ក្នុង​ទឹក និង​លើ​គោក។ តែ​ឥឡូវ​នេះ យើង​មិន​ទាន់​បញ្ចប់​ទេ។ យើង​កំពុង​ស្វែង​រក»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ឱ្យ​ដឹង​ថា នារី​ភ្ញៀវ​ទេសចរ Amelia Bambridge បាន​ធ្វើ​ដំណើរ​ចូល​ទៅ​លេង​តំបន់​ទេសចរណ៍​កោះ​រ៉ុង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា មុន​នឹង​នាង​បាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា។

លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង យើង​អត់​ទាន់​កំណត់​បាន​ថា មូល​ហេតុ​យ៉ាង​ណា​ទេ។ ឥឡូវ​ហ្នឹង សមត្ថកិច្ច​កំពុង​ធ្វើការ​បន្ត … ហើយ​នៅ​ថ្ងៃ​នេះ​ទៀត​សោត​ហ្នឹង ឯកឧត្ដម​អភិបាល​ខេត្ត​លោក​ចុះ​ដឹកនាំ​ផ្ទាល់​តែ​ម្ដង​ដើម្បីជំរុញ​ការ​រុក​រក​ហ្នឹង​ឱ្យ​សព្វ​ជ្រុង​ជ្រោយ គ្រប់​កន្លែង​ទាំង​អស់​ទូទាំង​កោះ»

អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រុម​គ្រួសារ​របស់​នារី​បាត់​ខ្លួន​ កំពុង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ ក្រោយពី​អាជ្ញាធរ​ខេត្ត​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​ដល់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ