តុលាការ​កំពូល​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​លោក រ៉ាត់ រ័ត្ន​មុន្នី

លោក រ៉ាត់ រ័ត្នមុន្នី ដើរចេញពី​បន្ទប់សវនាការ​តុលាការកំពូលកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖បញ្ញា ឆព័ណ្ណ)

តុលាការ​កំពូលនៅថ្ងៃនេះ​ ​សម្រេចច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់អតីត​អ្នកបកប្រែ​ទូរទស្សន៍​រុស្ស៊ី RT រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ​លោក​រ៉ាត់ រ័ត្ន​មុន្នី​ ។

ក្នុ​ងសាលា​សវនាការ​នៅ​តុលាការ​កំពូល​កាល​ព្រឹក​មិញ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ ​បាន​ប្រកាសរក្សា​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយមិន​អនុញ្ញាតឱ្យ​លោក​ រ៉ាត់ រ័ត្ន​មុន្នី បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​នោះ​ឡើយ​។ 

មេធាវីការ​ពារ​ក្ដី​ឱ្យ​លោក រ័ត្ន​មុន្នី លោក សំ ទិត្យសីហា មាន​ប្រសាសន៍​ថាវា​គឺជា​ប្រការ​គួរ​ឱ្យ​សោកស្ដាយ​ចំពោះ​កូនក្ដីលោកនិងក្រុមគ្រួសារ។លោកបញ្ជាក់ថា លោកនឹងស្នើកាន់សាលាឧទ្ធរណ៍ដើម្បីពន្លឿនសវនាការ​អង្គ​សេចក្ដីឱ្យបានឆាប់ ខណៈដែលកូនក្ដីលោកជាប់គុកអស់ជាង៨ខែមកហើយនោះ។

លោក សំ ទិត្យសីហា មានប្រសាសន៍ថា​៖ «វាពិតជាលំបាកសម្រាប់កូនក្ដីខ្ញុំ ខ្ញុំពិតជាសោកស្តាយណាស់ដែល​តុលាការ​សម្រេច​បែបនេះក្នុងនាមជាមេធាវីខ្ញុំនឹងខិតខំបន្ត​ទៀត​ដើម្បី​រកយុត្តិធម៌ឱ្យកូនក្ដីខ្ញុំ»។

ភរិយារបស់លោក រ៉ាត់ រ័ត្នមុនី គឺអ្នកស្រី ឡុង គីមហ៊ាង ថ្លែងថាការសម្រេចនេះពិតជាអយុត្តិធម៌ចំពោះ​ប្ដីគាត់​ណាស់​។

អ្នកស្រីសរសេរក្នុងន័យដើមថា ៖« ពលរដ្ឋខែ្មរយើងជាច្រើន ពេលនេះ ក៏កំពុងព្រាត់ប្រាស់គ្រួសារ សាច់ញាតិ និងកំពុងរង​ភាពអយុត្តិធម៌ដូចពួកយើង ដោយសារតែតុលាការកម្ពុជា»។

លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទថា បាន «ញុះញង់ឱ្យមានការរើសអើង»។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលីស​​ថៃ​នៅ​ក្នុង​ទីក្រុង​បាង​កក​​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោក​ព្យាយាម​សុំសិទ្ធិជ្រកកោន​នៅឯការិយាល័យ​សុំទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់​នៅប្រទេសថៃ។ ក្រុមគ្រួសាររបស់លោក បាន​សុំអន្តរាគមន៍ជាច្រើន​ដង​ច្រើនសារ​ទៅកាន់ស្ថាន​ទូតរុស្ស៊ី​ប្រចាំនៅកម្ពុជា ប៉ុន្តែមិនមានចម្លើយតបឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ