តុលាការកំពូលបង្គាប់ឲ្យអ្នកវាយលើ​អតីត តំណាងរាស្ត្រCNRPផ្ដល់​សំណង​សរុប​១០០​លានរៀល

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

តុលាការកំពូលចេញដីការបង្គាប់ឱ្យនាយទាហា​ន៣នាក់ ដែលបានប្រើហិង្សា​វាយលើអតី​តំណាង​រាស្ត្រ​បក្សប្រឆាំង​២រូប​កាលពីឆ្នាំ២០១៥ឱ្យសងសំណងរដ្ឋវប្បវេណីសរុប១០០លានរៀល។ ដីការសម្រេចត្រូវបានតុលាការប្រកាសនៅព្រឹកថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩នេះ។

មេធាវីការពារក្ដី​តំណាងរាស្ត្រទាំងពីរនិងជាតំណាងដើមបណ្ដឹងរដ្ឋប្ប​វេណី លោកកែត ឃី មានប្រសាសន៍​ថាការសម្រេចនេះធ្វើឱ្យកូនក្ដីលោកមិនអស់ចិត្តទេ ហើយនេះជាឆន្ទានុសិទ្ធិរបស់តុលា​ការដែលបិទផ្លូវតវ៉ា។

លោកមេធាវី កែត ឃី មានប្រសាសន៍ថា៖ ថ្ងៃនេះឃើញតុលាការកំពូលគាត់តម្លើងសំណងឱ្យកូនក្ដីខ្ញុំពី ពី៤០​លានរៀលមក​៥០លានរៀលវិញ វាឡើងបានតិចតួច ប៉ុន្តែយើងអស់ការតវ៉ាត្រឹមហ្នឹងហើយ។​តើសំណង​នេះ​សមនឹងព្យាសកម្មឬទេ? នៅតែមិនសមអ៊ីចឹងតែយើងអស់ផ្លូវតវ៉ា យើងមានតែ​យកសាល​ដីកាហ្នឹងទៅសុំ​ឱ្យសមត្ថកិច្ចអនុវត្តសាលដីកាហ្នឹង។

លោក កែត​ឃី បន្ថែមថា គ្រប់ដំណាក់កាលសវនាការទាមទារសំណងរដ្ឋប្បវេណីបន្ថែមនេះ ភាគីខាងជនជាប់​ចោទ​​មិន​​ដែល​ចូលខ្លួនមក​បំភ្លឺក្នុងតុលាការឡើយ ហើយសូម្បីតែមេធាវីក៏មិន​មានវត្តមានដែរ។

កាលពីជាង៤ឆ្នាំមុន គឺនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោក គង់ សភា និង​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាមលោក ញ៉យ ចំរើន មក​ពីអតីត​គណបក្សសង្គ្រោះជាតិ ត្រូវបាន​ក្រុមបាតុករព្រួតគ្នា​វាយ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរនៅក្បែររបង​រដ្ឋ​សភាជាតិ ។ កាលណោះ លោក គង់ សភា បាន​រងរបួស​បាក់ឆ្អឹង​ខ្ទង់ច្រមុះ និង​រហែក​ក្រដាសត្រចៀក ដែល​ត្រូវតែ​វះកាត់​ជាបន្ទាន់។ ចំណែកឯ​លោក ញ៉យ ចំរើន បាន​រងរបួស បាក់​ឆ្អឹងកដៃ​ខាងស្ដាំ និង​បាក់ឆ្អឹង​រង្វង់​ភ្នែក​ខាងស្ដាំ ដែល​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដូចគ្នា។

បន្ទាប់ពីកើតមានហេតុការណ៍វាយតំណាងរាស្ត្ររួចមក លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន បានចេញបញ្ជា​ឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប៉ុន្តែបុរសបីនាក់ ដែលស្ថិតក្នុងវីដេអូវាយ​តំណាងរាស្ត្រនោះបាន​ចេញមុខ​មកសារ​ភាព។ យោធិន៣រូបរួមមាន លោក ចាយ សារិទ្ធ លោកម៉ៅ ហឿន និងលោកសុត វណ្ណនី បានចេញមកសារភាពទទួលកំហុស។ បន្ទាប់ពីនោះមកបុរសទាំងបីត្រូវបានសមត្ថកិច្ចបញ្ជូនដាក់ពន្ធនាគារ ។ ឆ្លងកាត់សវនាការអង្គសេចក្ដីរួចមក តុលាការ​រាជធានី​ភ្នំពេញនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦បាន​ចេញសាល​ក្រម​ផ្តន្ទាទោសពួកគេទាំងបីនាក់ ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ តែអនុវត្តទោសតែ១ឆ្នាំនិង ៣ឆ្នាំទៀត ត្រូវព្យួរ ក្នុង​បទចោទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ សាលក្រម ក៏បាន​កំណត់​ឲ្យ​ពិរុទ្ធជន​ទាំងនោះ បង់ប្រាក់​ចូល​រដ្ឋ (​ផ្នែក​ព្រហ្មទណ្ឌ​) ចំនួន​៦​លាន​រៀល ក្នុង​ម្នាក់ៗ ហើយ​ផ្តល់​សំណង​រួមគ្នា (​ផ្នែក​រដ្ឋប្បវេណី​)  ចំនួន​៨០​លាន​រៀល ជូន​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ​។

អតីតអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង  លោក គង់ សភា បានសរសេរក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ចំខួបបួនឆ្នាំនៃថ្ងៃដែល បាតុករវាយរូបលោក និងលោក ញ៉យ ចំរើន ដោយលោក​ចាត់ទុកថា វាជាហេតុការណ៍ដែលរៀបចំតាមការបញ្ជា​របស់​រាជរដ្ឋាភិបាលដឹកនាំដោយលោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន ។

លោកសរសេរ​ក្នុង​ន័យ​ដើមថា ៖បើរបបយង់ឃ្នងដូចខ្មែរក្រហម​នេះនៅដឹកនាំជាតិ​ នោះប្រជាពលរដ្ឋខ្មែរ​ទាំងអស់​និងក្លាយ​ជាជនរងគ្រោះ​ ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​របស់ជនផ្តាច់ការមិនបានផ្តល់ពន្លឺនៃយុត្តធម៌។

ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបដិសេធ​និង​​ថាជាការចោទ​ប្រកាន់​​ដោយគ្មានភស្តុតាងនេះ ដោយលោកបង្វែរសំណួរសួរទៅកាន់​ក្រសួង​យុត្តិធម៌វិញ។

អនុក្រឹត្យ​មួយដែលចុះកាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បាន​ដំឡើង​ឋានន្តរសក្ដិ​ដល់យោធិនដែល​ជាពិរុទ្ធ​ជនវាយតំណាងរាស្ត្រទាំងបីនាក់នោះទៀតផង ។ ​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ត្រូវតម្លើងពី​វរសេនីយ៍ទោ​ទៅជា​វរសេនីយ៍ឯក ចំណែក​លោក ចាយ សារិទ្ធ ត្រូវ​បាន​ដំឡើង​ពី​វរសេនីយ៍ឯក​ទៅជា​ឧត្ដមសេនីយ៍​ផ្កាយ១ នៃបញ្ជាការដ្ឋានអង្គរក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ