អាជ្ញាធរខេត្តព្រះសីហនុ រកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន

កញ្ញា Amelia Bambridge ត្រូវបានគេឃើញចុងក្រោយនៅលើកោះកោះរ៉ុងនៅថ្ងៃទី ២៣ ខែតុលា (រូបភាពពីបណ្តាញសង្គម)

អាជ្ញាធរខេត្តព្រះសីហនុអះអាងថាខ្លួន​បានរកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃទី២៤ ខែតុលានោះហើយនៅរសៀលថ្ងៃនេះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ ប្រាប់វីអូឌីថា ស្ត្រីជាជនជាតិអង់គ្លេសដែលមានឈ្នោះ Amelia Bambridgeត្រូវបានកម្លាំងសមត្ថកិច្ច​ចម្រុះប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រនៅត្រង់ចំណុចកោះឆ្លាមក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។

លោកបន្ថែមថា៖«បាទហ្នឹងហើយ ត្រឹមត្រូវហើយយើងបានរកឃើញហើយសពរបស់គាត់»

នាយប៉ុស្តិ៍នគរបាលសង្កាត់កោះរ៉ុងលោក យិត ណែមសូទី បញ្ជាក់បន្ថែមថាសាកសពដែលរកឃើញនោះពិតជាសាកសពរបស់ស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួនពិតមែនដោយលោកថា សំអាង និងកំណត់សំគាល់ទៅលើស្នាមសាក់នៅលើដៃរបស់នាង។

ប៉ុន្តែយ៉ាងណាអាជ្ញាធរទាំងពីរនាក់នេះមិនទាន់អាចបញ្ចាក់ពីមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់នៅឡើយរហូតមកដល់៦ល្ងាចថ្ងៃទី៣១ តុលានេះ។

រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុទៅកោះរ៉ុង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ ហើយទៅដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។ មុនបាត់ខ្លួនជនរងគ្រោះរូបនេះបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ 

អភិបាល​ក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា នារី​​ឈ្មោះ Amelia Bambridge  បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា បន្ទាប់​ពី​គាត់​បាន​ជួប​ជុំ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​របស់​គាត់​ជា​​ជន​ជាតិ​បរទេស​នៅ​ឯ​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ភូមិ​កោះតូច នៅ​លើ​កោះរ៉ុង​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ