បងស្រីអតីតមន្រ្តី​បក្សប្រឆាំងនៅខេត្តស្វាយរៀងធ្លាក់ពីលើម៉ូតូស្លាប់ពេលសមត្ថកិច្ចនាំទៅសាកសួរ

បងស្រីបង្កើតរបស់អតីតក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិ លោក សំ ឌីណា ធ្លាក់ពីលើម៉ូតូស្លាប់ពេលសមត្ថកិច្ចនាំទៅសាកសួរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ (រូបភាពពីវីដេអូ)

ក្រុមគ្រួសារសពទាមទារឲ្យសមត្ថកិច្ចស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទទួលខុសត្រូវករណីធ្វើឲ្យបងស្រីខ្លួនធ្លាក់ពីលើម៉ូតូរបស់​សមត្ថកិច្ចបោកក្បាលទៅលើដីស្លាប់ ពេលនាំខ្លួនទៅសាកសួរនៅសាលាឃុំ រឿងជម្លោះគ្រួសារ។

តាមសមាជិកគ្រួសារ ស្ត្រីស្លាប់នោះ ឈ្មោះ សំ បុប្ផា អាយុ៤៩ឆ្នាំ មានកូន៤នាក់ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ត្រូវជាបងស្រីបង្កើតរបស់អតីតក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិ។ ពេលនេះសព ត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ទាំងគ្មានវត្តមានប្តីនិងឪពុកក្មេក។

លោក សំ ឌីណា ដែលអះអាងថា ត្រូវជាប្អូនបង្កើតរបស់សព បានឲ្យ VOD ដឹងថា នៅថ្ងៃពុធម្សិលមិញ សមត្ថកិច្ចចម្រុះ មានមកពីស្រុក ខេត្ត និងឃុំភូមិផងដែរ បានមកចាប់បងស្រីលោកដាក់លើម៉ូតូ ដោយប្រាប់ថា នាំទៅសាកសួរនៅសាលាឃុំ ត្នោត តាមបណ្តឹងរបស់ឱពុកក្មេក ឈ្មោះ ហ៊ុន យាប់ ជាអតីតជំទប់ទី២របស់គណបក្សសង្គ្រោះជាតិ ដែលថាគាត់ទើបចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅសប្តាហ៍មុននេះ។

បុរសរូបនេះ អះអាងទៀតថា ពេលទៅដល់កណ្តាលផ្លូវលោកបានឃើញបងស្រី ធ្លាក់ពីលើម៉ូតូផ្កាប់មុខទៅនឹងដី និងបានយកទៅសង្គ្រោះនៅមណ្ឌលសុខភាព តែពេទ្យបានប្រាប់ថា បងស្រីរបស់លោក​បានស្លាប់ហើយ។

 លោកថា៖«ពេទ្យនិយាយថា ប្រហែលដាច់សរសៃឈាម ព្រោះបោកក្បាលនៅនឹងដី»។

គ្រួសារសព បន្តថា ក្រោយឱពុកក្មេកសម្រេចចិត្តបែបនេះ បងស្រី បានឈ្លោះប្រកែកនិងជេរប្តី ដោយសារបាត់លុយ  ប៉ុន្តែថាជម្លោះនោះបានរាលដាលដល់ការសម្រេចចិត្តរបស់ឱពុកក្មេកពាក់ព័ន្ធទៅនឹងការចុះចូលជាមួយគណបក្សកាន់អំ​ណាច ។

បុរសជាប្អូនសពរូបនេះ ដាក់ការសង្ស័យថា ចំណាត់ការមកលើបងស្រីខ្លូន អាចជារើសអើងនយោបាយ ដោយថា គ្រួសារនេះ ឈ្លោះគ្នាច្រើនដងក្នុង១ខែៗ ប៉ុន្តែថា កន្លងទៅមិនដែលមានសមត្ថកិច្ចចាប់អារម្មណ៍បែបនេះទេ។

លោកថា៖ «ខ្ញុំយកចំនុចរឿងនយោបាយជាធំ ព្រោះបើត្រឹមតែវិវាទជេរគ្នាក្នុងគ្រួសារវាគ្មានដល់ថ្នាក់អាជ្ញាធរស្រុក ខេត្ត លើកទ័ពមកអីចឹងទេ»

លោក សំ រត្នី ដែលអះអាងថា ជាប្អូនបង្កើត និងជាអតីតក្រុមប្រឹក្សាខេត្តស្វាយរៀងរបស់គណបក្សប្រឆាំងនោះ បានទាមទារទៅសមត្ថកិច្ច ឲ្យទទួលខុសត្រូវករណី ស្លាប់បងស្រីនេះ ខណៈកំពុងនាំខ្លួនទៅសាកសួរបែបនេះ។

លោកថា៖«បងខ្ញុំគាត់ស្លាប់បាត់បង់ជីវិតដោយគ្មានហេតុផលបែបនេះ ខ្ញុំចង់ឲ្យអង្គការថ្នាក់លើជួយរកយុត្តិធម៌ឲ្យផង ព្រោះគាត់ស្លាប់ទៅអាណោចអាធមពេក »។

VODមិនអាចទាក់ទងលោក ហ៊ុន យាប់ ជាដើមបណ្តឹងដើម្បីអត្ថាធិប្បាយករណីនេះបានទេ ប៉ុន្តែមន្ត្រីសម្របស​ម្រួ​ល​​របស់អង្គការលីកាដូប្រចាំខេត្តស្វាយរៀងអះអាងថា សមត្ថកិច្ចអះអាងថា លោក ហ៊ុន យាប់ ប្តឹងកូនប្រសារ ពីបទហឹង្សា​ ដោយថាពេលមានជម្លោះស្រ្តី​ដែលស្លាប់ បានទាញកាំបិទដេញកាប់ប្តី និងឪពុកក្មេក។

VOD មិនអាចសុំការបញ្ជាក់ពីអធិការស្រុកកំពង់រោទិ៍ពីលោក ហែម សាមុត និងអធិការរងផ្នែកព្រហ្មទណ្ឌលោក ហ៊ីង សុខា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។

សម្រាប់មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារត្ន័ មានប្រសាសន៍ថា ករណីនេះ សមត្ថកិច្ចជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះបានធ្វើឲ្យជនសង្ស័យស្លាប់អំឡុងពេលនាំខ្លួន។

លោកថា ៖«ធម្មតាបើដឹកគាត់តាមម៉ូតូត្រូវមានមនុស្សម្នាក់អោបគាត់ពីក្រោយ។អ្វីដែលខ្ញុំបាននិយាយជាមួយប៉ូលីសព្រឹកមិញខ្ញុំថា ជាកំហុសរបស់ប៉ូលីស»។

យ៉ាងនេះក្តីប្អូនប្រុសសព អះអាងថានឹងដាក់ពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកយុត្តិធម៌ឲ្យបងស្រីខ្លួន ពេលធ្វើពិធីបុណ្យសពតាមប្រពៃណីចប់សព្វគ្រប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ