តំណាងសហគមន៍ចក់ចារ លោក ប្រប់ ជីប លើកឡើងថា ជនជាតិដើមភាគតិចព្នង ត្រូវធ្លាក់ចុះចំណូលនៅក្រោយពេលក្រុមហ៊ុនវៀតណាមឈ្មោះថា ប៊ិញភ្វឿក១ ចូលមកអភិវឌ្ឍន៍។
តំណាងសហគមន៍រូបនេះ ដែលមានវ័យ ៤១ឆ្នាំ ឱ្យដឹងថា សព្វថ្ងៃនេះ ជនជាតិដើមភាគតិចព្នង លែងមានចំណូលទៀតហើយពីដើមជ័រច្បោះនេះ «គ្មានអីទេឥឡូវហ្នឹងមុខរបរស្អីក៏គ្មានដែរ។ ពីមុនយើងសង្ឃឹមរឿងដើមជ័រទឹក ជ័រចុង និងផ្ការអ៊ុកកាដេរ។ ឥឡូវនេះក៏អស់ដែរ»។
បើតាមលោក ប្រប់ ជីប លើកឡើងថា នៅមុនពេលក្រុមហ៊ុនចូលមកដល់ ក្រុមគ្រួសារបស់លោកមានដើមជ័រច្បោះប្រមាណ ៥០០ដើម។ ក្នុងមួយខែៗ ក្រុមគ្រួសារលោកអាចរកចំណូលគិតជាមធ្យមចន្លោះពី ៤លានទៅ ៨លានរៀល(ខ្ទង់២០០០ដុល្លារ) ដែលទទួលបានពីអនុផលព្រៃឈើនេះ។
ស្ថិតក្នុងស្ថានភាពបែបនេះហើយដែលលោក ជីប បញ្ជាក់ថា ជនជាតិដើមភាគតិចព្នង រស់នៅដោយមិនព្រួយបារម្ភពីជីវភាពអ្វីឡើយ។
លោកបន្តថា៖ «ខ្ញុំជួលគេឱ្យជួយដងជ័រទឹក ១ខែ អាចរកចំណូលបានជាង ២៥០០ដុល្លារ។ ប៉ុន្តែ ទូទាត់ការចំណាយ នៅសល់ប្រមាណជាង ១ពាន់ដុល្លារអីដែរ»។
មិនមែនតែគ្រួសារលោក ប្រប់ ជីប ម្នាក់ទេដែលអាចរកចំណូលបានខ្ពស់ពីវិស័យជ័រច្បោះនេះ។ មានក្រុមគ្រួសារផ្សេងទៀត នៃជនជាតិដើមភាគតិចព្នង នៅភូមិចក់ចារ ឃុំស្រែឈូកនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ។
តំណាងសហគមន៍ផ្សេងទៀត ដែលបានផ្តល់សម្ភាសន៍ បានឱ្យវីអូឌីដឹងថា ក្រៅពីដើមជ័រទឹកនេះ អនុផលព្រៃឈើដទៃទៀតដូជា ដកផ្សិត ជ័រចុង និងផ្ការអកគេដេ ជាដើម ក៏ជាចំណូលបន្ថែមផងដែរសម្រាប់អ្នកភូមិផងដែរ។
លោក យ៉ិន សិង្ហ អាយុ ៣៥ឆ្នាំជាជនជាតិដើមភាគតិចព្នង ថ្លែងថា ក្រុមគ្រួសាររបស់ខ្លួន មានដើមជ័រច្បោះប្រមាណ ២ពាន់ដើម។ តែជាអកុសល ដើមជ័រទឹកទាំងនោះ មានជាងពាក់កណ្តាលទៅហើយ ត្រូវបានក្រុមហ៊ុនឈូសឆាយផ្តួលឱ្យរៀបដល់ដី។ លោក សឹង្ហ បន្តថា នៅពេលដើមច្បោះទាំងនោះ ត្រូវបាត់បង់ ហើយតម្លៃក៏ធ្លាក់ចុះថែមទៀត ធ្វើឱ្យក្រុមគ្រួសារលោកត្រូវជួបបញ្ហាផ្នែកជីវភាពយ៉ាងខ្លាំង។
លោកបន្តថា៖ «នៅខ្លះគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ។ យើងគ្រាន់ផ្សែផ្សំគ្នាខ្លះទៅ។ ឥឡូវនេះ នៅសល់ ១កានត្រឹម ៤ម៉ឺនទៅ៤ម៉ឺន៥ពាន់រៀលអីទេ។ យើងលក់នៅក្នុងភូមិ»។
លោក ប្រប ជីប លើកឡើងថា មានអ្នកភូមិខ្លះក្នុងចំណោម ២១១គ្រួសារ ដែលរងគ្រោះដោយការឈូសឆាយនេះ បានធ្លាក់ខ្លួនជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន។ បើតាមលោក ជីប សម្រាប់គ្រួសារលោកម្នាក់ ត្រូវជាប់បំណុលមីក្រូហិរញ្ញវត្ថុ ៥០០០ដុល្លារអាមេរិក។
ប្រភពបន្តថា មូលហេតុដែលបង្ខំចិត្តខ្ចីបុលធានាគារនេះ គឺដើម្បីទិញគោយន្តសម្រាប់ជាមធ្យោបាយរកចំណូលក្រោយពីលែងមានជ័រច្បោះ ប៉ុន្តែ លោក ជីប ឱ្យដឹងថា គ្រួសាររបស់លោកបានសងរំលោះបានជាង ១ពាន់ដុល្លារហើយ។
មិនខុសពីលោក ជីប ទេដែលលើកឡើងថា មានពលរដ្ឋជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយឡែក លោក យ៉ិន សិង្ហ ក៏អះអាងដូចនេះដែរ។ បើតាមលោក សិង្ហ មានគ្រួសារខ្លះជាប់ជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រហែល១ពាន់ដុល្លារអាមេរិកក៏មានដែរ។

មេឃុំស្រែឈូក លោក ឃិត ខិត អះអាងថា សព្វថ្ងៃនេះ ពិតជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុមែន។ បើតាមលោក ខិត ចំនួនអ្នកជាប់បំណូលគ្រឹះស្ថានឯកជននេះ មានប្រមាណ ២០ភាគរយប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបប្រមាណជាង ៩០០គ្រួសារ នៅក្នុងឃុំស្រែឈូកនេះ។ លោកបន្តថា «អាខ្ចីលុយរបស់រដ្ឋហ្នឹងមែន។ អរ! មានខ្ចីតើ មានតើ ប៉ុន្តែ មានភាគតិច»។
បើទោះជាបែបណា អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បដិសេធថា ក្រុមហ៊ុនបានផ្តល់សំណងរួចរាល់អស់ហើយចំពោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដគិតមកដល់ពេលនេះ។ លោកបន្ថែមទៀតថា ភាគីក្រុមហ៊ុនក៏បានសិក្សាយ៉ាងលម្អិតដែរអំពីហេតុប៉ះពាល់បរិស្ថាន និងសង្គម មុននឹងដាក់គម្រោងវិនិយោគ។ លោកបន្តថា « អរ ! ក្រុមហ៊ុនមានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលត្រឹមត្រូវណាស់»។
បើតាមលោក នួន សារ៉ន ដើម្បីបញ្ចប់ជម្លោះ ភាគីក្រុមហ៊ុន និងអាជ្ញាធរថ្នាក់ដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត កាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៤ បានសម្រេចកាត់ដីចំនួន ៣៧៥ហិកតា ពីក្រុមហ៊ុនឱ្យសហគមន៍វិញ។
បើទោះជាបែបក្តីនេះ ទាំងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍មួយចំនួន បានប្រាប់វីអូឌីថា ដីដែលក្រុមហ៊ុនកាត់ចេញនេះ គឺមិនបានទៅប្រជាពលរដ្ឋ រងគ្រោះពិតប្រាកដទេ។ បើតាមប្រភពដដែល អះអាងថា អ្នកដែលទទួលបានដីភាគច្រើន គឺអាជ្ញាធរមូលដ្ឋាន និងអ្នកចំណូលពីខាងក្រៅ ដែលក្រុមអាជ្ញាធរចាត់ចែង និងរៀបចំឱ្យប៉ុណ្ណោះ។
យ៉ាងនេះក្តី មេឃុំស្រែឈូក លោក ឃិត ខិត បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតជុំវិញរឿងនេះ។ ចំណែក អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បានហៅក្រុមអ្នកតវ៉ាដីធ្លីទាំងនេះថា គឺជាពលរដ្ឋដែលមកពីតំបន់ផ្សេង ដែលមិនមែនស្ថិតនៅក្នុងដីទំនាស់ទេ។
ជនជាតិដើមភាគតិចព្នងបាត់បង់សិទ្ធិជាមូលដ្ឋាននៃការតស៊ូមតិ
លោក យ៉ិន សិង្ហ ដែលជាតំណាងសហគមន៍ម្នាក់ក្នុងចំណោមតំណាង ៦នាក់ មានប្រសាសន៍ថា ដោយការគំរាមកំហែងឥតឈប់ឈរ និងឥតស្រាកស្រានពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាងពាក់កណ្តាលដែលរងគ្រោះ សម្រេចចិត្តផ្អាកការតស៊ូមតិ។ ការដកឃ្លាពីការទាមទារសិទ្ធិនេះ ព្រោះតែតំណាងរបស់ពួកគាត់ ត្រូវចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការក្នុងពេលកន្លងទៅ។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា អ្នករងគ្រោះនៅភូមិចក់ចារ មានចំនួន ២១១គ្រួសារក្នុងចំណោមគ្រួសារសរុបប្រមាណ ៩០០គ្រួសារ ស្មើប្រជាជនប្រមាណជាង ៤ពាន់នាក់។
ភូមិចក់ចារ ដែលស្ថិតនៅចម្ងាយជិត ៤០គីឡូម៉ែត្រពីផ្លូវជាតិលេខ៧៦ និងទីប្រជុំជន ហើយជាទីតាំងដែលខ្វះព័ត៌មានស្រាប់ផងនោះ បានជំរុញឱ្យអាជ្ញាធរមានភាពងាយស្រួលក្នុងការបំភិតបំភ័យពលរដ្ឋ។ មុននឹងទៅដល់ភូមិចក់ចារនេះ គឺអ្នកដំណើរត្រូវប្រើប្រាស់មធ្យោបាយដោយម៉ូតូ ឆ្លត់កាត់ព្រៃចម្ការកៅស៊ូរបស់ក្រុមហ៊ុនប៊ិញភ្វឿក១ និងផ្លូវដាច់ដោយកងៗ។ មានគោលដៅ និងផ្លូវខ្លះ ត្រូវឆ្លង់កាត់ភក់ ជ្រាំ ទឹក និងផ្លូវរអិលថែមទៀត មុននឹងទៅដល់ភូមិចក់ចារនោះ។
តំណាងសហគមន៍ដែលឆ្លងកាត់បទសម្ភាសន៍ជាមួយវីអូឌី ឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន នៅក្នុងឃុំស្រែឈូកនេះ គឺអនុវត្តច្បាប់តឹងរឹងបំផុត។ មនុស្សដែលប្លែកមុខ គឺចូលទៅក្នុងសហគមន៍នេះមិនបានទេ កុំថាឡើយទៅសម្រាក សូម្បីទៅដើម្បីសម្ភាសន៍ពលរដ្ឋក្នុងសហគមន៍នេះមិនបានផង។
កាលពីថ្ងៃទី១០ ខែ តុលា អ្នកយកព័ត៌មានវីអូឌី ២នាក់ ត្រូវបានអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបញ្ជាពីមេឃុំ បានរារាំងមិនឱ្យជួបពលរដ្ឋឡើយ។ ពួកគាត់តែងរំខានរាល់ពេលចង់ជួបពលរដ្ឋ និងបន្ទាប់មកទៀត អ្នកកាសែតទាំង ២នាក់ ត្រូវបាននគរបាលតម្រូវឱ្យរាយការណ៍ពីប្រវត្តិរូប ការងារ និងគោលបំណងនៃការចុះទៅក្នុងមូលដ្ឋាន។
តំណាងសហគមន៍ភូមិចក់ចារ លោក ប្រប ជីប លើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរ និងនគរបាល បិទសិទ្ធិអ្នកកាសែតមិនឱ្យសម្ភាសន៍ពលរដ្ឋ។ អ្នកតំណាងរូបនេះ បន្តថា នៅអំឡុងឆ្នាំ២០១៥ ក៏មានបុគ្គលិកអង្គការសហប្រជាជាតិ ២រូប ត្រូវបានកម្លាំងនគរបាល និងសន្តិសុខក្រុមហ៊ុន ឃាត់ខ្លួនពេញ ១យប់ មុននឹងដោះលែងវិញនៅថ្ងៃបន្ទាប់ ត្រង់បរិវេណក្រុមហ៊ុនដែរ។

ប្រជាពលរដ្ឋមិនដែលបានដឹងពីការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុន
តំណាងសហគមន៍មួយចំនួនដែលបានផ្តល់បទសម្ភាសន៍ឱ្យវីអូឌី អះអាងថា ពួកគាត់មិនដែលបានទទួលសំណងពីការឈូសឆាយដីព្រៃ ដីបម្រុងទុក ព្រៃកប់សព ព្រៃចម្ការវិលជុំ និងព្រៃសែនព្រេនទេពីខាងក្រុមហ៊ុនម្តងណាឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនប៊ិញភ្ញឿក ១ ចាប់ឈូសឆាយយកតែម្តង ដោយពុំបានចុះសិក្សា និងពិគ្រោះយោបល់ជាមុនជាមួយពលរដ្ឋក្នុងសហគមន៍ថែមទៀតផង។
លោក វណ្ណ សុផាត មន្រ្តីអង្គការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ក្នុងពេលលោកចុះអង្កេត និងសិក្សាស្រាវជ្រាវជាលទ្ទផល គឺភាគីក្រុមហ៊ុន មិនបានបង្ហាញពីការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមទេ។ បើតាមលោក សុផាត ទាំងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន ក៏បានអះអាងដែរថា ពួកគាត់មិនដែលលឺទាល់តែសោះពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនេះនៅគ្រាដំបូង។
លោកបញ្ជាក់ថា៖ «ជាការរកឃើញនេះ មុនក្រុមហ៊ុនចុះទៅ និងប្រតិបត្តិការ គឺក្រុមហ៊ុនមិនបានធ្វើវាយតម្លៃពីហេតុប៉ះពាល់សង្គម និងបរិស្ថានទេ។ គ្មានការព្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋ ហើយសូម្បីអាជ្ញាធរមូលដ្ឋានក៏មិនបានដឹងដែរ ហើយយើងបានជួបអាជ្ញាធរផ្ទាល់គាត់ពីដើមក៏អត់ដឹងដែរ។ ស្រាប់ដល់ពេលគ្រឿងចក្រចូល បានគេប្រាប់ពីលើមកថា ឥឡូវនេះ ក្រុមហ៊ុន ប៊ិញភ្វឿក១ បានចុះមកដំណើការនេះ ដោយសាររដ្ឋាភិបាល និងក្រសួងកសិកម្មផ្តល់សម្បទានដីសេដ្ឋកិច្ចទៅឱ្យគាត់»។
យោងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលស្រង់សម្ដីរបស់អគ្គនាយកក្រុមហ៊ុន ប៊ិញភ្វឿក១ គឺលោក ប៊ូ វាន់តាប់ ប្រាប់ ម.ស.ម.ក ថា រដ្ឋាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនវិនិយោគនៅទីនេះ។ តាមរយៈអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុនទទួលបានដីទំហំជិត ៩ពាន់ហិកតា(៨.៨៩០) ដើម្បីដាំកៅស៊ូ។
បើទោះជាបែបណា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ផ្អែកលើការស្រាវជ្រាវ រកឃើញថា គឺទំហំផ្ទៃដីពិតប្រាកដដែលរដ្ឋាភិបាលផ្តល់ឱ្យក្រុមហ៊ុននេះគឺ ១ម៉ឺនហិកតា។ ប៉ុន្តែ មានតែផ្ទៃដី ៥.១០០ ហិកតាប៉ុណ្ណោះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តម្រូវឱ្យដាំដំណាំកៅស៊ូ។ ដោយឡែក ផ្ទៃដីសល់ពីនេះ ត្រូវកាត់ចេញ ដូចជាដីព្រៃទ្រនាប់ដងអូរ និងដីព្រៃត្រូវរក្សាទុក។
របាយការណ៍ដដែល ដែលចេញផ្សាយកាលពីខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការឈូសឆាយដីដោយក្រុមហ៊ុនប៊ិញហ្វឿក១ សរសេរថា ពួកគាត់បានកាន់កាប់ដីដែលស្ថិតនៅក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ ចាប់តាំងពីពាក់កណ្តាល់ទស្សវត្សរ៍ឆ្នាំ១៩៤០មកម៉្លេះ។
ប៉ុន្តែ នៅក្នុងរបបខ្មែរក្រហម ជនជាតិដើមភាគតិចព្នងនៅទីនេះ ត្រូវបានទាហានខ្មែរក្រហមជម្លៀសចេញពីភូមិឋាន ដូចពលរដ្ឋដទៃទៀតនៅទូទាំងប្រទេសដែរ។ របាយការណ៍បន្តថា ក្រោយសមាហរណកម្មឆ្នាំ១៩៩៨ ពួកគាត់បានមកតាំងទីលំនៅឡើងវិញ។
ការកកើតនៃទំនាស់នេះ បើតាមរបាយការណ៍នៃ ម.ស.ម.ក បញ្ជាក់ថា វិវាទដីនៅភូមិចក់ចារនេះ បានផ្ទុះឡើងនៅអំឡុងឆ្នាំ២០១២។ ដោយជំហានដំបូង ក្រុមហ៊ុនបានដាក់កម្លាំងកម្មករជាជនជាតិវៀតណាមសុទ្ធប្រមាណពី២០ ទៅ ៣០នាក់ ដើម្បីបញ្ឆោតថា ជាកម្មករដឹកឈើ។ ក្រោយមកទៀត នៅអំឡុងឆ្នាំ២០១៣ ក្រុមហ៊ុន ប៊ិញភ្វឿក១នេះ ចាប់ផ្តើមឈូសឆាយដីព្រៃយកតែម្តង។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃ ម.ស.ម.ក បញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៨ពាន់ហិកតា។ យោងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិកម្ពុជា ក្រុមហ៊ុនប៊ិញភ្វឿក១នេះ ចាប់ផ្តើមឈូសឆាយដីបង្ហើយ ដែលនៅសល់ចុងក្រោយ ១៥០០ហិកតា នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៥។
លោក ប្រប ជីប តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នង អះអាងថា នៅក្នុងឃុំស្រែឈូកនេះ មានភូមិចំនួន០៩ភូមិ។ ប៉ុន្តែ ក្នុងចំណោមនេះ ភូមិដែលរងគ្រោះ និងប៉ះពាល់ខ្លាំងជាងគេពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប៊ិញភ្ញឿក១ គឺភូមិចក់ចារនេះ។
តំណាងសហគមន៍រូបនេះថ្លែងថា នៅមុនឆ្នាំ២០១២ ទីតាំងនេះ គឺជាប្រភពនៃជម្រកសត្វព្រៃគ្រប់ប្រភេទរស់នៅ។ មិនតែប៉ុណ្ណោះ វាគឺជាតំបន់ដែលមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃរបោះ និងវាលស្មៅជាដើម។
បន្ថែមពីលើនេះ តំបន់ដែលមានទំនាស់នេះ ថែមទាំងមានបឹង អូរ និងស្ទឹងហូរខួបប្រាំងខួបវង្សា។កត្តាអំណោយផលពីធម្មជាតិទាំងនេះហើយ ដែលត្រូវបានលោក ជីប អះអាងថា ជនជាតិដើមភាគព្នងតែងប្រមូលអនុផលមិនដែលដាច់ឡើយ។
លោក ភ្ញើប បរ៉ា វ័យប្រមាណ ៦០ ឆ្នាំ ដែលមានទីលំនៅក្នុងឃុំស្រែឈូកដែរ អះអាងថា ក្រុមគ្រួសាររបស់លោកមានដើមជ័រច្បោះប្រមាណ២០ដើមប៉ុណ្ណោះ បើប្រៀបធៀបអ្នកភូមិដូចគ្នា គឺលោកមានតិចជាងគេ។លោក បរ៉ា ឱ្យដឹងបន្ថែមថា សព្វថ្ងៃនេះរូបលោក និងអ្នកភូមិផ្សេងទៀតកាន់តែប្រឈមមុខនឹងជីវភាពប្រចាំថ្ងៃជាងមុនទៅទៀត។
បើតាមលោក បរ៉ា បច្ចុប្បន្ននេះក្នុងក្រុមគ្រួសាររបស់លោករកចំណូលមិនបាន១០ម៉ឺនរៀលផង ជាង២ខែទៅហើយ។ប្រភពដដែលបញ្ជាក់ថាកាលពី៣ឆ្នាំមុន លោកអាចរកចំណូលបានពីជ័រច្បោះនេះគិតជាមធ្យមប្រមាណ២០ម៉ឺនរៀល។មូលហេតុនៃការធ្លាក់ចុះចំណូលនាពេលនេះ ដោយសារតម្លៃជ័រទឹកធ្លាក់ចុះ ហើយពុំមានទីផ្សារដូចមុន ជាពិសេសប្រភពចំណូលដ៍សំខាន់គឺជ័រទឹកនេះ ត្រូវបានកក្រុមហ៊ុនឈូសឆាយព្រៃឈើដែលអ្នកភូមិតែងអាស្រ័យផលអស់ថែមទៀត។
លោកបន្តថា៖ « ខ្ញុំរាល់ថ្ងៃនេះរកចំណូលមិនបាន១០ម៉ឺនរផងក្មួយ។ឥឡូវនេះចូលដល់២ខែទៅហើយទើបបានលក់លក់មួយកាន់ឡើយផង(១កានស្មើ៣០លីត្រ)។បើពីមុនអីក្នុង១ខែខ្ញុំដងជ័រទឹកបាន២កាន។ក្នុង១កាន់គេទិញចូល៧ម៉ឺនរៀលបើសរុប២កាន់វាស្មើ១៤ម៉ឺនរៀលដែរ »។
លោក គ្រឿង តុលា អ្នកសម្របសម្រួលបណ្តាញក្រុមសហគមន៍ជនជាតិដើមភាគតិច ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី បញ្ជាក់ថានេះជាការអភិវឌ្ឍន៍ដែលមិនបានជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរីកចំរើនទេ។បើតាមលោក តុលា មុនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគ រដ្ឋាភិបាលត្រូវពិនិត្យពីតម្រូវការរបស់ប្រជាជន និងផលប៉ះពាល់ឱ្យបានល្អិតល្អន់សិន មុននឹងត្រូវផ្តល់សិទ្ធិវិនិយោគ។
លោកបន្តថា៖ «នេះជាការអភិវឌ្ឍន៍ដែលរំលោភសិទ្ធិមនុស្ស និងជាការអភិវឌ្ឍន៍មានន័យថាមិនគោរពសិទ្ធិអ្នកដទៃ។ចំណុចទាំងនេះហើយដែលជនជាតិដើមភាគតិចតែងទាមទារ។ហើយការទាមទារសិទ្ធិនេះនាំឱ្យមានការយល់ច្រឡំរួចចោទពួកខ្ញុំថាប្រឆាំងនឹងរាជរដ្ឋាភិបាល ឬធ្វើអប្បគមន៍អីហូរហែអ៊ីចឹងទៅ។ចំណុចទាំងអស់ហ្នឹងគឺពួកខ្ញុំមិនអាចទទួលយកបានទេ» ។
អ្នកស្រី សូ ណាង ដែលអះអាងថាជាឈ្មួយកណ្តាល ស្ថិតនៅក្នុងស្រុកកែវសីមា ឱ្យដឹងថា ក្រុមគ្រួសារអ្នកស្រីបានប្រមូលទិញជ័រច្បោះពីអ្នកភូមិជាប្រចាំ។ប៉ុន្តែអ្នកស្រីលើកឡើងថា មួយរយៈពេលចុងក្រោយនេះ ខ្សត់ជ័រទឹកណាស់។
ម្យ៉ាងវិញទៀត បើតាមអ្នកស្រី ណាង តម្លៃជ័រទឹកក្នុងរយៈ១ឆ្នាំចុងក្រោយនេះ ធ្លាក់ថ្លៃថែមទៀតផង។ប្រភពបន្តថា ក្នុង១កានជ័រទឹកអ្នកស្រី អាចចំណេញបានប្រមាណ៥ពាន់រៀលប៉ុណ្ណោះ។ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ការបញ្ជាទិញជ័រទឹកនេះ ឈ្មួយគេលែងទទួលទៀតហើយ។
អ្នកស្រីបន្តថា៖ «កាលពីមុនជ័រទឹកនេះវាបានថ្លៃ ដល់ឥឡូវនេះបានតែ៤ម៉ឺនរៀលទេ។កាលពីឆ្នាំ២០១៨ តម្លៃជ័រទឹក១កាន់៨ម៉ឺន៥ពាន់រៀល។នៅឆ្នាំ២០១៨ តម្លៃស្ថិតនៅចន្លោះពី៨ទៅ៩ម៉ឺនរៀលក្នុង១កាន់។តែឥឡូវនេះធ្លាក់មកនៅត្រឹម៤ម៉ឺនរៀលក្នុង១កាន។តម្លៃត្រឹម៤ម៉ឺនរៀលក្នុង១កានហើយគេអត់យកទៀត»។
វីអូឌី ទទួលបានលិខិតមួយចំនួនដែលចុះកាលបរិច្ឆេទផ្សេងៗគ្នាអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៥ អំពីបណ្តឹងសុំអន្តរាគមន៍ពីថ្នាក់ជាតិរបស់ពលរដ្ឋចំនួន២១១គ្រួសារស្មើប្រមាណ១ពាន់៥៥នាក់។
លិខិតរបស់តំណាង៥រូបដែលតំណាងឱ្យពលរដ្ឋ២១១គ្រួសារ ជាជនជាតិដើមភាគតិចព្នង បានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធដូចជា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីជាដើម ជួយអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុន ប៊ិញភ្វឿក១ និងប្រគល់ដីឱ្យពួកគាត់វិញ។
បើទោះជាបែបណា នៅក្នុងលិខិតរបស់តំណាងស្ថាប័នជាតិសំខាន់ៗទាំងនោះ បានឆ្លើយតបមកវិញថា ការដោះស្រាយដូចការស្នើសុំនេះ វាមិនមែនជាដែនសមត្ថកិច្ចរបស់ពួកគេឡើយ។
នៅក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៥ លិខិតដែលវីអូឌីទទួលបានទាំង រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្រ្តី ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ក្រសួងដែនដី និងក្រសួងមហាផ្ទៃជាដើម បានប្រគល់សិទ្ធិដោះស្រាយវិវាទនេះ ឱ្យថ្នាក់ខេត្តជាអ្នកទទួលខុសត្រូវវិញ។
ប៉ុន្តែ នៅក្នុងរបាយការណ៍សិក្សាមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៥ រកឃើញថា តំណាងសហគមន៍ចំនួន ៦នាក់ ក្នុងនោះមានលោក ប្រប់ ជីប លោក ស្រួច ថែវ លោក ភៅ អាន លោក យ៉ិន សិង្ហ លោក ប៉ែន សុគន្ធា និងលោក ម៉ៅ យិន ត្រូវរងការប្តឹងបកវិញពីភាគីក្រុមហ៊ុន។អ្នកទាំង៦នាក់នោះ ត្រូវបានចោទប្រកាន់ថា ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
នៅក្នុងរបាយការណ៍ដដែលនេះបញ្ជាក់ទៀតថា នៅអំឡុងខែមេសា ឆ្នាំ២០១៥ លោក យ៉ាន ម៉ៅ តំណាងពលរដ្ឋម្នាក់ក្នុងចំណោមអ្នក៥នាក់ផ្សេងទៀត ត្រូវបានតុលាការចាប់ខ្លួន។មូលហេតុនៃការចាប់ខ្លួនដោយតុលាការខេត្តមណ្ឌលគិរីនេះ ចោទពីបទផ្សេងទៅវិញ គឺបទរួមភេទជាមួយអនីតិជន មិនគ្រប់អាយុ។
តារយៈរបាយការណ៍របស់ ម.ស.ម.ក ដែលស្រង់សំដីលោក យ៉ាន ម៉ៅ អះអាងថា ការចោទប្រកាន់របស់តុលាការប្រឆាំងរូបខ្លួននេះ គឺមិនពិតទេ។ហើយមូលដ្ឋាននៃបទល្មើសនេះត្រូវបានលោក ម៉ៅ ចាត់ទុកថាអាជ្ញាធរបានកំណត់មុខសញ្ញាជនបង្គោល និងអ្នកដែលហ៊ានតស៊ូមតិតែប៉ុណ្ណោះ។
ប្រហែលជា ២សប្តាហ៍បន្ទាប់ពីចោទប្រកាន់លោក យ៉ាន ម៉ៅ ។នៅអំឡុងខែ ឧសភា ឆ្នាំ២០១៥ លោក ប្រប ជីប តំណាងសហគមន៍ម្នាក់ផ្សេងទៀត ក្នុងចំណោមមនុស្សទាំង៦នាក់នោះ ត្រូវបានតុលាការខេត្តមណ្ឌលគិរីចេញដីការឱ្យចូលខ្លួនបំភ្លឺ ជុំវិញសំណុំរឿងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
យ៉ាងនេះក្តីប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីលោក សុង ឃាង អះអាងថា ការពិតទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ប៊ិញភ្វឿក១នេះ បានបិទបញ្ចប់រួចរាល់អស់ទៅហើយ។លោកបន្តថា ភាគីទាំងសង្ខាងបានទទួលយល់ព្រមឯកភាព ទៅតាមការដោះស្រាយរបស់អាជ្ញាធរថ្នាក់ខេត្តហើយដែរ។
លោកបន្តថា៖ «អាហ្នឹងដូចគេដោះចប់អស់ហើយ។បាទ អាហ្នឹងគេដោះចប់អស់ហើយ អត់មានឃើញដាំដុះអីទៀតផង។អាជ្ញាធរស្រុកដូចគេដោះចប់អស់ហើយ។គេដោះចប់អស់ហើយ» ។
ចំណែក អភិបាលស្រុកកែមសីមា លោក នួន សារ៉ន បានចាត់ទុកអ្នកដែលតវ៉ាកន្លងទៅនេះថាមិនមែនជាពលរដ្ឋនៅរស់នៅក្នុងទីតាំងដែលមានទំនាស់ជាមួយក្រុមហ៊ុនទេ។បើតាមលោក សារ៉ន អ្នកដែលមានទំនាស់ពិតប្រាកដ បានទទួលយកសំណងរួចរាល់អស់ហើយ ហើយវិវាទនេះក៏បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ។
លោកបន្តថា៖ «ថ្នាក់ខេត្តក៏បានធ្វើសេចក្តីជូន និងសេចក្តីប្រកាសព័ត៌មានឱ្យប្រជាពលរដ្ឋអស់ដែលថាមានបញ្ហាហ្នឹងហើយកំណត់រយៈពេលដើម្បីដោះស្រាយជូន ប៉ុន្តែ នៅពេលខាងខេត្តធ្វើសេចក្តីជូនដំណឹង និងដាក់ឪសានវាទអីត្រឹមត្រូវ អត់មានអ្នកណាចូលរួមទេ។ អ៊ីចឹង ការដោះស្រាយ យើងក៏បានបញ្ចប់ទៅ។ ដូច្នេះ ខេត្តក៏បានរក្សាទុកចំនួន ៣៧៥ហិកតាសម្រាប់ជូនពួកគាត់។ អ៊ីចឹង អ្នកប្តឹងទាំង ២១១គ្រួសារដែលប្តឹងទៅនោះ គឺថាជាអ្នកដែលនៅខាងក្រៅទេ»។
មកដល់ពេលនេះ វីអូឌី ពុំអាចស្វែងរកទីតាំងនៃការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ប៊ិញហ្វឿក១ ដូចមានចុះបញ្ជីនៅក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១១ ដើម្បីស្នើសុំបំភ្លឺបានទេ។
លោក វណ្ណ សុផាត មន្រ្តីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា តាមពិតក្រុមហ៊ុនចំការកៅស៊ូក្រចេះប៊ិញហ្វឿក១ (Benh Hoeurk Kratie Rubber1 Company Limited)ជាមួយនិងក្រុមហ៊ុន ប៊ិញភ្វឿក១ គឺជាក្រុមហ៊ុនតែ១ជាមួយគ្នា។

ឯកសារដែល វីអូឌី ទទួលបានពី ម.ស.ម.ក ដែលក្រុមហ៊ុននេះចុះបញ្ជីនៅក្រសួងកសិកម្ម គឺមានទីតាំងនៅផ្ទះលេខ៩២ ជាប់នឹងមហាវិថីនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅពេលអ្នកយកព័ត៌មានវីអូឌី ស្វែងរកទីតាំងដូចបានចុះបញ្ជីនៅក្រសួងកសិកម្ម គឺពុំមានការិយាលទេ ប៉ុន្តែ ក្រុមហ៊ុននេះបានបង្កើតរោងចក្រមួយស្ថិតនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា។
តំណាងសហគមន៍ដែលបានផ្តល់បទសម្ភាសន៍ឱ្យវីអូឌី ដឹងថា រោងចក្រដែលក្រុមហ៊ុនបានបង្កើតឡើងនេះ គឺជាការិយាល័យផ្លូវការរបស់ក្រុមហ៊ុនហើយ។បច្ចុប្បន្ន រោងចក្រ ដែលស្ថិតនៅចំកណ្តាលដីនេះ កំពុងបង្កើនការផលិតដំណាំចេកសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ លោក ស្រី វុឌ្ឍី បដិសេធថា លោកមិនបានព័ត៌មានស្តីពីក្រុមហ៊ុននេះមានការិយាល័យពិតប្រាកដនៅទីណាទេ។បើតាមលោក វុទ្ធី អ្វីដែលលោកមិនបានដឹងថែមទៀតនោះគឺការកំណត់ឱ្យក្រុមហ៊ុនទុកដីប៉ុន្មាន និងដីតម្រូវឱ្យក្រុមហ៊ុនវិនិយោគប៉ុន្មាន។
លោកបន្តថា «ប៊ិញភ្វឿក១ យី ! ដឹងជាមានឬអត់ទេ។ ខ្ញុំដូចអត់ក្តាប់អាហ្នឹងបានទៀតហ្អា។ ចុះបញ្ជីឆ្នាំ២០១១ យី ខ្ញុំដូចអត់ច្បាស់ទេ មិនដឹងវាមាននៅទីនេះ ឬវាមាននៅកន្លែងខេត្ត»។
បើផ្អែកលើឯកសាររបស់ ម.ស.ម.ក ឱ្យដឹងថា ក្រុមហ៊ុននេះ ទទួលបានអនុក្រឹត្យកាលពីថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១១ ឱ្យវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំ១ម៉ឺនហិកតា នៅក្នុងស្រុកកែមសីមា ខេត្តមណ្ឌលគិរី។ ១សប្តាហ៍បន្ទាប់មកពោលកាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០១១ ក្រុមហ៊ុនប៊ិញហ្វឿក១នេះ ត្រូវបានរដ្ឋាភិបាលបើកផ្លូវឱ្យវិនិយោគ ទៅតាមការស្នើសុំជាដំណាំកៅស៊ូ។
លោក វណ្ណ សុផាត មន្រ្តីអង្គការនៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា ឱ្យដឹងថា លោកធ្លាប់បានជួបភាគីក្រុមហ៊ុនដោយផ្ទាល់ក្នុងពេលកន្លងទៅ នៅទីតាំងក្រុមហ៊ុនក្នុងស្រុកកែវសីមា។
បើតាមលោក សុផាត ឯកសារដែលលោកបានឃើញកាលណោះ គឺមានភាពមិនច្បាស់លាស់ខ្លះ ប៉ុន្តែ មន្រ្តីសិទ្ធិមនុស្សរូបនេះអះអាងថា វាជាការដែលគួរឱ្យសោកស្តាយ ដែលឯកសារទាំងនោះមិនត្រូវបានគេអនុញ្ញាតិឱ្យថតទុក ដើម្បីផ្ទៀតផ្ទាត់។
លោកបន្តថា៖ «បាទ យើងឃើញមានលិខិតមានលក្ខណៈលុបអីខ្លះអ៊ីចឹងទៅ។ យើងឃើញមួយភ្លែតទៅ មានឯកសារខ្លះមានកោសលុបអ៊ីចឹង។ យើងក៏បានឃើញច្បាស់អ៊ីចឹង តែយើងក៏មិនបានដឹងការកោសលប់ហ្នឹងដោយសារមូលហេតុអី។ ប៉ុន្តែ បើឯកសារធម្មតាជាលក្ខណៈផ្លូវការវាអត់មានកោសលប់ទេ»។
សព្វថ្ងៃមានប្រជាពលរដ្ឋចំនួន ១៥០គ្រួសារក្នុងចំណោម ២១១គ្រួសារដែលរងគ្រោះខ្លាំង នៅបន្តទាមទារនៅឡើយនូវដីដែលធ្លាប់កាន់កាប់មកជាដីកម្មសិទ្ធិត្រឡប់មកវិញ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស មានប្រសាសន៍ថា ថ្វីបើនៅពេលនេះ ពួកគាត់មិនបានធ្វើយុទ្ធនាការតស៊ូមតិដូចមុន ប៉ុន្តែ មិនមានន័យថា ម្ចាស់ដីដែលបាត់បង់ទាំងនោះ បានបោះបង់សិទ្ធិជាម្ចាស់កម្មសិទ្ធិដីឡើយ។
នៅក្នុងលិខិតរួមគ្នារបស់តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នង ដែលស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បញ្ជាក់ថា អ្នកភូមិត្រូវការដីស្រែ និងដីចម្ការមកវិញ ដើម្បីបង្កបង្កើនផល។
ជាងនេះទៀត រាល់ការខូចខាត និងបាត់បង់ទាំងអម្បាលម៉ាន ដែលក្រុមហ៊ុនឈូសឆាយ ត្រូវបង់សងឱ្យពលរដ្ឋវិញ។មិនតែប៉ុណ្ណោះ ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងប្រជាពលរដ្ឋតទៅទៀត៕
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖













