រដ្ឋសភាអនុម័តសេចក្តីព្រៀងច្បាប់ទទួល​ស្គាល់លើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែន​ជាមួយវៀតណាម​

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកចន្ទ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានលើកយករបៀបវារៈចំនួន៥ មកពិនិត្យ និងពិភាក្សា ដូចជា៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia

រដ្ឋសភាជាតិនៅថ្ងៃនេះ បាន​អនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​សន្ធិសញ្ញាបំពេញ​បន្ថែម​ក្នុងការកំណត់​ព្រំដែន​រដ្ឋ រវាងកម្ពុជា និងវៀតណាម។

សេចក្តីព្រៀងច្បាប់នេះ ធ្វើឡើងដើម្បីអនុម័តទទួលស្គាល់លើសន្ធិសញ្ញាបំពេញបន្ថែមថ្មី ឆ្នាំ២០១៩ ដែលបានចុះហត្ថលេខារួមគ្នារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ទទួលស្គាល់បង្គោលព្រំដែនគោកចំនួន៨៤ភាគរយ កាលពីដើមខែតុលា។

យោងតាមសេចក្តីថ្លែងហេតុចេញដោយរដ្ឋាភិបាលចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ថា សេចក្តីព្រៀងច្បាប់នោះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំ​ណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយត្រូវបានសភាអនុម័តយល់ព្រមនៅព្រឹកមិញនេះ ដោយសំឡេងគាំទ្រ១១០លើ១១០។

សេចក្តីព្រៀងច្បាប់នេះដែរ គឺមានចំនួ៣មាត្រា ក្នុងនោះ​មាត្រា១ចែងពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ ដោយឡែក​មាត្រា២ ចែងថា​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តសន្ធិសញ្ញាបំពេញបន្ថែមនេះ។ ចំណែក​មាត្រាចុងក្រោយ ចែងថា​ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ ថ្លែងនៅក្នុងអង្គប្រជុំថា សន្ធិសញ្ញាបំពេញបន្ថែមថ្មីនេះ ធ្វើឡើងក្នុងគោលបំណងរក្សាការគ្រប់គ្រងដីធ្លីស្រែចម្ការរបស់ពលរដ្ឋប្រទេសទាំងពីរដែលពួកគេបាននិងកំពុងរស់នៅកាន់កាប់ និងកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាមឱ្យទៅជាតំបន់ព្រំដែនសន្តិភាព​ មិត្តភាព សហប្រតិបត្តិការ និងជំនះធ្វើបញ្ចប់ការងារខណ្ឌ​​សី​មា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងពីរ។

លោក ទៀ បាញ់ ថ្លែងបន្ថែមថា៖ «សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នឹងត្រូវផ្តល់សច្ចាប័ន និងចូលជាធរមានបន្ទាប់ពីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន និងធ្វើជា៣ច្បាប់ ជា៣ភាសា គឺភាសាខ្មែរ ភាសាវៀតណាម និងភាសាបារាំង។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទជាភាសាបារាំងត្រូវយកមកធ្វើជាឯកសារគោល។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារសំខាន់បំផុតក្នុងការទទួលយកសមិទ្ធិផលនៃប្រទេសទាំង២សម្រេចបានមកដល់បច្ចុប្បន្ននោះគឺ៨៤ភាគរយ »។

នៅក្នុងសេចក្តីថ្លែងការមួយចុះថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានទាមទារឱ្យរដ្ឋសភាពន្យាពេលអ​នុម័តលើសេចក្តីព្រៀងច្បាប់នេះ ដោយខ្លួនយល់ឃើញថា ការអនុម័តធ្វើឡើងក្នុងស្ថានភាពអ្នកនយោបាយកំពុងមានការបែកបាក់គ្នា។

អ្នកនាំពាក្យគណបក្សនេះ គឺលោក ឡឹក សុធា លើកឡើងប្រាប់ វីអូឌី នៅរសៀលថ្ងៃនេះថា លោកមានការខកចិត្តចំពោះការដែលរដ្ឋសភាមិនអើពើលើការទាមទារ និងក្តីបារម្ភរបស់ខ្លួន។

លោក ឡឹក សុធា មានប្រសាសន៍ថា៖ «ការផ្តល់សច្ចាប័នបន្ថែមទៅលើកិច្ចការព្រំដែនក្នុងកាលៈទេសៈនេះ វាជារឿងមិនល្អទាល់តែសោះ​ ដោយសារទី១ គឺស្ថានភាពនយោបាយនៅពេលនេះ ហាក់បីដូចជាមិនទាន់មានការបង្រួបបង្រួម ឬក៏ស្រុះស្រួលគ្នានៅឡើយ។ ហើយទី២ រដ្ឋាភិបាល និងប្រទេសជាតិដឹកនាំដោយគណបក្សតែមួយ ហើយនេះគឺជាក្តីបារម្ភរបស់យើង ដែលយើងអាចថាការផ្តល់សច្ចាប័ននៅពេលនេះ វាអាចនាំទៅដល់វិបត្តិ និងការលាបពណ៌ ការចោទប្រកាន់ហ្នឹងរឹតតែខ្លាំងក្លាជាងមុនទៀត»

យ៉ាងណា លោកថា នឹងបន្តដាក់ញាត្តិសុំទៅព្រឹទ្ធសភា និងព្រះមហាក្សត្រធ្វើការពន្យាពេលផ្តល់សច្ចាប័ន និងឡាយព្រះហស្ថលេខាលើសេចក្តីព្រៀងច្បាប់នោះ។

អតីត​តំណាង​រា​ស្រ្តគណបក្ស​ប្រឆាំង​ដែល​សកម្មលើ​បញ្ហា​ព្រំដែន​ គឺ​លោក​ អ៊ុំ​ សំ​អាន ទាត់ចោលការអនុម័តរបស់រដ្ឋសភានៅថ្ងៃនេះ ដោយលោកចាត់ទុកថា ជាការកាត់ដីឱ្យខាងប្រទេសវៀតណាម ហើយថានឹងធ្វើការសើរើរឿងនេះឡើងវិញ នៅពេលគណបក្សរបស់លោកកាន់អំណាច។

លោក អ៊ុំ សំអាន មានប្រសាសន៍ថា៖ «ការអនុម័តថ្ងៃនេះ គឺជាការអនុម័តរបស់រដ្ឋសភា គឺជាការអនុម័តដោយខុសច្បាប់ ដោយ​សារអី? រដ្ឋសភាឯកបក្សហ្នឹងកើតឡើងចេញមកពីការបោះឆ្នោតក្លែងក្លាយឆ្នាំ២០១៨ ដែលរំលាយប្រជាធិបតេយ្យ ដែលរំលា​យគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ។ ដូច្នេះ ការអនុម័តរបស់រដ្ឋសភានៅថ្ងៃនេះ មិនយកជាការទេ»។     ​ 

កម្ពុជា ​និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ​ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនគោកបោះរួមចំនួន​ ៣១៤បង្គោល ស្មើ៨៤ភាគរយ។ នៅសល់​ចំណុច​មិន​ឯកភាព​គ្នា​១៦ភាគរយ​ទៀត​ ​នឹងធ្វើបន្តបន្ទាប់ពី​ភាគី​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋានបំប្លែង​ពីខ្នាត​១លើ​១០០ពាន់​ មក​ខ្នាត១លើ៥០ពាន់ តាម​កិច្ច​ព្រមព្រៀង​កម្ពុជា​ និង​វៀតណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ