សភាដាណឺម៉ាកមិនមានរបងនិងសន្តិសុខយាមខាងក្រៅ

ទិដ្ឋភាពនៅពីមុខរដ្ឋសភាដាណឺម៉ាកស្ថិតនៅក្នុងរដ្ឋធានីកូប៉េនហិហ្គេន (Copehagen)។ រូបភាព៖ ពៅ មេត្តា

រដ្ឋសភារបស់ប្រទេសដាណឺម៉ាកមិនមានធ្វើរបងព័ទ្ធជុំវិញ និងមិនមានកម្លាំងសន្តិសុខយាមខាងក្រៅទេ ដែលជាផ្នែកមួយនៃការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាទៅពឹងឱ្យតំណាងរាស្ត្រជួយដោះស្រាយ។​

រដ្ឋសភាដាណឺម៉ាកស្ថិតនៅក្នុងរដ្ឋធានីកូប៉េនហិហ្គេន (Copehagen) ទិដ្ឋភាពខាងក្រៅមានរៀបថ្មដុំមូលៗកម្ពស់ប្រមាណកន្លះម៉ែត្រ ជាប្រឡោះដែលអាចដើរ ឬជិះកង់ចូលបាន។ អគារសភានេះមានលក្ខណៈដូចអគារទូទៅក្នុងប្រទេសដាណឺម៉ាកដែរគឺមិនមានរបងព័ទ្ធជុំវិញ និងមិនមានកម្លាំងសន្តិសុខយាមនោះទេ។​

នៅបរិវេណខាងមុខសភាមានទីធ្លាមួយសម្រាប់ឱ្យប្រជាពលរដ្ឋដែលជួបបញ្ហា ហើយមិនសុខចិត្តចំពោះការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ អាចប្រមូលផ្តុំបាន ដើម្បីសុំឱ្យតំណាងរបស់ពួកគេជួយដោះស្រាយ។​ នៅក្នុងចំណុចដែលទុកសម្រាប់ឱ្យប្រជាពលរដ្ឋប្រមូលផ្តុំនោះគឺនៅជិតសាលប្រជុំពេញអង្គរបស់សមាជិកសភាចំនួន​១៧៩រូប ដែលអាចមើលឃើញការតវ៉ា និងស្តាប់ឮការទាមទារ។​

លោក Martin Lidegaard ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងបច្ចុប្បន្នជាសមាជិកសភាដាណឺម៉ាក ថ្លែងក្នុងពិធីជួបជាមួយអ្នកសារព័ត៌មានពីតំបន់អាស៊ីកាលពីចុងខែតុលាកន្លងទៅនេះថា ពលរដ្ឋនៅក្នុងប្រទេសនេះងាយស្រួលក្នុងការបញ្ជូនបញ្ហាពួកគេជួបទៅតំណាងរាស្ត្រ ដូចជា ការទៅជួបរូបលោកនៅការិយាល័យតំណាងរាស្ត្រ ទាក់ទងតាមបណ្តាញទំនាក់ទំនងសង្គម ឬទៅផ្ទះលោកក៏បាន។​

លោក Martin Lidegaard ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងបច្ចុប្បន្នជាសមាជិកសភាដាណឺម៉ាក ថ្លែងក្នុងពិធីជួបជាមួយអ្នកសារព័ត៌មានពីតំបន់អាស៊ីកាលពីចុងខែតុលា ឆ្នាំ២០១៩។ រូបភាព៖ ពៅ មេត្តា
លោក Martin Lidegaard ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងបច្ចុប្បន្នជាសមាជិកសភាដាណឺម៉ាក ថ្លែងក្នុងពិធីជួបជាមួយអ្នកសារព័ត៌មានពីតំបន់អាស៊ីកាលពីចុងខែតុលា ឆ្នាំ២០១៩។ រូបភាព៖ ពៅ មេត្តា

លោក Martin Lidegaard បញ្ជាក់ថា ប្រជាពលរដ្ឋចង់ជួបលោកមិនមានអ្វីជាការលំបាកទេ ដោយសារលោកមិនមានអង្គរក្ស ហើយជារៀងរាល់ថ្ងៃលោកជិះកង់ទៅធ្វើការ ដូច្នេះពលរដ្ឋអាចស្កាត់ជួបលោកបានគ្រប់ពេល។​

អគារសភារបស់ដាណឺម៉ាក សាងសង់នៅចន្លោះផ្លូវពីរសងខាង ទើបជាធម្មតាអ្នកដំណើរអាចដើរ ឬជិះកង់ឆ្លងកាត់បរិវេណសភានេះរាល់ថ្ងៃ។​

នៅអគារនេះមានតែកម្លាំងសន្តិសុខ៣ ទៅ៤នាក់ ប្រើប្រាស់ឧបករណ៍បច្ចេកទេសត្រួតពិនិត្យនៅច្រកចូលសាលដែលសមាជិកសភាប្រជុំ។​

បរិវេណខាងមុខ និងផ្នែកខ្លះនៅខាងក្នុងសភាក៏បានក្លាយជាកន្លែងដែលពលរដ្ឋហាត់ប្រាណ និងដើរលំហែកាយដែរ ព្រោះកន្លែងនោះបរិយាកាសស្រលះ និងមានសួនច្បារខ្លះផង។​

ក្រៅពីប្រជាពលរដ្ឋដាណឺម៉ាកអគារនេះក៏ក្លាយជាគោលដៅភ្ញៀវទេសចរបរទេសទៅទស្សនាដែរ ព្រោះអគារមានអាយុកាលជិត១០០០ឆ្នាំគឺចាប់ផ្តើមកសាងឡើងតាំងពីឆ្នាំ១១៦៧ ហើយមានការកែសម្រួលជាបន្តបន្ទាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ