បទយកការណ៍៖ សហគមន៍ និង​គ្រូបង្រៀន​ថា គ្រូ​ក្របខណ្ឌនឹងជំរុញគុណភាព​​ការអប់រំ​ចាប់ពី​ថ្នាក់​មូលដ្ឋាន

សាលាបឋមសិក្សាអណ្ដូងពោធិ៍ ខេត្តស្វាយរៀង។ រូបភាព៖ ហេង វិចិត្រ

អ្នកគ្រូ  ម៉ូវ សាវឿន បង្រៀននៅសាលាបឋមសិក្សាអណ្ដូងពោធិ៍។​ គាត់​ប្រាប់​ថា ​គាត់ត្រូវ​បង្រៀន​សិស្សចំនួនពី​៤៥ ទៅ៥០នាក់ក្នុងមួយបន្ទប់។ អ្នកគ្រូ សាវឿន និយាយថា ចំនួនគ្រូបង្រៀនតិច បានធ្វើឱ្យសិស្សត្រួតថ្នាក់ច្រើន ដោយហេតុថា សិស្សច្រើនពិបាកក្នុងការគ្រប់គ្រង និងផ្ទេរចំណេះដឹងដល់ពួកគេ។ 

អ្នកគ្រូ ម៉ូវ សាវឿន បង្រៀននៅសាលាបឋមសិក្សាអណ្ដូងពោធិ៍ផ្តល់បទសម្ភាសន៍​ដល់អ្នក​យកព័ត៌មានVODក្នុង​ខែតុលា ឆ្នាំ២០១៩
អ្នកគ្រូ ម៉ូវ សាវឿន បង្រៀននៅសាលាបឋមសិក្សាអណ្ដូងពោធិ៍ផ្តល់បទសម្ភាសន៍​ដល់អ្នក​យកព័ត៌មានVODក្នុង​ខែតុលា ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

«បើ៤៥នាក់ អត្រារបស់គាត់ [រៀនត្រួតថ្នាក់] ៥នាក់ ឬ ៦នាក់  ប៉ុន្តែបើសិស្សតិចដែលខ្ញុំបង្រៀនទៅតាមស្ដង់ដារដែលក្រសួងបានដាក់ឱ្យ សិស្សធ្លាក់តែ១នាក់ទេក្នុងមួយថ្នាក់។ ម្នាក់ហ្នឹង [ដែលឱ្យរៀនត្រួតថ្នាក់] ការសរសេររបស់គាត់បាន សរសេរដាក់សៀវភៅចម្លងកិច្ចការផ្ទះបានឱ្យបាន តែការអានរបស់គាត់អត់ទាន់គ្រាន់បើ។ អ៊ីចឹង យើងឱ្យរៀនត្រួតថ្នាក់មួយឆ្នាំទៀត»។

ក្រសួង​អប់រំ​យុវជន និងកីឡា​បាន​ដាក់​ចេញ​គោលការណ៍​ណែនាំ​ដោយ​បាន​កម្រិត​ថា​ ក្នុងមួយថ្នាក់​មិន​ឲ្យ​មាន​សិស្ស​លើសពី​៣២នាក់ឡើយ ដោយថា ដើម្បីធានា​ពីគុណភាព​ និង​ប្រសិទ្ធភាព​នៃការ​បង្រៀន។ ទោះយ៉ាងណា​ ការអនុវត្ត​​បាន​ទៅតាម​គោលការណ៍​នេះ គឺនៅមាន​បញ្ហា​ប្រឈមសម្រាប់​តម្រូវ​ការ​ចំនួន​គ្រូបង្រៀន។

លោក ពេជ្រ មុនី ជានាយករងសាលាអណ្ដូងពោធិ៍។ គាត់ រៀបរាប់ថា សិស្សនៅសាលាបឋមសិក្សាអណ្ដូងពោធិ៍មានចំនួនសរុប៣៤១នាក់ ក្នុងនោះមានគ្រូ១២នាក់ រួមទាំងនាយកផងដែរ។

លោក ពេជ្រ មុនី រៀបរាប់បន្តថា សាលាបឋមសិក្សាអណ្ដូងពោធិ៍ខ្វះគ្រូសម្រាប់បង្រៀនសិស្សចំនួន៤នាក់ នៅក្នុងឆ្នាំ២០១៩-២០២០ ខាងមុខនេះ។ លោកបន្តថា សាលារបស់លោកខ្វះគ្រូបង្រៀនចាប់តាំងពីឆ្នាំ២០១៦ម្លេះ ប៉ុន្តែ កន្លងមកមានអង្គការមួយបានជួយផ្ដល់គ្រូសម្រាប់បង្រៀន។

«ក្រោយកាន់តែខ្វះទៀតបើកតាមទិន្និន័យ ព្រោះខាងខ្ញុំដល់ពេលចូលនិវត្តន៍ពីរនាក់អ៊ីចឹង វាកាន់តែខ្វះទៀត។ រាល់ឆ្នាំយើងធ្វើផែនការរហូតឆ្នាំ២០២០ ខ្វះប៉ុន្មាន ២០២១ ខ្វះប៉ុន្មាន យើងស្នើរហូតតែយើងខាងក្រសួងមិនទាន់ឆ្លើយតបអីទេ»។

នៅ​ប្រហែលជា៤គីឡូម៉ែត្រ​ពី​សាលាបឋម​សិក្សា​អណ្តូង​ពោធិ៍ មាន​សាលា​បឋមសិក្សា​មួយទៀត​ឈ្មោះ សាលា​បឋមសិក្សា​​ទួលតាធន់។ សាលា​រៀននេះមានសិស្ស​កំពុង​រៀន​ចំនួន៣៨០នាក់ និង​​មានគ្រូ​បង្រៀន​ចំនួន​១១នាក់។ គ្រូបង្រៀន​ចំនួន​ពីរ​នាក់​នឹង​ត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ២០២០នេះ។  

នាយករងសាលាបឋមសិក្សាទួលតាធន់ លោក ព្រាប វុត្ថា ក៏​បាន​ដាក់​សំណើរ​សុំគ្រូ​បង្រៀន​ដែល​មានគរុកោសល្យ​និង​ក្របខណ្ឌ​ផងដែរ។

នាយករងសាលាបឋមសិក្សាទួលធន់ លោក ព្រាប វុត្ថាក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មានVODក្នុងខែតុលា ឆ្នាំ២០១៩។
នាយករងសាលាបឋមសិក្សាទួលតាធន់ លោក ព្រាប វុត្ថាក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មានVODក្នុងខែតុលា ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

«គ្រូក្របខ័ណ្ឌហ្នឹង បើយើងនិយាយទៅ! គាត់មានច្បាប់គរុកោសល្យក្នុងការផ្ទេរចំណេះដឹងឱ្យបានល្អជាង។ ល្អហ្នឹង យើងគិតមើលទៅសិស្សអាចចេះច្រើន ហើយប្រឡងជាប់ ​ជាប់ភាគច្រើ​ន ជាពិសេសចេះអានអក្សរតែម្ដង ទទួលបានផ្នែកគណិត សិក្សាសង្គម​អ៊ីចឹងទៅ ហ្នឹងគ្រូក្របខ័ណ្ឌ»។

កង្វះ​គ្រូ​​បង្រៀន​​ដែល​មានគរុកោសល្យ​ និង​ជា​គ្រូ​ក្របខណ្ឌ បាន​កើត​មានឡើង​​នៅក្នុង​សាលា​ផ្សេងទៀត​ផងដែរ។

លោក គ្រូ សុខ សាវ៉េត នាយក​សាលា​បឋម​សិក្សា​ពោន ដែល​ស្ថិត​នៅ​ក្នុង​ភូមិពោន ឃុំដូង ក៏​ស្នើ​សុំ​គ្រូបង្រៀន​បន្ថែម​ចំនួន​៥ ឬ​៦នាក់សម្រាប់​សាលា​របស់​លោក​ផងដែរ។

លោក សុខ សាវ៉េត រៀបរាប់ថា សិស្សរៀនត្រួតថ្នាក់មានចំនួន៣០% ឬ ៤០% ពោលគឺ ៣៤នាក់ ក្នុង១ឆ្នាំ ហើយសិស្សដែលរៀនត្រួតមានថ្នាក់ទី១ ទី២ និងទី៣ ដែលគ្រូកិច្ចសន្យាជាអ្នកបង្រៀន។ លោកបន្តថា មូលហេតុដែលសិស្សរៀនត្រួតថ្នាក់ ដោយសារ គ្រូកិច្ចសន្យាមិនសូវមានវិធីសាស្រ្ត ទេពកោសល្យក្នុងការផ្ទេរចំណេះដឹងទៅកាន់សិស្ស។

«វិធីសាស្រ្តក្នុងការបង្រៀន សិស្សវាទទួលចំណេះដឹងក៏បានតិចតួចដែរ ដូចថាមិនបាន៩០%។ សិស្សខ្លះអាចទទេក៏មានដែរ [មិនចេះសោះ] នេះបើតាមខ្ញុំពិនិត្យមើលទៅ។ វាចាប់បានតែស្រៈនិស្ស័យអ៊ីចឹង វាបានតិចតួច ដោយសារគាត់ខ្វះបច្ចេកទេសក្នុងការបង្រៀនអ៊ីចឹង ខ្វះតិចនិច វិធីសាស្រ្ត។ គាត់មិនបានដឹងជ្រៅជ្រះដូចគេហៅទៅរៀននៅគរុកោសល្យ វាអាចលម្អិតច្រើនជាងដែលយើងមិនបានចូលសោះ»។

លោក អ៊ួ ចេង នាយករងសាលាបឋមសិក្សាត្រពាំងធំ ឃុំអង្គប្រសែ្រ ប្រាប់​ដែរថា សាលារៀនរបស់លោកខ្វះគ្រូបង្រៀនដូចគ្នាដែរ។ យ៉ាងនេះក្តី ​គាត់បញ្ជាក់ថា ឆ្នាំសិក្សាថ្មីនេះ ក្រសួងបានផ្ដល់គ្រូកិច្ចសន្យា​​​ចំនួន៣នាក់សម្រាប់បំពេញបន្ថែម។ 

ស្រុក​រមាសហែក​ ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។

លោក ស៊ូ ម៉ុល ទើប​ត្រូវ​បាន​តែងតាំង​ជា​អភិបាលស្រុករមាសហែក កាលពី​ជាង​ពីរ​ខែមុន។ លោកមានប្រសាសន៍ថា លោកមិនទាន់ទទួលបានសំណើពីនាយកសាលាផ្សេងៗនៅឡើយ។ ទោះជា​យ៉ាងនេះក្តី លោក ស៊ូ ម៉ុល បញ្ជាក់​ថា​​ ប្រសិនបើមានការស្នើសុំ លោកនឹងបញ្ជូនសំណើទៅមន្ទីរ និងក្រសួងអប់រំ។

«យើងនឹងបន្តពូនជ្រុំកិច្ចការការងារនេះ ដើម្បីធ្វើឱ្យវិស័យអប់រំ ក្លាយជាវិស័យមួយដ៏រឹងមាំ ក្នុងការអភិវឌ្ឍធនធាន ​[មនុស្ស] ជាធនធានសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ»។

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក  រ៉ុង ឈុន មានប្រសាសន៍ថា បញ្ហាខ្វះគ្រូក្របខណ្ឌហើយយកគ្រូកិច្ចទៅបង្រៀនសិស្សនៅសាលាជនបទនេះ នឹងធ្វើឱ្យគុណភាពអប់រំនៅតាមជនបទកាន់តែធ្លាក់ចុះ។ លោកបន្តថា គុណភាពអប់រំធ្លាក់ចុះ ដោយសារគ្រូដែលក្រសួងដាក់ឱ្យទៅបង្រៀនសិស្សមិនមានជំនាញ ទេពកោសល្យក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស។

«គ្រូកិច្ចសន្យា គឺមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល អីចឹង វាធ្វើឱ្យការផ្ទេរចំណេះដឹងមិនបានគ្រប់គ្រាន់ទៅដល់សិស្សានុសិស្ស។ [ផ្ទេរចំណេះដឹងមិនបានគ្រប់គ្រាន់] វាធ្វើឱ្យសិស្សនៅតាមជនបទ បើយើងនិយាយពីគុណភាព វាមិនសមមាត្រទៅនឹងចំណាត់ថ្នាក់របស់គាត់ ភាគច្រើនបានតែឡើងថ្នាក់ខ្ពស់ៗ ប៉ុន្តែចំណេះដឹងមិនឆ្លើយតបនឹងចំណាត់ថ្នាក់ ហើយបើយើងធៀបនឹងទៅនឹងសិស្សនៅទីប្រជុំជនវិញ យើងឃើញថា ចំណេះដឹងនៅទីជនបទមិនអាចធៀបទៅនឹងសិស្សនៅទីប្រជុំជនបានទេ ដោយសារ កង្វះខាតការយកចិត្តទុកដាក់ ហើយប្រើប្រាស់គ្រូកិច្ចសន្យាច្រើន»។

ក្នុងពិធីបឋកថា​សាធារណៈ ក្រោម​​ប្រធាន “អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទកម្ពុជា​ឧស្សាហកម្ម៤.០” កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ទទួលស្គាល់ថា គុណភាពអប់រំនៅទីក្រុង និងជនបទ នៅមានគម្លាតខុសគ្នាឆ្ងាយ ដោយសារ សិស្សដែលប្រឡងជាប់និទេ្ទសអេភាគច្រើនគឺមានតែនៅទីក្រុង។

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹងមួយ។ សេចក្តី​ជូនដំណឹង​បាន​បង្ហាញថា ក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានសម្រេចជ្រើសរើស គ្រូបង្រៀនជាប់កិច្ចសន្យាជិត៣ម៉ឺននាក់ ដើម្បីបំពេញក្របខណ្ឌ ក្នុងក្រសួងស្ថាប័នចំនួន៣២។ សេចក្តី​ជូនដំណឹង​បន្ត​ថា គ្រូបង្រៀនជាប់កិច្ចសន្យាមានចំនួន ៧,៩៩៦នាក់នៅ​ទូទាំង​ប្រទេស។ ជាមួយគ្នានេះក៏​មានគ្រូ​ជាប់កិច្ច​សន្យា​ខ្មែរឥស្លាមចំនួន១៧៨នាក់ផងដែរ។

យោងតាម​តួលេខ​របស់​ក្រសួង​អប់រំ ​យុវជន​ និងកីឡា ក្នុងឆ្នាំ២០១៧-២០១៨ បង្ហាញថា ចំនួន​សាលា​បឋម​សិក្សា​នៅទូទាំងប្រទេសមានចំនួន ៧៧១៦ ​មានសិស្ស ២ ១៦៣ ១៤៣ នាក់ ក្នុង​នោះមាន៤៨ភាគរយគឺជាកុមារី (១ ០៣៩ ៩៣៦ នាក់)។ របាយការណ៍​នេះឲ្យ​ដឹងដែរថា ចំនួន​គ្រូបង្រៀន​នៅកម្រិត​បឋមសិក្សាមាន​ចំនួន ៤៥៨៣៦ នាក់។ តាម​រយៈតួលេខនេះ គ្រូបង្រៀន​សាលា​បឋម​សិក្សា​ម្នាក់​ត្រូវ​បង្រៀន​សិស្ស​ជា​មធ្យម​ចំនួន​៤៧នាក់ ដែល​លើ​សគោល​ការណ៍​របស់ក្រួសួង​អប់រំ​ចំនួន១៥នាក់ក្នុងមួយថ្នាក់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា កន្លងមក ក្រសួងបានចេញគោលការណ៍សម្រាប់បណ្ដុះបណ្ដាលលើគ្រូៗនៅតាមគ្រឹះស្ថានទាំងអស់។ ទោះ​យ៉ាងណា​ លោក​មិន​បាន​ពន្យល់​តប​នឹង​សំណួរ​​របស់​អ្នក​សារព័ត៌មាន ​VOD បន្ថែមអំពី​ដំណោះស្រាយ​ចាំបាច់​​ទាក់ទងនឹងកង្វះ​គ្រូបង្រៀន​នោះទេ។

ការបំពេញ​បន្ថែម​នៃ​ចំនួន​គ្រូ​ក្រប​ខណ្ឌ​​ដែល​មាន​សមត្ថភាព​ និង​មានគរុកោសល្យ​នៅក្នុងការ​បង្រៀន គឺជាសំណើដែល​បាន​ស្នើឡើង​។

ជាផ្នែក​មួយ​នៃការ​ជម្រុញ​បន្ថែម​ ដើម្បី​ធ្វើ​ឲ្យ​កាន់តែមាន​ភាព​ប្រសើរ​នៅក្នុង​កម្រិត​មូល​ដ្ឋាន ការ​ដាក់​ពិន្ទុពីសហគមន៍​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅក្នុង​ស្រុក​រមាសហែក។ វា​គឺជា​យន្តការ​មួយដែល​សហគមន៍​បាន​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ពិនិត្យ​តាម​ដានអំពី​ប្រសិទ្ធភាព​ការ​ងារ ឆ្លុះបញ្ចាំងទៅវិញទៅមក និង​ធ្វើឲ្យ​មានកិច្ច​ខិត​ខំ​ប្រឹងប្រែងរួម​គ្នា​រវាង​ភាគីពាក់ព័ន្ធ។

នៅក្នុងការវាយ​តម្លៃ​មួយកាលពី​ឆ្នាំមុន សហគមន៍​ក៏បាន​លើកឡើង​ពី​តម្រូវការ​គ្រូ​ដែល​មានគរុកោសល្យ​បន្ថែម​ផងដែរ។​

អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ដែលគាំទ្រដោយអង្គការ​ស្តា​រ​កម្ពុជានៅឃុំអណ្ដូងពោធិ៍ លោក មាស វណ្ណា លើកឡើថា មានការ​ស្នើអំពីបញ្ហាកង្វះសៀវភៅពុម្ពសម្រាប់សិស្សសិក្សា បរិស្ថានមិនស្អាត ការលក់ចំណីអាហារមិនស្អាតនៅក្នុងសាលា និងបញ្ហាខ្វះគ្រូក្របខ័ណ្ឌ។

លោកបន្តថា នៅក្នុងឆ្នាំ២០១៩ នេះ បើតាមលទ្ធផលនៃការដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ បញ្ហាខ្វះសៀវភៅ ការហាមលក់ចំណីអាហារមិនស្អាត ក្រសួងបានធ្វើការដោះស្រាយរួចអស់ហើយ ប៉ុន្តែ បញ្ហាខ្វះគ្រូក្របខ័ណ្ឌវិញ លោកថា ក្រសួងមិនទាន់ដោះស្រាយបាននៅឡើយ ចាប់តាំងពីឆ្នាំ២០១៦ រហូតបច្ចុប្បន្ននេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ