ការសិក្សាថ្មីមួយរបស់សកលវិទ្យាល័យក្រៅប្រទេស ចេញផ្សាយនៅខែតុលា បានរកឃើញថា គ្រួសារពលរដ្ឋខ្មែរជិត៣០ភាគរយខ្ចីបុលពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីចំណាយលើការព្យាបាលជំងឺទូទៅនៅតាមឃ្លីនិក ឬសេវាឯកជនផ្សេងៗ។
ការសិក្សានេះ ធ្វើដោយសកលវិទ្យាល័យ New South Wales (UNSW) នៃប្រទេសអូស្រ្តាលី ដោយការចុះស្ទង់មតិពលរដ្ឋចំនួន៥០០០គ្រួសារ នៅជុំវិញប្រទេសកម្ពុជា ហើយរកឃើញថា ក្នុងចំណោមគ្រួសារទាំងនោះចំនួន២៨,៨ភាគរយ បានប្រើប្រាក់កម្ចីដើម្បីព្យាបាលជំងឺសមាជិកគ្រួសាររបស់ពួកគេ។
ការសិក្សាដដែលនេះ ធ្វើឡើងលើលក្ខខណ្ឌខ្ចីប្រាក់ចន្លោះពី១២៥ដុល្លារ ទៅ២០០ដុល្លារ ដែលមានការប្រាក់ និងការខ្ចីប្រាក់ចំនួន៧៥ដុល្លារ គ្មានការប្រាក់។
ប្រភពដដែលឱ្យដឹងថា អ្នកដែលខ្ចីប្រាក់បុលដើម្បីព្យាបាលជំងឺទាំងនោះ មាន៥៥ភាគរយ បានខ្ចីក្នុងគ្រាអាសន្ន ក្នុងរយៈពេល៨ខែ ប៉ុន្តែ ក្នុងចំណោមពួកគេ មាន៧៨ភាគរយមិនអាចរកប្រាក់ដោះបាន បើទោះត្រូវបានពន្យារពេលដល់១២ខែ។
សាស្រ្តាចារ្យមហាវិទ្យាល័យវេជ្ជសាស្រ្តសហគម និងសុខភាពសាធារណៈ នៃសកលវិទ្យាល័យ NSW លោក Augustine Asante ដែលបានសហការដឹកនាំការសិក្សា លើកឡើងថា ពួកគេទាំងនោះមិនស្វែងរកសេវាព្យាបាលសុខភាពសាធារណៈរបស់រដ្ឋដែលស្ទើរតែមិនគិតថ្លៃ។
លោក Augustine Asante បន្ថែមថា លទ្ធផលនេះ ជាសារមួយបញ្ជាក់យ៉ាងច្បាស់ពីកម្សោយប្រព័ន្ធគាំពារសុខុមាលភាពសកល (UCH System) នៅកម្ពុជា ដែលទាមទារឱ្យមានការពង្រឹង និងពង្រីកបន្ថែម ដើម្បីឱ្យអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះផ្សេងៗ៕









