ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​២​ សន្យា​បន្ត​ជួយ​វៀតណាម​

លោកស្រី Stephanie von Friedeburg ប្រធានការិយាល័យប្រតិបត្តិការរបស់ IFC និងសមាជិកការិយាល័យបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលផ្នែកសេដ្ឋកិច្ចនៃគណបក្សកុម្មុយនីស្តវៀតណាម លោក ង្វ្រៀន វ៉ាន់ ប៊ីញ (Nguyen Van Binh) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ២០១៩។ រូបភាព៖ vietnamnet.vn

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) សន្យាជួយផ្តល់ផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រទេសវៀតណាមលើវិស័យនានាជាតម្រូវការចាំបាច់នៅក្នុងប្រទេសមួយនេះ។​

ការសន្យានេះធ្វើឡើងនៅក្នុងជំនួបរវាងតំណាងស្ថាប័នទាំងពីរជាមួយសមាជិកការិយាល័យបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលផ្នែកសេដ្ឋកិច្ចនៃគណបក្សកុម្មុយនីស្តវៀតណាម លោក ង្វ្រៀន វ៉ាន់ ប៊ីញ (Nguyen Van Binh) នៅថ្ងៃទី៧ ខែវិច្ឆិកាម្សិលមិញ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម។​

លោកស្រី Stephanie von Friedeburg ប្រធានការិយាល័យប្រតិបត្តិការរបស់ IFC ថ្លែងថា ស្ថាប័នលោកស្រី នឹងបន្តសហការជួយរៀបចំប្រព័ន្ធហិរញ្ញវត្ថុឱ្យប្រសើរឡើង ជួយអភិវឌ្ឍទីផ្សារក្នុងរាជធានី ធ្វើឱ្យប្រសើរឡើងសមត្ថភាពផ្គត់ផ្គង់ថាមពល ផ្សព្វផ្សាយពីស្ថិរភាពនៃការរីកចម្រើនដោយស្ថានភាពបៃតង ជួយហិរញ្ញវត្ថុដល់វិស័យឯកជន ជួយបច្ចេកទេសដល់វិស័យសាធារណៈ ដើម្បីបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេស។​
លោកស្រីបង្ហាញការពេញចិត្តចំពោះគោលនយោបាយនៃការគ្រប់គ្រងលើអត្រាកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយស្ថាប័ន IFC មានភាពប្រសើរឡើង។​

ក្នុងឱកាសនៃជំនួបនោះ ភាគីវៀតណាម លោក Nguyen Van Binh ថ្លែងថា ស្ថានប័ន IFC បានជួយដល់វៀតណាមជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុធនាគារ បច្ចេកវិទ្យាព័ត៌មាន អប់រំ ការថែទាំសុខភាព ប្រឹក្សាយោបល់ពីដំណើរការហិរញ្ញវត្ថុ បរិយាកាសវិនិយោគ និងសមត្ថភាពនៃការប្រកួតប្រជែង។​

នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់ លោក In-chang Song ថ្លែងថា ស្ថាប័ននេះនឹងបន្តជួយវៀតណាមតាមស្ថានភាពជាក់ស្តែង។​ លោកបន្តថា សកម្មភាពដែលធនាគារអភិវឌ្ឍន៍អាស៊ីកំពុងតែជួយនៅវៀតណាម រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ប្រព័ន្ធអប់រំ និងវិស័យកសិកម្ម ជាដើម។​

គម្រោងផែនការអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៣០ របស់វៀតណាមមានចំណែកនៃការប្តេជ្ញាជួយពីធនាគារអភិវឌ្ឍន៍អាស៊ី ដូចជា ការកាត់បន្ថយភាពក្រីក្រនៅតំបន់មិនសូវមានការអភិវឌ្ឍ លើកកម្ពស់យេនឌ័រ ការសម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុ កំណែទម្រង់ប្រព័ន្ធបច្ចេកវិទ្យា និងជួយធ្វើឱ្យមានភាពប្រសើរឡើងសេដ្ឋកិច្ចវិស័យឯកជន ជាដើម។​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើន ហើយតាមការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចនានាអះអាងថា នៅប៉ុន្មានឆ្នាំខាងមុខ សេដ្ឋកិច្ចវៀតណាម​នឹងរីកចម្រើនជាងថៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ