អនុប្រធានបក្សប្រឆាំងថា លោក សម​ រង្ស៊ី នឹងចូលដល់ដីប្រទេសអាស៊ានមួយទៀតនៅរសៀលនេះ

លោក សម រង្ស៊ី នៅព្រលានយន្តហោះក្រុងប៉ារីស កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី នឹងចូលដល់ទឹកដីនៃប្រទេសក្នុងតំបន់អាស៊ានមួយនៅរសៀលថ្ងៃនេះ បរាជ័យក្នុងការមកកាន់ប្រទេសថៃនៅថ្ងៃព្រហស្បត្តិ៍។ នេះបើតាមអនុប្រធានអតីតបក្សប្រឆាំងប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃនេះ។

អនុប្រធានអតីតបក្សនេះ គឺលោកស្រី មូរ សុខហួរ ឱ្យដឹងបន្ថែមថា​ ប្រធានបក្សរបស់លោកស្រី បានមកដល់ប្រទេសមួយក្នុងតំបន់អាស៊ីហើយ ហើយលោកនឹងទៅដល់ប្រទេសអាស៊ានមួយដែលគ្មានការហាមឃាត់រូបលោក នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីបន្តផែនការផ្លាស់ប្តូរប្រទេសឱ្យដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យវិញ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបរាជ័យក្នុងការប៉ុនប៉ងធ្វើដំណើរតាមជើងហោះហើរមួយរបស់ក្រុមហ៊ុន Thai Airways ពីព្រលានយន្តហោះក្រុងប៉ារីស មកកាន់ក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកអះអាងថា ក្រុមហ៊ុន​អាកាសចរណ៍ថៃនោះ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះតាមបញ្ជាថ្នាក់លើ។ យ៉ាងណា លោកថា លោកនឹងស្វែងរកគោលដៅថ្មីដើម្បីឆ្លងមកកាន់ទឹកដីកម្ពុជាឱ្យទាល់តែបាន។

តាមរយៈវីដេអូឃ្លីបមួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃម្សិលមិញ លោក សម រង្ស៊ី អះអាងទៀតថា៖

«ផែ​នការរបស់យើងនៅតែបន្ត ទោះបីជាយើងប្រឈមឧបសគ្គមួយចំនួនក្តី ប៉ុន្តែយើងបានដោះស្រាយបញ្ហាជាច្រើនហើយ»

លោកស្រី មូរ សុខហួរ លើកឡើងបន្ថែមថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិដែលបានរស់នៅដោយនិរទេសខ្លួនឯបរទេសតាំងពីឆ្នាំ២០១៥ កំពុងពុះពារចូលមកឱ្យកៀកប្រទេសកំណើតខ្លួនតាមដែលអាចធ្វើទៅបាន បើទោះលោក និងថ្នាក់ដឹកនាំដទៃត្រូវរដ្ឋាភិបាលកម្ពុជា និងប្រទេសជិតខាងហាមឃាត់ក្តី។ លោកស្រី ប្រាប់ វីអូឌី ថា៖

«យើងចង់ចូលមកកម្ពុជា ប៉ុន្តែគ្រប់ច្រកផ្លូវដែលយើងអាចចូលមកបាន គឺត្រូវបានបិទទាំងអស់។ យ៉ា​ងណា លោកប្រធាន សម រង្ស៊ី​ កំពុងធ្វើដំណើរទៅឱ្យកៀកទឹកដីកម្ពុជាតាមដែលអាចធ្វើបាន បើទោះជាយើងមិនអាចឆ្លងព្រំដែនក្តី»

យោងតាមអ្នករាយកាណ៍ព័ត៌មានរបស់ វីអូឌី ឱ្យដឹងពីច្រកព្រំដែនប៉ោយប៉ែតនៅវេលាម៉ោង៨ព្រឹកថ្ងៃនេះថា អាជ្ញាធរនៅទីនោះ កំពុងបង្កើនការរឹតបណ្តឹងសន្តិសុខ និងការទប់ស្កាត់ចលនាវិលត្រឡប់របស់ក្រុមបក្សប្រឆាំង ដោយបានបិទច្រកព្រំដែនអន្តរជាតិនេះ មិនឱ្យពលរដ្ឋ អ្នកកាសែត ឬមន្រ្តីអង្គការសង្គមស៊ីវិលណាម្នាក់ឆ្លងកាត់ ឬចូលកន្លែងឆែកសបុត្រ។ យ៉ាងណា ច្រកព្រំដែនកម្ពុជា-ថៃនេះ ត្រូវបានបើកឡើងវិញនៅអំឡុងម៉ោង៩ព្រឹក តែសម្រាប់អ្នកដែលត្រូវការឆ្លងកាត់ចាំបាច់ប៉ុណ្ណោះ៕


វីអូឌីសូមកែសម្រួលខ្លឹមសារនៃចំណងជើង ល្បះទី១ និងល្បះទី២ខ្លះ ដោយសារកំហុសនៃការបកប្រែ៖

ចំណងជើង «អនុប្រធានបក្សប្រឆាំងថា លោក សម​ រង្ស៊ី នឹងចូលដល់ដីថៃនៅរសៀលនេះ» ទៅ «អនុប្រធានបក្សប្រឆាំងថា លោក សម​ រង្ស៊ី នឹងចូលដល់ដីប្រទេសអាស៊ានមួយទៀតនៅរសៀលនេះ»

កថាខណ្ឌទី១ « អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី នឹងចូលដល់ទឹកដីនៃប្រទេសថៃ នៅរសៀលថ្ងៃនេះ បន្ទាប់ពីលោក បានហោះមកដល់អាស៊ីនៅថ្ងៃម្សិលមិញ។ នេះបើតាមអនុប្រធានអតីតបក្សប្រឆាំងប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃនេះ។» ទៅជា «អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី នឹងចូលដល់ទឹកដីនៃប្រទេសក្នុងតំបន់អាស៊ានមួយនៅរសៀលថ្ងៃនេះ បរាជ័យក្នុងការមកកាន់ប្រទេសថៃនៅថ្ងៃព្រហស្បត្តិ៍។ នេះបើតាមអនុប្រធានអតីតបក្សប្រឆាំងប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃនេះ។»

កថាខណ្ឌទី២ «អនុប្រធានអតីតបក្សនេះ គឺលោកស្រី មូរ សុខហួរ ឱ្យដឹងបន្ថែមថា​ ប្រធានបក្សរបស់លោកស្រី បានមកដល់ប្រទេសមួយក្នុងតំបន់អាស៊ីហើយ ហើយលោកនឹងទៅដល់ប្រទេសថៃនៅរសៀលថ្ងៃសៅរ៍នេះ បើទោះគ្រប់ផ្លូវមកកាន់កម្ពុជាត្រូវបានបិទទាំងអស់ក្តី។» ទៅជា « អនុប្រធានអតីតបក្សនេះ គឺលោកស្រី មូរ សុខហួរ ឱ្យដឹងបន្ថែមថា​ ប្រធានបក្សរបស់លោកស្រី បានមកដល់ប្រទេសមួយក្នុងតំបន់អាស៊ីហើយ ហើយលោកនឹងទៅដល់ប្រទេសអាស៊ានមួយដែលគ្មានការហាមឃាត់រូបលោក នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីបន្តផែនការផ្លាស់ប្តូរប្រទេសឱ្យដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យវិញ។»


  ​  ប្រែសម្រួលដោយ៖ លោក ត្រាន់ តិចសេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ