អ្នកប្រកបរបរលក់ដូរទំនិញនានាក្នុងពិធីបុណ្យអុំទូក បានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ពិធីបុណ្យឆ្នាំនេះស្ងាត់ភ្ញៀវ ហើយអាចប្រឈមនឹងការខាតបង់ច្រើន ព្រោះនយោបាយប្រែប្រួល ពលរដ្ឋបារម្ភរឿងសុវត្ថិភាព កាត់បន្ថយសកម្មភាពកម្សាន្តក្រៅផ្ទះ។
អ្នកស្រី អ៊ុំ ពោធិ ជាអ្នកលក់សម្លៀកបំពាក់នៅក្នុងស្តង់មួយនៅទល់មុខវត្តឧណ្ណាលោម បានអះអាងថា អ្នកស្រីតែងចេញប្រករបរជាអ្នកលក់សម្លៀកបំពាក់ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកប្រមាណ ៤ ទៅ ៥ឆ្នាំកន្លងមកហើយ។ អ្នកស្រីថា ការលក់ដូរក្នុងពិធីបុណ្យឆ្នាំនេះស្ងាត់ណាស់ មិនសូវមានភ្ញៀវដើរទិញទំនិញដូចរាល់ឆ្នាំឡើយ។ ស្រី អ៊ុំ ពោធិ បញ្ជាក់ថា៖
«ស្តង់ហ្នឹង ២០០ដុល្លារ ប្រហែលលក់មិនរួចខ្លួនទេមើលទៅ ព្រោះលក់អត់សូវដាច់ផងហ្នឹង។ យើងដឹងថា ឆ្នាំហ្នឹងក៏អត់មានមនុស្សដែរ ដោយសារគេផ្អើលឈូឆររឿង សម រង្ស៊ី មកអ៊ីចឹងណា៎។ គេភ័យ គេខ្លាច គេរត់ទៅផ្ទះអស់ហើយ។ ភាគច្រើនអ៊ីចឹង អ្នករោងចក្រអី គេទៅផ្ទះអស់ហើយហ្នឹង»។
អ្នកស្រី សូ សម្ផស្ស ពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប្រកបរបរជាអ្នកលក់ប្រហិត និងលក់ភេសជ្ជៈនៅសួនច្បារទល់មុខផ្សាររាត្រី បានអះអាងថា បើធៀបនឹងសន្ទុះនៃការលក់កាលពីពិធីបុណ្យអុំទូកឆ្នាំមុន និងឆ្នាំនេះ គឺខុសគ្នាដាច់ស្រឡះតែម្តង ព្រោះឆ្នាំនេះខ្សត់អ្នកដើរលេងបុណ្យ។ អ្នកស្រីថា ចំណូលបានធ្លាក់ពីមួយថ្ងៃបានប្រមាណជាង ២លានរៀល មកនៅត្រឹមប្រមាណជាងមួយលានរៀលប៉ុណ្ណោះ ឯភ្ញៀវដែលធ្លាប់មានកកកុញ ក៏ប្រែសម្បូរតែអ្នកមកអុំទូកដើរច្រើនទៅវិញ។ អ្នកស្រី សូ សម្ផស្ស បានរៀបរាប់ថា៖
«(មិន)ដឹងរួច ឬមិនរួចទេ ទិញអស់ឡើងមួយគំនរ លក់ស្ងាត់ឈឹង។ ឆ្នាំមុនមនុស្សចាប់ដើរតាំងពីមុនថ្ងៃបុណ្យមួយ ឬពីរថ្ងៃ ដល់ពេលឆ្នាំនេះ ទើបមានមនុស្សដើរនាថ្ងៃបុណ្យអុំទូកទីមួយហ្នឹង»។
អ្នកស្រី រ័ត្ន រ៉ៃ អ្នកលក់វត្ថុប្រើប្រាស់ច្នៃពីឫស្សី និងវល្លិ៍ផ្សេងៗ រស់នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល បានអះអាងថា អុំទូកឆ្នាំនេះ អ្នកស្រីក៏លក់មិនសូវដាច់ដូចពិធីបុណ្យនាបណ្តាឆ្នាំកន្លងមកដែរ។ អ្នកស្រីថា មនុស្សរស់នៅក្នុងទីក្រុងភាគច្រើនបានសម្រុកចេញទៅស្រុកកំណើត ព្រោះបារម្ភរឿងនយោបាយ។ អ្នកស្រី រ័ត្ន រ៉ៃបញ្ជាក់ថា៖
«អុំទូកឱ្យតែមកដល់ ដឹងតែលក់អស់ហ្មង ព្រោះរាល់ឆ្នាំ វាមានមនុស្សច្រើន តែឆ្នាំនេះមិនដឹងដែរ។ ខ្ញុំធម្មតាឱ្យតែបុណ្យអុំទូកថ្ងៃទីពីរ ដឹងតែលក់ស្បើយឥវ៉ាន់អស់ហើយ តែឆ្នាំនេះនៅច្រើន។ ខ្ញុំឆ្ងល់ដែរ រាល់ឆ្នាំអ្នកលក់ឥវ៉ាន់ដូចខ្ញុំមានច្រើនណាស់ តែលក់ដាច់ តែឆ្នាំនេះមានតែខ្ញុំម្នាក់ ក៏លក់អត់ដាច់ដែរ»។
VOD មិនអាចទំនាក់ទំនងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បញ្ជាក់អំពីដំណើរការនៃការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាថ្ងៃទីពីរនេះបាន ដោយទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា លោកនៅតែជឿជាក់ជានិច្ចថា ការត្រៀមរៀបចំពិធីបុណ្យបានយ៉ាងល្អ និងហ្មត់ចត់ នៅតែអាចទាក់ទាញចិត្តរបស់ប្រជាពលរដ្ឋឱ្យមកកម្សាន្តសប្បាយ ដោយគ្មានក្តីបារម្ភដដែល។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាឆ្នាំ២០១៩នេះ ប្រព្រឹត្តិទៅចំនួន ៣ថ្ងៃ ពីថ្ងៃទី១០ រហូតបញ្ចប់នាថ្ងៃទី១២ ខែវិច្ឆិកា៕









