អ្នកទទួលផ្ញើម៉ូតូថាយកតម្លៃផ្ញើខ្ពស់ព្រោះជួលទីតាំងថ្លៃ និងបង់ថែម​ទៅសមត្ថកិច្ច

កន្លែងផ្ញើម៉ូតូមួយកន្លែងនៅជាប់វត្តឧណ្ណាលោម ក្រុងភ្នំពេញ នាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហង់ សុខហុង

ក្រុមម្ចាស់ភាស៊ីផ្ញើម៉ូតូ​ អះអាងថា ការយកថ្លៃផ្ញើម៉ូតូខ្ពស់នៅថ្ងៃបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ដោយសារ ពួកគេជួលកន្លែងថ្លៃ និងបង់ទៅសមត្ថកិច្ចច្រើនក្រុមផ្សេងៗគ្នាទៀត។

បុគ្គលិកកិបសំបុត្រផ្ញើម៉ូតូជាប់វត្តលង្ការម្នាក់សុំបញ្ចេញឈ្មោះប្រាប់អ្នកសារព័ត៌មានថា ការដែលយកថ្លៃខ្ពស់ ដោយសារ ខាងលោក​ជួល​ចំណីផ្លូវថ្លៃ ហើយត្រូវបង់ថែមឱ្យសមត្ថកិច្ចបន្តបន្ទាប់ទៀត ។

ករណីនេះ បានជាលោកយកតម្លៃផ្ញើម៉ូតូ ១គ្រឿង តម្លៃ៥០០០រៀល ទៅ១០០០០រៀល ទើបចំណេញបានខ្លះ។

«យើងជួលកន្លែងគេថ្លៃ រួចប៉ូលីសក្នុងមួយថ្ងៃហ្នឹង មកចង់១០ឡាន យើងឡើងសុទ្ធតែ១០ម៉ឺនរៀល អ៊ីចឹងយើងម៉ូតូថោក វាអត់បានទេ យើងរត់រួចទេ​។ កន្លែងគេនេះ មានខ្សែ មានខ្នង ​ព្រោះគេហ្នឹងមានបុគ្គលិកការងារនៅហ្នឹង តែយើងនេះ ជួលកន្លែងគេ តាមមេខ្ញុំប្រាប់ដែរហ្នឹង ខ្ញុំស៊ីឈ្នួលគេហ្នឹង»។

អ្នកគ្រប់គ្រងភាស៊ីផ្ញើម៉ូតូមួយកន្លែងនៅជិតវត្តលង្ការ លោក ធឿន ថៃ បានរៀបរាប់ថា ដើមចមដែលនាំឱ្យលោក​យកថ្លៃខ្ពស់បែបនេះ ដោយសារលោក​ត្រូវ​ការចំណាយកម្លាំងពលកម្មច្រើននាក់ និងត្រូវ​ការពេលវេលាច្រើន ដើម្បីថែរក្សាយានជំនិះដោយមានទំនួលខុសត្រូវ​ខ្ពស់។

«​អ្នកខ្លះគេយក ១០០០០រៀល តែយើងយកតែ ៥០០០រៀលទេ​ យើងថ្លៃ ដោយថា ពេលបាត់ម៉ូតូទៅ យើងសងគេ​​ដែរ អ៊ីចឹង ៥០០០រៀល មិនថ្លៃប៉ុន្មានទេ ​​ថ្ងៃបុណ្យ ព្រោះថ្ងៃទូទៅ១០០០ ទៅ២០០០រៀល។ យើងធានាពីសុវត្ថិភាពម៉ូតូរបស់គាត់អ៊ីចឹងដែរ »

ម្ចាស់ភាស៊ីផ្ញើម៉ូតូនៅជាប់វត្តឧណ្ណាឡោមម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែរថា មូលហេតុដែលយកថ្លៃខ្ពស់ ដោយសារ កញ្ញាត្រូវ​ការចំណាយកម្លាំងពលកម្មច្រើននាក់ និងត្រូវ​ការពេលវេលាច្រើន ដើម្បីថែរក្សាយានជំនិះរបស់អ្នកផ្ញើ។

«កន្លែងខ្ញុំឡើងថ្លៃបំផុត គឺត្រឹមអស់៥០០០ រៀល ខ្ញុំអត់សូវដឹងដែរ ព្រោះ [យកតម្លៃនេះ] យើងមានគោលការណ៍មកពីលើដែរ»។

បើអ្នកផ្ញើម៉ូតូ អះអាងប្រហាក់ប្រហែល​គ្នាថា ពួកគាត់ផ្ញើម៉ូតូនៅ​ថ្ងៃធម្មតា ចន្លោះពី ៥០០រៀល ទៅ ១០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃបុណ្យអុំទូកនេះ តម្លៃផ្ញើម៉ូតូបានឡើងដល់៥០០០រៀលសម្រាប់ពេលថ្ងៃ។ ដោយឡែកពេលយប់វិញ គឺចាប់ពី១០០០០រៀល ទៅ១៥០០០រៀល។

អ្នកដើរកំសាន្តក្នុងថ្ងៃបុណ្យអុំទូក កញ្ញា វ៉ាន់នី ឆាយអេង បានរៀប​រាប់ថា នៅអំឡុងពេលបុណ្យអុំទូកនេះ ម្ចាស់​ភាស៊ីយកថ្លៃផ្ញើម៉ូតូ ១គ្រឿង តម្លៃ៥០០០រៀល។ កញ្ញាហៅការតម្លៃឡើងថ្លៃម៉ូតូខ្ពស់ពេលបុណ្យនេះថាជាការឆ្លៀតឱកាសរបស់អ្នកទទួលផ្ញើ​ ដោយយកថ្លៃផ្ញើច្រើនហួសហេតុ ធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគាត់។

«ឱ្យតែមានបុណ្យ គេយកថ្លៃអ៊ីចឹង រាល់ដង១០០០​ទៅ ២០០០រៀល  ខ្ញុំគិតថា ៥០០០រៀល វាថ្លៃ»

អ្នកដើរកំសាន្តម្នាក់ទៀត អ្នកស្រី សុខ ចាន់ និយាយថា ការផ្ញើយានជំនិះនៅឆ្នាំនេះ មានតម្លៃថ្លៃដល់ទៅ១០០០០រៀល ទៅ១៥០០០០រៀល។ ស្ត្រីរូបនេះ និយាយថា ការយកតម្លៃផ្ញើម៉ូតូថ្លៃបែបនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋក្រីក្រដែលមកលេងបុណ្យអុំទួក។

«ពិបាកណាស់ម្នាក់ៗ គេរអ៊ូរឿងផ្ញើម៉ូតូថ្លៃ គ្រប់គ្នាអ៊ីចឹង។ គេចង់សប្បាយ ដល់ពេលយកម៉ូតូមក ជួនកាលអ្នកខ្លះយក ១០០០០រៀល  ទៅ ១៥០០០រៀល មើលទៅវាហួសហេតុពេកអ៊ីចឹង»។

លោក ហាត់ ស្រល់ អ្នកដើរកំសាន្តក្នុងពិធីបុណ្យអុំទូកដែរ ស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដោះស្រាយរឿងនេះឱ្យបានប្រសើរឡើង។​

«ខ្ញុំសុំស្នើឱ្យគណៈកម្មការបុណ្យជាតិ និងរដ្ឋាភិបាល សម្រួល ២០០០ រៀលបានហើយ ​កុំឱ្យយកថ្លៃលើសពីហ្នឹង សម្រាប់១០០០០ រៀលថ្លៃណាស់»

ក្រសួងសេដ្ឋកិច្ចបានកំណត់នៅក្នុងសៀវភៅបន្ទុករបស់រដ្ឋថា តម្លៃផ្ញើម៉ូតូ១គ្រឿង តម្លៃ៥០០រៀល និងរថយន្ត១គ្រឿង តម្លៃ១០០០រៀលប៉ុណ្ណោះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីប្រកាសរួចហើយ ដោយមិនឱ្យអនុញ្ញាតឱ្យអ្នកទទួលផ្ញើម៉ូតូយកតម្លៃថ្លៃឡើយ ប៉ុន្តែ ប្រសិនអ្នកទទួលផ្ញើនៅតែមិនអនុវត្តតាមនោះ សាលារាជធានីនឹងចុះបិទទីកន្លែងនោះ។

ទាក់ទិននឹងរឿងសមត្ថកិច្ចចុះទៅទារប្រាក់ពីអ្នកជួលទីកន្លែងវិញ លោកស្នើទៅម្ចាស់ដែលជួលទីតាំងទាំងនោះ រាយការណ៍ទៅសាលារាជធានី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអាជ្ញាធរចាត់វិធានការទៅលើសមត្ថកិច្ចទាំងនោះ។

«​ការបញ្ជូនដំណឹងទៅ​អាជ្ញាធររបស់​ខ្លួន​ ការទំនាក់ទងមកផេករបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏ដូចជាផេករបស់សាលាខណ្ឌមួយៗក៏គេមាន ដើម្បីផ្ដល់ជាមធ្យោបាយឱ្យបងប្អូនធ្វើសេចក្ដីរាយការណ៍ ឬធ្វើការសំណូមពរ ការជូនយោបល់ ការផ្ដល់អនុសាសន៍សម្រាប់មន្ត្រីយើង ឬស្ថាប័នយើង អ៊ីចឹងវិធីរាយការណ៍មានច្រើន សម្រាប់ធ្វើការដោះស្រាយជូនពួកគាត់»។

របាយការណ៍សាលារាជធានីបង្ហាញថា នៅ​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នេះ មាន​ប្រពល​រដ្ឋ​មក​ចូលរួម​កម្សាន្ត​ ​ប្រមាណ៥៥​ម៉ឺន​នាក់ ​ខណៈ​ឆ្នាំ​២០១៨កន្លង​ទៅ​មាន​ចំនួន​ដល់៩០​ម៉ឺន​នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ