លោក ហ៊ុន សែន ប្រកាសថា នឹងមិនលើកលែងទោសឱ្យលោក សម រង្ស៊ី

លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ (ហ្វេសប៊ុក លោក ហ៊ុន សែន និងលោក សម រង្ស៊ី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោកនឹងមិនចុះហត្ថលេខា ដើម្បីស្នើសុំទៅព្រះមហាក្សត្រឱ្យលើកលែងទោសលោក សម រង្ស៊ី ម្ដងទៀតឡើយ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍មួយនៅខេត្តកំពត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន ថា កន្លងមក លោកបានស្នើទៅព្រះមហាក្សត្រ សុំឱ្យលើកលែងទោសដល់លោក សម រង្ស៊ី ប៉ុន្តែ នៅថ្ងៃនេះ លោកប្រកាសថា គ្មានការស្នើសុំឱ្យមានលើកលែងនោះឡើយ ដោយលោកថា ទុកឱ្យរឿងនេះដំណើរការទៅតាមច្បាប់។ លោក ហ៊ុន សែន ថ្លែង​ថា៖

«ទោសរបស់អ្នកមិនត្រូវបានទទួលការអត់ទោននោះទេ អ្នកត្រូវឆ្លងតាមគន្លងច្បាប់មួយ ​​ហើយអ្នកដែលមានសិទ្ធិមួយគត់​​​ក្នុងការលើកសំណើថ្វាយព្រះមហាក្សត្រគឺ ដៃ​ស្តាំរបស់ហ៊ុន សែន តែ ហ៊ុន សែន គឺមិនចុះហត្ថលេខាសុំការលើកលែងទោសឱ្យមនុស្សដដែលទេ។ ខ្ញុំព្រះករុណាខ្ញុំមិននិយាយចំឈ្មោះទេ ក៏ប៉ុន្តែនេះ ជាសារនយោបាយ​ជាក់លាក់ ព្រោះនេះជារឿងដ៏អាក្រក់បំផុត ជួរជាតិ»

កាលពីឆ្នាំ២០១៣ ​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ​ នរោត្តម​ សីហមុនី ​បាន​ប្រទាន​ការលើក​លែង​ទោស​ដល់អតីតមេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​​ លោក​ សម រង្ស៊ី​ ដើម្បី​បើក​ផ្លូវ​ឱ្យលោក​បាន​ចូលរួម​បោះឆ្នោត។ ​ការលើកលែងទោសនោះ បាន​កើត​ឡើង បន្ទាប់ពីលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុងរស់​នៅ​​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​ចាប់​តាំង​ពីឆ្នាំ២០១៥ បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​កាន់អំណាច ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ