លោក ហ៊ុន សែន ប្រាប់​ឱ្យ​ដោះ​លែង​ និង​បញ្ឈប់​​ការ​ចាប់​ខ្លួន​​អ្នក​គាំ​ទ្រ​​អតីត​បក្ស​ប្រឆាំង​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​បញ្ជា​​ឱ្យ​ដោះ​លែង​អ្នក​គាំ​ទ្រ​​អតីត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​យុទ្ធនាការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​បាន​អំពាវនាវ​សកម្មជន​ ឬ​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ដែល​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឱ្យ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា។

លោក​នាយករដ្ឋម​ន្ត្រី​បាន​បញ្ជា​ផ្ទាល់​មាត់​បែប​នេះ​អំឡុង​ពេល​លោក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​មួយ​នៅ​ឯ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ។

«រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ គួរ​ពិនិត្យ​លទ្ធភាព​ជាមួយ​ព្រះ​រាជ​អាជ្ញា ដើម្បី​ដោះ​លែង​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ចាញ់​បោក​គេ បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន»

«ខ្ញុំ​ក៏​សូម​អំពាវ​នាវ​បង​ប្អូន​ចាញ់​បោក​គេ​រត់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ សូម​ត្រឡប់​មក​កាន់​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​កម្ពុជា​វិញ។ រដ្ឋាភិបាលមិន​ដាក់​ទុក្ខ​ទោស​អ្នក​ចាញ់​បោក​គេ​ទេ។ ហ៊ុន សែន មិន​ឱ្យ​ចាប់​ទេ»

អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកការប្រកាសរបស់លោក ហ៊ុន សែន ឱ្យចាប់ចង និងដោះលែង​ថា មិន​មែន​ជា​រឿង​អ្វី​ចម្លែក​ទេ។

«ការបញ្ជាឱ្យដោះលែង ការបញ្ជាឱ្យចាប់ចង​ជារឿងធម្មតារបស់លោក ហ៊ុន សែន ទេ តែអ្វីដែលយើងចង់បានបំផុតនោះ គឺបញ្ចប់ទៅការគំរាមកំហែង ការយកខ្មែរជាសត្រូវ។ យើងត្រូវតែផ្សះផ្សាជាតិទាំងអស់គ្នា ដើម្បីប្រទេសជាតិ។ ដោះលែង ចាប់ចង ទោះបីជាដោះលែងពេលនេះ ក៏មិនគ្រប់គ្រាន់ដែរ​ ត្រូវទម្លាក់ទោសទាំងអស់ ការចោទប្រកាន់ទាំងអស់»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​វីអូឌី​ថា ក្រសួង​ពុំ​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​​សកម្មជន ឬ​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ល្ងាច​ម៉ោង ៥​ថ្ងៃ​នេះ ដោយ​លោក​ថា ក្រសួង​កំពុង​ប្រមូល​ទិន្នន័យ​​ដែល​បញ្ជូន​មក​ពី​បណ្ដា​តុលាការ​នានា​នៅ​ទូទាំង​ប្រទេស។

«ក្រសួង​រហូត​ដល់​ពេល​នេះ កំពុង​ធ្វើការ​ជាមួយ​តុលាការ​នៅ​ឡើយ ដើម្បី​ស្រង់​ស្ថិតិ​ថា តើ​ប៉ុន្មាន​នាក់​ជាប់​ដីកា​តាម​ចាប់​ខ្លួន ហើយ​ប៉ុន្មាន​នាក់​ទៀត​ដែល​រង​នូវ​បទ​ចោទ ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ធ្វើ​ការ​បូក​សរុប​នៅ​ឡើយ​ទេ»

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សាវនា បានឱ្យ​ដឹង​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ថា សកម្មជន​អតីត​បក្ស​ប្រឆាំង ៤​រូប​នៅ​ឯ​ខេត្ត​កំពង់ធំ បាន​ដាក់​ពាក្យ​ស្នើ​សុំ​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ ប៉ុន្តែ លោក​ពុំ​ទាន់​មាន​តួលេខ​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ។​

«អូ! អាទូទាំងប្រទេសវាច្រើនដែរ ហើយខាងពន្ធនាគារមួយៗហ្នឹងអត់ទាន់បានរាយការណ៍មក។ គ្រាន់តែដឹងថា នៅកំពង់ធំហ្នឹងមានអ្នកទាំង ៤នាក់ហ្នឹងបានស្នើសុំហើយ។ ចាំមើលខ្ញុំសួរថែមទៀត ប៉ុន្តែ អត់ទាន់មានឃើញអ្នកណារាយការណ៍មក»

លោក សំ សុគង់ មេធាវីម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារក្តីឱ្យសកម្មជនអតីតបក្សប្រឆាំង បាន​ឱ្យដឹងថា មាន​សកម្ម​ជនបក្ស​ប្រឆាំង ៣​រូប ក្នុង​នោះ ២​រូប​នៅ​ខេត្ត​កំពត និង ១​រូប​ទៀត​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​​ដោះ​លែង​​ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្មាន​ម៉ោង​ក្រោយ​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

មេធាវី​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត​ ជា​ទី​ដែល​សកម្មជន និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ចូលរួម​ «គំនិត​ក្បត់» ឬ​ចូលរួម​ក្នុង​ផែនការ​«រដ្ឋប្រហារ»។

«ការដោះលែងចំពោះសកម្មជនគណបក្សសង្រ្គោះជាតិទាំង ៣រូបខាងលើនេះ គឺតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយដាក់លក្ខខណ្ឌមួយចំនួន»

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ឆ្លុះបញ្ចាំងពីស​ញ្ញាវិជ្ជ​មានមួយចំពោះបរិបទនយោបាយនៅកម្ពុជា ប៉ុន្តែ លោកមិនទាន់មើលឃើញពីជំហានដែលអាចឈានដល់ដំ​ណោះ​ស្រាយនៃបញ្ហានៅឡើយ។

«សម្រាប់ការប្រកាសដោះលែង ឬមិនយកទោសដល់មន្រ្តីសង្គ្រោះជាតិដែលត្រូវបានគេចាប់ខ្លួន ឬចោទប្រកាន់នោះ ក៏យើងឃើញថា មិនទាន់ផ្តល់នូវសេរីភាព ១០០ភាគរយ នៅត្រឹមដាក់ឱ្យនៅក្រៅឃុំ។ អីចឹង បើយើងមើលអំពីសូចនាករនៃដំណោះស្រាយនយោបាយ គឺយើងអត់ទាន់ឃើញមានបានឈានទៅដល់ចំណុចនោះនៅឡើយទេបាទមកដល់ពេលនេះ»

បើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) សកម្មជន និង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៨០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​» នៅ​ក្នុង​អ្វី​ដែល​អាជ្ញាធរ​​កម្ពុជា​ហៅ​ថា «ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered