ទីក្រុង​ហាណូយ​ទទួល​បានការ​វិនិយោគ​បរទេស​ជិត៧ប៊ី​លាន​រយៈពេល១០ខែ​

ប្រធានាធិបតីវៀតណាម Nguyen Phu Trong។ (រូបភាព៖វេបសាយបរទេស)

របាយការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​បង្ហាញថា​ ក្នុងរយៈពេល១០ខែ​នៃ​ឆ្នាំ២០១៩នេះ​ ទីក្រុង​ហាណូយ​ទទួល​បានការ​វិនិយោគ​គិតជា​ទឹកប្រាក់​ជិត៧ប៊ី​លាន​ដុល្លារ​អាមេរិក​ ធ្វើ​ឱ្យ​ទីក្រុង​មួយ​នេះ​ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ច្រើនជាងបើ​គេ​ប្រៀបធៀប​តំបន់​ផ្សេង​ទូទាំង​ប្រទេស​។

របាយការណ៍​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​បង្ហាញថា​ ក្នុងរយៈពេល១០ខែ​នេះ​ ទីក្រុង​ហាណូយ​ទទួល​បានការ​វិនិយោគ​ចំនួន៦​,៨៥ប៊ី​លាន​ដុល្លារ​ ក្នុង​នោះ​មានការ​បោះទុន​វិនិយោគ​ថ្មី​ និង​ការទិញ​ភាគហ៊ុន​បន្ថែម​លើ​ការ​វិនិយោគ​ដែល​កំពុង​ដំណើរការ​។

ចំណែក​តំបន់​ដែល​ទទួល​បានការ​វិនិយោគ​ធំ​លំដាប់​ទី២នៅក្នុង​ប្រទេស​វៀតណាម​ក្នុងរយៈពេល១០ខែ​នេះ​គឺទី​ក្រុង​ហូជីមិញ​ ទទួល​បានការ​វិនិយោគ​ពី​បរទេស​ចំនួន៤​,៩៦ប៊ី​លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​បរទេស​ដែល​បន្ថែម ​និង​ដាក់​ទុន​វិនិយោគ​ថ្មី​នៅក្នុង​ប្រទេស​វៀតណាម​ ពិសេស​ក្នុង​ទីក្រុង​ហាណូយ​នេះ​ រួមមាន​ក្រុមហ៊ុន​ពីជ​ប៉ុន​ ហុងកុង​ និង​ក្រុមហ៊ុន​របស់​ថៃ​ជាដើម​។ 

របាយការណ៍​របស់​ទីក្រុង​ហាណូយ​បង្ហាញថា​ ទឹកប្រាក់​នៃ​ចំនួន​វិនិយោគ​ទាំងនេះ​ភាគច្រើន​ផ្តោត​ទៅលើ​តំបន់​កំពុង​អភិវឌ្ឍន៍​ក្នុង​ទីក្រុង​ ដំណើរការ​ឧស្សាហ​កម្ម​ ពាណិជ្ជកម្ម​ សេវាកម្ម​ ទំនាក់ទំនង ​និង​ប្រព័ន្ធ​ព័ត៌មាន​។ 

ដោយឡែក​នៅក្នុង​ខែតុលា​នេះ​ ទីក្រុង​ហាណូយ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន៩១​ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន៤៦៨លាន​ដុល្លារ​ ក្នុង​នោះ៧២ក្រុមហ៊ុន​មក​ពី​បរទេស​ និង១៩ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​សហការ​គ្នា​។ 

នៅក្នុង​ខែតុលា​នោះ​ គម្រោង​មួយ​ឈ្មោះ«​ទីក្រុង​ឆ្លាតវៃ​របស់​ទីក្រុង​ហាណូយ​»ទទួល​បាន​វិនិយោគ​ច្រើនជាង​គេ​។ គម្រោង​នេះ​អនុវត្ត​លើ​ផ្ទៃដី២៧២ហិ​កតា​ ស្ថិតនៅ​តាម​បណ្តោយ​សងខាង​ផ្លូវ​ Nhat​ Tan​ Noi​ Bai​ ចម្ងាយ​ជាង១១គីឡូម៉ែត្រ​។ គម្រោង​ទីក្រុង​ឆ្លាតវៃ​នេះ​ បែងចែក​អគារ​ជា៥ផ្នែក​ ដែល​អនុវត្ត​បច្ចេក​វិទ្យា​អ៊ិ​នធឺ​ណិត រួម​ទាំង​ភាព​ឆ្លាតវៃ​នៃ​ការគ្រប់គ្រង​ថាមពល​ ប្រព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ ការគ្រប់គ្រង​សន្តិសុខ​ ប្រព័ន្ធ​អប់រំ​សេដ្ឋកិច្ច​ និង​របៀប​នៃ​ការរស់នៅ​ដោយ​ឆ្លាតវៃ​។

គម្រោង​ថ្មី​នៅក្នុង​ទីក្រុង​ហាណូយ​ក៏​មានការ​លើកឡើង​ពី​ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​មាន​អគារ​កម្ពស់១០៨ជាន់​ ដើម្បី​ដើរតួ​នាទី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​វៀតណាម​ និង​នៅ​តំបន់​អាស៊ាន​ទាំងមូល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ