សហភាពអឺរ៉ុបបានអំពាវនាវឱ្យកម្ពុជាការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស ដែលរួមមានការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី សេរីភាពសារព័ត៌មាន ការចូលរួមឆាកនយោបាយ សហជីពគ្រូបង្រៀន កម្មករក្រៅប្រព័ន្ធ និងកង្វល់ផ្សេងៗទៀត ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារលោកសេរី។
គណៈកម្មការអឺរ៉ុប បានកត់សម្គាល់ឃើញថា ការបោះជំហានរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហារំលោភសិទ្ធិធ្ងន់ធ្ងរនិងជាប្រព័ន្ធនេះ មិនទាន់គ្រប់គ្រាន់ដើម្បីកែប្រែការវាយតម្លៃរបស់គណៈកម្មការស្តីពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងអនុគ្រោះពន្ធជាមួយសហភាពអឺរ៉ុប។ នេះបើតាមខ្លឹមសារនៅក្នុងទំព័រមួយចំនួននៃរបាយការណ៍របស់សហភាពអឺរ៉ុបដែល VOD ទទួលបាន។
គណៈកម្មការនេះបានសន្និដ្ឋានថា៖ «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធលើគោលការណ៍កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិបុគ្គល និងសិទ្ធិនយោបាយ ព្រមទាំងការរំលោភលើអនុសញ្ញាពលកម្មអន្តរជាតិ កំពុងកើតមានក្នុងប្រទេសនេះ ដែលបន្តប៉ះពាល់ដល់ប្រព័ន្ធអនុគ្រោះពន្ធ និងកូតានាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប ដែលតម្រូវឱ្យមានការគោរពបទដ្ឋានពលកម្មការងារ និងសិទ្ធិមនុស្ស»។
បើតាមការលើកឡើងក្នុងរបាយការណ៍ដដែលនោះ ការឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងការរំលាយបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជាកាលពីឆ្នាំ២០១៧ ក្នុងចំណោម «សកម្មភាពកៀបសង្កត់» ផ្សេងៗទៀត ហាក់ដូចជាបានរំលោភសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។
គណៈកម្មការនេះបានលើកឡើងពីសកម្មភាពផ្សេងៗទៀតរបស់រដ្ឋាភិបាល រួមមានការបន្តចាប់ខ្លួន និងការឃុំខ្លួនសកម្មជននយោបាយ និងអ្នកគាំទ្រក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងជាង ១០០នាក់មិនឱ្យធ្វើនយោបាយ និងការដកហូតតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតទាំង ៥០០៧នាក់។
របាយការណ៍នេះ ដែល VOD ទទួលបានពីប្រភពផ្លូវការម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ សរសេរថា៖
«សកម្មភាពទាំងនេះ បានរឹតត្បិតសិទ្ធិនយោបាយ សិទ្ធិចូលរួមសកម្មភាពនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោតក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង»។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីភាពពិតប្រាកដនៃព័ត៌មានមួយចំនួនដែលចុះផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបីទំព័រក្នុងចំណោមនោះ គឺដូចគ្នាទៅនឹងអ្វីដែល VOD បានឃើញ ប៉ុន្តែ ក្រសួងការបរទេស កាលពីសប្តាហ៍មុន បានចាត់ទុករបាយការណ៍របស់វិទ្យុអាស៊ីសេរីថា ជា «ព័ត៌មានក្លែងក្លាយ»។
អ្នកនាំពាក្យរូបនេះ បានប្រាប់ VOD ឱ្យពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គណៈកម្មការដែលចេញផ្សាយកាលពីសប្តាហ៍មុន ហើយដែលបានអះអាងថា គោលបំណងនៃនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺ «ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះកង្វល់សិទ្ធិការងារ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»។
គណៈកម្មការនេះ បានអះអាងថា៖«ស្របពេលសហភាពអឺរ៉ុបនៅតែប្តេជ្ញាធ្វើការងារជាមួយអាជ្ញាធរប្រទេសកម្ពុជា ការកែលម្អដ៏គួរឱ្យទុកចិត្តបាន និងពិតប្រាកដអំពីបញ្ហានៃកង្វល់ទាំងនេះ គឺជារឿងចាំបាច់ ដើម្បីបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA»។
របាយការណ៍ EBA ក៏បានលើកឡើងផងដែរនូវចំណុចផ្សេងទៀត ដូចខាងក្រោមនេះ៖
- ទណ្ឌកម្ម និងការគំរាមលើក្រុមគ្រូបង្រៀនដែលព្យាយាមបង្កើតសហជីព។
- ការលំបាកដែលកំពុងប្រឈមដោយបុគ្គលិកបម្រើការងារតាមផ្ទះ និងកម្មករក្រៅប្រព័ន្ធដែលព្យាយាមបង្កើត ឬចូលរួមជាមួយសហជីព។
- បញ្ហាជុំវិញការបង្កើតសហជីពការងារនៅតាមក្រុមហ៊ុនអន្តរជាតិ ដែលមិនត្រូវបានដោះស្រាយតាំងពីឆ្នាំ ២០១៥។
- វិធានការច្បាប់លើមេដឹកនាំសហជីពរួមទាំងបណ្តឹងថ្មីមួយប្រឆាំងនឹងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើល។
- ការរឹតត្បិតលើសកម្មភាពរបស់បណ្តាញសារព័ត៌មាន ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនអ្នកកាសែត។
- ការបង្រ្កាបលើការជួបជុំដោយសន្តិវិធី។
- កង្វះការផ្តល់កម្មសិទ្ធិដីធ្លី ជាពិសេសទាក់ទិននឹងសិទ្ធិជនជាតិដើមភាគតិច។
របាយការណ៍នេះ ក៏កត់សម្គាល់ពីចំណុចរីកចម្រើនមួយចំនួនធំផងដែរ រួមមានសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីព និង «ការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់» ក្នុងការដោះស្រាយជម្លោះដីធ្លី ដែលជម្លោះដីធ្លីខ្លះត្រូវបានដោះស្រាយតាំងពីពេលដែលដំណើរការត្រួតពិនិត្យចាប់ផ្តើមកាលពីខែកុម្ភៈ។
តុលាការកំពូលរបស់ប្រទេសកម្ពុជាបានរំលាយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគូប្រជែងដ៏ខ្លាំងតែមួយគត់របស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារដោយត្រូវបានចោទពីបទ «ក្បត់ជាតិ» កាលពីខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ។
ទោះបីជាយ៉ាងណា លោក កឹម សុខា នៅតែប្រឈមមុខនឹងបទចោទប្រកាន់ដដែល ហើយលោកមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជា ឬក៏ចូលរួមសកម្មភាពនយោបាយទេ។
លោក ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជារយៈពេល ៣៤ឆ្នាំមកហើយ។ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះអាសនៈសភាទាំង ១២៥ អំឡុងពេលបោះឆ្នោតឆ្នាំ២០១៨ ដោយរដ្ឋាភិបាលចាត់ទុកថា មានលក្ខណៈប្រជាធិបតេយ្យ ប៉ុន្តែ បណ្តាប្រទេសលោកសេរីមួយចំនួនចាត់ទុកការបោះឆ្នោតនោះថា មិនសេរី និងយុត្តិធម៌ឡើយ។
ក្នុងសេចក្តីថ្លៃការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងកាបរទេសកម្ពុជា បានចោទប្រកាន់វិទ្យុអាស៊ីសេរីថា ផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយក្នុងបំណងបំភាន់មតិសាធារណជនអំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប»។
ក្រសួងក៏បានលើកឡើងផងដែរថា សម្រង់សម្តីដែលវិទ្យុអាស៊ីសេរីចុះផ្សាយហើយដែល «ត្រូវបានដកស្រង់ចេញពីរបាយការណ៍នោះ គឺមិនត្រឹមត្រូវ»។
ជាការឆ្លើយតប វិទ្យុអាស៊ីសេរីបានចេញផ្សាយរបាយការណ៍នោះបួនទំព័រតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់បណ្តាញព័ត៌មាននេះធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។
ស្ថាប័នព័ត៌មាននេះ បានឱ្យដឹងតាមបណ្តាញសង្គមទ្វីតធើ (Twitter) កាលពីថ្ងៃសៅរ៍ថា៖
«សេចក្តីរាយការណ៍របស់ខ្លួន គឺផ្អែកលើឯកសារដែលទទួលបានពីប្រភពផ្លូវការ»។
គណៈកម្មការអឺរ៉ុបបានដាក់ជូនរបាយការណ៍របស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ រដ្ឋាភិបាលមានពេលមួយខែដើម្បីឆ្លើយតប។ គណៈកម្មការអឺរ៉ុប នឹងត្រូវធ្វើសេចក្ដីសម្រេចមួយថា តើព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកម្ពុជា នៅខែកុម្ភៈឆ្នាំក្រោយនេះ៕









