គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យជាតិ បកស្រាយ​ករណី​រថយន្ត​ដឹក​សព​បុត្រី​ច្បង​ព្រះ​មហាវីរ​ក្សត្រ​

រថយន្តដែលដឹកព្រះសព ព្រះរៀមនរោត្តម បុប្ផាទេវី ក្រោយពេលដែលព្រះសពបញ្ជូនមកពីប្រទេសថៃវិញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញលិខិតថ្លែងបកស្រាយអំពីករណីរថយន្តដឹកព្រះសពបុត្រីច្បងនៃព្រះមហាវីរក្សត្រ ព្រះរៀមនរោត្តម បុប្ផាទេវី ដោយថា បានធ្វើឡើងស័ក្តិសមបំផុតចំពោះព្រះកិត្តិយសរបស់ព្រះអង្គ។

ព្រះរៀមនរោត្តម បុប្ផាទេវី បានសោយទិវង្គតនៅវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ក្នុងជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ។ សពព្រះរៀម ត្រូវបានដឹកតាមជើងយន្តហោះមកដល់ព្រលានយន្តហោះភ្នំពេញ នៅវេលាម៉ោង៧កន្លះយប់ថ្ងៃបន្ទាប់ ដោយមានរថយន្តប្រភេទ១២កៅអី ពីព្រះបរមរាជវាំងចាំទទួល​។

អ្នកប្រើប្រាស់បណ្តាញសង្គម បានរិះគន់ចំពោះការប្រើប្រាស់រថយន្តដឹកព្រះសពព្រះរៀមបុប្ផាទេវីនេះថា មិន ស័ក្តិសមនឹងកិត្តិយសព្រះអង្គម្ចាស់ជាសែរាជវង្ស និងធ្លាប់បានពលីកម្លាំងកាយចិត្តក្នុងការថែរក្សា និងលើ​ក​តម្កើ​ង​វប្បធម៌ប្រពៃណីខ្មែរ ជាពិសេស របាំព្រះរាជទ្រព្យ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការរៀបចំបុណ្យជាតិ លើកឡើងថា ការរៀបចំទទួលព្រះសពព្រះរៀមបុប្ផាទេវី បានប្រព្រឹត្តិទៅតាមពិធីសាសនា ដោយប្រើប្រាស់រថយន្តពីព្រះបរមរាជវាំងផ្ទាល់ដែលពុំមានដាក់កៅអីអង្គុយ មានការតុបតែងលម្អជាមួយកម្រាលព្រំ និងវាំងននថ្មីៗ ព្រមទាំងមានសម្តេចព្រះសង្ឃរាជយាងទៅទទួលដល់ព្រលានយន្តហោះ​។

សម្ដេច​រាជ​បុត្រី​ព្រះរៀម នរោត្ដម បុប្ផាទេវី ជា​ព្រះ​រៀម​ម្ដាយ​ទីទៃ​របស់​ព្រះមហាក្សត្រ​កម្ពុជា​បច្ចុប្បន្ន ព្រះ​ករុណា សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។

សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី គឺ​ជា​អតីត​នាដការី​ឯក​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​នៅ​ចន្លោះ​ទសវត្សរ៍​១៩៥០ និង​១៩៦០។ ​ទ្រង់​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​២ ​ចន្លោះ​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ