MRCព្យាករថា ខេត្ត៣របស់កម្ពុជានឹងប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេ

ទិដ្ឋភាពនៅវាលស្រែមួយកន្លែង ស្ថិតក្នុងខេត្តតាកែវ។ រូបភាព៖ ណាត សុភាព / ១៣ ខែមីនា ឆ្នាំ២០១៩

គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC លើកឡើងថា ខេត្តចំនួន៣របស់កម្ពុជា រួមមាន សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ នឹងប្រឈមបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេ ចាប់ពីពេលនេះ រហូតដល់ខែមករាឆ្នាំ២០២០ ដែលបណ្តាលឱ្យខ្វះខាតទឹកសម្រាប់ដំណាំដាំដុះ។

យោងតាមទិន្នន័យវិភាគបឋមពី MRC បង្ហាញថា បញ្ហានេះបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់មកមិនគ្រប់គ្រាន់អំ​ឡុង​រដូ​​វ​​វស្សា​ ​ដោ​​យ​​សា​រ​ភ្លៀង​មូ​សុ​ងធ្លាក់​​មក​យឺ​ត​ ​ហើយបញ្ចប់វិញ​លឿន​ខុស​ធ​ម្ម​តា ​ព្រមទាំងការកើតមានបាតុភាព អែល នីណូ បង្កឱ្យអាកា​សធាតុក្តៅហួតហែងខ្លាំងខុសធម្មតា។

តាមប្រភពដដែលនោះ អំឡុងសប្តាហ៍ទី៣ និងទី៤ ក្នុងខែវិច្ឆិកានេះ អាងទន្លេមេគង្គផ្នែកខាងក្រោមមួយភាគធំនឹងរងផលប៉ះពាល។ បន្ទាប់មក ភាពរាំងស្ងួតនឹងកាន់តែធ្ងន់ធ្ងរចាប់ពីខែធ្នូ ឆ្នាំ២០១៩ ឆ្លងដល់ដើមខែមករា ឆ្នាំ២០២០ ហើយខេត្តឧត្តរមានជ័យ ព្រះវិហារ​ និងសៀមរាប នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ លោក ឡាំ ហុងសឺន ត្រូ​វ​បានប្រភពដដែលស្រង់សម្តីថា៖

«អាកាសធាតុស្ងួតរយៈពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម។ បញ្ហាកង្វះទឹកប្រើប្រាស់អាចនឹងកើតមានប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត»។

 អគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្មនៃក្រសួងកសិកម្ម លោក ងិន ឆាយ លើកឡើងកាលពីថ្ងៃពុធថា បញ្ហារាំងស្ងួតតែងកើតឡើងជាធម្មតានៅកម្ពុជា នៅអំឡុងរដូវប្រាំង ចាប់ពីខែធ្នូ និងខែមករា។

លោក ងិន ឆាយ៖ «វាពាក់ព័ន្ធ តែយើងធ្វើស្រូវប្រាំងហ្នឹង វាអត់ដែលមានភ្លៀងអីទេខែប្រាំងហ្នឹងនុះ។ វាធម្មតាហ្នឹង។ ហើយយើងមានយុទ្ធសាស្រ្តអី គ្រាន់តែយើងអំពាវនាវដល់ប្រជាកសិករ ដូចសម្តេចតេជោលោកបានលើកឡើងចឹង ឱ្យខិតខំថែរក្សាទឹក អីចឹងទៅទឹកហ្នឹង វាស្រកស្រុតទៅអស់ ហូរទៅអស់ចឹង»។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុទ្ធី ឱ្យដឹងបន្ថែមថា ខាងក្រសួងកំពុងចាត់វិធានការចុះផ្សព្វ​ផ្សា​យ និងអប់រំពលរដ្ឋឱ្យចេះបន្សាំការដាំដុះដំណាំផ្សេងៗអំឡុងពេលរាំងស្ងួត។

លោក ស្រី វុទ្ធី៖ «យើងបានជំរុញឲ្យអង្គភាពជំនាញ និងមន្ទីរកសិកម្មខេត្ត ជួយកសិករនៅតំបន់មានប្រភពទឹកដាំដំណាំរដូវរយៈពេលខ្លី ពពួកដំណាំសាវប្បកម្ម (ដំណាំអាចដាំដុះតាមបច្ចេកទេសទំនើប) ពិសេសបន្លែ ដោយជំរុញការប្រើ Drip irrigation system (ប្រព័ន្ធធារាសាស្រ្តស្រោចស្របប្រើប្រាស់ទឹកតិច)»។

ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើកឡើងថា​ បញ្ហាបម្រែបម្រួលអាកាសធាតុដែលកំពុងប៉ះពាល់ដល់កម្ពស់ទឹកទន្លេមេគង្គ គឺជាសញ្ញាណគួរឱ្យព្រួយបារម្ភសម្រាប់ប្រជាកសិករខ្មែរដែលត្រូវការទឹកប្រើប្រាស់។

លោក ថេង សាវឿន៖ «យើងមើលទៅតំបន់ទន្លេមេគង្គគឺជាតំបន់មួយដែលសម្បូរតាំងពីមុន ប៉ុន្តែឥឡូវនេះកាន់តែប្រឈមខ្លាំង។ ចឹងរដ្ឋាភិបាលត្រូវតែគិតគូររៀបចំប្រព័ន្ធធារាសាស្រ្ត ហើយនិងរៀបចំការស្តុកទឹកទុកយ៉ាងម៉េច រក្សាទុកឱ្យពលរដ្ឋប្រើប្រាស់បានទាំងរដូវប្រាំង និងរដូវវស្សា។ ហើយខ្ញុំគិតថា ផលប៉ះពាល់ដែលអាចជះឥទ្ធិពលហ្នឹងគឺថា ការរាំងស្ងួតនឹងអាចធ្វើឱ្យជីវភាពរស់នៅ និងការរស់នៅរបស់ប្រជាពលរដ្ឋជួប និងប្រឈមបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំង»។  

នៅក្នុងសារាចរចុះថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋឱ្យធ្វើស្រែប្រាំងតែមួយលើកប៉ុណ្ណោះ បើទោះជាមានប្រភពទឹកធម្មជាតិ និងទឹកស្តុកក្នុងអាងក្តី ហើយក្រសួងពាក់ព័ន្ធ ត្រូវចាត់វិធានការថែរក្សាទឹកឱ្យបានល្អ រហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ឡើងវិញ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានកសិកម្ម ចេញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ហារាំងស្ងួតនៅកម្ពុជាកន្លងទៅ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ បានប៉ះពាល់ដល់ដំណាំស្រូវចំនួន ៣២៥ ៧២៧ ហិចតា នៅក្នុងខេត្ត-រាជធានីចំនួន១៧ ហើយបណ្តាលឱ្យខូចខាតចំនួន ៦៦ ៨៩៥ហិកតា និងស្តារឡើងវិញបានចំនួន ១៧ ៥៧១​ ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ