មេដឹកនាំហុងកុងនៅតែបង្ហាញការអាណិតចំពោះក្រុមយុវជនដែលតវ៉ា

លោកស្រី ការី ឡាំ មេដឹកនាំហុងកុង។ [Tyrone Siu/Reuters]

មេដឹកនាំហុងកុង លោកស្រី ការី ឡាំ ក្នុងរយៈពេល៦ខែដែលយុវជនផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រនេះ មិនដែលប្រើសារគំរាមសម្លាប់ ឬបង្ក្រាបលើក្រុមបាតុករនោះទេ ផ្ទុះទៅវិញមានតែព្យាយាមសម្របសម្រួលកុំឱ្យយុវជនទាំងនោះមានគ្រោះថ្នាក់។

​បាតុករមួយចំនួននៅតែលាក់ខ្លួននៅក្នុងសាកលវិទ្យាល័យ Polytechnic  រយៈពេលប្រមាណ១០ថ្ងៃមកហើយគិតត្រឹមថ្ងៃអង្គារនេះ​ ក្រោយពេលដែលបាតុករចូលកាន់កាប់ទីតាំងនេះ ហើយវាយប្រហារទប់ទល់ជាមួយសមត្ថកិច្ចដោយហិង្សា។ សាកលវិទ្យាល័យនេះផ្អាកដំណើរការ ហើយផ្នែកជាច្រើននៃសាកលវិទ្យាល័យរងការវាយកម្ទេច។

យុវជនមួយចំនួនដែលលាក់ខ្លួនគេចពីសមត្ថកិច្ចនៅទីនោះ កំពុងតែខ្វះអាហារ ថ្នាំពេទ្យ និងតម្រូវការមួយចំនួនទៀត។​

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោកស្រី ការី ឡាំ ប្រកាសថា ក្នុងស្ថានភាពនេះ សមត្ថកិច្ចមិនចូលក្នុងសាកលវិទ្យាល័យទេ ដោសារបារម្ភខ្លាចមានហិង្សាបន្ថែមទៀតជាមួយក្រុមយុវជនដែលកំពុងលាក់ខ្លួននៅទីនោះ។​ លោកស្រីបញ្ជាក់ថា ក្នុងស្ថានភាពនេះ ទុកឱ្យមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីពាក់ព័ន្ធផ្សេងទៀត ចូលទៅជួយសង្គ្រោះ និងបញ្ចុះបញ្ចូលក្រុមយុវជនទាំងនេះ ឱ្យចេញមកក្រៅដោះស្រាយបញ្ហាជាមួយគ្នាតាមសន្តិវិធី។

​សាកលវិទ្យាល័យ Polythechnic រៀបចំក្រុមចំនួន​៥០ សហការជាមួយកម្លាំងសន្តិសុខ អាជ្ញាធរដែនដី និងក្រុមគ្រូពេទ្យមកពីកាកបាទក្រហមអន្តរជាតិ ធ្វើដំណើរចូលក្នុងបរិវេណសាកលវិទ្យាល័យជាកន្លែងផ្ទុះហិង្សាជាង១០ថ្ងៃនេះ ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលជាមួយក្រុមយុវជន។​

លោកស្រី ឡាំ បញ្ជាក់ថា មានការរៀបចំជាស្រេចរួមមាន នគរបាលរក្សាសុវត្ថិភាព ក្រុមការងារសាលា អ្នកចិត្តវិទ្យា អ្នកធ្វើការងារសង្គម ក្រុមផ្សះផ្សា ដែលត្រៀមសម្រាប់ចរចាជាមួយក្រុមយុវជន។​ លោកស្រី​បញ្ជាក់ថា ក្រុមការងារទាំងនេះ នឹងចូលក្នុងសាកលវិទ្យាល័យក្នុងពេលសមស្រប ដើម្បីសម្របសម្រួល មិនបង្កបញ្ហាជាមួយអ្នកនៅខាងក្នុងនោះទេ។​

ចាប់តាំងពីបាតុកម្មផ្ទុះឡើងតាំងពីដើមខែមិថុនា ហើយមានហិង្សាកើតឡើងមក រដ្ឋអំណាចចិនកណ្តាលទីក្រុងប៉េកាំងតែងប្រើសារគំរាមបង្ក្រាប។​ ទីក្រុងប៉េកាំងក៏ធ្លាប់បានបង្ហាញវីឌីអូពីការហ្វឹកហាត់បាញ់កាំភ្លើងតូចធំ ហើយព្រមានថា ការបង្ក្រាបនេះត្រៀមប្រើនៅហុងកុង។

បើទោះជាធ្លាប់មានសារព្រមានបង្ក្រាប សម្លាប់ ពីរដ្ឋអំណាចចិនទីក្រុងប៉េកាំង ប៉ុន្តែ លោកស្រី ការីឡាំ មេដឹកនាំហុងកុងតែងតែប្រើប្រាស់សារសម្របសម្រួល និងសុំទោសពលរដ្ឋចំពោះការដឹកនាំរបស់លោកស្រី ដែលមិនអាចទប់សភាពការណ៍បាន ឈានដល់ចលាចលក្នុងដែនដីមួយនេះ។​

លោកស្រី ការី ឡាំ ក៏ធ្លាប់ដាក់លិខិតអញ្ជើញតំណាងយុវជនតាមសាកលវិទ្យាល័យដើម្បីជួបជជែកគ្នាដោះស្រាយបញ្ហាដែរ ប៉ុន្តែ ក្រុមយុវជនមិនព្រម ដោយពួកគេទាមទារឱ្យការជួបនោះត្រូវផ្សាយផ្ទាល់តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ