មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបករណីមានអ្នកបន្លំជានគរបាលជំរិតទារលុយពលរដ្ឋ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បានបុរសម្នាក់ពាក់ស័ក្តិបីជិះម៉ូតូដេញចាប់យុវជនម្នាក់បង្ខំពិនិត្យទឹកនោម និងសំឡុតគំរាមយកទៅខណ្ឌ ដើម្បីជំរិតទារលុយកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ឱ្យដឹងថា ផ្ទៃក្នុងនគរបាលជាតិ បានដាក់ចេញនូវវិធានការជាក់លាក់រួចហើយ ដើម្បីទប់ស្កាត់ និងចាត់វិធានការចំពោះករណីជនខិលខូចបន្លំខ្លួនជាកម្លាំងនគរបាលជាតិដើម្បីទារលុយពីពលរដ្ឋ។
លោកថា ករណីនេះនាំឱ្យមានក្ដីបារម្ភថា នឹងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងសមត្ថកិច្ចជាតិ និងអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើកងកម្លាំងទៀតផង។
លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា៖ «ពិតណាស់ ការប្រព្រឹត្តិអំពើរបស់ជនខិលខូចមួយចំនួននេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់កិត្តិយសកងកម្លាំង។ យើងនឹងចាត់វិធានការតាមបច្ចេកទេសជំនាញរបស់នគរបាលជាតិ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវពួកខិលខូចទាំងនេះ។ បច្ចេកទេសប្រតិបត្តិការការស៊ើបអង្កេតរបស់ប៉ូលិស មានច្រើនរបៀបណាស់។ បើសិនជាពលរដ្ឋចូលរួម និងយកចិត្តទុកដាក់ [ស្វែងយល់ពីនីតិវិធី] ប្រហែលជាមិនច្រឡំទេ»។
លោក ឆាយ គឹមឃឿន បន្ថែមថា សមត្ថកិច្ចចេញប្រតិបត្តិការមានរូបភាពចំហរផង និងសម្ងាត់ផង។ លោកពន្យល់ថា ក្នុងករណីមានដីកាចាប់ខ្លួនជនសង្ស័យ ឬពិរុទ្ធជនណាមួយ សមត្ថកិច្ចនគរបាលយុត្តិធម៌ត្រូវបង្ហាញដីកាពីតុលាការ បើករណីសមត្ថកិច្ចចង់ឃាត់ខ្លួនអ្នកណាម្នាក់មកសាកសួរ យ៉ាងហោចណាស់ ត្រូវបង្ហាញអត្តសញ្ញាណរបស់គាត់ ក្នុងករណីចង់ឃាត់ខ្លួនអ្នកណាម្នាក់ សមត្ថកិច្ចចាំបាច់ត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួននិងបញ្ជាក់មូលហេតុ។
នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ចនគរបាលត្រូវពិនិត្យឱ្យបានដិតដល់ចំពោះការងាររបស់កម្លាំងនគរបាលនៅទូទាំងប្រទេស ដែលចេញល្បាតតាមគោលដៅនីមួយៗឱ្យប្រាកដថា ពួកគេបំពេញការងារតាមវិជ្ជាជីវៈ ឬអត់។
លោក អំ សំអាត៖ «គាត់បន្លំឯកសណ្ឋានទៅជំរិតយកលុយ ទៅចាប់គេយកលុយ។ អាហ្នឹង គេប្រព្រឹត្តិបទល្មើសដែលកាន់តែធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសនៃកងកម្លាំង។ អ៊ីចឹង បញ្ហាទាំងអស់នេះ អាជ្ញាធរដែលពាក់ព័ន្ធគួរណាស់តែចាត់វិធានការតាមផ្លូវច្បាប់។ ធ្វើម៉េចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ កុំឱ្យមានអ្នកដែលក្លែងបន្លំជាកងកម្លាំង ហើយយកតួនាទីដែលក្លែងបន្លំទៅប្រព្រឹត្តិបទល្មើសតទៅទៀត»។
ប្រជាពលរដ្ឋរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ លោក ជិន សុភា ថ្លែងប្រាប់វីអូឌីថា លោកធ្លាប់ត្រូវបានបុរសពាក់ឯកសណ្ឋាននគរបាលបង្ក្រាបឃាត់ខ្លួន កាលពីអំឡុងខែកក្កដាក្នុងឆ្នាំនេះ នៅម្ដុំបឹងកក់។ លោកបន្តថា កាលនោះ បុរស២នាក់បានឆែកយកប្រាក់អស់ជាង ១០០ដុល្លារ ដោយសារតែជិះម៉ូតូមិនពាក់ម៉ួកសុវត្ថិភាព។
លោក ជិន សុភា៖ «ខ្ញុំចេញពីផឹកវិញភ្លេចយកមួកពាក់ ជិះដល់បឹងកក់ ស្រាប់តែមាន២នាក់មកកៀរឱ្យឈប់ ឈប់រួច ចាប់ឆែកខ្ញុំគ្មានសល់ យកលុយអស់។ ចង់យកទូរសព្ទទៀត តែខ្ញុំអង្វរ។ ខ្ញុំមិនដឹងថា អ្នកទាំង២នាក់ហ្នឹងប៉ូលិស ឬអត់ទេ ខ្ញុំថាអ្នកបន្លំ(បន្លំជានគរបាល)ជារឿងមួយ តែករណីសមត្ថកិច្ចមែនទែនឆែកយកលុយជារឿងមួយទៀត»។
ទោះជាយ៉ាងណាក្ដី ចំនួនករណីបន្លំជាសមត្ថកិច្ចដើម្បីជំរិតទារប្រាក់នេះ មិនមានរបាយការណ៍ជាក់លាក់ឡើយ ប៉ុន្តែ ករណីទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននានា។
កាលពីកាលថ្ងៃទី១៨ ខែកញ្ញា អាវុធហត្ថបានចាប់ខ្លួនបុរសម្នាក់ ដែលសមត្ថកិច្ចអះអាងថា បានបន្លំខ្លួនជាអាវុធហត្ថ។
កាលពីខែមិថុនាកន្លងមក អគ្គស្នងការនគរបាលជាតិ ក៏បានចេញប្រកាសចាប់ខ្លួនបុរសម្នាក់ ដោយចោទថា បានបន្លំខ្លួនជានគរបាលទៅដើរបោកប្រាស់លុយអ្នកដែលមានបំណងចូលធ្វើនគរបាលទៀតផង៕









