ការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅក្រៅប្រទេស ពិសេសប្រទេសថៃ ពលករខ្មែរមួយចំនួន ត្រូវបានអង្គការសិទ្ធិមនុស្សរាយការណ៍ថា បានរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយធ្វើការមិនទទួលបានប្រាក់ឈ្នួល ការបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន និងការប្រឈមនឹងការចាប់ខ្លួនដាក់ឃុំក្នុងពន្ធនាគារពីសំណាក់តម្រួតថៃជាដើម។
ដោយសារបញ្ហាប្រឈមទាំងនេះ អតីតអ្នកចំណាកស្រុកមួយចំនួន រស់នៅភូមិច្រេស ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានសម្រេចចិត្តបោះបង់ការចំណាកស្រុកដោយខុសច្បាប់ ហើយងាកមកដាំដំណាំអំពៅដើម្បីចិញ្ចឹមជីវិតក្នុងគ្រួសារ។
ស្ថិតក្នុងពិការភាពជើងខាងឆ្វេង ដោយរងរបួសត្រូវគ្រាប់មីន និងជាអតីតអ្នកធ្លាប់ធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃមួយឆ្នាំ លោក ប៉ៃ ប៉េ ប្រាប់ថា ចំណាកស្រុកដោយប្រថុយប្រថាននៅប្រទេសថៃ ជាកម្មករចុះទូកនេសាទ មានបញ្ហាប្រឈមច្រើន និងមិនបានជួយអ្វីច្រើនដល់គ្រួសារផង ហើយលោកក៏សម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកបន្តថា ក្រោយពេលត្រឡប់មកស្រុកកំណើតវិញ លោក និងគ្រួសារចាប់យករបរដាំអំពៅតែម្តង។ លោកបន្ថែមថា របរដាំអំពៅនេះ បានជួយឱ្យលោកមានចំណូលប្រចាំឆ្នាំសម្រាប់ចិញ្ចឹមគ្រួសារ និងបានរួមរស់នៅជួបជុំគ្នាដោយមិនចាំបាច់ចំណាកស្រុកខុសច្បាប់ដូចគ្រាមុន។

លោកមានប្រសាសន៍ថា៖ «ការដាំអំពៅនេះ ជួយកុំឱ្យចំណាកស្រុក ចោលប្រពន្ធ និងកូននៅក្រុមគ្រួសារ។ យើងនឹងមានពេលថែទាំកសិកម្មលើអំពៅនេះ។ ខ្ញុំធ្លាប់ចំណាកស្រុកទៅក្រៅជាមួយកូន និងកូនប្រសាររបស់ខ្ញុំ»។
បុរសវ័យ ៥៤ឆ្នាំរូបនេះ រៀបរាប់ដោយទឹកមុខរីករាយថា បច្ចុប្បន្ន លោកមានចម្ការអំពៅជាង ១ហិកតា ដោយលោកថា ក្នុងមួយហិកតា លោកអាចលក់ឱ្យឈ្មួញបានតម្លៃចន្លោះពី ២៥លានរៀល ទៅ ៣០លានរៀល អាស្រ័យលើអំពៅល្អ ឬមិនល្អ។
លោក ប៉ៃ ប៉េ បាននិយាយថា នៅក្នុងឆ្នាំ ២០១៩ នេះ មានថៅកែច្រើនមកពីភ្នំពេញ មកទិញអំពៅរបស់កសិករ ហើយលោករីករាយនៅពេលទីផ្សារអំពៅមានច្រើន ដោយកាន់តែធ្វើឱ្យកសិករមានការងារធ្វើកាន់តែច្រើនផងដែរ។
លោក ប៉ៃ ប៉េ បាននិយាយថា៖ «ការដាំអំពៅនេះ ដោយពីមុនមិនទាន់មានថៅកែទិញ តែឥឡូវថៅកែចុះទិញអំពៅតាមចម្ការច្រើន។ ខ្ញុំអាចជួលដីគេដាំ។ មុខរបរហ្នឹងចំណេញបានប្រាក់ចំណេញបាន ១០លានរៀល»។
បុរសរូបនេះ ឱ្យដឹងថា របរដាំអំពៅ ពលរដ្ឋចាប់ផ្តើមផ្សាំ ឬបណ្តុះកូនក្នុងខែវិច្ឆិកា ឬខែធ្នូ ហើយចាប់ផ្តើមដាំក្នុងខែមករា និងប្រមូលផលអំឡុងខែសីហា រហូតដល់ខែវិច្ឆិកាវិញ។
លោកអះអាងថា ក្នុងមួយរដូវអំពៅឱ្យផល ដោយគិតទូទាត់ដើមទុនគ្រប់បែបយ៉ាងតាំងពីថ្លៃជួលដី ថ្លៃជី សាំង ឈ្នួលកម្មករផង គ្រួសារលោកអាចសល់ប្រាក់ចំណេញពីការដាំអំពៅប្រមាណ ១០លានរៀលដែរ។
ដោយឡែក អតីតពលករចុះទូកនេសាទមួយរូបទៀត លោក ញិប សុខ ឱ្យដឹងថា ពេលលោកចំណាកស្រុកដោយខុសច្បាប់ទៅស្រុកថៃ លោកត្រូវរត់គេចពីសមត្ថកិច្ចថៃរហូត ម្យ៉ាងគ្មានលុយសល់ជួយគ្រួសារទេ។
បញ្ហានេះ លោកគ្មានសេចក្តីសុខផ្លូវចិត្តឡើយ ដោយចេះតែបារម្ភ និងសុវត្ថិភាពរហូត ខុសស្រឡះពីការចាប់យកមុខរបរដាំអំពៅនៅស្រុកកំណើតក្នុងភូមិច្រេសបច្ចុប្បន្ន។

លោកមានប្រសាសន៍បន្តថា៖ «ដាំអំពៅស្រួលជាង។ ចុះទូកគ្មានសល់លុយទេ បានតែមួយចាយៗ។ ដាំអំពៅគ្រាន់បានសល់ខ្លះៗ»។
មានវ័យ៥៨ឆ្នាំ ពលរដ្ឋមួយរូបទៀតដែលប្រកបរបរដាំអំពៅនៅភូមិច្រេសផងដែរ អ្នកស្រី ឃិន កាន បាននិយាយថា បច្ចុប្បន្ន ដោយមានថៅកែមកទិញអំពៅច្រើន ពលរដ្ឋភូមិនេះក៏នាំគ្នាដាំអំពៅកាន់តែច្រើន។
ស្ត្រីដដែលនេះបន្ថែមថា ពលរដ្ឋភូមិនេះ ស្ទើរតែលែងមានអ្នកធ្វើស្រូវដូចកាលមុនទៀតហើយ ដោយថា ការធ្វើស្រូវមិនចំណេញ ឬខាតក៏មាន ទើបអ្នកភូមិងាកមកដាំអំពៅវិញ ដោយទទួលបានផលចំណេញជាងធ្វើស្រែ និងពុំចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។

អ្នកស្រី ឃិន កាន បានបន្ថែមទៀតថា៖ «សំណូមពរកុំអោយថៅកែបញ្ចុះតម្លៃខ្លាំងពេក និងអោយលុយមិនគ្រប់។ សម្រាប់រាជរដ្ឋាភិបាល សំណូមពរអោយជីចុះថោក ប្រេងចុះថោកតិចទៅ ព្រោះកសិករដាំអំពៅ ជីហើយប្រេងហ្នឹងត្រូវការណាស់»។
ទិន្នន័យរបស់អាជ្ញាធរឃុំជាខ្លាង ក្នុងឆ្នាំ២០១៨កន្លងមក បង្ហាញថា ឃុំនេះមានភូមិចំនួន ៨ភូមិ ដោយមានពលរដ្ឋចំនួនជិត ៣ពាន់គ្រួសារ (២,៧៥១) ស្មើនឹងចំនួនប្រជាជនជិត ១ម៉ឺននាក់(៩៣១៤)។
របាយការណ៍របស់អាជ្ញាធរឃុំដែលបូកសរុបកាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា បច្ចុប្បន្ន ផ្ទៃដីដំាំអំពៅ មានចំនួនជាង ៤០០ហិកតា ដែលមានដាំនៅភូមិចំនួន ៦ ក្នុងឃុំមួយនេះ រួមមានភូមិជាខ្លាង ភូមិព្រៃឫស្សី ភូមិច្រេស ភូមិធ្នង់ ភូមិជ្រៃសីម៉ា និងភូមិឆ្កែកូន។
អាជ្ញាធរឃុំ អះអាងថា សម្រាប់ពលរដ្ឋភូមិច្រេសបច្ចុប្បន្ន ដែលចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសមានចំនួន ៣៩នាក់ ប៉ុន្តែ អាជ្ញាធរបញ្ជាក់ថា ការចំណាកស្រុកទៅក្រៅប្រទេសសម្រាប់ភូមិនេះ គឺធ្វើឡើងដោយស្របច្បាប់។
ជំទប់ទី២ នៃឃុំជាខ្លាង អ្នកស្រី ផុន សឿង បានរៀបរាប់ថា បច្ចុប្បន្ន ពលរដ្ឋនៅក្នុងឃុំរបស់អ្នកស្រីមានការងារធ្វើច្រើន និងធ្វើឱ្យជីវភាពរបស់ពួកគាត់ធូរធារដោយសាររបរដាំអំពៅនេះ។
អ្នកស្រី ផុន សឿង ប្រាប់ថា៖ «ហើយណាមួយដូចសមាជិកក្រុមប្រឹក្សាឃុំខ្ញុំ លោកមេភូមិគាត់ពន្យល់ណែនាំមុននឹងចេញទៅ។ បើគាត់ចង់ចេញទៅ គាត់ត្រូវចេញទៅដោយស្របច្បាប់។ មិនមែនគាត់ចេះតែនឹកឃើញចង់ទៅណាទៅៗ មិនស្របច្បាប់ វាមានការលំបាកអ៊ីចឹង។ សព្វថ្ងៃ គាត់យល់ដឹងពីការងារចំណាកស្រុកហ្នឹង»។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា កាលណាប្រជាពលរដ្ឋបោះបង់ការចំណាកស្រុក មកចាប់យករបរដាំអំពៅ គឺជារឿងល្អ។
លោក ថេង សាវឿន និយាយថា៖ «មួយវិញទៀត សង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ គប្បីចូលរួមដោះស្រាយបញ្ហាចំណាកស្រុក ពិសេសចំណាកស្រុកដោយខុសច្បាប់ តាមរយៈបង្កើតការងារក្នុងស្រុកឱ្យបានច្រើន។ ម្យ៉ាង ត្រូវណែនាំដល់កសិករអំពីបច្ចេកទេសដាំដំណាំកសិកម្មផ្សេងៗ បន្ថែមទៀត»។
បើតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ មានប្រមាណ ១លាន ១សែននាក់ តែក្រសួងមិនបានបញ្ជាក់ពីចំនួនពលករធ្វើការខុសច្បាប់នោះទេ។
ប៉ុន្តែ បើតាមនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា CANTRAL លោក មឿន តុលា ធ្លាប់អះអាងថា ពលករខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ មានប្រមាណ ២០ម៉ឺននាក់៕