លោក កឹម សុខា ធ្វើសមាធិជាប្រចាំអំឡុង​ពេល​ជាប់ឃុំក្នុងគុក និងក្នុងផ្ទះ

លោក កឹម សុខា អង្គុយ​ និង​​​សម្លឹង​មើល​សៀវភៅ​ «ឧត្តមវិបស្សនា» នៅក្នុងគេហដ្ឋានរបស់លោក។ (ហ្វេសប៊ុក Pak Sesotho)

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ឃុំក្នុងគុក និងក្នុងផ្ទះ​អស់​រយៈពេលជាង ២ឆ្នាំ តាមអំណាចតុលាការសាលាដំបូងរាជធានីភ្នំពេញ​ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព» ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ប្រភពស្និទ្ធនឹងលោក កឹម សុខា ទម្លាយឱ្យដឹងថា មេបក្សប្រឆាំងរូបនេះ បានយកចិត្តទុកដាក់ជាខ្លាំងលើសុខភាពទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងអំឡុងពេលជាប់ឃុំនេះ។

នាយកខុទ្ទការល័យលោក កឹម សុខា គឺលោក មុត ចន្ថា បញ្ជាក់ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បានចំណាយពេលជាង ១ម៉ោងរៀងរាល់ថ្ងៃ ដើម្បីធ្វើសមាធិ។

លោក ចន្ថា មានប្រសាសន៍ថា៖ «ខ្ញុំចង់ជម្រាបជូនថា ឯកឧត្តម កឹម សុខា ជាអ្នកគោរពតាមព្រះពុទ្ធសាសនា ព្រះបរមគ្រូ លោកតែងតែធ្វើសមាធិ និងហាត់ប្រាណជាប្រចាំ ដើម្បីពង្រឹងទាំងស្មារតី និងកម្លាំងកាយរបស់លោក។ គាត់តែងតែធ្វើសមាធិដើម្បីស្ងប់ស្ងាត់ផ្លូវអារម្មណ៍»

លោក កឹម សុខា មិនទាន់ចេញពីផ្ទះទៅជួបមហាជន ឬធ្វើដំណើរជាសាធារណៈម្ដងណាឡើយ បើទោះបីជា​​តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេសបាន ប៉ុន្តែ បាន​ហាម​ឃាត់​ការ​ធ្វើ​នយោបាយ។

ប្រភពស្និទ្ធនឹងលោក កឹម សុខា ម្នាក់ទៀតដែលសុំមិនប្រាប់ឈ្មោះ ដោយសារ​លោក​មិន​មាន​តួនាទី​ផ្ដល់​ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​នោះ បានឱ្យដឹងថា លោក កឹម សុខា បាន​ចំណាយពេលជាប់ឃុំ ដើម្បីអានសៀវភៅមួយចំនួនដែលពាក់ព័ន្ធនឹងទស្សនវិជ្ជា នយោបាយ ប្រវត្តិសាស្ដ្រ ព្រមទាំងតាមដានព័ត៌មានផង។

លោកថា៖ «កាលជាប់ឃុំនៅត្រពាំងផ្លុងហ្នឹង ខ្ញុំបានទទួលដំណឹងថា គាត់ហាត់ប្រាណ ចិញ្ចឹមមាន់ និងដាំបន្លែ។ ហើយគាត់ គាត់សមាធិជាប្រចាំ មិនដែនខានទេ។ ដល់មកជាប់ឃុំក្នុងផ្ទះ គាត់អានសៀវភៅ និងសមាធិជាប្រចាំទៀត»

ទន្ទឹមនឹងនេះដែរ រូបភាព ២សន្លឹក ដែលត្រូវផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក បាន​បង្ហាញ​សកម្មភាពរបស់លោក កឹម សុខា អង្គុយ​ និង​​​សម្លឹង​មើល​សៀវភៅ​ «ឧត្តមវិបស្សនា» សៀវភៅជាភាសាអង់គ្លេសមានចំណងជើងថា «Coalitions and Coalition Management» ឬ​ជា​ភាសា​ខ្មែរ​ថា «សម្ព័ន្ធភាព និង​ការ​គ្រប់​គ្រង​សម្ព័ន្ធភាព»

សៀវភៅ«ឧត្តមវិបស្សនា» គឺ​ជា​កម្រង​នៃ​សង្ឃដីការបស់​ព្រះតេជគុណ សំ ប៊ុនធឿន ដែល​បាន​សុគត ក្រោយ​ពី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារកាល​ពី​ឆ្នាំ​២០០៣។

ចំណែក​សៀវភៅ «សម្ព័ន្ធភាព និង​ការ​គ្រប់​គ្រង​សម្ព័ន្ធភាព» ដែលជាស្នាដៃសហការ​និពន្ធ​ដោយ​បណ្ឌិត Rainer Adam នាយក​នៃ​មូលនិធិ Friedrich Naumann និងលោក​ Sebastian Kwame Braun។ សៀវភៅ​នេះ រៀបរាប់​ពី​គុណ​តម្លៃនៃការសម្របសម្រួលនយោបាយក្នុងសង្គមប្រជាធិបតេយ្យ។

កាលពីឆ្នាំ២០១៧ លោកបានសម្រេច​ឃុំ​ខ្លួន​ឯង​នៅ​ក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយ​លោកបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងពេលឃុំខ្លួនឯងនោះថា ការប៉ុនប៉ងចាប់​ខ្លួនលោកនោះ នឹងមិនធ្វើឱ្យលោកចុះចាញ់ទេ។

លោក កឹម សុខា៖ «បើសិនខ្ញុំទៅចុះញ៉ម គេទិញខ្ញុំបាន គេសម្លុតខ្ញុំបាន បានន័យថា ខ្ញុំក្បត់ឆន្ទៈប្រជាពលរដ្ឋ តែខ្ញុំអត់ក្បត់ឆន្ទៈប្រជាពលរដ្ឋទេ ខ្ញុំធ្វើដើម្បីឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំស្គាល់ច្បាប់ធម្មជាតិគ្មានស្អីអមតៈទេ សូម្បីជីវិតខ្ញុំ ជីវិតអ្នកធ្វើបាបខ្ញុំក៏មិនស្ថិតស្ថេរអមតៈដែរ ខ្ញុំដឹងថា វាអត់អមតៈហ្នឹង តែខ្ញុំចង់ឱ្យប្រទេសខ្មែរអមតៈ»

អត្ថបទស្រាវជ្រាវមួយរបស់វិទ្យុបារាំងអន្តរជាតិ ដែលចេញផ្សាយនៅកាលពីដើមឆ្នាំ២០១៩ បានលើកឡើងថា សមាធិ គឺជាការផ្តល់ពេលវេលាឱ្យខ្លួនឯង អង្គុយ និងអង្កេតមើលស្ថានភាពអារម្មណ៍ ស្វែងរក ភាពស្ងប់ និងភាពធូរស្បើយ ឆ្ងាយពីភាពពុះកញ្ជ្រោល សំឡេង សម្ពាធពីថ្ងៃ។

លោក មុត ចន្ថា ប្រាប់វីអូឌីបន្ថែមថា លោកមិនដឹងច្បាស់ថា សមាធិផ្តល់ប្រយោជន៍អ្វីខ្លះទេ តែលោកគិតថា លោក កឹម សុខា ទំនងជាចង់ឱ្យមានស្មារតីរឹងមាំ និងទឹកចិត្តស្ងប់ ទើបធ្វើសមាធិជាប្រចាំបែបនេះ។

លោក កឹម សុខា ជាប់ពន្ធនាគារ ២លើករួច​មកហើយ បើគិតទាំងលើកចុងក្រោយនេះ។ លោកជាប់គុកដំបូងនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៥ ដោយការប្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។ ១៧ថ្ងៃ​ក្រោយមក លោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦ ក្រោយពីរដ្ឋាភិបាល​រងសម្ពាធពីសហគមន៍អន្តរជាតិ។

ចេញពីគុកភ្លាម លោក កឹម សុខា បានដឹកនាំក្បួនធម្មយាត្រាមួយរយៈពេលបីថ្ងៃ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកែច្បាប់​ឈប់កំណត់បទបរិហារកេរ្តិ៍ថា ជាទោសព្រហ្មទណ្ឌតទៅទៀត។ លោកចាប់ផ្តើមប្រឡូកក្នុងអាជីពនយោបាយវិញដោយបង្កើតគណបក្សសិទ្ធិមនុស្ស បន្ទាប់ពីធ្វើជាប្រធានអង្គការសង្គមស៊ីវិលអស់ជាច្រើនឆ្នាំ។

លោក កឹម សុខា កំពុងរង់ចាំសវនាកាលើសំណុំរឿង «សន្និដ្ឋិភាពជាមួយបរទេស» ឬក្បត់ជាតិ ដែលចៅក្រមស៊ើបសួរទើបតែបិទបញ្ចប់ការស៊ើបអង្កេតកាលពីថ្ងៃទី០២ ខែធ្នូ ហើយបន្តបញ្ជូនសំណុំរឿងនេះទៅចៅក្រមជំនុំជម្រះ ខណៈដែលចៅក្រមជំនុំជម្រះមិនទាន់ប្រកាសកាលបរិច្ឆេទនៃថ្ងៃសវនាការនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ