រដ្ឋាភិបាលកម្ពុជាសម្រេចទម្លាក់ប្រាក់៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទផ្ដល់កម្ចីដល់អ្នកប្រមូលទិញស្រូវ ដោយថា ដើម្បីរក្សាតម្លៃស្រូវរបស់កសិករ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥ ខែធ្នូ ធនាគារអភិវឌ្ឍន៍ជនបទ ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច បានបន្ថែមដើមទុនពីរាជរដ្ឋាភិបាលចំនួន៥០លានដុល្លារនេះ ដែលអាចប្រើប្រាស់ផ្ដល់កម្ចីបានចាប់ពីថ្ងៃទី៩ ខែធ្នូ ខាងមុខ។
ក្នុងសេចក្តីប្រកាសនោះលើកឡើងថា៖ «សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវបន្តប្រមូលទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្ដុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាអភិវឌ្ឍន៍ជនបទ»។
VOD មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បាននៅឡើយទេ។
ប្រធានសហព័ន្ធស្រូវអង្ករ លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា ទុន៥០លានដុល្លារនេះ អាចធ្វើឱ្យម្ចាស់រោងម៉ាស៊ីន និងអ្នកប្រមូលទិញអាចមានលទ្ធភាពប្រមូលទិញស្រូវពីពលរដ្ឋបាន ទោះជាយ៉ាងណាលោកថា អង្ករកម្ពុជាកំពុងជួបប្រទះបញ្ហាទីផ្សារនៅចុងឆ្នាំនេះ ដោយសារពុំសូវមានការបញ្ជាទិញ។
លោក សុង សារ៉ន មានប្រសាសន៍ថា៖ «ដូច្នេះហើយ បានជាយើងត្រូវការទុនដើម្បីទិញស្រូវស្ដុកទុកសិន។ ហើយយើងមានឃ្លាំងគ្រប់គ្រាន់ក្នុងការប្រមូលស្ដុកទុក ហើយសមត្ថភាពឡ ក៏យើងមានគ្រប់គ្រាន់ដែរ យើងខ្វះតែថវិកាទេ! ដូច្នេះ យើងនៅរង់ចាំទីផ្សារដែលនឹងអាចមាននៅត្រីមាសទី១ ឆ្នាំ២០២០ខាងមុខ ដែលយើងអាចឃើញទីផ្សារច្បាស់។ ហើយសមាជិកយើងក៏ខិតខំប្រឹងប្រែងទិញស្រូវពីកសិករតាមដែលអាចធ្វើទៅបាន»។
បន្ទាប់ពីផ្ទុះការតវ៉ាចាក់ស្រូវបិទផ្លូវដោយប្រជាកសិករនៅខេត្តបាត់ដំបង កាលពីឆ្នាំ២០១៦ ដោយសារតម្លៃស្រូវចុះថោកនោះ រដ្ឋាភិបាលបានទម្លាក់លុយជាបន្តបន្ទាប់ខ្ទង់រាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយទប់តម្លៃស្រូវដែលធ្លាក់ថ្លៃនេះ។ ទោះជាយ៉ាងណា ប្រជាកសិករដែលដាំដុះស្រូវនៅតែមិនទាន់ទទួលបានតម្លៃដែលពួកគេពេញចិត្តនៅឡើយ។
យោងតាមទិន្នន័យកាលពីថ្ងៃទី៤ ខែធ្នូ របស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្លែស្រូវផ្ការំដួលសើមនៅវាលស្រែ មានតម្លៃចន្លោះ៨៥០រៀល ដល់១២០០រៀលក្នុងមួយគីឡូក្រាម។
ពលរដ្ឋដាំស្រូវនៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកស្រី សោម អេង មានប្រសាសន៍ថា ស្រូវរំដួលក្នុងរដូវប្រមូលផលក្នុងឆ្នាំនេះ អាចលក់បាន១០៨០រៀលប៉ុណ្ណោះ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃផលិតជាខ្លាំង។ អ្នកស្រីបន្ថែមថា ដោយសារស្រូវមានតម្លៃទាប ដូច្នេះ អ្នកស្រីមិនលក់ចេញនោះទេ ព្រោះលក់មិនរួចដើម។
អ្នកស្រី សោម អេង អះអាងថា៖ «តម្លៃនេះ ខ្ញុំខាតច្រើនណាស់ បើលក់បាន១១៥០ឡើងទៅ វាគ្រាន់រួចថ្លៃដាក់ជីដាក់អីខ្លះ»។
ប្រជាកសិករនៅក្នុងឃុំកូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ អ្នកស្រី វ៉ាត់ សុភាព មានប្រសាសន៍ថាដោយសារបញ្ហាស្រូវមិនសូវមានតម្លៃក្នុងទីផ្សារនេះ ធ្វើឱ្យក្រុមគ្រួសារអ្នកស្រីឈប់ដាំស្រូវ ហើយងាកទៅដាំបន្លែផ្គត់ផ្គង់ជីវភាពវិញ។
អ្នកស្រី វ៉ាត់ សុភាព មានប្រសាសន៍ថា៖ «ព្រោះអីបន្លែដាំទៅឆាប់បានលុយ។ ខ្ញុំដាំដូចជាត្រសក់ សណ្ដែក ត្រប់ ត្រឡាច សម្រាប់បន្លែយើងខាតពេលតែពីរខែទេ ពេលដាំ និងពេលប្រមូលផល បើសិនបន្លែវាថោក តែយើងរហ័ស អាចផ្លាស់ប្ដូរបានលឿន មិនមែនដូចស្រូវ ដំឡូងអីបើថោកអីគឺយ៉ាប់ហើយ»។
អ្នកជំនាញសង្វាក់ផលិតកម្មកសិកម្ម លោក យ៉ង់ ប៉ាក់ មានប្រសាសន៍ថា ការបន្ថែមលុយជាង៥០លានដុល្លាររបស់រដ្ឋនេះ គ្រាន់តែអាចដោះស្រាយបានមួយផ្នែកប៉ុណ្ណោះ ខណៈលោកថា បញ្ហាដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជានៅតែចោទជាបញ្ហានោះ បណ្ដាលមកពីបញ្ហាទីផ្សារ និងគោលនយោបាយមិនទាន់ច្បាស់លាស់លើវិស័យនេះ។ លោកឱ្យជាយោបល់ថា រដ្ឋាភិបាលគួរតែបង្កើតឱ្យមានយន្តការធ្វើជាអ្នកសម្របសម្រួលរវាងធនាគារឯកជនជាមួយវិស័យឯកជនផ្នែកស្រូវអង្ករ ខណៈបើកទីផ្សារឱ្យធំជាងនេះបន្ថែមទៀត។
លោកថា៖ «ទីមួយ ជួយសម្របសម្រួលបច្ចេកទេស (រដ្ឋ) ដើរតួរជានិយ័តករ ទីពីរសម្របសម្រួលហិរញ្ញវត្ថុ ទីបី សម្របសម្រួលទីផ្សារ ធ្វើតែបីហ្នឹងបានគឺការងារក៏មិនលំបាក មិនជាស្មុគស្មាញប៉ុន្មានទេ។ កាលណានិយាយអំពីអ្នកសម្របសម្រួល មានន័យថា រដ្ឋាភិបាលដើរតួរជានិយ័តករតាមផ្លូវច្បាប់ហើយ រៀបចំច្បាប់យ៉ាងម៉េចឱ្យមានអ្នកវិនិយោគទៅវិស័យហ្នឹងឱ្យខ្លាំង រៀបចំច្បាប់យ៉ាងមិចឱ្យប្រតិបត្តិករផ្នែកទីផ្សារអីហ្នឹងធ្វើឱ្យបានល្អទៅ។ យើង(កម្ពុជា)ធ្វើបានល្អហើយ តែនៅត្រូវការជជែកបន្ថែមជាច្រើនទៀត»។
បើតាមអង្គភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជា ប្រទេសកម្ពុជាអាចផលិតស្រូវបានជាង១០លានតោនក្នុងមួយឆ្នាំ។ ប្រទេសនេះត្រូវការតែជាង៤លានតោនប៉ុណ្ណោះដើម្បីចិញ្ចឹមពលរដ្ឋ ខណៈជាង៥លានតោនត្រូវបានប្រទេសជិតខាងនាំគ្នាចូលមកទិញពីកសិករ ហើយការនាំចេញអង្ករទៅអន្តរជាតិដោយក្រុមហ៊ុនឯកជនក្នុងស្រុកមានចន្លោះតែ ពី៥០ម៉ឺន ទៅជាង៦០ម៉ឺនតោនប៉ុណ្ណោះ។
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៨ បានជាង ៦២ម៉ឺនតោន ដោយបានធ្លាក់ចុះចំនួន ១,៥ភាគរយ បើធៀបនឹងទំហំនៃការនាំចេញអង្ករជាង ៦៣ម៉ឺនតោន កាលពីឆ្នាំ២០១៧ ដោយឡែកការនាំចេញក្នុងរយៈពេល១១ខែ នៃឆ្នាំ២០១៩ មានជាង ៥១ម៉ឺនតោន៕









