ធនាគារអភិវឌ្ឍន៍ជនបទ ទទួលសំណើកម្ចីលុយពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកទិញស្រូវក្នុងទំហំកម្ចីជាង ៤លានដុល្លាររួចមកហើយ បន្ទាប់ពីរដ្ឋទម្លាក់លុយ ៥០លានដុល្លារដល់ធនាគារកាលពីចុងសប្ដាហ៍មុន។
កាលពីថ្ងៃទី៥ ខែធ្នូ ក្រសួងសេដ្ឋកិច្ច បានបន្ថែមដើមទុនពីរដ្ឋាភិបាលចំនួន ៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់កម្ចីដល់ឈ្មួញទិញស្រូវ ក្នុងគោលដៅដើម្បីទប់ទល់នឹងតម្លៃស្រូវកុំឱ្យធ្លាក់ថ្លៃ ដែលអាចអនុញ្ញាតឱ្យផ្ដល់កម្ចីបានចាប់ពីថ្ងៃទី៩ ខែធ្នូនេះតទៅ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច ឱ្យវីអូឌីដឹងថា លោកទើបទទួលបានសំណើនៅថ្ងៃនេះដែលមានច្រើននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលលោកថា លុយទាំងនោះនឹងត្រូវទម្លាក់ទៅឱ្យអ្នកស្នើសុំកម្ចីក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត។
លោក កៅ ថាច ប្រាប់ថា៖ «ទើបតែប្រាំក្រុមហ៊ុនទេដែលទើបតែដាក់ពាក្យស្នើសុំព្រឹកមិញ។ ខ្ញុំទើបតែស៊ីញ៉េព្រឹកមិញដែរ ដែលជាទូទៅក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទេ នៅពេលរាប់ស្ដុក [រាប់ស្រូវក្នុងឃ្លាំង] ហើយយើងទម្លាក់ហើយ»។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែធ្នូ សហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្មដែលមានលទ្ធភាព មានឃ្លាំងផ្ទុកស្រូវបន្ថែម ឱ្យធ្វើការទាក់ទងជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានឥណទានសម្រាប់ទិញស្រូវបន្ថែមពីកសិករ ខណៈអំពាវនាវដល់កសិករឱ្យទាក់ទងដល់រោងម៉ាស៊ីនកិនស្រូវនៅក្បែរទីតាំងខ្លួន ដើម្បីលក់ផងដែរ។
យោងតាមសហព័ន្ធស្រូវអង្ករ គិតត្រឹមថ្ងៃ៦ ខែធ្នូ តម្លៃស្រូវផ្ការំដួលសើមនៅវាលស្រែ មានតម្លៃចន្លោះពី ៩៤០ ដល់ ១១៨០រៀលក្នុងមួយគីឡូ ខណៈស្រូវផ្កាម្លិះមានតម្លៃចន្លោះពី ១៥០០ ដល់ ១៧៥០រៀល។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន មានប្រសាសន៍ប្រាប់ VOD ថា បញ្ហាដែលធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាមិនទាន់មានតម្លៃថ្លៃ ដោយសារមិនសូវមានអ្នកបញ្ជាទិញនៅចុងឆ្នាំនេះ តែលោកបញ្ជាក់ថា ការទម្លាក់លុយរបស់រដ្ឋបន្ថែមនេះ នឹងធ្វើឱ្យកម្ពុជាអាចរក្សាតម្លៃស្រូវដល់ពលរដ្ឋខ្លួនបាន។
លោក សុង សារ៉ន ប្រាប់៖ «ដូច្នេះហើយ បានជាយើងត្រូវការទុនដើម្បីទិញស្រូវស្ដុកទុកសិន។ ហើយយើងមានឃ្លាំងគ្រប់គ្រាន់ក្នុងការប្រមូលស្ដុកទុក ហើយសមត្ថភាពឡ ក៏យើងមានគ្រប់គ្រាន់ដែរ យើងខ្វះតែថវិកាទេ! ដូច្នេះ យើងនៅរង់ចាំទីផ្សារដែលនឹងអាចមាននៅត្រីមាសទី១ ឆ្នាំ២០២០ខាងមុខ ដែលយើងអាចឃើញទីផ្សារច្បាស់។ ហើយសមាជិកយើងក៏ខិតខំប្រឹងប្រែងទិញស្រូវពីកសិករតាមដែលអាចធ្វើទៅបាន»។
អ្នកជំនាញសង្វាក់ផលិតកម្មកសិកម្ម លោក យ៉ង់ ប៉ាក់ មានប្រសាសន៍ថា ប្រាប់ VOD កាលពីចុងសប្ដាហ៍មុនថា ការបន្ថែមលុយជាង ៥០លានដុល្លាររបស់រដ្ឋនេះ គ្រាន់តែអាចដោះស្រាយបានមួយផ្នែកប៉ុណ្ណោះ ខណៈលោកថា បញ្ហាដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជានៅតែចោទជាបញ្ហានោះ បណ្ដាលមកពីបញ្ហាទីផ្សារ និងគោលនយោបាយមិនទាន់ច្បាស់លាស់លើវិស័យនេះ។ លោកឱ្យជាយោបល់ថា រដ្ឋាភិបាលគួរតែបង្កើតឱ្យមានយន្តការធ្វើជាអ្នកសម្របសម្រួលរវាងធនាគារឯកជន និងវិស័យឯកជនផ្នែកស្រូវអង្ករ ខណៈបើកទីផ្សារឱ្យធំជាងនេះបន្ថែមទៀត។
លោកថា៖ «កាលណានិយាយអំពីអ្នកសម្របសម្រួល មានន័យថា រដ្ឋាភិបាលដើរតួជានិយ័តករតាមផ្លូវច្បាប់ ហើយរៀបចំច្បាប់យ៉ាងម៉េចឱ្យមានអ្នកវិនិយោគទៅវិស័យហ្នឹងឱ្យខ្លាំង រៀបចំច្បាប់យ៉ាងម៉េចឱ្យប្រតិបត្តិករផ្នែកទីផ្សារអីហ្នឹងធ្វើឱ្យបានល្អទៅ។ យើងធ្វើបានល្អហើយ តែនៅត្រូវការជជែកបន្ថែមជាច្រើនទៀត»។
បើតាមអង្គភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជា ប្រទេសកម្ពុជាអាចផលិតស្រូវបានជាង ១០លានតោនក្នុងមួយឆ្នាំ។ ប្រទេសនេះត្រូវការតែជាង ៤លានតោនប៉ុណ្ណោះដើម្បីចិញ្ចឹមពលរដ្ឋ ខណៈជាង ៥លានតោន ត្រូវបានប្រទេសជិតខាងនាំគ្នាចូលមកទិញពីកសិករ ហើយការនាំចេញអង្ករទៅអន្តរជាតិដោយក្រុមហ៊ុនឯកជនក្នុងស្រុកមានចន្លោះតែពី ៥០ម៉ឺន ទៅជាង ៦០ម៉ឺនតោនប៉ុណ្ណោះ៕









