បណ្ដឹង​លើ​​​អតីត​អ្នក​កាសែត​ដេលី​ពីរ​រូប​​ នឹង​ត្រូវ​តុលាការ​ខេត្ត​រតនគិរី​​ជំនុំ​ជម្រះ​​​នៅ​ថ្ងៃ​បុណ្យ​ណូអែល

លោក អូន ភាព អតីតអ្នកយកព័ត៌មាន ខេមបូឌា ដេលី នៅតុធ្វើការរបស់លោកនៅក្នុងបន្ទប់ព័ត៌មាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (Ben Woods)

មេធាវី និង​ក្រឡា​បញ្ជី​នៃ​តុលាការ​ខេត្ត​រតនគិរី បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​ថា សវនាការ​ជំនុំ​ជម្រះ​ក្ដី​ជា​លើក​ដំបូង​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ ២​រូប​របស់​សារព័ត៌មាន​ ខេមបូឌា ដេលី ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ ពោល​គឺ​ជាង ២​ឆ្នាំ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ជុំ​វិញ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ខេត្ត​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ​ឆ្នាំ​២០១៧។

ក្រុម​អ្នក​ការពារ​អ្នក​កាសែត និង​ក្រុម​សិទ្ធិ​មនុស្ស បាន​ហៅ​ករណី​នេះ​ថា ជា​សេចក្ដី​សម្រេច «បង្កាច់​បង្ខូច» និង «មិន​សម​ហេតុផល» ដែល​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​ព្រួយ​បារម្ភ និង​កម្រិត​លើ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​នេះ។

អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម ២​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ បាន​និយាយ​ថា ករណី​នេះ«គ្មាន​មូលដ្ឋាន​ទាំង​ស្រុង» ដែល​កើត​ចេញ​ពី​បណ្ដឹង​តាម​ផ្លូវ​តុលាការ​មួយ​ធ្វើ​ឡើង​ដោយ​បុគ្គលិក​ម្នាក់​ និង​មនុស្ស ២​នាក់​ទៀត ដែល​ពួកគេ​បាន​សម្ភាស ហើយ​ក្រោយ​មក​ក្លាយ​ជា​មេ​ឃុំ។

ក្រឡា​បញ្ជី​សាលា​ដំបូង​​ខេត្ត​រតនគិរី លោក អ៊ឹម សារ៉ាត់ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​សុក្រ​ថា សវនាការ​ជំនុំ​ជម្រះ​អតីត​អ្នកយក​ព័ត៌មាន​របស់​សារព័ត៌មាន ​ខេមបូឌា ដេលី នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាថ៌»​នោះ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

លោក សារ៉ាត់ បាន​និយាយ​បន្ត​ថា តុលាការ​នឹង​ចេញ​ដីកា​នៅ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍ ដើម្បី​កោះ​ហៅ លោក អូន ភាព អតីត​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ ខេមបូឌា ដេលី និង​លោក Zsombor Peter អតីត​ការីនិពន្ធ​របស់​កាសែត​ ខេមបូឌា ដេលី ផង​ដែរ។

លោក អូន ភាព អាយុ ៥៥​ឆ្នាំ និង​លោក Peter អាយុ ៤១​ឆ្នាំ ដែល​សុទ្ធ​តែ​ជា​អ្នក​កាសែត​ឈ្នះ​ពាន​រង្វាន់​ ហើយ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា​នោះ ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ។

កាសែត​ ខេមបូឌា ដេលី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​នោះ ត្រូវ​បាន​បិទ​ទ្វារ​នៅ​ឆ្នាំ​២០១៧​កន្លង​មក ក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​ ចំពេលមាន​ការ​បង្ក្រាប​យ៉ាង​ទូលំទូ​លាយ​ពី​អាជ្ញាធរ​ទៅលើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល។

លោក សេក សុភ័ណ្ឌ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នកសារព័ត៌មាន​ទាំងពីរ បាន​និយាយ​ថា លោក​ទទួល​បាន​ដំណឹង​នៅ​ដើម​សប្ដាហ៍​នេះ​ អំពី​ការ​កំណត់​ថ្ងៃ​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ នៅ​ឯ​សាលា​ដំបូង​ខេត្ត​រតនគិរី ប៉ុន្តែ លោក​មិន​ទាន់​ទទួល​បាន​​ដីកា​របស់​តុលាការ​បញ្ជាក់​អំពី​សវនាការ​នេះ​នៅ​ឡើយ​ទេ។

លោក សុភ័ណ្ឌ ប្រាប់​ថា​៖ «ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ដីកា ខ្ញុំ​នឹង​ចូលរួម។ តុលាការ​ថា ពួកគេ​នឹង​ចេញ​ដីកា​កោះ​អញ្ជើញ»

លោក សុភ័ណ្ឌ បាន​និយាយ​ថា កូន​ក្ដី​របស់​លោក គឺ​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំហុស ហើយ​លោក​បាន​ស្នើ​ទៅ​តុលាការ​ខេត្ត​រតនគិរី​ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មួយ​នេះ ដោយសារ​គ្មាន​ភស្តុតាង។

លោក សុភ័ណ្ឌ ប្រាប់​វីអូឌី​ថា​៖ «មិន​មាន​ការ​ញុះ​ញង់ មិន​មាន​ផល​ជះ គ្មាន​អ្នក​រង​គ្រោះ គ្មាន​អ្វី​ទេ។ គ្មាន​បទ​ល្មើស​ក្នុង​ហ្នឹង​ទេ»

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក លោក Peter បាន​ហៅ​ករណី​នេះ​ថា «គ្មាន​មូលដ្ឋាន​ទាំង​ស្រុង» ហើយ​លោក​ថា បណ្ដឹង​ប្រឆាំង​រូប​លោក និង​លោក អូន ភាព គួរ​ត្រូវ​បាន​បោះ​ចោល​ នៅ​ពេល​គ្មាន​ពន្លឺ​នៃ​ភស្តុតាង ឬ​ភាព​គួរ​ឱ្យ​ជឿជាក់បាន។

លោក Peter បាន​និយាយ​តាម​អ៊ីម៉ែល​ថា​៖ «យើង​ជា​អ្នក​សារព័ត៌មាន​​សាក​សួរ​ទៅ​អ្នក​បោះ​ឆ្នោត​ឱ្យ​ចែក​រំលែក​នូវ​ការ​យល់​ឃើញ​របស់​ពួកគេ​អំពី​ការ​បោះ​ឆ្នោត​ដែល​ប្រុង​មក​ដល់។ មិន​មាន​អ្វី​ល្មើស​​ទេ»

ការ​ចោទ​ប្រកាន់​នេះ បាន​កើត​ឡើង​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ពេល​លោក Peter និង​លោក ភាព ធ្វើ​ដំណើរ​ទៅ​ឃុំ​ប៉ាតេ ខេត្ត​រតនគិរី ជា​ឃុំ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​មួយ​នេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ​កាល​ពី​ឆ្នាំ​២០១២​នោះ​ឡើយ។

លោក Peter បាន​និយាយ​ថា ពួក​លោក​បាន​ចំណាយ​ពេល​ជិត ១​ថ្ងៃ​ មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ខែ​មិថុនា ឆ្នាំ​២០១៧ ដើម្បី​ព្យាយាម​ស្វែង​រក​ចម្លើយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​សួរ​ថា ហេតុអ្វី​បាន​ជា​មាន​តែ​ឃុំ​ប៉ាតេ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ឃុំ-សង្កាត់​ចំនួន ៥០​នៅ​ក្នុង​ខេត្ត​នេះ បាន​ជ្រើស​រើស​មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​ [សម រង្ស៊ី] ឬ​ [សិទ្ធិ​មនុស្ស] ​កាល​ពី ៥​ឆ្នាំ​មុន និង​សំណួរ​សួរ​ថា តើ​ប្រជាជន​ក្នុង​មូលដ្ឋាន​យល់​ដូចម្ដេច​អំពី​គណបក្ស​ធំៗ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោតមក​ដល់។

លោក Peter បាន​ប្រាប់​វីអូឌី​ថា ពួក​លោក​បាន​រៀបចំ​ពេល​វេលា​សម្រាប់​សម្ភាស​ជា​មុន​ជាមួយ​លោក រម៉ាំ យ៉ុត មេ​ឃុំ​ប៉ាតេ​កូតតា​គណបក្ស​ សម រង្ស៊ី ដែល​ស្ថិត​ក្នុង​ចំណោម​បុរស ៣​នាក់​ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​យក​ព័ត៌មាន ហើយ​ក៏​បាន​និយាយ​ជាមួយ​ប្រជាជន​មូលដ្ឋាន​ជាច្រើន​រូប​ទៀត​តាម​លក្ខណៈ​ចៃដន្យ​ផង​ដែរ។

លោក សេវ ប៊ន ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្ដឹង ៣​រូប បាន​ទៅ​សម្ភាស​ជាមួយ​លោក យ៉ុត។ អ្នកសារព័ត៌មាន​ទាំង ២​រូប មិន​មាន​ចេតនា​សម្ភាស​ជាមួយ​គាត់​ទេ ប៉ុន្តែ នៅ​ពេល​ពួកគេ​សួរ​លោក យ៉ុត ថាហេតុ​អ្វី​បាន​ជា​ឃុំ​ប៉ាតេ គឺ​ជា​ឃុំ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​រតនគិរី​ដែល​គណបក្ស​កាន់​អំណាច​មិន​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០១២​នោះ លោក ប៊ន បាន​​និយាយ​កាត់។ លោក Peter បាន​និយាយ​ថា ពួកគេ​បាន​សួរ​លោក ប៊ន ថាហេតុអ្វី​បាន​ជា​លោក​ទៅ​ទីនោះ ហើយ​ហេតុ​អ្វី​បាន​ជា​លោក​រំខាន​កិច្ច​សម្ភាស​របស់​ពួកគេ។

លោក Peter បាន​សរសេរ​រៀបរាប់​បន្ត​ថា​៖ «បន្ទាប់​ពី​លោក សេវ ប៊ន ទទូច​ឱ្យ​យើង​បញ្ឈប់​កិច្ច​សម្ភាស​របស់​យើង​ជាមួយ​លោក រ៉ម៉ាំ យ៉ុត នោះ លោក យ៉ុត ក៏​ឈប់​និយាយ ​លើក​ទូរស័ព្ទ ហើយ​ក៏​ចាក​ចេញ​ពី​សាលា​ឃុំ។ លោក សេវ ប៊ន ក៏​បាន​ចាក​ចេញ​ទៅ​ដំណាល​គ្នា​ផង​ដែរ។ បន្ទាប់​មក ភាព និង​ខ្ញុំ ក៏​បាន​ចាក​ចេញ​ពី​សាលា​ឃុំ​ដែរ ហើយ​បន្ត​ការងារ​រាយការណ៍​ព័ត៌មាន​របស់​យើង​នៅ​ឃុំ​ប៉ាតេ»

លោក Peter និង​លោក ភាព ក៏​បាន​រៀបរាប់​លម្អិត​អំពី​ករណី​នេះ​នៅ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ខេមបូឌា ដេលី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧​ផង​ដែរ ដែល​និយាយ​អំពី​លទ្ធផល​នៃ​ដំណើរ​ចុះ​យក​ព័ត៌មាន​របស់​ពួកគេ។

អត្ថបទ​នោះ ចុះ​ផ្សាយ​ថា​៖ «លោក ប៊ន បាន​និយាយ​ថា លោក​គ្មាន​តួនាទី​ផ្លូវការ​ទេ ប៉ុន្តែ ចៅហ្វាយ​ខេត្ត​រតនគិរី លោក ថង សាវុន បាន​បញ្ជូន​រូប​លោក​ឱ្យ​ទៅ​នាំ​មេ​ឃុំ»។ លោក ថង សាវុន គឺ​ជា​ក្មួយ​ប្រុស​លោក ប៊ូ ឡាំ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​លោក ប៊ូ ថង សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​ផង​ដែរ។

លោក ប៊ន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា​៖ «គេ​ឱ្យ​ខ្ញុំ​មក​ជាមួយ​គាត់​ដើម្បី​ស្ដាប់ ហើយ​ប្រសិន​បើ​និយាយ​ពាក់​ព័ន្ធ​នឹង​នយោបាយ គេ​ឱ្យ​ខ្ញុំ​​តម្រូវ​ឱ្យ​បញ្ឈប់​កិច្ច​សម្ភាស»

អត្ថបទ​នោះ បាន​ចុះ​ផ្សាយ​បន្ត​ថា បន្ទាប់​មក​នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ លោក យ៉ុត លោក ប៊ន និង​បុរស​ទី​៣​ឈ្មោះ រំចំ យី បាន​ដាក់​បណ្ដឹង​មួយ​ទៅ​អភិបាល​ស្រុក ដែល​បាន​បញ្ជូន​បណ្ដឹង​នោះ​ទៅ​គណៈកម្មការ​បោះ​ឆ្នោត​ឃុំ ដោយ​ចោទ​លោក Peter និង​លោក ភាព ថាធ្វើ​ដំណើរ​ទៅ​ទីនោះ​ជាមួយ «ចេតនា​អាក្រក់» និង​បាន​«ញុះញង់​ប្រជាជន»

ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​ទៀត​ថា ពេល​ក្រោយ​មក បុរស​ទាំង​បី​នាក់​នោះ បាន​ដក​បណ្ដឹង​របស់​ពួកគេ​ពី​គណៈកម្មការ​បោះ​ឆ្នោត​ឃុំ​វិញ។ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ ពួកគេ​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​រតនគិរី ដោយ​ចោទ​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ​ពី​បទ «ញុះញង់» និង«គំរាម​កំហែង»

លោក Peter បាន​ប្រាប់​វីអូឌី​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​តាម​ដាន​លោក និង​លោក ភាព ខណៈ​ដែល​ពួកគេ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ឃុំ​ប៉ាតេ អំពី​ករណី​ពីរ​ដាច់​ដោយ​ឡែក។ អាជ្ញាធរ​បាន​សួរ​អ្នក​កាសែត​ទាំង​ពីរ​ថា ពួកគេ​កំពុង​ធ្វើ​អ្វី ហើយ​បន្ទាប់​មក​បាន​ចាក​ចេញ​ទៅ​វិញ បន្ទាប់​ពី​អ្នកកាសែត​ទាំង​ពីរ​បាន​ប្រាប់​ទៅ​ពួកគេ។ អាជ្ញាធរ​ពុំ​បាន​ជំទាស់​អ្វី​នោះ​ឡើយ ហើយ​អ្នក​កាសែត​ទាំង​ពីរ​បន្ត​ការងារ​របស់​ពួកគេ។

ប៉ុន្តែ កាសែត​ ខេមបូឌា ដេលី បាន​រាយការណ៍​នា​ពេល​នោះ​ថា អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប ត្រូវ​បាន​តុលាការ​កោះ​ហៅ​នៅ​ក្នុង​ខែ​កក្កដា ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ និង​តម្រូវ​ឱ្យ​ចូល​បំភ្លឺ​​នៅ​ខែ​សីហា។

លោក​មេធាវី​ សេក សុភ័ណ្ឌ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​មិន​ដែល​ទទួល​បាន​​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវការ​ថា ដំណើរការ​ស៊ើប​អង្កេត​របស់​តុលាការ​បាន​បិទ​បញ្ចប់​នោះ​ទេ។ លោក​បាន​ដឹង​អំពី​រឿង​នេះ​កាល​ពី​ខែ​តុលា​កន្លង​មក បន្ទាប់​ពី​បាន​ទូរសព្ទ​សាក​សួរ​បន្ថែម​ទៅ​ក្រឡា​បញ្ជី។

លោក សុភ័ណ្ឌ គឺ​ជា​អ្នក​ប្រឹក្សា​ច្បាប់​សម្រាប់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អង្គការ​​អាណាព្យាបាល​លើ​​វីអូឌី។ អតីត​បុគ្គលិក​កាសែត​ ខេមបូឌា ដេលី ៤​រូប ដែល​ជា​សហការី​របស់​លោក ភាព និង​លោក Peter មាន​ទាំង​អ្នក​សរសេរ និង​ការី​និពន្ធ​នៃ​អត្ថបទ​នេះ​ផងដែរ បម្រើ​ការងារ​នៅ​វីអូឌី​ផង​ដែរ។

«ហ៊ាន​និយាយ​ការពិត»

នៅ​ក្នុង​អត្ថបទ​និយាយ​ពី​ប្រវត្តិ​របស់​លោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក លោក ភាព បាន​រៀបរាប់​ថា លោក​ជឿ​ជាក់​ថា បណ្ដឹង​ប្រឆាំង​នឹង​រូប​លោក គឺ​ជា​ចេតនា​នយោបាយ​ដើម្បី​បំបាត់​សំឡេង​លោក​ដោយសារ​តែ​លោក​ធ្លាប់​រាយការណ៍​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នា​ពេល​កម្លង​មក ដែល​អត្ថបទ​នោះ លោក និង លោក Peter ទទួល​បាន​ពាន​រង្វាន់។

លោក ភាព និយាយថា៖ «វាមិនមែនដោយសារតែការរាយការណ៍​អំពី​ការបោះឆ្នោតឃុំ-សង្កាត់នោះទេ ប៉ុន្តែ ដោ​យ​សារតែការ​រាយការណ៍អំពីកាប់ឈើខុសច្បាប់។ យើងតែងតែរាយការណ៍អំពីឈ្មោះអាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធនឹង​បទល្មើ​ស​។ នេះសបញ្ជាក់ថា ពួកគេមិនដែលបញ្ឈប់បទល្មើលនោះទេ​ ហើយពួកគេក៏បានផ្តល់ការការពារដល់ក្រុ​ម​អ្នកកាប់ឈើ និងឈ្មួញឈើ។ ពួកគេខឹងដោយសារតែមូលហេតុនេះ»

លោក ភាព ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃសុក្រ។

អ្នកកាសែតកាណាដា លោក Peter ដែលបានធ្វើការឱ្យកាសែត​ ខេមបូឌា ដេលី អស់រយៈពេល ៨ឆ្នាំ បានឱ្យដឹងថា លោកបានចាកចេញពីប្រទេសកម្ពុជានៅខែតុលា ឆ្នាំ២០១៧។ លោកបន្តថា លោកបន្តធ្វើការជាអ្នកកាសែតម្នាក់ដែលសរសេរព័ត៌មានផ្ដោត​លើ​តំបន់អាស៊ីអាគ្នេយ៍។

អតីតកាសែត​ ខេមបូឌា ដេលី បានចេញ​ផ្សាយ​កាសែតលេខចុងក្រោយរបស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់កាសែតនេះ រងការព្រមានពីលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ឱ្យបង់ពន្ធ ៦.៣លានដុល្លារ «បើមិនដូច្នេះទេ ត្រូវតែវេចបង្វិចចេញ»

ទោះយ៉ាងណា ពីរឆ្នាំក្រោយមក លោក ហ៊ុន សែន បានលើកឡើងនៅក្នុងលិខិតមួយចេញនៅថ្ងៃព្រហស្បតិ៍​ថា លោ​ក​​ចាត់ទុកសារព័ត៌មាន គឺជាដៃគូរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកិច្ចខំប្រឹងប្រែងដើម្បីកែទម្រង់ច្បាប់ និងតុលាការ។

លោក​នាយករដ្ឋមន្រ្តីដែលកាន់អំណាចដ៏យូររូបនេះ បានសរសេរនៅក្នុងលិខិតនោះថា៖ «រដ្ឋាភិបាលពិតជាត្រូវការប្រ​ព័​ន្ធផ្សព្វផ្សាយដែលមានថាមពល និងភាពទទួលខុសត្រូវ ជាមួយភាពស្មោះត្រង់ និងវិជ្ជាជីវៈ។ អ្នករាយការណ៍ព័​ត៌មានរ​បស់យើង ត្រូវតែស្តាប់សំឡេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយហ៊ាននិយាយការពិត និងហ៊ានរិះគន់ក្នុងន័យស្ថាបនា»

កាសែត​ ខេមបូឌា ដេលី ដែលមាន​ស្លោក​របស់​ខ្លួន​ថា «រាល់ដំណឹងទាំងអស់គ្មានការភ័យខ្លាច ឬលម្អៀង»​នោះ ត្រូវបានគេស្គាល់ថា សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតនេះ មានភាព​ស៊ី​ជម្រៅ​​ទៅលើប្រធានបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរបស់រដ្ឋាភិបាល ការរំលោភបំពានសិទ្ធិ និងការបំផ្លិចបំផ្លាញបរិស្ថាន។

ម្ចាស់កាសែតនេះ បានរក្សាវត្តមានរបស់ខ្លួនលើបណ្តាញអនឡាន ដោយការចេញផ្សាយព័ត៌មានប្រចាំថ្ងៃអំពីកម្ពុជា ជាភា​សាខ្មែរ និងអង់គ្លេស ដែលព័ត៌មានទាំងនោះ ភាគច្រើនប្រមូលមកពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដទៃ។

កាសែតនេះ បានបញ្ឈប់ការបោះពុម្ពផ្សាយប្រតិបត្តិលេខ​ចុងក្រោយរបស់ខ្លួន នៅមួយថ្ងៃក្រោយប្រធានគណបក្សប្រ​ឆាំ​ង លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្រោមបទចោទ«អំពើក្បត់ជាតិ» ដែលនាំឱ្យមានការរិះគន់យ៉ាងផុសផុល។ លោក សុខា បានបដិសេធការចោ​ទ​ប្រកាន់នេះ។ តុលាការក្រុងភ្នំពេញបានប្រកាសនៅសប្តាហ៍នេះថា លោកនឹងប្រឈមមុខការជំនុំជម្រះទោស ទោះបីកាលបរិច្ឆេទបើកសវនការរបស់លោកមិនទាន់ត្រូវបានប្រកាស។

«ការប៉ុនប៉ងគំរាមកំហែងអ្នកកាសែត»

ក្រុមអង្គការសិទ្ធិ​មនុស្ស និងអ្នកតស៊ូមតិផ្នែកសារព័ត៌មាន បាននិយាយថា បទចោទប្រកាន់​ប្រឆាំងនឹងលោក Peter និង លោក ភាព គឺ«ក្លែងក្លាយ ធ្វើឡើងដោយគ្មានភស្តុតាងច្បាស់លាស់ និងប្រឌិតឡើងទាំងស្រុង»

ក្រុម​អង្គការ និងអ្នក​តស៊ូ​មតិទាំងនោះ បាន​និយាយ​ថា ពួកគេគ្រាន់តែធ្វើការងាររបស់ពួកគេជាអ្នកកាសែត។ ពួកគេម្នាក់បានលើកឡើងថា គ្មានអ្វីសង្ស័យឡើយដែលរដ្ឋាភិបាលបានចាត់ទុកពួកគេជាគោលដៅរបស់ខ្លួន ដោយសារតែពួកគេទាំងពីរ រាយការណ៍រឿងរ៉ាវស៊ើបអង្កេតពាក់ព័ន្ធរឿងអាស្រូវ និងអំពើពុករលួយរបស់មូលដ្ឋានទូទៅមួយ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson និយាយថា ការស៊ើបអង្កេតរបស់ពួកគេទៅលើកាសែត Daily បានបង្ហាញពីការកាប់ឈើខុសច្បាប់ និងការនាំចេញឈើចេញទៅប្រទេសវៀតណាម រួមទាំងអំពើពុករលួយគ្រប់កម្រិតរបស់រដ្ឋបាលខេត្តរតនគិរី។

លោកនិយាយថា៖ «មន្រ្តីមូលដ្ឋានមានការជំរុញជាក់លាក់មួយក្នុងការព្យាយាមប្រឌិតបទចោទប្រកាន់ក្លែងក្លាយ និងគ្មានភស្តុតាងច្បាស់លាស់»

លោកនិយាយបន្តថា៖ «ករណីនេះ មានការផ្សំគំនិតរវាងអាជ្ញាធរមូលដ្ឋានដែលមិនចង់ឱ្យអ្នករាយការណ៍ព័ត៌មានស៊ើបអង្កេ​តជជីកសួរជុំវិញអ្វីដែលបានកើតឡើងនៅជុំវិញមូលដ្ឋានរបស់ពួកគេ និងមន្រ្តីរដ្ឋាភិបាលថ្នាក់ជាតិដែលមិនចូលចិត្តសេចក្តីរាយការ​ណ៍ណាមួយដែលអាចធ្វើឡើងគាំទ្រទៅដល់គណបក្សប្រឆាំង CNRP នៅក្នុងខេត្ត»

ប្រធាន​ការិយាល័យតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​នៃ​អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន លោក Daniel Bastard លើកឡើងថា៖ «ករណីនេះអាចនឹងប៉ះពាល់ដល់ការអនុវត្តសិទ្ធិត្រួតពិនិត្យដោយខ្លួនឯងកាន់តែធំក្នុងចំណោមក្រុមអ្នកសារព័ត៌​មាន ដែលធ្វើឱ្យការរាយការណ៍ព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជាត្រូវការភាពក្លាហានកាន់តែខ្លាំងឡើងថែមទៀត»

លោក Bastard បន្ថែមថា៖ «ដំណើរការក្លែងបន្លំនេះ គឺច្បាស់ណាស់ជាវិធីសម្រាប់បក្សពួកលោក ហ៊ុន សែន កត់ចំណាំអ្នកសារព័ត៌មានដែលអាចជាអ្វីដែលពួកគេប្រថុយប្រថាន បើពួកគេហ៊ានរាយការណ៍ដោយឯករាជ្យ»

នាយកប្រតិបត្តិសម្ព័ន្ធអ្នកកាសែតកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា លោកឡើងថា លោក Peter និង អូន ភាព ត្រូវបានគេចាត់ទុកជាមុខសញ្ញា ដោយសារតែពួកគេទាំងពីរនាក់ទៅដល់ទីតាំងមុនពេលបោះឆ្នោតដើម្បី «រាយការណ៍រឿងរ៉ាវពិត ដូច្នេះ ពួកគេនឹងបង្ហាញការពិត»

លោក ម៉ៃ ទិត្យថារ៉ា និយាយថា៖ «មន្រ្តីរដ្ឋាភិបាលមិនចង់ឃើញដូច្នោះទេ។ សវនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីគំរាមកំហែងអ្នកកាសែតដែលកំពុងធ្វើការ។ ពួកគេនឹងខ្លាចក្នុងការធ្វើសេចក្តីរាយការណ៍អំពីរឿងរ៉ាវរសើបៗ»

លោក ទិត្យថារ៉ា និយាយបន្ថែមថា៖ «ខ្ញុំចង់ឃើញតុលាការធ្វើការតាមវិជ្ជាជីវៈរបស់ពួកគេដើម្បីស្វែងរកយុត្តិធម៌សម្រាប់អ្នកកាសែតទាំងពីររូបនោះ មិនត្រឹមគ្រាន់តែធ្វើសេចក្តីសម្រេចចិត្តដោយគ្មានភស្តុតាងណាមួយនោះទេ»



ប្រែសម្រួល៖ សូរ្យ ជ័យឧត្ដម និង ត្រាន់ តិចសេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ