រដ្ឋមន្រ្តីព័ត៌មានសន្យាជួយរកទីតាំងថ្មីរៀបចំពិព័រណ៍សៀវភៅឆ្នាំក្រោយ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ក្នុងពិធី តាំងពិពណ៌សៀវភៅថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៩(រូបពី Cambodia Book Fair)

រដ្ឋមន្រ្តីព័ត៌មាន លើកឡើងថា លោកនឹងជួយរកទីតាំងថ្មីដែលធំទូលាយសម្រាប់ការរៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជានៅឆ្នាំក្រោយ និងស្នើសុំថវិកា ឬសម្ភារពីរដ្ឋាភិបាលសម្រាប់ជួយកិច្ចការងារនេះ។

ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានរៀបចំចំនួន៨លើកហើយ គិតទាំងកម្មវិធីលើកនេះ ដែលកំពុងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រទី១៣ រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ នៅបរិវេណបណ្ណាល័យជាតិ ខាងលិចរមណីយដ្ឋានវត្តភ្នំ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ លើកឡើងនៅអំឡុងសុន្ទរកថាបើកកម្មវិធីពិព័រណ៍នៅព្រឹកថ្ងៃម្សិលមិញថា ទីធ្លាបណ្ណាល័យជាតិបច្ចុប្បន្ន មិនអាចទទួលអ្នកចូលរួមដែលកំពុងកើនឡើងទៀតនោះទេ ដោយសារតែទីធ្លាមានភាពតូចចង្អៀតពេក។ លោកបន្តថា លោកនឹងស្នើទៅរដ្ឋាភិបាលជួយជាថវិកា ឬរកទីតាំងថ្មីដែលធំទូលាយជាងហ្នឹងសម្រាប់កម្មវិធីនៅឆ្នាំក្រោយ។

លោក ខៀវ កាញ៉ារីទ្ធ មានប្រសាសន៍ថា៖ «ត្រូវតែរកកន្លែងថ្មីហើយ ហើយមិនអាចធ្វើកន្លែងនេះបានទៀត។ ប៉ុន(ប៉ុន្តែ)មិនដឹងទៅរកកន្លែងណា ចាំមើលមើល៍។ ប៉ុន្តែ យើងអាច មួយទៀតគឺយើងអាចសុំលុយរបស់រាជរដ្ឋាភិបាលដើម្បីជួយរកកន្លែង ដើម្បីយើងអាចមានកន្លែងមួយដែលរដ្ឋាភិបាលអាចជួ​យ​ជាសម្ភារខ្លះ ដើម្បីជួយតម្លៃជួលកន្លែង ហើយបន្ទាប់មកយើងមានកន្លែងធំទូលាយ»។

កម្មវិធីពិព័រណ៍សៀវភៅប្រចាំឆ្នាំលើកនេះ មានការដាក់តាំងស្តង់សៀវភៅចំនួន១៤២ កើនលើសចំនួនស្តង់ក្នុងពិព័រណ៍ឆ្នាំមុន ដែលមានចំនួ​ន​១១០ និងទាក់ទាញអ្នកចូលរួមបាន១៣ម៉ឺននាក់។ នេះបើតាមសមាជិកគណៈកម្មការរៀបចំពិព័រណ៍ប្រាប់ឱ្យដឹងក្នុងវេទិកាសន្និសីទស្តីអំពីពិព័រណ៍នេះ នៅថ្ងៃទី៤ ខែធ្នូកន្លងទៅ។

ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា​ និងជានាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ បានថ្លែងក្នុងវេទិកាថា លោកមិនរំពឹងថា នឹងមានអ្នកចូលរួមច្រើនលើសពីឆ្នាំមុននោះទេ ដោយសារទីតាំងរៀបចំពិព័​រណ៍តូចចង្អៀត បើធៀបនឹងចំនួនអ្នកចូលរួម។

លោក ហុក សុទ្ធិ មានប្រសាសន៍ថា៖ «ឆ្នាំហ្នឹង យើងមិនហ៊ានគិតថា នឹងដល់១៣ម៉ឺននាក់ទៀតទេ។ ខ្ញុំគិតថា ប្រហែល១០ម៉ឺននាក់ហ្នឹង ប្រហែលជាអាចបាន ព្រោះយើងអត់ចង់ចេះតែបង្កើនថែមទៀតទៅ។ លោភលន់ទៅ យើងគ្រប់គ្រងអត់បាន ព្រោះឆ្នាំទៅ ណែនមែនទែន។ ទីតាំងយើងប៉ុណ្ណឹង យើងសង្ឃឹមថា អាច១០ម៉ឺននាក់ ឬក៏យ៉ាងច្រើន១៣ម៉ឺនដូចឆ្នាំទៅ។

ប្រធានក្រុមផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃពិព័រណ៍សៀវភៅកម្ពុជា កញ្ញា រស់ ច័ន្ទវល័ក្ខ ប្រាប់ VOD ឱ្យដឹង គណៈកម្មការរៀបចំពិព័រណ៍នៅឆ្នាំនេះ បានពង្រីកការដាក់តាំងស្តង់នៅក្រៅបរិវេណបណ្ណាល័យជាតិ ផ្នែកខាងមុខ ដើម្បីស​ម្រួលដល់ការចង្អៀ​​តណែននៃអ្នកចូលរួមដែលបានកើតឡើងកាលពីពិព័រណ៍ឆ្នាំ២០១៨។

កញ្ញា បន្ថែមថា ការសម្រេចបន្តជ្រើសរើសទីតាំងដដែល ដែលមានលក្ខណៈតូចចង្អៀត ដោយមិនជ្រើសយកទីតាំងផ្សេងដែលធំទូលាយ ដូចជានៅកោះពេជ្រ គឺដោយសារមួយផ្នែកលើបញ្ហាថវិកា និងមួយផ្នែកទៀត គឺចង់ផ្សព្វផ្សា​យពីបណ្ណាល័យជាតិដល់​អ្នកចូលរួម។

កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ រៀបចំឡើងក្រោមប្រធានបទ ”ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ” ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណបណ្ណាល័យជាតិ ខាងលិចរមណីយដ្ឋានវត្តភ្នំ និងទល់មុខសួនវត្តភ្នំ។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន។ នេះបើតាមលិខិតជូនដំណឹងដែល វីអូឌី ទទួលបាននៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ