អតីតអ្នកបកប្រែឱ្យស្ថានីយ៍ទូរទស្សន៍រុស្សី RT (Russian Today) លោក រ៉ាត់ រត្នមុនី បានសម្រេចប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្តឹងសារទុក្ខសេចក្តីសម្រេចរបស់សាលាឧទ្ធណ៍។ នេះបើតាមពាក្យបណ្ដឹងសារទុក្ខរបស់លោកមេធាវី សំ ទិត្យសីហា ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងចូលទៅកាន់ប្រធានសាលាឧទ្ធណ៍ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ។
មេធាវី សំ ទិត្យសីហា ឱ្យដឹងថា ពាក្យបណ្ដឹងប្ដឹងសារទុក្ខទៅកាន់ប្រធានសាលាឧទ្ធរណ៍នេះ គឺធ្វើឡើងស្នើសុំឱ្យប្រធានសាលាឧទ្ធរណ៍បញ្ជូនសំណុំរឿងទៅកាន់តុលាការកំពូលចាត់ការបន្ត។ លោកមានប្រសាសន៍ថា កូនក្ដីរបស់ខ្លួនកើតទុក្ខមិនសុខចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធណ៍នាពេលកន្លងទៅ។ លោកបន្តថា សាលក្រមព្រហ្មទណ្ឌជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពផលប្រយោជន៍របស់កូនក្ដីខ្លួន និងមិនមានយុត្តិធម៌ថែមទៀតផង។
លោកមេធាវី សំ ទិត្យសីហា៖ «លោក រ៉ាត់ រត្នមុនី ជាប់គុកជាង១ឆ្នាំហើយ គាត់លំបាកគ្រប់យ៉ាង។ ក្នុងនាមជាមេធាវី ខ្ញុំសង្ឃឹមថា តុលាការកំពូលនឹងពិចារណាបើកសវនាការសាធារណៈលើសំណុំរឿងនេះឱ្យបានឆាប់ និងផ្តល់យុត្តិធម៌ជូនកូនក្តីខ្ញុំវិញ គឺដោះលែងគាត់ឱ្យមានសេរីភាព»។
តុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញសាលាក្រមផ្តន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ព័ន្ធធគារ រយៈពេល២ឆ្នាំ ពីបទញុះញង់ឲ្យមានការរើសអើង ដោយសាតែបានធ្វើការជាមួយស្ថាប័នព័ត៌មាន (Russia today) ពីប្រទេសរុស្សី ដោយបានផលិតភាពយន្តឯកសាររឿង ម្ដាយខ្ញុំលក់ខ្ញុំ ( My Mother Sold Me) និយាយពីការជួញដូរផ្លូវភេទកុមារនៅកម្ពុជា។ កាលពីខែវិច្ឆិកាកន្លងទៅ សាលាឧទ្ធរណ៍ក៏បានចេញសេចក្តីសម្រេចមួយទៀត ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូរាជធានីភ្នំពេញទុកជាបានការដដែល ។
កាលពីថ្ងៃទី១៨ ខែធ្នូ អ្នកភូមិបឹកកក់ និងបុរីកីឡា បានរួមគ្នាដាក់ញត្តិមួយ ស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ករណីលោក រ៉ាត់ រត្នមុនី នេះ។ ញត្តិនោះបញ្ជាក់ថា លោក រ៉ាត់ រត្នមុនី ធ្លាប់ធ្វើការជាមួយកាសែតបរទេសផ្សេងៗដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈមនានារបស់ពលរដ្ឋមានទំនាស់ដីធ្លីនាពេលកន្លងទៅ។
លិខិតនោះបន្ថែមថា៖ «លោក មុនី ជាមនុស្សល្អ គាត់តែងជួយណែនាំពួកខ្ញុំឱ្យគោរពច្បាប់ និងប្រកាន់អហិង្សាពេលចេញតវ៉ាទាមទារសិទ្ធិដីធ្លី។ យើងខ្ញុំជឿជាក់ថា គាត់មិនមានបំណងធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល ឬប្រជាពលរដ្ឋនោះឡើយ»។
ទោះជាយ៉ាងណាក្ដី ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនទទួលយកញត្តិនេះឡើយ ដោយសំអាងថា ខុសនីតិវិធីរដ្ឋបាល។
ភរិយារបស់លោក មុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ប្រាប់វីអូឌីថា ការសម្រេចចិត្តប្តឹងសារទុក្ខនេះ ព្រោះតែស្វាមីរបស់គាត់រងនូវភាពអយុត្តិធម៌។ អ្នកស្រីជឿជាក់ថា តុលាការកំពូលអាចរកយុត្តិធម៌ឲ្យប្ដីបាន ។
អ្នកស្រី គឹមហ៊ាង៖ «រូបខ្ញុំក៏មានជំនឿដូចប្តីរបស់ខ្ញុំដែរ ហើយសង្ឃឹមថា រដ្ធាភិបាល និងតុលាការកំពូលនឹងដោះលែងប្តីខ្ញុំពីគុកក្នុងពេលឆាប់ខាងមុខនេះ។ គាត់ជាប់គុកជាង១ឆ្នាំមកហើយ ខ្ញុំត្រូវរ៉ាប់រងគ្រួសារតែម្នាក់ឯង ប្ដីខ្ញុំមិនបានធ្វើខុសឡើយ សូមលែងប្ដីខ្ញុំទៅ។ កូនប្រុសរបស់ខ្ញុំតែងសួររកឪពុក និងទន្ទឹងឪពុករបស់គេគ្រប់ពេលវេលា»។
លោក រ៉ាត់ រត្នមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនតាមសំណើរបស់សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៨កន្លងទៅ ក្រោមបទល្មើសធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស ដោយសារតែធ្វើជាអ្នកបកប្រែឱ្យក្រុមការងារផលិតវីដេអូស៊ើបអង្កេតមួយរបស់ស្ថាប័នរុស្ស៊ី RT និយាយពីការជួញដូរផ្លូវភេទ៕