ប្រជាពលរដ្ឋរស់នៅភូមិមួយនៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញនូវក្ដីព្រួយបារម្ភ ខណៈក្រុមហ៊ុនវាយបំបែកថ្មរបស់ឧកញ៉ាម្នាក់បានបង្កសំឡេងរំខានខ្លាំង ដោយសារកម្ទេចថ្មខ្ទាតចេញពីការដ្ឋានទៅប៉ះដំបូលផ្ទះអ្នកភូមិដែលរស់នៅក្បែរនោះ។
លោក សន រស់ ជាពលរដ្ឋម្នាក់រស់នៅភូមិបង្គានស ឃុំគងជ័យ រៀបរាប់ថា លោក និងគ្រួសារមានការលំបាក ដោយសារតែសំឡេងលាន់ឮខ្លាំង នៅពេលការដ្ឋានដាក់គ្រាប់រំសេវបំផ្ទុះយកថ្មម្ដងៗ។ លោកនិយាយថា កម្ទេចធូលី និងបំបែកថ្មខ្លះ បានខ្ទាតមកប៉ះដំបូលផ្ទះគាត់ និងផ្ទះអ្នកជិតខាងរបស់គាត់ផ្សេងទៀត។
បុរសវ័យ ៤៨ឆ្នាំរូបនេះអះអាងទៀតថា ពីមុនមក ការដ្ឋានវាយបំបែកថ្ម គឺគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយ ប៉ុន្ដែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់បានទទួលសិទ្ធិបន្ដ ហើយបានបង្កសំឡេងរំខាន និងបង្កហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះ។
លោករិះគន់ថា បញ្ហានេះក៏អាចមកពីការមិនហ៊ានអនុវត្តច្បាប់របស់អាជ្ញាធរភូមិឃុំទៅលើក្រុមហ៊ុន ដោយលោករំលឹកថា មានពលរដ្ឋជាច្រើនគ្រួសារក៏ធ្លាប់បានទាមទារឱ្យក្រុមហ៊ុនគិតគូរអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ុន្ដែ មិនឃើញមានចំណាត់ការណាមួយពីខាងអាជ្ញាធរមូលដ្ឋាននោះទេ។
លោកបន្ដថា៖ «ប៉ះពាល់ច្រើនដែរ ទី២ ប៉ះពាល់ត្រង់ថ្មវាផ្ទុះរាយប៉ាយលើស្រែ ផ្លូវច្រូតធ្ងន់ៗ វាអត់ដែលចេះធ្វើផ្លូវថ្នល់អីហ្នឹង។ ណាមួយ ផ្ទុះឯណោះទេ មកប៉ះពាល់ប្រជាពលរដ្ឋនៅទីនេះដែរ។ ប៉ះពាល់ ប៉ះពាល់ ប៉ុន្ដែ ប្រជាពលរដ្ឋគេម៉េចនឹងហ៊ាន អត់ហ៊ានមានអ្នកណាប្ដឹងផ្ដល់អីផង គ្រាន់តែមកនិយាយហ្អែងទៅប្ដឹងទៅៗ តែប៉ុណ្ណឹង។ មិនទៅប្ដឹងពីណា បើប្រាប់មេឃុំ គេមិនអឺអើផង»។
លោក សន រស់ ស្នើឱ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ដោយថា ការដ្ឋាននៅតែដាក់គ្រាប់បំផ្ទុះយកថ្ម និងមិនសូវគិតដល់ការរស់នៅរបស់ពលរដ្ឋនៅក្បែរទាល់តែសោះ។
ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិបង្គានសនេះដែរ គឺអ្នកស្រី ស៊ឹម ពៅ អាយុ៤៨ឆ្នាំ រៀបរាប់ថា អ្នកស្រីរស់នៅក្នុងភូមិនេះជាយូរយារណាស់មកហើយ។ អ្នកស្រីក៏មានការភ័យខ្លាចផងដែរ នៅពេលការដ្ឋានវាយបំបែកយកថ្មម្ដងៗ ខណៈអ្នកស្រីនិយាយថា អ្នកស្រីក៏មានជំងឺបេះដូងប្រចាំកាយ និងមិនអាចទ្រាំទ្រសំឡេងឮខ្លាំងបាននោះ។
អ្នកស្រីរៀបរាប់បន្ដថា៖ «គ្រាន់ខ្ញុំបេះដូងខ្ញុំមិនសូវល្អ វារៀងយូរ ជួលកាលកន្លះខែបានផ្ទុះម្ដង វាអត់ទៀង ជួលកាលមួយអាទិត្យម្ដង។ មិនដឹងដោះស្រាយថាម៉េច បើគេទូទៅអ៊ីចឹងទៅហើយ […] ចេះតែចង់ឱ្យផ្អាកហើយ ប៉ុន្ដែ គ្រាន់តែថា ក្រែងលោដំណើរការវាមិនកើត ព្រោះយើងជាប្រជារាស្ដ្រ»។
មេភូមិបង្គានស លោក អ៊ូ រី មានប្រសាសន៍ថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការបច្ចុប្បន្ន គឺជារបស់ក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ឈ្មោះ «ស្រ៊ុន សំណាង» ដែលបានទទួលសិទ្ធិបន្ដពីក្រុមហ៊ុនចិននៅឆ្នាំ២០១៣ បន្ដពីក្រុមហ៊ុនចិនមួយ ដែលបានទទួលសិទ្ធិ ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២។ លោកបន្ដថា ក្រុមហ៊ុនរបស់ឧកញ៉ាឈ្មោះ ស្រ៊ុន សំណាង កំពុងប្រតិបត្តិការនៅលើផ្ទៃដីសរុប ២៨ហិកតា ។
មេភូមិបង្គានស លោក អ៊ូ រី ទទួលស្គាល់ថា ការដ្ឋានកិនថ្មនេះពិតជាបានបង្កការរំខានខ្លះដល់ការរស់នៅរបស់អ្នកភូមិនៅទីនេះមែន ដោយសារថា មកពីកំហុសបច្ចេកទេសរបស់កម្មករ។ ប៉ុន្ដែ លោកថា អាជ្ញាធរមូលដ្ឋានក៏បានចុះទៅត្រួតពិនិត្យ និងណែនាំការដ្ឋានឱ្យគោរពតាមគោលការណ៍គិតគូរពីបរិស្ថាន និងពលរដ្ឋរស់នៅទីនេះ។
លោកបន្ដថា៖ «គេមានជូនដំណឹងស្រែកដាក់មេក្រូដែរ គេដេញគោក្របី យើងអីហ្នឹងឱ្យចេញ ឱ្យយើងប្រយ័ត្នដែរ តាំងពីម៉ោង៨ អីមក នៅពេលមុនផ្ទុះ។ ជូនតើ! គេសងសំណងយើងតើ ក្រោយការប៉ះពាល់គេសង ពេលភ្លាត់ម្ដងៗ អាហ្នឹងមកពីបច្ចេកទេសអ្នករៀបចំ។ វាមានប្រហែស ប្រហោងដែរ តាមពិនិត្យមើលទៅ អាហ្នឹងពួករៀបចំ អាអ្នកបច្ចេកទេសហ្នឹង»។
បើតាមមេភូមិបង្កៀនស លោក អ៊ូ រី នៅក្នុងភូមិបង្គានស ឃុំគងជ័យ មានពលរដ្ឋរស់នៅសរុប ៧០គ្រួសារ។ លោកប្រាប់ឱ្យដឹងថា ចាប់តាំងពីមានវត្តមានការដ្ឋានវាយថ្ម នៅឆ្នាំ២០០៣មក មានពលរដ្ឋរងផលបះពាល់សរុបចំនួន៣គ្រួសារ គឺ ១គ្រួសារ នៅអំឡុងក្រុមហ៊ុនចិនគ្រប់គ្រង និង២គ្រួសារទៀត រងផលប៉ះពាល់នៅអំឡុងក្រុមហ៊ុនខ្មែរកាន់កាប់។ ក្រៅពីនេះ លោកថា ក៏មានករណីលង់ទឹកស្លាប់ ២ ឬ៣ករណីផងដែរ ដែលមានអ្នកលង់ទឹកស្លាប់នៅក្នុងរណ្ដៅ ដែលការដ្ឋានដាក់គ្រាប់បំផ្ទុះយកថ្ម។
យ៉ាងណាក៏ដោយ មេភូមិបង្កៀនស លោក អ៊ូ រី អះអាងថា បន្ទាប់ពីមានក្ដីកង្វល់ពីប្រជាពលរដ្ឋ អាជ្ញាធរឃុំសង្កាត់បានកំណត់មិនឱ្យក្រុមហ៊ុនអាចពង្រីកផ្ទៃដីធ្វើសកម្មភាពបំបែកថ្មកាន់តែធំជាងមុនទៀតនោះទេ៕
ដោយពលរដ្ឋសារព័ត៌មាននៅខេត្តត្បូងឃ្មុំ កញ្ញា ឈឿន សុឃាង និងកញ្ញា សេង ថុនី