សហជីព និងតំណាងកម្មករ៥០នាក់មកពីរោងចក្រកាត់ដេរ១០នៅកម្ពុជា បានសម្រេចផ្តើមធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម«ទំនិញគ្រប់មុខលើកលែងសព្វាវុធ» ឬហៅកាត់ EBA។
បើតាមប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យុទ្ធនាការនេះបានចាប់ធ្វើឡើងពីថ្ងៃអាទិត្យសប្តាហ៍មុនរហូតដល់ខែកុម្ភៈ ក្រោមរូបភាពផ្សេងៗ ដើម្បីជំរុញឱ្យរដ្ឋាភិបាលទទួលយកសំណើរបស់គណៈកម្មការអឺរ៉ុប នៅក្នុងរបាយការណ៍ស៊ើបអង្កេតបឋមរបស់ពួកគេ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
គណកម្មការអឺរ៉ុប បានផ្ញើរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួនទៅរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា និងទុកពេល១ខែសម្រាប់ឆ្លើយតប។ បន្ទាប់មក ខ្លួននឹងធ្វើសេចក្ដីសម្រេចចុងក្រោយ ថាត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ នៅខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍នោះ គណៈកម្មការបានរំលេចពីការរកឃើញរបស់ខ្លួនថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ពាក់ព័ន្ធទៅនឹងការយាយីលើអ្នកនយោបាយប្រឆាំង ការឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង និងការរំលាយគណបក្សសង្គ្រោះជាតិ។
ករណីនេះ សហភាពអឺរ៉ុបទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ស្ដារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងងាកទៅរកគន្លងប្រជាធិបតេយ្យមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ដោះលែងលោក កឹម សុខា និងផ្តល់នីតិសម្បទាឱ្យគណបក្សសង្គ្រោះជាតិឡើងវិញ ជាដើម។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសបានផ្ញើរបាយការណ៍ឆ្លើយតបរបស់កម្ពុជា ទៅកាន់គណៈកម្មការអឺរ៉ុបរួចរាល់ និងបានអះអាងថា«គ្រប់ជ្រុងជ្រោយ»ហើយ កាលពីថ្ងៃទី១២ ខែធ្នូ ដែលជាកាលបរិច្ឆេទចុងក្រោយសម្រាប់ការឆ្លើយតប។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ក្នុងនាមលោកជាតំណាងសហជីពមួយរូប លោកមិនអាចឈររង់ចាំមើលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនោះពីកម្ពុជាហើយ ទើបធ្វើការតវ៉ាទាមទារនោះទេ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ «យើងមិនចង់ធ្វើការទាមទារបន្ទាប់ពីអង្ករក្លាយជាបាយហើយនោះទេ។ ចឹងយើងធ្វើការទាមទារពីមុនសហភាពអឺរ៉ុបដក មុនសហភាពអឺរ៉ុបសម្រេច។ ចឹងយើងត្រូវតែធ្វើម៉េចទាមទារជាមួយរដ្ឋាភិបាលឱ្យគិតគូររឿងបញ្ហាទាំងអស់នេះ ដោយសារតែយើងមើលឃើញថា វាមានទំហំផលប៉ះពាល់ធំធេងណាស់ចំពោះកម្មករ-កម្មការី ហើយនិងអ្នកទទួលផលតាមរយៈកម្មករទាំងអស់ហ្នឹង»។
លោក រ៉ុង ឈុន បន្ថែមថា លោករំពឹងថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ក្រុមកម្មករ ហើយយកសំណើទាមទាររបស់ពួកគេទៅពិនិត្យ ពិចារណា និងដោះស្រាយ។
វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ គិតត្រឹមរសៀលថ្ងៃអង្គារ៍នេះ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានរុញសំណើទាមទាររបស់ប្រធានសហជីព និងតំណាងកម្មករទៅក្រុមលោក សម រង្ស៊ី ដោយលោកថា អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួនឯបរទេសរូបនេះ គឺជាអ្នកជំរុញសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
លោក សុខ ឥសាន បន្ថែមថា គ្មាន EBA កម្ពុជានឹងមិនស្លាប់ឡើយ ហើយថា រដ្ឋាភិបាលកំពុងបើកទូលាយទីផ្សារដល់ក្រុមវិនិយោគិនក្រៅស្រុកមកបណ្ដាក់ទុនរកស៊ី ដើម្បីបង្កើតការងារដល់ពលរដ្ឋក្នុងស្រុក។
លោក សុខ ឥសាន៖ «កន្លងទៅ គេថាថ្ងៃ១២ ខែ១២ វា [EBA] ត្រូវដាច់ ហើយរដ្ឋាភិបាលនឹងស្លាប់ហើយ។ ឥឡូវរហូតដល់ថ្ងៃម្ភៃជាងហើយ អាហ្នឹងមិនទាន់ស្លាប់ផង ឥឡូវគេថាថ្ងៃ១២ ខែ២ ឆ្នាំ២០២០ ទៀតហើយ។ អាហ្នឹងចេះតែបណ្ដាក់ៗទៅ ចឹងសុំឱ្យកម្មករ និយោជិត កុំភ្ញាក់ផ្អើលជាមួយការឃោសនាអកុសល។ មានទាន់បាត់ឯណា បើវិនិយោគគេចូលរាល់ថ្ងៃ CDC គេសម្រេចវិនិយោគឱ្យបោះទុនរាប់សិបលាន រាប់រយលានរាល់ថ្ងៃហ្នឹង រឿងអីទៅបាត់ការងារធ្វើ?»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការសម្រេចមិនបំពេញតាមសំណើលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដើម្បីរក្សា EBA ហើយជ្រើសរើសការបើកទូលាយឱ្យមានការវិនិយោគពីក្រៅប្រទេស ជាពិសេសពីប្រទេសចិន គឺជាជម្រើសដ៏គ្រោះថ្នាក់សម្រាប់រដ្ឋាភិបាលកម្ពុជា។
ស៊ឹង សែនករុណា៖ «ជម្រើសនេះ វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលកម្ពុជា។ យើងសង្ឃឹម និងនៅតែស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាពិនិត្យមើលលទ្ធភាពឱ្យអស់សិន កុំឱ្យយើងសម្រេចចិត្តនៅពេលដែលរឿងទាំងអស់នេះ ធ្វើឱ្យមានហានិភ័យទៅថ្ងៃក្រោយ។ ចឹងគួរតែមានការពិចារណាឱ្យបានខ្ពស់ ហើយនិងការសម្រេចចិត្តមុននឹងយើងឱ្យពេលវេលាហ្នឹងរំលងផុតទៅបាន។ ចឹង ខ្ញុំមិនឃើញមានភាពវិជ្ជមានណាមួយដែលអាចដោះស្រាយឱ្យវាមានភាពល្អប្រសើរក្រោយពីការបាត់បង់ EBA នោះទេ»។
ក្រសួងការបរទេសកម្ពុជាទទួលស្គាល់ថា ការកាត់ផ្តាច់ EBA អាចនឹងប៉ះពាល់ដល់សង្គមកម្មករប្រមាណជិត ១លាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕