កំពង់ឆ្នាំង-កណ្ដាល៖ ស្ថិតក្នុងសម្លៀកបំពាក់ខោជើងវែង អាវយឺតពណ៌សចាស់ ពាក់ពីលើដោយអាវរងា ពាក់មួកមានហាមជុំវិញ និងដើរដោយជើងទទេ លោក ញ៉ែម សុផល ជាប្រជានេសាទមួយរូបក្នុងចំណោមអ្នកនេសាទជាច្រើនទៀត ដែលប្រកបរបរនេសាទនៅបឹងទន្លេសាប តំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង បន្តតាំងពីដូនតាមក កំពុងបារម្ភរឿងផលត្រីធ្លាក់ចុះខ្លាំង ពុំដែលជួបប្រទះបែបនេះនាពេលកន្លងមក។
បើគេធ្វើដំណើរពីសាលាស្រុកបរិបូណ៌ ឆ្ពោះទៅសាលាឃុំឆ្នុកទ្រូ នៅរដូវប្រាំង ចម្ងាយប្រមាណ២០គីឡូម៉ែត្រ លើកំណាត់ផ្លូវក្រាលកៅស៊ូពាក់កណ្ដាល យើងនឹងឃើញទូកជាច្រើនចតតម្រៀបជាជួរ ដើម្បីយកត្រីមកលក់នាព្រឹកព្រលឹម។

លោក ញ៉ែម សុផល វ័យ៥០ឆ្នាំ កំពុងឈានជើងចុះពីទូកនេសាទ ឡើងមកលើគោក ដោយមានយួរត្រី២ថង់ផ្សេងគ្នា យកមកថ្លឹងឱ្យស្ដ្រីម្នាក់ដែលរង់ចាំម៉ៅការទិញនៅមាត់ទឹកស្រាប់បណ្ដើរ ខណៈនិយាយបណ្ដើរពីការធ្លាក់ចុះនៃផលនេសាទនៅឆ្នាំ២០១៩នេះថា ប្រជានេសាទដែលប្រកបរបរនេសាទនៅបឹងទន្លេសាប តំបន់ឆ្នុកទ្រូ មិនធ្លាប់ជួបរឿងផលនេសាទធ្លាក់ចុះខ្លាំងបែបនេះទេ គឺទើបតែចូលដល់ឆ្នាំ២០១៩នេះទេ ផលនេសាទមានការធ្លាក់ចុះយ៉ាងគំហុក ធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពគ្រួសារប្រជានេសាទដែលពឹងផ្អែកទាំងស្រុងលើរបរនេះ។
បុរសដែលប្រកបរបរនេសាទ បន្តជំនាន់តាំងពីដូនតាមក រៀបរាប់ដោយទឹកមុខស្ងួតថា៖ «គ្រួសារខ្ញុំប្រកបរបរនេសាទនេះ ៣ជំនាន់មកហើយ។ មិនដែលប្រទះរឿងបែបនេះទេ ផលត្រីធ្លាក់ចុះសឹងតែ៧០ភាគរយទៅហើយ។ ឆ្នាំមុនៗ ម៉្ងៃៗ រកបានគ្រាន់បើ ទូទាត់ថ្លៃប្រេងសាំង ថ្លៃអីផ្សេងៗ សល់បានប្រហែល១៥ម៉ឺនអីដែរ តែឆ្នាំនេះ ចប់។»
លោក ញ៉ែម សុផល និយាយថា៖ «ឆ្នាំនេះ [ផលត្រី] ធ្លាក់ចុះខុសពីធម្មតា។ គ្រួសារខ្ញុំ សមាជិក៩នាក់ កូន៦នាក់ រៀន៥នាក់ រាល់ថ្ងៃ។ រកត្រីតែខ្ញុំម្នាក់ឯង ម្នាក់ឯងគត់ រកមិនទាន់ចាយទេ។ វេទនាណាស់ អ្នកទន្លេអត់ស្រួលទេ ត្រូវយប់ម៉ោង១២ ម៉ោង១ [យប់] ត្រូវចុះទឹកចុះហើយ មិនថារងាប៉ុនណាក៏ទៅដែរ។»
និយាយបណ្ដើរ សម្លឹងទៅមើលផ្ទៃទឹកបណ្ដើរ បុរសវ័យ៥០ឆ្នាំរៀបរាប់ដោយទឹកមុខស្មើថា គ្រួសាររបស់លោក ក៏ដូចជាអ្នកភូមិផ្សេងទៀតរស់នៅតំបន់ឆ្នុកទ្រូ គ្មានជម្រើសអ្វីផ្សេងក្រៅពីមុខរបរនេសាទឡើយ ដោយសារតែគ្មានដីស្រែ-ចម្ការសម្រាប់បង្កបង្កើនផលដូចប្រជាពលរដ្ឋនៅតំបន់ផ្សេង។
លោកបន្ថែមថា ៖ «ការធ្លាក់ចុះនៃផលនេសាទឆ្នាំនេះ មកពីកត្តាធម្មជាតិ ទឹកឡើងពេលខ្លី ហើយឆាប់ស្រក។ អារឿងសង់ទំនប់វារីអគ្គិសនីក៏មួយដែរ។ បាត់បង់ត្រី វាមិនមែនមកពីដាក់លបឡុកទេ វាមានតាំងពីដូនតាមក របរហ្នឹងសំកុកចាំត្រី អត់មានពិបាកយើងទៅដើររកវាទេ បើវាចូលៗ បើមិនចូល វាហែលចេញទៅបាត់។ តែអាឆក់នេះ វាដើររកត្រីគ្រប់កន្លែង យ៉ាងកាវពេញទន្លេ បច្ចេកទេសគេខ្លាំងទៀត អូសអត់លើកទេ ម៉្ងៃវាល់ល្ងាច ម៉ាយប់ទល់ភ្លឺ។»
លោកបន្ថែមថា៖ «មនុស្សកើន ទីផ្សារត្រូវការហូបត្រីទន្លេសាបក៏ច្រើន ត្រីធម្មជាតិណាក៏គេចង់ហូបដែរ»។
កាលពីឆ្នាំ១៩៨៣ នៅចំណុចដើមច្រកែង នៃភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ មានពលរដ្ឋដែលជាកម្មករនេសាទត្រីចំនួន ១៤គ្រួសារ បានបោះទីតាំងស្នាក់នៅរបៀបឆក់កណ្ដៀត ដោយសារស្ថានភាពទឹកទន្លេ។ ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ទើបមានកម្មករចូលរស់នៅជាបន្តបន្ទាប់។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូ សរុបទាំងអស់ ទាំងពលរដ្ឋខ្មែរឥស្លាម ទាំងអន្តោប្រវេសន៍វៀតណាម មានប្រមាណ២ពាន់នាក់ ក្នុងនោះ៩៩ភាគរយ គឺពឹងផ្អែកលើរបរនេសាទត្រីទាំងស្រុង។ ក្រៅពីប្រជានេសាទនៅឃុំឆ្នុកទ្រូ នៅមានឃុំ២-៣ទៀតដែលមានព្រំប្រទល់ជាប់គ្នា នៅជើងទឹកទាំងអស់ ដែលឃុំនីមួយៗមានប្រជាជនរាប់ពាន់នាក់ សុទ្ធតែសម្រុកទៅនេសាទនៅបឹងទន្លេសាប ។
ដោយសារតែការធ្លាក់ចុះនៃផលនេសាទត្រី កើតឡើងនៅលើបឹងទន្លេសាបទាំងមូល លោក សុខ ងាល វ័យ៤១ឆ្នាំ ជាប្រជានេសាទរស់នៅតំបន់ឆ្នុកទ្រូដែរនោះ ក៏បានរៀបរាប់ពីកង្វល់នៃការធ្លាក់ចុះផលនេសាទត្រី ខណៈលើកកញ្ឆេត្រីចេញពីទូកមកលើគោកថា ក្នុងរយៈពេលពីរបីថ្ងៃ លោករកត្រីបានយ៉ាងច្រើនត្រឹមម្ភៃគីឡូក្រាមប៉ុណ្ណោះ ខុសពីឆ្នាំមុនៗដាច់។ អ្នកនេសាទរូបនេះបន្ថែមថា យ៉ាងណាក៏ដោយ ការរកត្រីបានតិចតួច ក៏ប្រសើរជាងរកមិនបានសោះដែរ ដោយសារតែគ្រួសាររបស់លោកពឹងផ្អែកទាំងស្រុងទៅលើមុខរបរនេសាទត្រីនេះ។
លោក សុខ ងាល និយាយថា៖ «រកពីរបីថ្ងៃ បានត្រីបួនដប់ម្ភៃគីឡូ។ ត្រីវាខ្វះហ្នឹង មិនដឹងពីមូលហេតុអីទេ បើយើងអត់ដឹងផង គ្រាន់តែឆ្នាំនេះទឹកវាតូច។ ចំពោះត្រីខ្វះចឹង ត្រីឡើងក៏មិនប៉ុន្មានដែរ ពីមុន១០០០ មក ២៥០០ [រៀល] គឺប្រភេទត្រីចម្រុះ។ ត្រីមិនបាច់ថាច្រើនទេ ឱ្យតែរកបានបន្តិចៗក៏គ្រាន់ដែរ។»
មិនខុសពីប្រជានេសាទខាងលើ លោក យឹម ភុំ អាយុ៤២ ជាអ្នកនេសាទត្រីរស់នៅតំបន់ឆ្នុកទ្រូ តាំងពីដឹងក្ដីមក បានឱ្យដឹងថា ឆ្នាំនេះពិតជាខ្សត់ត្រីពិតមែន។ អ្នកនេសាទវ័យ៤២ឆ្នាំរូបនេះ ផ្ដល់ហេតុផលថា ការខ្សត់ត្រីគឺដោយសារតែបទល្មើសនេសាទមានការកើនឡើង ការប្រើប្រាស់ឧបករណ៍ទំនើប ហើយមួយវិញទៀត ទឹកទន្លេសាបឆ្នាំនេះមានទំហំតូចជាងឆ្នាំមុនៗ។
លោក យឹម ភុំ រៀបរាប់ថា៖ «មែនហើយ ត្រីវាខ្សត់ រកមិនសូវបាន។ អ្នករកឥឡូវ បទល្មើសវាចេះតែមាន។ និយាយទៅ របររកវាទំនើបច្រើនអ៊ីចឹង ត្រីវាចេះតែថយដែរ។ ហើយដោយសារទឹកឆ្នាំនេះវាតូចផង។ ឆ្នាំនេះ គ្រាន់ទឹកឡើងសុខៗ ស្រកវិញបណ្ដោយ ប្រហែលពីរខែអីហ្នឹង។ ត្រីវាពងមិនទាន់ ណាមួយវាធំមិនទាន់ទៀត។»
ទាក់ទងនឹងករណីនេះដែរ មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន លើកឡើងថា ផលនេសាទឆ្នាំ២០១៩នេះ មានការធ្លាក់ចុះពាក់កណ្ដាល បើធៀបទៅនឹងឆ្នាំ២០១៨។ មេឃុំរូបនេះបញ្ជាក់ថា រឿងផលនេសាទធ្លាក់ចុះឆ្នាំនេះ បញ្ហាចម្បងគឺដោយសារកំណើននៃប្រជានេសាទដ៏ច្រើនលើសលុប ដែលធ្វើឱ្យចំនួនត្រីកើនមិនទាន់តាមតម្រូវការ។
លោកមានប្រសាសន៍ថា៖ «និយាយឱ្យចំ បើខ្ញុំគិតឱ្យដល់ទៅថា ឆ្នាំទៅ និងឆ្នាំនេះ ធ្លាក់ចុះ៥០ភាគរយ។ និយាយឱ្យចំ ទាក់ទងនឹងកំណើនប្រជាជន ហើយការនេសាទវាហួសកំណត់ ដល់ចឹង វាត្រូវតែធ្លាក់ចុះ។»
លោកបន្ថែមថា ៖ «ណាមួយ យើងគិតមើល បឹងទន្លេសាបកាលពីដើម ក្នុង១ឆ្នាំ តំបន់កន្លែងយើងនេសាទ មានតែ១០-២០ទូក តែឥឡូវចូលដល់រាប់ពាន់ទូក។ ហើយចឹង ត្រីវាមិនវិវឌ្ឍណាទាន់ ទៅតាមកំណើននេសាទនោះ»។
ដោយឡែក ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ឯណោះវិញ ក៏បានត្អូញត្អែរពីរឿងផលនេសាទត្រីមានការធ្លាក់ចុះដែរ។ ជាក់ស្ដែង លោកយាយ ហេង យេត វ័យ៧៣ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីយូរណាស់មកហើយនោះ បានឱ្យដឹងថា សព្វថ្ងៃនេះការនេសាទត្រី កុំថាឡើយរកសម្រាប់លក់ដូរ សូម្បីរកត្រឹមបរិភោគជាលក្ខណៈគ្រួសារក៏ពិបាកផង។
«រឿងត្រីរឿងអី លែងសូវមាន។ កាលមុន កូនចៅវាដាក់មង ដាក់អី បានតិចតួច គ្រាន់បានហូបដែរ តែឥឡូវរកអត់មាន។»
ទាក់ទងនឹងករណីនេះ កញ្ញា លឹម គឹមស័រ ជាសកម្មជនរបស់អង្គការមាតាធម្មជាតិ បានលើកឡើងថា ការធ្លាក់ចុះនៃផលនេសាទត្រីនៅតំបន់ខ្លះ គឺកើតឡើងដោយសារតែការបូមខ្សាច់ទន្លេ។
កញ្ញា លឹម គឹមស័រ មានប្រសាសន៍ថា ៖ «ពេលគេបូមខ្សាច់ វាធ្វើឱ្យបាត់បង់មច្ឆជាតិ ឬក៏ជីវៈចម្រុះក្នុងទឹកហ្នឹង។ ហេតុអីបានបាត់? ព្រោះដោយសារ គេមានវិធីសាស្ត្រក្នុងការបូមខ្សាច់ហ្នឹង ទី១ គេប្រើទុយោបូម ទី២ គេកើប។ ការកើបហ្នឹង គេប្រើកញ្ចាប់ អ៊ីចឹងកញ្ចាប់ហ្នឹង វាចាប់មកបានគ្រប់ហ្មង វាបានទាំងស្មៅ ទាំងត្រីអីហ្នឹង គឺងាប់អស់ហើយ។ ហើយធម្មតា ត្រីវាស៊ីចំណីក្នុងទឹកហ្នឹង អ៊ីចឹងពេលគេបូមខ្សាច់ ស្មៅ ឬចំណីអីផ្សេងៗហ្នឹង គឺមិនអាចផ្តល់ឱ្យត្រីបានទេ»។
សកម្មជនអង្គការមាតាធម្មជាតិរូបនេះបន្ថែមថា នៅពេលមានការបូមខ្សាច់នៅលើទឹកទន្លេ វាតែងតែមានការហូរប្រេងចូលទៅក្នុងទឹក ដែលបញ្ហានេះធ្វើឱ្យទឹកកខ្វក់ ហើយបណ្ដាលឱ្យត្រីទាំងឡាយងាប់។
កញ្ញា គឹមស័រ៖ «មួយទៀត សាឡង់បូមហ្នឹង វាមានប្រេង ពេលវាបូម សាឡង់ធំៗហ្នឹង ប្រេងវានឹងហូរចូលក្នុងទឹក វាធ្វើឱ្យទឹកកង្វក់ ត្រីក៏ងាប់តាមហ្នឹងទៅ»។
មិនខុសពីការលើកឡើងរបស់ក្រុមប្រជានេសាទ ក៏ដូចជាសកម្មជនបរិស្ថានខាងលើនេះ លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា ផលនេសាទឆ្នាំ២០១៩នេះ មានការធ្លាក់ចុះជិត១ម៉ឺនតោន បើធៀបទៅនឹងឆ្នាំ២០១៨។
លោក ឃុន សាវឿន មានប្រសាសន៍ថា ៖ «ពិតជាមានការធ្លាក់ចុះមែន ទិន្នន័យឆ្នាំមុន [២០១៨] គឺផលនេសាទមានចំនួន ៥៨ ៦៤៦តោន រីឯ ១០ខែចុងក្រោយឆ្នាំនេះ គឺមានចំនួន ៤៩ ៦២៥តោន អ៊ីចឹងថយចុះប្រហែលជា ៩ពាន់តោនជាង។»
មន្ត្រីក្រសួងកសិកម្មរូបនេះ លើកឡើងថា មានមូលហេតុសំខាន់ៗចំនួន២ ធ្វើឱ្យផលនេសាទឆ្នាំនេះមានការធ្លាក់ចុះ គឺដោយសារទឹកឆ្នាំនេះ តិច និងរាក់ជាងឆ្នាំមុន ធ្វើឱ្យត្រីពិបាកបង្កកំណើត ពិបាកញាស់កូន ហើយហេតុផលមួយទៀតគឺ បទល្មើសនេសាទមានការកើនឡើង។
លោក សាវឿន ៖ «ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីកត្តា២យ៉ាង។ ១កត្តាទឹក ទឹកឆ្នាំនេះទាបជាងឆ្នាំមុនជាង៣ម៉ែត្រ។ ដូច្នេះទេ បញ្ហាទឹកស្រក ឬក៏តិចជាងមុននេះ វាផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ទៅដល់មច្ឆជាតិរបស់យើង។ ទឹកមានទំហំតូច រាក់ វាធ្វើឱ្យមច្ឆជាតិរបស់យើងមានការលំបាកក្នុងការបង្កកំណើត ការញាស់កូន ពិបាកដកដង្ហើមអុកស៊ីសែនដើម្បីចិញ្ចឹមជីវិត»។
លោកបន្តថា ៖ «ទី២ ពាក់ព័ន្ធនឹងបទល្មើស គឺឆ្នាំនេះ មានការកើនឡើងចំនួន ៥៥ករណី។ ទាក់ទងទៅនឹងបទល្មើសនេះ យើងមើលឃើញថា ជនប្រព្រឹត្តបទល្មើស គឺមានឧបករណ៍ទំនើបៗសម្រាប់ធ្វើមធ្យោបាយ ទៅចាប់បំផ្លាញធនធានមច្ឆជាតិបស់យើង ដោយសារតែការប្រកួតប្រជែងរកផលចំណូល។»
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យដឹងថា ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៦០០តោន សរុបរយៈពេល១១ខែបានចំនួន ៨៧០០តោន ស្មើនឹង៥៨ភាគរយ នៃផែនការ ១៥០០០តោន ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០១៨ ថយចុះចំនួន ៨០០តោន។ រីឯការនាំចេញផលនេសាទកែច្នៃវិញ អនុវត្តបានចំនួន ៣០០តោន សរុបរយៈពេល១១ខែបានចំនួន ៤៦៨០តោន ស្មើនឹង៩៣,៦០ភាគរយ នៃផែនការ ៥០០០តោន ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០១៨ ថុយចុះចំនួន ៣២០តោន៕
បើទោះជាពុំមានត្រីក៏ដោយ លោក ញ៉ែម សុផល៖ «គ្រួសាររបស់ខ្ញុំ ក៏ដូចជាអ្នកភូមិផ្សេងទៀតរស់នៅតំបន់ឆ្នុកទ្រូ គ្មានជម្រើសអ្វីផ្សេងក្រៅពីមុខរបរនេសាទឡើយ ព្រោះពួកយើង គ្មានដីស្រែ-ចម្ការសម្រាប់បង្កបង្កើនផលដូចប្រជាពលរដ្ឋនៅតំបន់ផ្សេង»៕
រាយការណ៍ដោយសិក្ខាកាម Newsroom Cambodia៖ លោក ម៉ូវ ម៉ារ៉ា និងលោក បាន ចន្ថា