តុលាការ​ពន្យារ​សវនាការ​លើ​សំណុំរឿង​របស់​អ្នកកាសែត​ ឌឹ​ ខេម​បូ​ឌា​ ដេលី​

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព អ្នក​កាសែត​ The​ Cambodia​ Daily​។ (Ben Woods)

តុលាការខេត្ត​រតនគិរី​បាន​ពន្យារពេល​សវនាការ​លើ​សំណុំរឿង​ចោទប្រកាន់​អតីត​អ្នកសារព័ត៌មាន​ ឌឹ​ ខេម​បូ​ឌា​ ដេលី​ គឺ​លោក​ អូន​ ភាព​ និង​លោក​ ហ្សំប័រ​ ភី​ធើ​ កាលពី​ថ្ងៃពុធ​មិនកំណត់​ពេល​ ដោយ​លើកឡើង​ពីអ​វត្តមាន​របស់​ចៅក្រម​ម្នាក់​។

តុលាការខេត្ត​រតនគិរី​បាន​បើក​សវនា​កា​រលើប​ណ្ដឹ​ងចោទប្រកាន់​អ្នកកាសែត​ទាំងពីរ​នាក់​ ដែល​អ្នកឃ្លាំមើល​មួយចំនួន​ចាត់ទុកថា​ ជា​ការ​បំភិតបំភ័យ​លលើ​អ្នក​កាសែត​។

អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​សម្ភាស​អ្នកភូមិ​អំពី​ការសម្រេច​ចិត្ត​របស់​ពួកគាត់​ក្នុង​ការ​បោះ​ឆ្នោត​នៅមុន​ការបោះឆ្នោត​ឃុំ​-សង្កាត់ ​ឆ្នាំ​២០១៧​។ ឃុំ​ប៉ាតេ ​ធ្លាប់​ជា​ឃុំ​តែមួយគត់​ក្នុង​ខេត្ត​នេះ​ ដែល​បេក្ខភាព​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP​) បាន​ជាប់ឆ្នោត​ អំឡុង​ការបោះឆ្នោត​ឃុំ​-សង្កាត់ ​ឆ្នាំ២០១២​។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក គង់​ តាំង​ម៉េ​ង បាន​និយាយ​ថា​ សវនាការ​នេះ​នឹង​ត្រូវ​ពន្យារពេល​ដោយ​គ្មាន​ពេលកំណត់​។

លោក​បាន​និយាយ​ថា​៖ «ចៅក្រម​ប្រឹក្សា​ លោក​ ចាន់​ សីហា​ មាន​បេសកកម្ម​ពិសេស​ទៅ​ប្រទេស​ឥណ្ឌា​តាម​ការ​ស្នើសុំ​របស់ក្រ​សួង​យុត្តិធម៌​»។

លោក​ ហ្សំប័រ​ ភី​ធើ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ចំណែក​លោក​ អូន​ ភាព​ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ឆ្លើយត​បបានទេ​កាលពី​ថ្ងៃពុធ​។ អ្នកកាសែត​ទាំងពីរ​នាក់​នេះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់ពី​មា​នពាក្យប​ណ្ដឹ​ង ហើយ​កំពុង​រស់នៅ​ក្រៅប្រទេស​។ កា​សែ​តឌឹ​ ខេម​បូ​ឌា​ ដេលី​ បាន​បិទ​ការផ្សាយ​របស់​ខ្លួន​ បន្ទាប់ពី​ត្រូវ​បង្ខំ​ឱ្យ​បង់ពន្ធ​រាប់​លាន​ដុល្លារ​ដ៏​ចម្រូងចម្រាស​។

អំឡុង​សវនាការ​នោះ​ ព្រះរាជអាជ្ញា​រង​ លោក​ រ៉ា​ ប៊ូ​រ៉ា​នី​ បាន​ស្នើ​ឱ្យ​ពន្យារ​សវនាការ​នេះ​ រហូតដល់​មាន​វត្តមាន​របស់​ចៅក្រម​ប្រឹក្សា​ លោក ចាន់​ សីហា​។

លោក​បាន​និយាយ​ថា​៖ «ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ក្រុមប្រឹក្សា​ថា​ សវនាការ​នេះ​មិន​អាច​បន្ត​បានទេ​ ដោយសារតែ​អវត្តមាន​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​»។

លោក​ សេក​ សុភ័​ណ្ឌ​ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នកកាសែត​ទាំងពីរ​ បាន​ស្នើ​ឱ្យ​តុលាការ​បន្ត​សវនាការ​ ប៉ុន្តែ ​ចៅក្រម​ តាំង​ម៉េ​ង បាន​ជំទាស់​ ហើយ​យល់ព្រម​តាម​សំណើ​របស់​លោក​ព្រះរាជអាជ្ញា​រង​។

លោក​ សុភ័​ណ្ឌ​ បាន​ប្រាប់​ VOD​ នៅ​ក្រៅ​តុលាការ​ថា​ លោក​នឹង​ជូនដំណឹង​ទៅ​កូន​ក្ដី​របស់​លោក​ឱ្យ​ចូលរួម​សវនាការ​លើកក្រោយ​ ប៉ុន្តែ​ ថា​ការចូលរួម ​ឬមិន​ចូលរួម​សវនាការ​គឺជា​សិទ្ធិ​របស់​កូន​ក្ដី​របស់​លោក​។

លោក​និយាយ​ថា​៖ «ខ្ញុំ​គ្រាន់តែ​មាន​តួនាទី​មួយ​ជូនដំណឹង ​និង​ទំនាក់ទំនង​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុងនាម​ជា​មេធាវី​ការពារ​សិទ្ធិ​។ ត្រង់ថា​ មក​ឬមិន​មក​ ឬចូលរួម​និង​មិន​ចូលរួម​ វា​ជា​សិទ្ធិ​របស់​ពួកគាត់​»។

លោកស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​អ្នកកាសែត​ទាំងពីរ​។

លោក​ស្រីបាន​ប្រាប់​ ​VOD​ តាម​សារ​អេ​ឡិចត្រូ​និច​ថា​៖ «វិជ្ជាជីវៈ​សារព័ត៌មាន​មិន​មែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ​ ហើយក៏​មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​តាមរបៀប​នេះ​ដែរ​។ អ្នកកាសែត​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បំពេញការងារ​ក្នុង​បរិ​យាកាស​មួយ​ប្រកបដោយ​សុវត្ថិភាព​ និង​គ្មាន​ការភ័យខ្លាច​ចំពោះ​ប្រតិកម្ម​អវិជ្ជមាន​។ ទោះបីជា​យ៉ាងណា​ អ្នកកាសែត​បន្ត​ក្លាយជា​កម្មវត្ថុ​នៃ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ ដោយសារតែ​ការ​បំពេញការងារ​របស់​ពួកគេ​ ដែល​ជា​រួម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ដ៏​គួរ​ឱ្យ​បារម្ភ​»។

លោកស្រី​បន្ត​ថា​៖ «ដូច្នេះ​ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​លើ​ពួកគាត់​ ហើយក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​ថា​ អ្នក​សារ​ព័ត៌មាន​អាច​ធ្វើសកម្មភាព​ស្របច្បាប់​របស់​ខ្លួន​ដោយ​គ្មាន​ការភ័យខ្លាច​ ឬការ​បង្អាក់​ ការរារាំង ​ឬការ​យាយី​តាមផ្លូវ​តុលាការ​ និង​តាម​ទម្រង់​នៃ​ការ​យា​យី​ផ្សេង​ៗទៀត​»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​គាំទ្រ​ការ​អំពាវនាវ​ទាំងនេះ​តាមរយៈ​សេច​ក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ ហ្វីល​ រ៉ូបឺ​តសិន​ នាយករង​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​និយាយ​ថា​៖ «ការសម្រេច​បញ្ជូន​សំណុំរឿង​របស់​លោក​ ភាព​ និង​ ភី​ធើ​ មក​ជំនុំជម្រះ​ហាក់​មាន​ចេតនា​បំភិតបំភ័យ​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​ទាំងអស់​។ ព្រះរាជអាជ្ញា​គួរ​ទម្លាក់​ការចោទប្រកាន់​ក្លែងក្លាយ​ទាំងនេះ​ ហើយ​រដ្ឋាភិបាល​គួរ​បញ្ចប់​ការ​ប្រឹងប្រែង​រឹតត្បិត​សេរីភាព​សារព័ត៌​ តាមរយៈ​ការ​ធ្វើ​ឱ្យ​សេច​ក្ដី​រាយការណ៍​ឯករាជ្យ​ក្លាយជា​បទ​ ល្មើស​ព្រហ្មទណ្ឌ​»៕


រាយការណ៍៖ Leonie​ Kijewski​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ