នគរបាលជាតិបង្ហាញថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាង៨ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការកើនឡើងចំនួន២៩ភាគយ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ឱ្យដឹងថា រយៈពេល១២ខែក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤១២១លើក ដែលបណ្ដាលឱ្យរបួសធ្ងន់ចំនួន ៣៩១៩នាក់ ហើយរបួសស្រាល ២២២២នាក់ និងស្លាប់ចំនួន ១៩៨១នាក់។ កាលពីឆ្នាំ២០១៨ គ្រោះថ្នាក់កើតឡើងចំនួន ៣២៦៧លើក បណ្ដាលឱ្យស្លាប់ ១៧៦១នាក់ និងរបួស ៤៧៧០នាក់។
នាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោក ម៉ាន សុផាន់ណា ប្រាប់វីអូឌីនៅថ្ងៃនេះថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ប្រជាពលរដ្ឋបើកបរលើសល្បឿនកំណត់ ប្រជែងគ្នា មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ និងកត្តាគ្រឿងស្រវឹង ជាដើម។
ថ្លែងក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ការបរាជ័យក្នុងការធ្វើយុទ្ធនាការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ខណៈចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់នេះ នៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕









