គ្រួសារនិងជនរងគ្រោះក្នុងអំពើហិង្សាបង្ក្រាបលើកម្មករកាលពី៦ឆ្នាំមុនថាគ្មានសង្ឃឹមទទួលបានយុត្តិធម៌

ក្រុមកម្មករសែងកម្មករម្នាក់ទៀតដែលរងរបួសក្រោយពេលប៉ះទង្គិចជាមួយសមត្ថកិច្ច នៅវេងស្រេងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ព្រឹត្តិ​ការណ៍​បង្ក្រាប​លើ​ក្រុម​កម្មករ​នៅ​រោងចក្រ​ យា​កជីន​ ដោយ​កងទាហាន​ឆ័ត្រយោង៩១១​ និង​ការ​បង្ក្រាប​កម្មករ​នៅមុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​តាម​បណ្ដោ​យផ្លូវ​វេ​ងស្រេង​ បណ្ដា​លឱ្យ​កម្មករ៤នាក់​ស្លាប់​ បាត់ខ្លួន​ម្នាក់​ និង​របួស​ជាច្រើន​នាក់​ បាន​រសាត់​ទៅ​៦ឆ្នាំ​មក​ហើយ​ ស្រប​ពេល​យុត្តិធម៌​នៅ​មិនទាន់​មាន​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅ​ឡើយ​។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់​ក្រុមទាហាន​កង​ឆ័ត្រយោង៩១១​ កាលពី​ថ្ងៃទី​២ ខែមករា​ ឆ្នាំ២០១៤​ លោក​ វន់​ ពៅ​ បាន​លើកឡើង​ថា​ ព្រឹត្តិ​ការណ៍​នោះ​នៅតែ​ដក់ជាប់​ក្នុង​ដួងចិត្ត​លោក​រហូត​ ប៉ុន្តែ​ យុត្តិធម៌​សម្រាប់​លោក​គឺ​ឆ្ងាយ​ដូច​ជើងមេឃ​។

លោក​មានប្រសាសន៍​ថា​៖ «យុត្តិធម៌​មកទល់​ពេលនេះ​ វា​ហាក់ដូចជា​ឆ្ងាយ​ដូច​ជើងមេឃ​ ឬរាវ​ម្ជុល​ក្នុង​បាតសមុទ្រ​អ៊ីចឹង​។ យើង​មិនទាន់​ឃើញ​ពន្លឺយុត្តិធម៌​ មិនទាន់​ឃើញ​យុត្តិធម៌​សម្រាប់​យើង​ទាល់តែសោះ​»។

ឪពុក​របស់​យុវជន​ ឃឹម​ សុផាត​ នៅ​ខេត្តស្វាយរៀង​ដែល​បាត់ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់​ក្រុម​សមត្ថកិច្ច​មក​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េ​ងស្រេង​កាលពី​ថ្ងៃទី​៣ ខែមករា​ ឆ្នាំ២០១៤ នោះ​ លោក​ ឃឹម​ សឿន​ លើកឡើង​ថា ​គ្រួសារ​លោក​នៅតែ​ទន្ទឹងរង់​ចាំ​យុត្តិធម៌​រហូត​ បើ​ទោះបីជា​លោក​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្ដី​។

លោក​មានប្រសាសន៍​ថា​៖ «អំពាវនាវ​ឱ្យ​អង្គការ​អន្តរជាតិ​ទាំងអស់ ​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ផង»។

ដោយឡែក​បងប្រុស​បង្កើត​របស់​យុវជន​ ផេង​ កុសល​ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ ដែល​បាន​ស្លាប់​ដោយ​ត្រូវគ្រាប់​កាំភ្លើង ​កាលពី៦ឆ្នាំមុន ​នៅ​ផ្លូវ​វេ​ងស្រេង​ លោក​ សំ​ សារី​ ថា​រដ្ឋាភិបាល​ជា​អ្នកទទួល​ខុសត្រូវ​ករណី​ស្លាប់​​កម្មករ​ពេលនោះ​។

លោក​ថា​ ការ​តវ៉ា​របស់​កម្មករ​ពេលនោះ​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន១៦០​ដុល្លារ​ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​នោះ​ឡើយ​។

លោក​បន្ត​ថា​៖ «សម្រាប់​ខ្ញុំ​ ខាង​រាជរដ្ឋាភិបាល​គាត់​គួរតែ​ទទួលខុសត្រូវ​រឿង​ហ្នឹង​ច្រើនជាង​ ព្រោះ​កាល​ហ្នុង​បាតុកម្ម​គឺ​រឿង​ដំឡើង​ប្រាក់ខែ​ប៉ុណ្ណោះ​»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ ឱ្យ​វី​អូ​ឌី​ដឹង​តាម​ប្រព័ន្ធ​ WhatsApp​ នៅ​ថ្ងៃនេះ​ថា ​រដ្ឋាភិបាល​គ្មាន​ហេតុផល​ណាមួយ​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ការ​បង្ក្រាប​ចលនា​បះ​បោល​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​មួយ​កាលពីដើម​ឆ្នាំ២០១៤ឡើយ​ ដោយ​ថា ​ជា​វិធានការ​បង្រ្កាប​សកម្មភាព​ខុសច្បាប់​ប៉ុណ្ណោះ​។

លោក​មានប្រសាសន៍​ថា​៖ «អ៊ីចឹង ​ប្រសិនបើ​ក្រុម​នេះ​(កម្មករ​) មានការ​ខូចខាត​ ឬការ​បាត់ខ្លួន​អី​ពិតប្រាកដ​មែន​នោះ​ ការទទួលខុសត្រូវ​ គឺ​ក្រុម ​ឬគណបក្ស​នយោបាយ​ដែល​រៀបចំ​នូវ​ចលនា​បះ​បោល​នេះ​ ដែល​នាំ​ពួកគាត់​មក​ធ្វើការ​បះ​បោល​តវ៉ា​ដោយ​ហិង្សា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង ​ក្រុម​នេះ​ទេ​ដែល​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការបាត់បង់​របស់​ក្រុម​នេះ​(កម្មករ​)»។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​ និង​ជា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ សឹង​ សែន​ករុណា​ មើលឃើញ​ថា​ ជនរងគ្រោះ​ពិតប្រាកដ​ក្នុង​ព្រឹត្តិ​ការណ៍​កាលពី៦ឆ្នាំមុន​ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​។ លោក​ថា ​អ្នកទទួល​ខុសត្រូវ​ចំពោះ​សំណុំរឿង​នេះ​ គឺ​អ្នកដឹកនាំ​រដ្ឋ​ ឬអ្នកបញ្ជា​កម្លាំង​ទៅ​បង្ក្រាប​ដោយ​ហិង្សា​បណ្ដា​លឱ្យ​មានកម្ម​ករ​ស្លាប់​ បាត់ខ្លួន​ និង​របួស​ជាច្រើន​នាក់នា​ពេលនោះ​។

លោក​មានប្រសាសន៍​ថា​៖ «អ៊ីចឹង​ហើយ​ សង្គម​ស៊ីវិល​យើង​ធ្លាប់​ទទូច​ឱ្យ​បង្កើត​ក្រុម​ស្រាវជ្រាវ​ ឬស៊ើបអង្កេត​ដ៏​ឯករាជ្យ​មួយ​ ដោយ​ចម្រុះ​នូវ​សមាសភាព​ដែល​មិន​ស្ថិត​ក្រោម​ចំណុះ​របស់​រដ្ឋាភិបាល​អី​ជាដើម​។ យើង​ដឹង​ហើយ​បញ្ហា​ទាំងអស់​នេះ​ មកទល់​ឥលូ​វ យើង​អត់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្ត​ ដែល​បាញ់សម្លាប់​ទៅលើ​កម្មករ​ហ្នឹង​ទេ​»។

កាលពី​ឆ្នាំ២០១៩​ អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូ ​បាន​ចេញ​អត្ថបទ​មួយ​រំលឹក​ព្រឹត្តិ​ការណ៍​បង្ក្រាប​ដោយ​ហិង្សា​កាលពីដើម​ឆ្នាំ២០១៤​ ឱ្យ​ដឹង​ថា​ ហេតុការណ៍​នោះ​ កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​បាញ់ប្រហារ​ទៅលើ​កម្មករ​ បណ្ដាល​ឱ្យ​មាន​មនុស្ស​បាត់បង់ជីវិត​ចំនួន៤នាក់​ និង​បាត់ខ្លួន​ម្នាក់​មកទល់​សព្វថ្ងៃ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ​មាន​មនុស្ស៣៨នាក់​ផ្សេងទៀត​ ត្រូវ​បាន​រង​របួស​ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដែល​ភាគច្រើន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​។

បន្ថែម​ពីនេះ​ ព្រឹត្តិ​ការណ៍​ពេលនោះ​ មាន​មេដឹកនាំ​សហជីព​ និង​សកម្មជន​ ២៣នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ចោទប្រកាន់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល៥ខែ​។

សំណុំរឿង​ផ្លូវ​វេ​ងស្រេង​ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​សហជីព​ចំនួន៦នាក់​ រួមមាន​ លោក​ អាត់​ ធន់​ លោក​ ជា​ មុនី​ អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ លោក​ ប៉ាវ​ ស៊ី​ណា​ លោក​ រ៉ុង​ ឈុន​ និង​អ្នកស្រី​ ម៉ម​ ញឹម​ ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ២ឆ្នាំ​កន្លះ​ ប៉ុន្តែ​ ទោស​ត្រូវ​បាន​ព្យួរ​ ព្រមទាំង​ផ្តល់​ប្រាក់សំណង​ទៅ​ដើម​បណ្ដឹ​ងជាង៨លាន​រៀល​។

យ៉ាងនេះ​ក្ដី​ លី​កាដូ​ កត់សម្គាល់​ថា ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ គ្មាន​ទាហាន ​ឬកងកម្លាំង​ប្រដាប់​អាវុធ​ណា​ម្នាក់​ ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ ចំពោះ​ការ​ស្លាប់ ​និង​បាត់ខ្លួន​កម្មករ​ទាំងនោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ