វិភាគ​៖ វិបត្តិ​នយោបាយ​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​នៅ​ឆ្នាំ២០២០នេះ​?

លោក ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ)

ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ វា​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ លោក​ ដូ​ណាល់​ ត្រាំ​ ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ថា​ កម្ពុជា​នឹង​ជួប​ហានិភ័យ​បើ​មិន​វិល​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ​។

ការព្រមាន​ដោយ​ផ្ទាល់​របស់​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​លោកសេរី​មួយ​នេះ​ ធ្វើ​ឡើយ​ក្រោយពី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ដែល​មាន​អ្នកគាំទ្រ​ប្រហាក់​ប្រហែល​បក្ស​កាន់អំណាច​ដែរ​នោះ​ នៅតែ​ត្រូវ​បាន​គេ​ផាត់ចេញ​ពី​ឆាកនយោបាយ​អស់​រយៈពេល​ជាង​ ២ឆ្នាំ​មក​ហើយ​។

ជ្រុង​មួយទៀត​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ សហភាព​អឺរ៉ុប​នឹង​ប្រកាស​ពី​នីតិវិធី​ដែល​អាច​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA​) ពី​កម្ពុជា​នៅ​ត្រឹម​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ បើ​សហភាព​អឺរ៉ុប​មើលឃើញ​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​ រួម​ទាំង​ការ​យាយី​ទៅ​អ្នកនយោបាយ​ប្រឆាំង​ រួម​ទាំង​លោក​ កឹម​ សុខា​។

ប៉ុន្តែ​ នៅ​ពាក់​កណ្ដា​លខែ​នេះ​ តុលាការ​បានសម្រេច​បើក​ការ​ជំនុំជម្រះ​សំណុំរឿង​លោក​ កឹម​ សុខា​ ពោល​គឺ​ធ្វើឡើង​មុន​ឱសានវាទ​នៃ​ការ​ដាក់​របាយការណ៍​ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​របស់​កម្ពុជា​។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា​ តើ​ជម្លោះ​នយោបាយ​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​ក្នុង​ឆ្នាំ២០២០នេះ​?

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ មាស​ នី​ បង្ហាញ​ការយល់ឃើញ​ថា​ ឆ្នាំ២០២០នេះ​ បញ្ហា​ធំ​ពីរ​នៅ​បន្ត​អូស​បន្លាយ​ ហើយ​បញ្ហា​ប្រឈម​ធំ​មួយ​ នឹង​កើតឡើង​ បើ​ការ​វិវឌ្ឍន​យោ​បាយ​ មិន​ឈរ​លើ​ផលប្រយោជន៍​ជាតិ​។

លោក​ មាស​ នី​ វិភាគ​ថា​ ជា​សូចនាករ​ ឬ(ការ​វាស់វែង​)ពី​ចំណាត់ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ លំហ​ប្រជាធិបតេយ្យ​ នឹង​មិន​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​ វិល​ទៅ​រក​ស្ថានភាព​ដើម​វិញ​ភ្លាម​ៗនោះ​ដែរ​ ទោះបី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ កំពុង​ជំរុញ​ក៏ដោយ​ ព្រោះថា​ វត្តមាន​គណបក្ស​ប្រឆាំង​លើ​ទីលាន​ប្រកួត​តាម​បែប​ប្រជាធិបតេយ្យ​ ដែល​ប្លុក​លោកសេរី​ចង់​ឃើញ​ វា​បាន​នាំមក​វិញ​នូវ​ស្រមោល​ភ័យខ្លាច​បាត់បង់​អំណាច​របស់​គណបក្សប្រជាជន​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន​ សែន​។

លោក​ មាស​ នី​ ប្រាប់​ថា​៖ «នៅ​ឆ្នាំ២០១៧​ បាន​បង្ហាញថា​ គណបក្ស​កាន់អំណាច​នេះ​ បាន​បាត់បង់​មូលដ្ឋាន​គាំទ្រ​របស់​ខ្លួន​ហ្នឹង​ដែល​បាន​របូត​អស់​ជាង​ ៤០ភាគរយ​នៃ​កៅអី​របស់​ក្រុមប្រឹក្សា​ឃុំ​ បាន​ធ្លាក់ចុះ​ទៅលើ​បក្ស​ប្រឆាំង​។ ដូចនេះ​ អានេះ​ជា​សញ្ញា​ទ្រុឌទ្រោម​នៃ​ប្រព័ន្ធ​គាំទ្រ​របស់​បក្ស​កាន់អំណាច​»។

លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ២០១៧​ គណ​បក្ស​ប្រឆាំង​ដណ្ដើ​មបាន​អាសនៈ​ចំនួន​ ៥០០៧កៅអី​ ឬស្មើនឹង​ ៤២ភាគរយ​នៃ​អំណាច​នៅ​ថ្នាក់ក្រោម​ជាតិ​។

លោក​ មាស​ នី​ វិភាគ​ថា​ លទ្ធផល​បោះឆ្នោត​ឃុំ​-សង្កាត់​ វា​នឹង​មាន​ឥទ្ធិពល​ដល់​សាលក្រម​សំណុំរឿង​លោក​ កឹម​ សុខា​ ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​។ លោក​ថា​ បញ្ហា​នេះ​ វា​នឹង​ជំរុញ​ឱ្យ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​អូស​បន្លាយ​រហូតដល់​ថ្ងៃ​បោះឆ្នោត២០២២​ ឬឆ្នាំ២០២៣ទៀត​ក៏​ថា​បាន​។

អ្នកវិភាគ​រូប​នេះ​ ចោទ​ជា​សំណួរ​ថា​ បញ្ហា​នេះ​បាន​បង្កើត​ជា​សំណួរ​ថា​ តើ​លោក​ កឹម​ សុខា​ ព្រម​ទទួលយក​បទ​ចោទ​ថា​ «ក្បត់ជាតិ​» ដើម្បី​បាន​ធ្វើនយោបាយ​ឡើងវិញ​ ឬប្តឹង​ជំទាស់​ទៅ​តុលាការ​ជាន់ខ្ពស់​ប្រឆាំង​ទៅ​នឹង​បទ​ចោទ​? ហើយ​តុលាការ​នឹង​ព្រម​ទម្លាក់​បទ​ចោទ​លើលោក​ កឹម​ សុខា​ ដើម្បី​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​។

លោក​ មាស​ នី​ វិភាគ​ថា​ ភាព​មិនចាញ់​មិន​ឈ្នះ​របស់​អ្នកនយោបាយ​នេះ​ វា​នឹង​រុញ​ពេលវេលា​ឱ្យ​កម្ពុជា​បាត់បង់ EBA​។ លោក​ថា​ បើ​កម្ពុជា​បាត់​ EBA​ អំណោយផល​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ នឹង​បាត់​ដូចគ្នា​ ពេលនោះ​បញ្ហា​ប្រឈម​ធំ​មួយ​នៅក្នុង​ស្រុក​អាច​នឹង​កើតឡើង​ គឺ​រដ្ឋ​អាច​នឹង​ដំឡើង​ពន្ធ​សម្រាប់​ទ្រទ្រង់​ទៅ​នឹង​ការ​ចំណាយ​របស់​ខ្លួន​។

លោក​ មាស​ នី​ បន្ត​ថា​៖ «យើង​រំពឹង​ថា​ នឹងអាច​មានការ​បង្កើន​ឡើង​ការ​ប្រមូល​ពន្ធ​ និង​បង់​ពន្ធ​ផ្សេង​ៗត្រូវ​កើនឡើង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​ជួបប្រទះ​ គេ​ហៅថា​ អតិផរណា​ (ទំនិញ​កើនឡើង​) ផ្នែក​ថវិកាជាតិ​»។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​បណ្ឌិត​ សុខ​ ទូច​ មានប្រសាសន៍​ថា​ តាម​ការយល់ឃើញ​របស់​លោក​ គ្មាន​ការចរចា​ណាមួយ​កើតឡើង​រវាង​គណបក្សប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ដោយ​ថា​ គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​តុលាការ​រំលាយ​ហើយ​។

ប្រធាន​រាជបណ្ឌិត្យ​សភា​រូប​នេះ​ វិភាគ​ថា​ ការសម្រប​សម្រួល​នយោបាយ​ណាមួយ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ក៏​នឹងមិនអាចកើតមានដែរ​ តែថា​ បើជា​មួយ​លោក​ កឹម​ សុខា​ អាច​មាន​សង្ឃឹម​ច្រើនជាង​។

លោក​ សុខ​ ទូច​ វិភាគ​ថា​ ជម្រើស​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឡើងវិញ​ជាមួយ​លោក​ កឹម​ សុខា​ អាស្រ័យ​លើវ​ត្ត​មាន​ EBA​ ។

លោក​ សុខ​ ទូច​ ប្រាប់​ថា​៖ «កម្ពុជា​ក៏​រង់ចាំ​មើល​ថា​ EBA​ នឹង​យ៉ាងម៉េច​ទៅ​ថ្ងៃមុខ​។ បើសិនជា​វិល​មក​ស្ថានភាព​ដើម​ មិន​ដាក់​សម្ពាធ​អី​ទេ​ ខ្ញុំ​ជឿ​ថា​ ផ្ទៃក្នុង​នឹង​រួបរួម​គ្នា​វិញ​ ប៉ុន្តែ​ បើស​ហភាព​អឺរ៉ុប​ដកចេញ​ពី​កម្ពុជា​ បញ្ហា​នយោបាយ​នឹង​មាន​។ ខ្ញុំ​មើលទៅ​អាស្រ័យ​លើ​ EBA​ ទេ​ បើ​ EBA​ មិន​ដក​ទេ​ សេរីភាព​លោក​ កឹម​ សុខា​ លឿន​ទេ​»។

អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត​ គឺ​លោក​ ឯម​ សុវណ្ណ​រ៉ា​ បង្ហាញ​ការយល់ឃើញ​ថា​ ឆ្នាំ២០២០នេះ​ លំហ​ប្រជា​ធិបតេយ្យ​នៅតែ​បន្ត​រួម​តូច​ បើ​ទោះបី​សំណុំរឿង​លោក​ កឹម​ សុខា​ ត្រូវ​បាន​ជម្រះ​ក៏ដោយ​។

អ្នកវិភាគ​រូប​នេះ​ និយាយ​ថា​ EBA​ អាច​នឹង​បាត់បង់​ ព្រោះថា​ បក្ស​កាន់អំណាច​នឹង​នៅតែ​បន្ត​អះអាង​ថា​ ចំណាត់ការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​ដាក់ទោស​ទណ្ឌ​លោក​ កឹម​ សុខា​ ជា​វិធានការច្បាប់​ ទោះ​ដឹង​ថា ប្លុក​លោកសេរី​ដែល​នាំមុខ​គេ​ដោយ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ កំពុង​បដិសេធ​រឿង​នេះ​ក្ដី​។

លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ថា​ ល្បែង​នយោបាយ​បែបនេះ​ វា​នឹង​ជំរុញ​ប្រទេសជាតិ​កម្ពុជា​ជួបនឹង​វិប​ត្តិ​ច្រើន​ជាង​ រហូតដល់​មាន​វិបត្តិ​សង្គម​ក៏​ថា​បាន​។

លោក​ ឯម​ សុវណ្ណរ៉ា​ និយាយ​ថា​៖ «បើ​ EBA​ ទៅ​ (ហើយ) GSP ​របស់​អាមេរិក​ក៏​ទៅ​ ហើយ​ច្បាប់​ប្រជាធិបតេយ្យ​ ២០១៩​ ក៏​វា​ចេញ​មក​ដែរ​»។

អ្នកវិភាគ​រូប​នេះ​ព្រួយបារម្ភ​ថា​ បើ​អ្នកនយោបាយ​នៅតែ​បន្ត​ដើរ​ផ្ទុយពី​ចរន្ត​ពិភពលោក​ ដែល​ចង់ឱ្យ​កម្ពុជា​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ កម្ពុជា​នឹង​ពិបាក​ស្តារ​មុខមាត់​លើឆាកអន្តរជាតិ​ និង​ក្នុង​តំបន់​។

លោក​ សុវណ្ណរ៉ា​ និយាយ​បន្ត​ថា​៖ «យុទ្ធសាស្ត្រ​ដែល​អឺរ៉ុប​លើកឡើង​នេះ​ គឺ​គេ​ធ្វើ​យូរហើយ​នៅក្នុង​សង្គ្រាម​ត្រជាក់ ​វា​ឈ្នះ​អាហ្នឹង​ ហើយ​គេ​ប្រើ​អាហ្នឹង​ ហើយ​គេ​នៅតែ​ប្រើ​យុទ្ធសាស្ត្រ​ហ្នឹង​ដដែល​ទេ​ ដែល​ប្រទេស​ជឿនលឿន​ដូច​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​គេ​ប្រើប្រាស់​ និង​ជាសម្ព័ន្ធភាព​មួយ​រឹងមាំ​ឈ្នះ​ទៅលើ​របប​ផ្តាច់​ការ​មួយចំនួន​។ អ៊ីចឹង ​អា​យុទ្ធសាស្ត្រ​ហ្នឹង​គេ​នៅតែ​ប្រើ​ហ្នឹង​»។

អ្នកវិភាគនយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខា​ ហៅ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ថា​ បក្ស​កាន់អំណាច​កំពុង​មានប្រៀប​ក្នុង​ការ​គ្រប់​គ្រងស្ថានការណ៍​នៅក្នុង​ស្រុក​ ប៉ុន្តែ​ លោក​ថា​ បក្ស​ប្រឆាំង​វិញ​ទៅ​ត្រូវ​បាន​រំលាយ​ តែ​មានប្រៀប​ផ្នែកការ​ទូត​នៅ​លើឆាកអន្តរជាតិ​។

អ្នកវិភាគ​រូប​នេះ​ យល់ថា​ បញ្ហា​នេះ​ បើ​អ្នកនយោបាយ​មិនបាន​តម្កល់​ប្រយោជន៍ជាតិ​ជាធំ​ទេ​ ពលរដ្ឋ​ជា​កោសិកា​សង្គម​ នឹង​រងគ្រោះ​។

លោក​ គឹម​ សុខ​ វិភាគ​ថា​ បើ​គេ​ពិនិត្យមើល​ពីដើម​ចម​រំលាយ​គណបក្ស​ប្រឆាំង​ និង​សម្ពាធ​នៅពេល​នេះ​ លោក​ថា​ លំហ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ២០២០​ អាច​ប្រសើរ​តិចតួច​ តែ​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​អំណាច​របស់​លោក​ ហ៊ុន​ សែន​ ដ​ដែល​ទេ​។

លោក​ គឹម​ សុខ​ និយាយ​ថា​៖ «ឆ្នាំ២០២០​ តាមដំណើរ​នយោបាយ​ដែល​លោក​ ហ៊ុន​ សែន​ ដាក់ចេញ​ ខ្ញុំ​មើលទៅ​នៅតែ​តឹងតែង​ដដែល​ទេ​ មានន័យថា ​លោក​ ហ៊ុន​ សែន​ នៅតែ​រឹប​ស្ថានការណ៍​យ៉ាង​ណែន​នៅក្នុង​កណ្ដា​ប់​ដៃ​របស់​គាត់​ មិន​ងាយ​វិល​ទៅ​រក​ប្រជា​ធិប​តេយ្យ​ងាយ​ៗទេ​»។

សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ ​Occidental​ College​ ​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋ​អាមេរិក​ ​បណ្ឌិត​ អៀ​ សុផល​ មានប្រសាសន៍​ថា​ ប្រជាធិបតេយ្យ​ គឺជា​ដំណើរការ​មួយ​ មិនមែន​ជា​លទ្ធផល​ចុងក្រោយ​នោះ​ទេ​។ លោក​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ អាច​នឹង​ប្រែប្រួល​។

លោក​ អៀ​ សុផល​ និយាយ​ថា​៖ «ខ្ញុំ​សូម​រំឭក​ថា​ កាលពី​ទសវត្សរ៍​ឆ្នាំ១៩៨០​ គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទាល់តែសោះ​។ ដូច្នេះ​ អ្វី​ៗអាច​ប្រែប្រួល​។ អ្វី​ៗអាច​នឹង​ប្រែប្រួល​»។

បើ​តាម​លោក​ អៀ​ សុ​ផង​ គន្លឹះ​សំខាន់​ដើម្បី​ជំរុញ​កម្ពុជា​ឱ្យ​វិល​ទៅ​រក​គន្លង​ប្រ​ជធិប​តេយ្យ​វិញ​ គឺ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​បញ្ចប់​កង្វះ​គណនី​ភាព (ភាពទទួលខុសត្រូវ)​ កង្វះ​តម្លាភាព​ (ភាពស្មើគ្នា) និង​ត្រូវ​ជឿ​ថា​ អ្នកប្រឆាំង​ និង​អ្នករិះគន់​ មិនមែន​ជាស​ត្រូវ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered