ឥណ្ឌូនេស៊ីបន្ថែមកម្លាំងត្រៀមទប់ទល់ជាមួយចិនដើម្បីការពារកោះ

ឥណ្ឌូនេស៊ីប្រកាសបន្ថែមនាវាមុជទឹក និងនាវាផ្ទុកយន្តហោះចំនួន​៤គ្រឿងបន្ថែមទៀតទៅកាន់កោះណាធូណា(Natuna) ដើម្បីទប់ទល់សកម្មភាពដែលប្រទេសនេះហៅថា ចិនកំពុងឈ្លានពានដែនអធិបតេយ្យភាពរបស់ខ្លួន។​

កោះណាធូណា គឺជាកោះមួយដែលឥណ្ឌូនេស៊ីកាន់កាប់ ហើយអះអាងថា ជារបស់ខ្លួនដោយផ្អែកលើប្រវត្តិសាស្ត្រ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។​ ប៉ុន្តែចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ដោយផ្អែកលើប្រវត្តិសាស្ត្រអ្នកនេសាទជនជាតិចិន តែងតែនេសាទនៅតំបន់នេះ។​

មេទ័ពជើងទឹករបស់ឥណ្ឌូនេសីលោក Fajar Tri Rohadi ថ្លែងប្រាប់Channel News Asiaថា ពួកគេបន្ថែមនាវាចម្បាំង៤គ្រឿងបន្ថែមលើនាវាចម្បាំង៤គ្រឿងដែលមានស្រាប់ប្រចាំការនៅទីនោះ។

ការបន្ថែមកម្លាំងទ័ពរបស់ឥណ្ឌូនេស៊ីនេះ ធ្វើឡើងបន្ទាប់ពី ទូកនេសាទរបស់ចិនរាប់សិបគ្រឿង រួមទាំងនាវាឆ្នាំសមុទ្ររបស់ចិនបានចូលទៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីនៅក្បែរកោះណាធូណា ចំនួន៣០ទីតាំង។​ ឥណ្ឌូនេស៊ីបញ្ជាក់ថា ទូកនេសាទ និងកម្លាំងល្បាតចិនចូលទៅជិតកោះណាធូណាតាំងពីខែមុន។​

លោក Rohadi បញ្ជាក់ថា លោកសង្ឃឹមថា ទូកនេសាទ និង នាវាល្បាតរបស់ចិន ចាកចេញពីដែនអធិបតេយ្យភាពឥណ្ឌូនេស៊ី បើមិនដូច្នេះទេ លោកមិនមានជម្រើសអ្វីក្រៅពីការប្រើកម្លាំង ដើម្បីអនុវត្តន៍ទៅតាមច្បាប់ប្រទេស ដែលមានការទទួលស្គាល់ជាអន្តរជាតិ។​

កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi  បានធ្វើកំណត់ទូតមួយផ្ញើទៅស្ថានទូតចិនប្រចាំនៅប្រទេសនេះ ប្រឆាំងសកម្មភាពទូកនេសាទ និងកម្លាំងល្បាតរបស់ចិន។​លោកស្រីបញ្ជាក់ថា កោះណាធូណា ជាកម្មសិទ្ធិរបស់ឥណ្ឌូនេស៊ីមានការទទួលស្គាល់ដោយច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិគឺច្បាប់សមុទ្រច្បាប់១៩៨២ ។

បច្ចុប្បន្នចិនអះអាងថា ផ្នែកជាច្រើននៅសមុទ្រចិនខាងត្បូងដែលសំបូរទៅដោយប្រេង ឧស្ម័ននិងធនធានធម្មជាតិផ្សេងៗទៀតជាកម្មសិទ្ធិរបស់ខ្លួន។ ចិនក៏កំពុងតែមានជម្លោះដណ្តើមដែនសមុទ្រជាមួយប្រទេសជិតខាងរួមទាំងសមាជិកអាស៊ានផងដែរ។​

ចិនបានរៀបចំមូលដ្ឋានទ័ព និងដំឡើងកាំភ្លើងធំនៅលើកោះ និងថ្មប៉ប្រាស់ទឹកដែលកំពុងតែមានជម្លោះមិនទាន់ដោះស្រាយចប់។

កាលពីឆ្នាំ២០១៦ ឥណ្ឌូនេស៊ីក៏ធ្លាប់បានចាប់ខ្លួនអ្នកនេសាទចិន ដែលចូលទៅកាន់តំបន់កោះណាធូណា ហើយបានរៀបចំកម្លាំងមូលដ្ឋានទ័ពនៅទីនោះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ