មេធាវីការពារក្តីឱ្យម្ចាស់ការដ្ឋានសំណង់ដែលបាក់រលំនៅខេត្តកែប អះអាងថា កូនក្តីរបស់លោកមិនស្ថិតនៅក្រោមការទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌនៃឧបទ្ទវហេតុបាក់រលំអគារនោះទេ ប៉ុន្តែ លោកថា កូនក្តីគាត់ព្រមទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីសម្រាប់ជនរងគ្រោះ។
សំណង់អគារមួយដែលស្ថិតក្នុងដំណើរការសាងសង់នៅឯក្រុងកែប បានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៣៦នាក់ក្នុងនោះមានកុមារ ៦នាក់ផងដែរ ហើយមនុស្ស ២៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។
អាជ្ញាធរខេត្តកែប អះអាងកាលពីសប្ដាហ៍មុនថា ម្ចាស់សំណង់អគារដែលបាក់រលំនោះ លោក ឯក សារុន និងភរិយា ដែលរស់នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តកំពតកាលពីរសៀលថ្ងៃទី០៥ ខែមករា ដើម្បីអនុវត្តនីតិវិធីបន្ត។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត បានប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា លោក ឯក សារុន និងភរិយាឈ្មោះ ឈីវ សុធី ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត និងបង្ករបួសស្នាមដោយអចេតនា ប៉ុន្តែ តុលាការបានសម្រេចដោះលែងម្ចាស់សំណង់ទាំងពីរនាក់ប្ដីប្រពន្ធនេះ ឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ជាមួយលក្ខខណ្ឌមិនអនុញ្ញាតឱ្យចាកចេញទៅក្រៅប្រទេសនោះឡើយ។
លោក គង់ សំអុន មេធាវីការពារក្ដីឱ្យម្ចាស់ម្ចាស់សំណង់អគារនេះ បាននិយាយថា កូនក្ដីរបស់លោកមិនទទួលខុសត្រូវលើបច្ចេកទេសនោះឡើយ ប៉ុន្តែ លោកថា កូនក្ដីលោកទទួលខុសត្រូវលើសំណងរដ្ឋប្បវេណី។
លោក គង់ សំអុន ប្រាប់ថា៖ «ក្នុងនាមគាត់ទាំងពីរនាក់ជាម្ចាស់អគារ គាត់មិនទទួលខុសត្រូវលើបច្ចេកទេសក្នុងការសាងសង់ទេ។ បើអ៊ីចឹងកំហុសនៃការបាក់អគារ គាត់ទទួលខុសត្រូវខាងរដ្ឋប្បវេណី។ អ៊ីចឹង បើនិយាយពីលក្ខខណ្ឌក្នុងកម្រិតព្រហ្មទណ្ឌ វាអត់មាន»។
ប៉ុន្មានម៉ោងក្រោយការបាក់រលំអគារនោះ រដ្ឋបាលខេត្តកែប បានប្រកាសថា សំណង់អគារដែលកំពុងដំណើរការសាងសង់នោះ មានកម្ពស់ ៦ជាន់ ហើយសារព័ត៌មាននានា បានចុះផ្សាយថា អគារនោះមានកម្ពស់ ៧ជាន់។
លោកមេធាវី គង់ សំអុន បានចាត់ទុកសេចក្ដីប្រកាសព័ត៌មាន និងការចុះផ្សាយរបស់សារព័ត៌មានថា មិនត្រឹមត្រូវ ដោយលោកប្រាប់ថា ជាន់ផ្ទាល់ដី និងជាន់លើបំផុត មិនត្រូវបានរាប់បញ្ចូលថា ជាជាន់នីមួយៗនៃអគារនោះឡើយ។
លោកមេធាវី គង់ សំអុន ប្រាប់ថា៖ «ការពិតមិនមែន ៧ជាន់ទេ វាមាន ៥ជាន់អគារហ្នឹងនោះ។ ហេតុអីបានត្រូវរាប់ ៥ជាន់ ព្រោះអីជាន់ដីអត់រាប់ទេ។ E0 ហ្នឹងណា៎ គេអត់រាប់ថា អាហ្នឹងមួយទេ ហើយដល់ពេលអាលើបំផុតហ្នឹង គេហៅ Terrace គឺជាដំបូល។ អាហ្នឹងគេអត់រាប់ថា មួយជាន់ទេ»។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប លោក សុទ្ធ ពុទ្ធិម៉ានីន ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា អគារនោះ ត្រូវបានសាងសង់ឡើងកម្ពស់ ៦ជាន់កន្លះ ឬហៅថា ៧ជាន់ ហើយជាន់ឡៅតឿ ក៏ត្រូវបានសង់បន្ថែមនៅជាន់ផ្ទាល់ដីផងដែរ ក្រោយពីដំណើរការសាងសង់សម្រេចបាន ៤ជាន់ទៅហើយនោះ។
នៅពេលត្រូវបានសាកសួរថា តើអគារនោះត្រូវបានសាងសង់ខុសពីពាក្យស្នើសុំឬយ៉ាងណានោះ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រាប់ថា៖ «បាទ! ៧សន្លឹក។ បាទ ពាក្យស្នើសុំសរសេរអ៊ីចឹង [៥ជាន់] ប៉ុន្តែ ដោយសារគេអត់គិតក្រឡាផ្ទៃនៅលើអាជាន់ដំបូលហ្នឹង។ គេគិតក្រឡាផ្ទៃប្រើប្រាស់។ អ៊ីចឹង បច្ចេកទេសអ្នកសរសេរស្នើសុំ គេសរសេរប៉ុណ្ណឹង។ បើសរសេរឱ្យត្រូវ ៦ជាន់កន្លះ ប៉ុន្តែ យើងហៅ ៧[ជាន់]ទៅ»។
ការបាក់រលំសំណង់អគារនេះ ក៏ជំរុញឱ្យមានការចោទសួរទៅលើភាពស៊ីសង្វាក់គ្នានៃនីតិវិធីស្នើសុំសាងសង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
អនុប្រធានមន្ទីររៀបចំដែនដី លោក ឡាយ វណ្ណារ៉ា បានប្រាប់វីអូឌីកាលពីចន្ទកន្លងមកថា អគារនោះត្រូវបានសាងសង់ឡើង ៥ខែមុនអភិបាលខេត្តកែបសម្រេចចេញលិខិតអនុញ្ញាតនៅថ្ងៃទី០២ ខែសីហា។
លោកមេធាវី គង់ សំអុន ទទួលស្គាល់ថា សំណង់អគាររបស់កូនក្ដីរបស់លោក ពិតជាត្រូវបានសាងសង់ឡើងនៅមុនទទួលបានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែ លោកថា វាគ្រាន់តែជាដំណើរការរៀបចំបាតក្រោមនៃសំណង់តែប៉ុណ្ណោះនៅក្នុងរយៈពេលនោះ។
លោក គង់ សំអុន មានប្រសាសន៍បន្តថា៖ «មិនមែនទេ ការពិតទៅ ការសាងសង់ហ្នឹង ធ្វើក្រោយពេលសុំទេ ប៉ុន្តែ ការសុំនោះមិនទាន់បានសេចក្ដីសម្រេច ហើយការអនុវត្តនោះ ដោយសារមានការចរចាគ្នាទៅខាងក្រុមសមត្ថកិច្ចហ្នឹងណ៎ា»។
លោក សំអុន បន្តថា៖ «អ៊ីចឹង ការសាងសង់ដំណាក់កាលប៉ុន្មានខែដំបូងហ្នឹង វាគ្រាន់តែជាការរៀបចំសម្អាតដី មិនមែនមានន័យថា សង់ហើយ ៥ខែហើយបានស្នើសុំ មិនមែនទេ!»។
មេធាវីរូបនេះ បានអះអាងថែមទៀតថា សំណង់អគារដែលមានតម្លៃខ្ទង់ជាង ៤០ម៉ឺនដុល្លារ និងត្រូវបានសាងសង់នៅលើផ្ទៃទំហំប្រហែល ៦០០ម៉ែត្រក្រឡានោះ ត្រូវបានកូនក្ដីរបស់លោកសាងសង់សម្រាប់ចែកទៅឱ្យកូនៗ ៥នាក់របស់ពួកគេ។
ទោះជាយ៉ាងណា អភិបាលខេត្តកែប លោក កែន សត្ថា បានបញ្ជាក់នៅថ្ងៃនេះថា អគារនោះត្រូវបានសាងសង់ឡើងសម្រាប់បម្រើគោលបំណងអាជីវកម្ម ហើយលោកថា ម្ចាស់អគារនោះក៏ដំណើរការអាជីវកម្មផ្ទះសំណាក់នៅខេត្តព្រះសីហនុផងដែរ។
លោក កែន សត្ថា មានប្រសាសន៍ថា៖ «អគារស្នាក់នៅរួមកាលគាត់សុំហ្នឹងណា៎! [អគារ]ស្នាក់នៅរួម ដូចខុនដូ ខុនអីហ្នឹងណ៎ា! អាហ្នឹងជាអគារថ្នាក់អាជីវកម្មហើយ។ … អ្នកសង់ឥឡូវ គាត់ចេះតែឆ្លើយអ៊ីចឹងទៅ។ ស្នាក់នៅរួមអាចថា ត្រូវរបស់គាត់ដែរ ប៉ុន្តែ វាមិនដែលមាននរណាធ្វើអ៊ីចឹងទេ។ យើងមើលជីវភាពប្រជាជនយើង វាមិនដែលមានចែកម្នាក់មួយអ៊ីចឹងទេ។ គាត់ធ្លាប់ធ្វើផ្ទះសំណាក់ផ្ទះអីនៅកំពង់សោមហើយ គាត់មានផ្ទះសំណាក់របស់គាត់ដែរណា៎។ អ៊ីចឹង គោលបំណងគាត់ គឺធ្វើអាជីវកម្មទេ»។
ជាងនេះទៅទៀត សំណួរក៏បានចោទទៅលើគុណភាពនៃសំណង់ផងដែរ ហើយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានសមាជិក ១១រូប និងដឹកនាំដោយរដ្ឋលេខាធិការមួយរូបរបស់ក្រសួងផងដែរ ដើម្បីវិភាគទៅលើគុណភាពសំណង់នៃអគារនោះ។
លោក សុទ្ធ ពុទ្ធិម៉ានីន បានឱ្យដឹងថា លោកបានចូលរួមក្នុងដំណើរការវិភាគលើគុណភាពសំណង់ដែលបាក់រលំនៅខេត្តកែបផងដែរ ហើយលោកថា លទ្ធផលនៃការវិភាគនោះ ត្រូវបានបញ្ជូនទៅថ្នាក់ដឹកនាំរដ្ឋាភិបាលរួចហើយ។
លោក ពុទ្ធិម៉ានីន បានប្រាប់ឱ្យដឹងថា លទ្ធផលនៃការវិភាគនោះ រកឃើញថា សំណង់អគារនោះ ត្រូវបានសាងសង់ឡើងខុសពីលក្ខណៈបច្ចេកទេស ៤ចំណុច ដែលត្រូវបានរៀបរាប់នៅក្នុងសំណើសុំសាងសង់។
មន្ត្រីរូបនេះ បានរៀបរាប់បន្ថែមថា ដែកត្រឹមតែ ៨សរសៃរប៉ុណ្ណោះ ត្រូវបានប្រើសម្រាប់សាងសង់សរសរនីមួយសម្រាប់ទ្រអគារ ដែលផ្ទុយទៅនឹងលក្ខណៈបច្ចេកទេសដែលតម្រូវឱ្យប្រើប្រាស់ដែក ១៦សរសៃរ ខណៈក្រុមវិភាគបានរកឃើញទៀតថា ស៊ីម៉ង់ត៍ដែលត្រូវប្រើសម្រាប់បូកជញ្ជាំង ត្រូវបានយកមកប្រើសម្រាប់ចាក់បេតុងទៅវិញ។
លោក ពុទ្ធិម៉ានីន បានប្រាប់ថា ប្លង់សេឡៅតឿ ក៏ត្រូវបានសាងសង់ឡើងផងដែរនៅជាន់ផ្ទាល់ដីដែលខុសទៅនឹងអ្វីដែលរៀបរាប់ក្នុងសំណើ បន្ទាប់ពីអគារនោះ ត្រូវសង់ឡើងដល់ជាន់ទី៤ហើយនោះ។
លោក សុទ្ធ ពុទ្ធិម៉ានីន បានប្រាប់បន្ថែមទៀតថា ក្រុមវិភាគគុណភាពសំណង់នោះ ក៏បានរកឃើញផងដែរថា ការដកចន្ទុលទ្រប្លង់សេនៅមុនថ្ងៃកំណត់ដោយលក្ខណៈបច្ចេកទេសនោះ ក៏ជាមូលហេតុនាំឱ្យអគារនោះបាក់រលំចុះមកផងដែរ ដែលចំណុចនេះស្របទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះកាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក សុទ្ធ ពុទ្ធិម៉ានីន ប្រាប់ថា៖ «ខុស! ខុសបច្ចេកទេស! ខុសទាំងស្រុងម៉ង»៕