ជនជាតិដើមភាគកួយនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចោទប្រកាន់អតីតប្រធានសហគមន៍ប្រមេរថាបានលួចធ្វើប្លង់រឹងដីរោងជ័រទឹករបស់សហគមន៍ដែលទុកប្រើប្រាស់រួមធ្វើជាកម្មសិទ្ធិឯកជន ហើយក្រោយមកសម្រេចលក់បន្តឲ្យទៅឈ្មួញ។
អ្នកស្រី នួន ម៉ុន រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ឲ្យថា នៅចុងឆ្នាំ២០១៩ កន្លងទៅនេះ រោងជ័រទឹករបស់សហគមន៍ ដែលស្ថិតនៅក្នុងភូមិប្រមេរ ត្រូវបានគេរុះរើចេញហើយ។ស្ថិតក្នុងវ័យ ៦៧ ឆ្នាំ និងជាជនជាតិដើមភាគតិចកួយផង អ្នកស្រី ម៉ុន អះអាងថា ពលរដ្ឋនៅក្នុងសហគមន៍នេះ នឹងមិនសុខចិត្តឡើយ។
បើតាមអ្នកស្រី នួន ម៉ុន ប្រជាពលរដ្ឋនឹងតវ៉ាប្រឆាំង ការប្រើប្រាស់ដី និងរោងជ័រទឹករបស់សហគមន៍ ធ្វើជាឯកជននេះ ប្ដឹងទៅស្ថាប័នពាក់ព័ន្ធ និងតុលាការ បើមិនដោះស្រាយឲ្យសហគមន៍វិញទេ។
អ្នកស្រីបន្ថែមថា៖ « ខ្ញុំនឹងសួរ ស៊ូត សាវន ដែលគាត់នៅក្បែរហ្នឹងតើអ្នកណាជាអ្នករុះរើហើយយើងនឹងធ្វើពាក្យបណ្ដឹង ព្រមទាំងស្នាមមេដៃដាក់ទៅតុលាការតែម្ដង ព្រោះគេធ្វើប្លង់រឹងហយ » ។
ដោយឡែក អ្នកស្រី ស៊ិង ស៊ាំ ជាជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ បញ្ជាក់ជំហរថា អ្នកភូមិនឹងមិនទុកដីសហគមន៍ដែលធ្លាប់តែប្រើប្រាស់រួមនេះ ឲ្យទៅឯកជនគ្រប់គ្រងឡើយ។អ្នកស្រីបន្តថា ប្រជាពលរដ្ឋនឹងប្រមូលផ្ដុំគ្នាជាថ្មីទៀត ដើម្បីរកវិធីធ្វើយ៉ាងណាទាមទារដីសហគមន៍នេះ មកកាន់កាប់ឡើងវិញ។បើតាមអ្នកស្រី ស៊ាំ បើទោះជានៅពេលនេះ រោងជ័រទឹក និងដីសហគមន៍នៅទំនេរ ធាតុពិតដីសហគមន៍នេះ នៅតែអាចបម្រើផលប្រយោជន៍រួមបាន សម្រាប់មូលដ្ឋាននៅថ្ងៃបន្តទៀត។អ្នកស្រីបន្ថែមថា៖«អត់ឲ្យយកទទេបានស្រួលទេ។យើងមានរោងជ័រទឹក យើងមានរោងបណ្ដាញគ្រប់ហើយនុះ » ។
តាមពលរដ្ឋក្នុងសហគមន៍ ដីដែលអតីតប្រធានរបស់ខ្លួនលួចធ្វើប្លង់ ហើយលក់បន្តទៅឲ្យឯកជននេះមានទទឹង៣០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ។ រោងសហគមន៍ដែលមានឈ្មោះថា « សហគមន៍ជ័រទឹក ឃុំប្រមេរ » នេះមានទំហំ ១៦០ម៉ែត្រការ៉េ។
សហគមន៍ត្រូវគ្របដណ្ដប់ភូមិចំនួន៣រួមមាន ភូមិបុស្សធំ ភូមិស្រែព្រាង និងប្រមេរ ដែលភូមិទាំង៣នេះស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។បើតាមលោក ស៊ូត សាវន ដែលជាតំណាងឲ្យជនជាតិដើមភាគតិចកួយ ឲ្យដឹងថាមានប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារតែងទទួលបានផលប្រយោជន៍ពីរោងជ័រទឹកសហគមន៍នេះជាប្រចាំ នៅមុនសហគមន៍នេះត្រូវបិទទ្វារ កាលពីឆ្នាំ២០១៥។
ទាក់ទិនរឿងនេះ វីអូឌី ទទួលបានលិខិតស្នើសុំកិច្ចអន្តរាគមន៍មួយច្បាប់ របស់តំណាងសហគមន៍ជ័រទឹកឃុំប្រមេរ ដែលបានប្ដឹងឲ្យអភិបាលស្រុកត្បែងមានជ័យជួយដោះស្រាយ។នៅក្នុងពាក្យបណ្ដឹងដែលចុះកាលបរិច្ឆេទកាលពីខែ កក្កដា ឆ្នាំ២០១៧ លោក សឿន ផល្លី ដែលជាប្រធានសហគមន៍ថ្មី បានសរសេរថា លោក ធួន ញ៉ិប បានដាក់ស្លាកនៅនឹងរោងសហគមន៍ ទាមទារឲ្យអ្នកដែលពាក់ព័ន្ធមករុះរើជាប្រញាប់។លិខិតដដែលនេះ ក៏បានស្នើសុំឲ្យចៅហ្វាយស្រុកត្បែងមានជ័យ ជួយពិនិត្យ និងដោះស្រាយដែរ។
លោក ស៊ូត សាវន តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ឲ្យដឹងថាសហគមន៍នេះ បានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៨។ដើមហេតុដែលនាំឲ្យបង្កើតសហគមន៍ជ័រទឹក ឃុំប្រមេរនេះឡើង ត្រូវបានលោក សាវន ថ្លែងថា គោលបំណងដើម្បីជួយរកទីផ្សារជ័រទឹក និងបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋនៅក្នុងសហគមន៍ផ្ទាល់។ប៉ុន្តែ សហគមន៍ជ័រទឹកនេះ ត្រូវសម្រេចចិត្តទ្វារវិញ នៅអំឡុងឆ្នាំ២០១៥។ការផ្អាកដំណើរការនេះ មូលហេតុចម្បងគឺប្រជាពលរដ្ឋបាត់បង់ដើមច្បោះ ដែលពុំមានលទ្ធភាពផ្ដល់ជ័រទឹកបានតទៅទៀត ក្រោយពេលក្រុមហ៊ុនចិន ឈូសឆាយដីរបស់ប្រជាជន។
លោក ហៀង រ៉ត ជាអ្នកភូមិម្នាក់ដែលអះអាងថាធ្លាប់ទទួលបានផលប្រយោជន៍ពីរោងជ័រទឹក ឃុំប្រមេរដែរ បានផ្ដល់បទសម្ភាសន៍ថា ថ្វីត្បិតពេលនេះ សហគមន៍ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់អ្នកភូមិត្រូវបាត់បង់ សំខាន់ប្រជាពលរដ្ឋនឹងមិនឲ្យរបស់ដែលប្រើប្រាស់រួមនេះ ត្រូវធ្លាក់ទៅលើដៃឯកជនទេ។បើតាមលោក រ៉ត ពលរដ្ឋអាចរកចំណូលបានពីការលក់ជ័រទឹកទៅឲ្យសហគមន៍ ជាមធ្យមក្នុង១ខែប្រមាណ ២លានរៀលដែរក្នុង១គ្រួសារ។លោកបន្ថែមថា « បាទ ពីមុនចំណេញណាស់។យើងទិញជ័រមក ហើយជ័រជំនាន់នោះឡើងថ្លៃដែរ។ដល់ពេលសហគមន៍អត់មានទីផ្សារក្រោយពេលក្រុមហ៊ុនចិនចូលមក បងប្អូនខ្លះអត់មានដើម ដោយសារអស់ជ័រទិញ។ចាប់តាំងពីពេលនោះមកអត់បានដំណើរការរហូត » ។
អតីតចៅហ្វាយស្រុកត្បែងមានជ័យ លោក ប៉ាង យៀត កាលពីខែ សីហា ឆ្នាំ២០១០ បានចេញសេចក្ដីសម្រេច និងទទួលស្គាល់រោងជ័រទឹកសហគមន៍ ឃុំប្រមេរនេះ គឺអាចធ្វើសកម្មភាព ទៅតាមសំណើបាន។យោងលិខិតរបស់សាលាស្រុកត្បែងមានជ័យនេះ បានសម្រេចប្រគល់ដីឡូត៍មួយកន្លែងដែលមានទំហំ ៣០ គុណនិង៥០ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើទីស្នាក់ការសហគមន៍។
នេះជាការសម្រេចដោយផ្អែកទៅតាមសំណើរបស់សហគមន៍ ដែលស្នើសុំបង្កើតរោងសហគមន៍ជ័រទឹក ឃុំប្រមេរ ដែលសហគមន៍នេះបានផ្ដួចផ្ដើមរួចមកហើយ តាំងពីអំឡុងឆ្នាំ២០០៨។ប្រជាពលរដ្ឋដែលបានផ្ដល់បទសម្ភាសន៍ចោទប្រកាន់ថាលោក ធួន ញ៉ិប បានលួចធ្វើប្លង់រឹងនៃដីសហគមន៍នេះ ក្នុងអំឡុងឆ្នាំ២០១៤ ពេលគាត់ធ្វើជាមេឃុំប្រមេរ។អ្នកភូមិចោទថា ការលួចធ្វើប្លង់រឹង ដែលឃុបឃិតជាមួយសុរិយោដីនៅថ្នាក់ក្រោមជាតិនេះហើយ បានជំរុញឲ្យដោះមិនចេញមកដល់បច្ចុប្បន្ន។
លោក ធួន ញ៉ិប ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកួយ រស់នៅភូមិស្រែព្រាង មុនពេលស្លាប់បានចេញសេចក្ដីជូនដំណឹងមួយកាលពីខែ កក្កដា ឆ្នាំ២០១៧ ឲ្យភាគីពាក់ព័ន្ធទាំងអស់បានដឹង និងទទួលខុសត្រូវ។នៅក្នុងលិខិតនេះ លោក ធួន ញ៉ិប បញ្ជាក់ថាដីសហគមន៍នេះ គឺជាកម្មសិទ្ធិពិតប្រាកដរបស់លោក។បន្ថែមពីលើនេះ លោក ញ៉ិប ស្នើឲ្យអ្នកដែលអះអាងថាជាម្ចាស់សំណង ឬអង្គភាពត្រង់ដីសហគមន៍ដែលមានវិវាទនេះ មករុះរើសំណង់ ឬអង្គភាពជាបន្ទាន់ គឺមិនឲ្យពីលើសពី ៣០ ថ្ងៃឡើយគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៨ ឆ្នាំ២០១៧។បើតាមលោក ញ៉ិប បើហួសថ្ងៃកំណត់លោកនឹងរុះរើដោយខ្លួនឯង ហើយសម្ភារៈទាំងអស់ចាត់ទុកជារបស់គ្មានម្ចាស់។
បើទោះជាបែបណា អ្នកស្រី ស៊ិង ស៊ាំ ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរ បានអះអាងថា តាមពិតដីដែលបង្កើតសហគមន៍នេះ ដើមឡើយគឺជាកម្មសិទ្ធិផ្ទាល់របស់អ្នកស្រី។ប៉ុន្តែដោយមើលឃើញថា ការបង្កើតសហគមន៍នេះ អាចផ្ដល់ប្រយោជន៍សម្រាប់សហគមន៍រួម អ្នកស្រី ស៊ាំ បញ្ជាក់ថា គាត់សម្រេចចិត្តផ្ដល់ទីតាំងនេះ ឲ្យប្រជាពលរដ្ឋ បង្កើតទៅជាសហគមន៍។បើតាមអ្នកស្រី ស៊ិង ស៊ាំ លោក ធួន ញ៉ិប មិនមែនជាម្ចាស់កម្មសិទ្ធិអ្វីនោះទេ ។លោក ធួន ញ៉ិប នេះត្រូវបានប្រជាពលរដ្ឋបោះឆ្នោតផ្ដល់សេចក្ដីទុកឲ្យធ្វើជាប្រធានសហគមន៍ មួយរយៈពេលខ្លី មុននឹងត្រូវផ្លាស់ទៅធ្វើជាមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សកាន់អំណាច។អ្នកស្រីបន្ថែមថា «ដីនោះជាដីរបស់ខ្ញុំទេពីដំបូងឡើយ។ខ្ញុំមានលិខិតកាន់កាប់ ដោយមានការបោះត្រាទទួលស្គាល់ត្រឹមត្រូវពីភូមិ ឃុំ និងខេត្ត » ។
វីអូឌី ទទួលបានលិខិតមួយច្បាប់ដែលបញ្ជាក់ថា លោក ធួន ញ៉ិប ពិតជាធ្លាប់ធ្វើជាប្រធានសហគមន៍ព្រៃឈើនៃឃុំប្រមេរនេះមែន។នៅក្នុងលិខិតដែលចុះកាលបរិច្ឆេទកាលពីខែ មីនា ឆ្នាំ២០១៣ លោក ញ៉ិប បានបញ្ជាក់ថាលោកបានផ្ទេរ និងប្រគល់សម្ភារៈមួយចំនួនដូចជាលុយបានពីការទិញជ័រទឹក និងឧបករណ៍ប្រើប្រាស់ជាដើមនេះ ឲ្យអ្នកបន្តវេនសហគមន៍ថ្មីជំនួសរូបលោកមើលការខុសត្រូវវិញ។លោក ធួន ញ៉ិប ដែលមានវ័យជាង ៦០ឆ្នាំទៅហើយនោះ ពេលនេះបានទទួលមរណភាពទៅហើយ។បើទោះជាបែបណាតំណាងសហគមន៍ចោទប្រកាន់ថា ការចុះរុះរើសហគមន៍កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ ជាសាច់ញាតិរបស់លោក ញ៉ិប។
ទាក់ទិនរឿងនេះ អ្នកស្រី ញ៉ិប មករា ដែលត្រូវជាកូនស្រីបង្កើតលោក ធួន ញ៉ិប បដិសេធថាឪពុករបស់អ្នកស្រីពិតជាមិនមានជាប់ពាក់ព័ន្ធរឿងនេះឡើយ។ជាងនេះទៀត អ្នកស្រី និងក្រុមគ្រួសារក៏ពុំបានដឹងឮអ្វីដែរដូចដែលបានកើតឡើង នៅក្នុងសហគមន៍នេះថែមទៀតផង។អ្នកស្រីបន្ថែមថា «លួចធ្វើប្លង់រឹងយ៉ាងម៉េចទៅ។បើលួចពីណាគេហ៊ានធ្វើឲ្យ។ខ្ញុំអត់ដែលបានដឹងផង» ។
មេឃុំប្រមេរ លោក ធាង ហៀង បញ្ជាក់ថាក្នុងនាមអាជ្ញាធរមូលដ្ឋាន មិនជំទាស់ការតវ៉ារបស់ពលរដ្ឋនៅក្នុងសហគមន៍ទេ។ក្នុងរឿងនេះ បើតាមលោក ហៀង យល់ឃើញថា ដីសហគមន៍នេះ មិនត្រូវបានភាគីណាម្នាក់ អាចមានសិទ្ធិលួចធ្វើប្លង់រឹង ដើម្បីគ្រប់គ្រងជាលក្ខណៈឯកជនបានឡើយ។លោកបន្ថែមថា «ខ្ញុំដាក់ឲ្យប្រជាពលរដ្ឋប្តឹងទៅលើហើយនេះ។ខ្ញុំបានប្រាប់ថ្នាក់លើឲ្យជួយដោះស្រាយរឿងនេះដែរ។ខ្ញុំខានតាមដានយូរហើយដែរ តាំងពីនិងមកមិនដឹងយ៉ាងម៉េចហើយ » ។
ប្រធានកម្មវិធីតស៊ូមតិ និងដីធ្លីនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ យល់ឃើញថា ការចុះរុះរើរោងជ័រទឹក របស់សហគមន៍នៅលើដីសហគមន៍នេះ វាជារឿងដែលអនុវត្តផ្ទុយពីគោលការណ៍ច្បាប់។លោក សោភ័ណ បន្តថា ជាធម្មតាសហគមន៍ជ័រទឹក ឃុំប្រមេរនេះ ត្រូវបានចុះបញ្ជី និងទទួលស្គាល់រួចទៅហើយ បើពិនិត្យទៅតាមផ្លូវច្បាប់។ក្នុងន័យនេះ បើតាមលោក ប៉ិក សោភ័ណ អ្នកដែលរួមចំណែកបង្កើតឲ្យមានកំហុស និងអនុវត្តរំលោភលើនីតិវិធីនោះគឺជំនាញភូមិបាលសុរិយោដី នៅថ្នាក់ក្រោមជាតិ។
លោកបន្ថែមថា «ការទទួលស្គាល់របស់អាជ្ញាធរអនុញ្ញាតឲ្យសហគមន៍សង់រោងជ័ទឹកហ្នឹងរួចទៅហើយ។ហើយការធ្វើប្លង់ហ្នឹងទៀតមិនដឹងថាអាជ្ញាធរហ្នឹងគាត់មើលពីសក្ដានុពលអំពីសិទ្ធិក្នុងការកាន់កាប់ និងគ្រប់គ្រងដីហ្នឹងយ៉ាងម៉េចបានចេញប្លង់ឲ្យមកបែបហ្នឹង » ។
ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានការិយាល័យភូមិបាលស្រុកត្បែងមានជ័យ លោក អ៊ុច សុខសាន្ត បដិសេធថា រោងសហគមន៍ជ័រទឹកឃុំប្រមេរនេះ ពុំមានអ្នកណាចុះទៅប៉ះពាល់ ដូចការលើកឡើង របស់សហគមន៍ទេ។ម្យ៉ាងវិញទៀត មន្ត្រីជំនាញភូមិបាលរូបនេះ ទទួលស្គាល់ថា អតីតប្រធានសហគមន៍ លោក ធួន ញ៉ិប ពិតជាលួចធ្វើប្លង់រឹង កាន់កាប់ដីសមូហភាពនេះជាឯកជនមែន។លោកបន្តថា «ដីហ្នឹងយើងគ្រោងឲ្យជាសហគមន៍ទេ។សហគមន៍ព្រៃឈើនៅប្រមេរហ្នឹង។ប៉ុន្តែមិនដឹងគាត់មានគំនិតបែបម៉េចបានជាគាត់ចុះបញ្ជីដាក់ជាកម្មសិទ្ធិឯកជនរបស់គាត់ » ។
បើតាមលោក សុខសាន្ត ហេតុផលដែលបើកផ្លូវឲ្យលោក ញ៉ិប អាចឈានទៅគ្រប់គ្រងដីនេះបាន ដោយសារ ឆ្លៀតធ្វើក្នុងយុទ្ធនាការ០១ របស់ក្រុមនិស្សិតចុះវាស់វែងដី។ប៉ុន្តែលោកមានជំនឿថា បញ្ហានេះនៅតែអាចដកហូតមកឲ្យសហគមន៍គ្រប់គ្រងវិញបាន តាមរយៈការសម្របសម្រួលរវាងគូទំនាស់ទាំងពីរ។
បើទោះជាយ៉ាងនេះក្ដី ក្រុមសហគមន៍ដែលបានផ្ដល់បទសម្ភាសន៍បានលើកឡើងថា លោក ធួន ញ៉ិប លួចធ្វើប្លង់រឹងនេះ អំឡុងពេលគាត់នៅមានឥទ្ធិពល ជាមេឃុំ។មិនតែប៉ុណ្ណោះ ការទទួលបានប្លង់កាន់កាប់នេះ មិនជាប់ពាក់ព័ន្ធនិងយុទ្ធនាការ០១នេះ។ប៉ុន្តែករណីនេះ ជាការសម្រេចត្រឹមភូមិបាលសុរិយោដីថ្នាក់ក្រោមជាតិប៉ុណ្ណោះ។ដោយឡែក មន្ត្រីអង្គការផ្នែកតស៊ូមតិ និងសិទ្ធិដីធ្លីនៅក្នុងតំបន់យល់ឃើញថាគួររក្សាដីសហគមន៍នេះទុក ដើម្បីបម្រើឲ្យសេចក្ដីត្រូវការរួមនៅក្នុងមូលដ្ឋាន ជាជាងផ្ដល់សិទ្ធិគ្រប់គ្រងជាលក្ខណៈឯកជន៕









