តំណាងអ្នកមានជម្លោះដីធ្លី៣នាក់ដែលនៅមានជីវិត ក្រោយពេលតំណាងម្នាក់ទៀតដែលជាប់ឃុំជាមួយគ្នាបានស្លាប់កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថាបានវាយធ្វើទារុណកម្មលើក្រុមលោក ដើម្បីបង្ខំយកចម្លើយសារភាព។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ៦០០គ្រួសារ មកពីឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ានៅមុខសាលាខេត្តក្នុងជម្លោះដីធ្លី បន្ទាប់សមត្ថកិច្ចចាប់តំណាងរបស់ពួកគាត់៥នាក់ឃុំខ្លួន។ លុះរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាងម្នាក់ក្នុងតំណោមនោះ ឈ្មោះ ទុយ ស្រស់ បានស្លាប់ ដោយខេត្តបញ្ជាក់ថា ដោយសារតែបញ្ហាញៀនស្រា ប៉ុន្តែ អ្នកជាប់ឃុំជាមួយ ចោទថា ដោយសារការធ្វើទារុណកម្ម។
ទោះយ៉ាងណា ជុំវិញករណីស្លាប់លោក ទុយ ស្រស់នេះ អ្នកជាប់ឃុំជាមួយអះអាងថា បានឃើញផ្ទាល់ភ្នែកករណីវាយធ្វើទារុណកម្មពីកម្លាំងសមត្ថកិច្ច។
លោក នូវ នឿន តំណាងម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១២ ខែមករា បានប្រាប់វីអូឌី តាមទូរសព្ទថា ការស្វែងរកកិច្ចអន្តរាគមន៍តាមរយៈមេធាវី អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនលោកផ្ទាល់ និងមនុស្សផ្សេងទៀត។ បើតាមលោក នឿន ក្នុងអំឡុងពេលចាប់ និងឃុំខ្លួននោះ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានវាយធ្វើបាបពួកគាត់ស្ទើរស្លាប់។

លោកបន្ថែមថា៖ «ដាក់ខ្នោះរួចរុញចូលក្នុងឡាន វ៉ៃបន្ថែម បុកបន្ថែម កាច់ក និងវ៉ៃពីមុខ។ អ៊ីចឹង ពួកខ្ញុំត្រូវបានគេរុញចូលក្នុងឡានទាំង៥នាក់ រួចយកពួកខ្ញុំទម្លាក់នៅមុខដងទង់ជាតិ។ ខ្ញុំស្មានថា ឱ្យពួកខ្ញុំគោរពទង់ជាតិ។ ពួកខ្ញុំ គេតម្រូវឱ្យអង្គុយនៅមុខដងទង់ជាតិហ្នឹងតែម្ដង។ បន្ទាប់មក គេឱ្យតម្រៀបជួរគ្នា ហើយចាប់ផ្ដើមទាត់វ៉ៃម្នាក់ៗបីបួនជើងៗ។ បើខ្ញុំវិញគេ (ប៉េអឹម) ទាត់បីជើង រួចថែម១ដៃទៀត របូតធ្មេញមួយចំហៀង»។
នៅព្រឹកថ្ងៃទី១២ ខែមករា សកម្មជនដីធ្លី ៣នាក់ រួមមាន លោក អាន រួន លោក នូវ នឿន និងលោក ហ៊ឹម គីរី បានស្នើសុំមេធាវីពីខាងសមាគមអាដហុក។ លោក អាន រួន បញ្ជាក់ថា ការពឹងពាក់មេធាវីពីអង្គការសង្គមស៊ីវិលនៅពេលនេះ គឺដើម្បីបើកផ្លូវឱ្យពួកគាត់ អាចមានលទ្ធភាពក្នុងការតតាំងតាមផ្លូវច្បាប់នៅតុលាការ នាពេលខាងមុខ។

មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ស៊ុំ ចន្ទគា ឱ្យដឹងថា ពេលនេះបណ្ដឹងរបស់ជនរងគ្រោះទាំង៣នាក់ ខាងលោកបានទទួលហើយ។
លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោមតំណាង៥នាក់ ដែលត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួន គឺមានតែ៣នាក់ប៉ុណ្ណោះ សម្រេចចិត្តដាក់ពាក្យប្តឹង ប្រឆាំងការធ្វើទារុណកម្មនេះ ចំណែកអ្នកផ្សេងទៀត លោកមិនបានដឹងថា មានមូលហេតុអ្វីបានពួកគេមិនប្តឹង។ លោកដាក់ការសង្ស័យថា អ្នកទាំងនោះមានការភ័យខ្លាចចំពោះសុវត្ថិភាព។
អ្នកស្រី ប៊ុយ គីមឡាក់ ភរិយាលោក ទុយ ស្រស់ និងលោក យិប ម៉ក់ តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ គឺមិនអាចទាក់ទងតាមទូរសព្ទដើម្បីសាកសួរជុំវិញមូលហេតុមិនដាក់ពាក្យប្តឹងបានទេ ដោយទូរសព្ទហៅមិនចូលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទាក់ទងនឹងសុវត្ថិភាពនេះដែរ តំណាងទាំង៣នាក់ ដែលមកស្នើសុំមេធាវី និងដាក់ពាក្យបណ្ដឹងនៅការិយាល័យ អាដហុក អះអាងថា ពេលនេះមានមនុស្សស្លៀកស៊ីវិល តាមឃ្លាំមើលពួកគាត់ជាប្រចាំ។
ទាក់ទងសំណុំរឿងព្រហ្មទណ្ឌនេះ សកម្មជនដីធ្លីបានអះអាងថា អ្នកដែលបញ្ជាឱ្យវាយធ្វើបាប និងទាត់ធាក់ពួកគេ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឈ្មោះ សរ ប៊ុនសឿង។ ប្រភពបន្ថែមថា លោក ប៊ុនសឿង ក្រៅពីបញ្ជាឱ្យកូនចៅវាយ និងធ្វើទារុណកម្មយកចម្លើយហើយ មន្ត្រីរូបនេះ បានប្រើហិង្សាដោយខ្លួនឯងមកលើពួកគាត់ជាអ្នកតវ៉ារឿងដីធ្លីផ្ទាល់ថែមទៀត។

លោក អាន រួន តំណាងម្នាក់ក្នុងចំណោមសកម្មជនទាំង ៥នាក់ ថ្លែងថា លោកត្រូវបានលោក សរ ប៊ុនសឿង ចាប់ទះកំផ្លៀង និងវាយបត់កក្នុងបំណងឱ្យស្លាប់ មុននឹងត្រូវបញ្ជូនចូលទៅក្នុងរថយន្ត។ លោកបន្តថា ក្នុងអំឡុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងរូបនេះ បានបញ្ជាឱ្យកូនចៅ វាយសួរចម្លើយបន្ថែមទៀត ក្នុងទម្រង់ធ្ងន់ធ្ងរមកលើពួកគាត់។
លោកបន្ថែមថា៖ «គ្នាគេបីបួននាក់ រើម៉េចឈ្នះ។ គេដាក់យកៗ (វាយ) ខ្ញុំឡើងឈាមក្បាលជោគអាវអស់។វាយខ្ញុំឡើងរយៈត្របកភ្នែកអស់។ អុកជង្គង់ អុកជង្គង់ឡើងឆ្អឹងខ្នង និងអូសវ៉ៃពីលើក្បាលថែមទៀត រួចហើយដាក់មួកសុវត្ថិភាព រួចអូស ហើយកាច់កខ្ញុំបំបាក់។ វ៉ៃនេះវ៉ៃមែនទែន វ៉ៃយកឱ្យងាប់តែម្ដង។ មកដល់ខាងក្នុងទីបញ្ជាការកងរាជអាវុធហត្ថ លោក ប៊ុនសឿង គេវ៉ៃថែមទៀត។ ម្នាក់ថែមបីបួនជើងទៀត ទប់គ្នាហ្នឹងឯង។»
វីអូឌី មិនអាចស្វែងការបំភ្លឺជុំវិញការចោទប្រកាន់នេះពីលោក សរ ប៊ុនសឿង ដែលត្រូវជាមេបញ្ជាការរងប៉េអិមខេត្តបន្ទាយមានជ័យបានទេ។ ស្របពេលលោក ប៊ន ប៊ិន មេបញ្ជាការប៉េអិមខេត្ត ទូរសព្ទមិនអាចទាក់ទងបាន ក្នុងរយៈពេល៥ថ្ងៃមកនេះ។
បើទោះជាបែបណា សំណុំរឿងព្រហ្មទណ្ឌនេះ មន្ត្រីអង្គការផ្នែកសិទ្ធិមនុស្សនៅក្នុងតំបន់ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការថ្នាក់ជាតិ ប្រឆាំងការធ្វើទារុណកម្មភ្លាមដែរ។ បើតាមគម្រោងគណៈកម្មការដែលមានសមាសភាពចំនួន៩រូប មាន លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាននេះ អាចនឹងបើកការស៊ើបអង្កេតនៅដើមសប្តាហ៍។
ស្របពេលគណៈកម្មការថ្នាក់ជាតិត្រូវបានបង្កើតឡើង ដើម្បីបើកផ្លូវឱ្យមានការស៊ើបអង្កេត សង្គមស៊ីវិលក្នុងតំបន់នោះឱ្យដឹងថា មន្ត្រីអង្គការ UN ផ្នែកសិទ្ធិមនុស្ស ក៏បានចុះស្រាវជ្រាវ និងសួរដេញដោលទៅតុលាការខេត្តបន្ទាយមានជ័យ អំពីអំពើទារុណកម្មនេះដែរ។
បើទោះជាយ៉ាងណា វីអូឌី បានព្យាយាមទាក់ទងតាមទូរសព្ទជាច្រើនដងទៅតំណាងអយ្យការ លោក មាស ចាន់ពិសិដ្ឋ នៅថ្ងៃទី១២ ខែមករា ប៉ុន្តែ មិនមានការឆ្លើយតប។ ដោយឡែក លោក តុប សុភី ប្រធានផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់ នៃគណៈកម្មការថ្នាក់ជាតិប្រឆាំងការធ្វើទារុណកម្ម ប្រាប់ថា គោលដៅនៃប្រតិបត្តិការនេះ គឺនឹងត្រូវជួបគ្រប់ភាគីដែលពាក់ព័ន្ធចំពោះរឿងក្ដីនេះ។
ប៉ុន្តែ មន្ត្រីជំនាញរូបនេះ មិនអាចសន្និដ្ឋានបាននៅឡើយទេថា នឹងត្រូវដោះស្រាយតាមវិធីណា បើរកឃើញថាពិតជាមានបទល្មើសកើតឡើង ប្រឆាំងនឹងមន្ត្រីកំពុងបំពេញមុខងារ ហើយប្រព្រឹត្តបទល្មើសមែន។ បើតាមលោក សុភី បញ្ជាក់ថា ក្រោយពីបើកការស៊ើបអង្កេតរួច នឹងបញ្ជូនរបាយការណ៍ស្រាវជ្រាវនេះទៅអង្គភាព និងរដ្ឋាភិបាលវិញ ដើម្បីធ្វើសេចក្ដីសម្រេច។
លោកបន្ថែមថា៖ «ក្នុងករណីដែលយើងសិក្សាឃើញថា វាមានបញ្ហាកើតចេញពីការអនុវត្តរបស់មន្ត្រីសម្រាប់ខ្ញុំជាមន្ត្រីបច្ចេកទេស ខ្ញុំនឹងលើកសំណើទៅថ្នាក់តាមឋានានុក្រម ដើម្បីឱ្យគាត់មានវិធានការទៅតាមផ្លូវច្បាប់។ សម្រាប់ពួកខ្ញុំ ជាការងារ ពួកខ្ញុំនឹងចុះទៅជួបប្រជាពលរដ្ឋ បន្ទាប់មកទៅពេទ្យបង្អែក ដើម្បីប្រមូលព័ត៌មានមួយចំនួន ត្រូវមានមូលដ្ឋានមុននឹងទៅជួបមន្ត្រីដែលជាកងរាជអាវុធហត្ថ»។
ប្រទេសកម្ពុជា ក្រោយឆ្នាំ១៩៩៣ បានចុះកិច្ចព្រមព្រៀងលើវិធីសារ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិជាច្រើន ប្រឆាំងនឹងបទឧក្រិដ្ឋ អនុសញ្ញានៃការធ្វើទារុណកម្ម ព្រមទាំងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អនុសញ្ញាប្រឆាំងទារុណកម្ម និងទណ្ឌកម្មផ្សេងទៀត ដែលឃោរឃៅ និងអមនុស្សធម៌ ត្រូវបានអនុម័តកាលពីខែធ្នូ ឆ្នាំ១៩៨៤។
កម្ពុជាដែលជារដ្ឋនៃភាគី ក៏បានទទួលយកសេចក្ដីសម្រេចនេះក្នុងឋានៈជាប្រទេសគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះដែរ។
មាត្រា១នៃអនុសញ្ញានេះបញ្ជាក់ថា”ទារុណកម្ម“មានន័យថា អំពើទាំងឡាយណាដែលនាំឱ្យមានការឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ ឬផ្លូវចិត្តក្ដី ដែលត្រូវបានបង្កឡើងដោយចេតនាទៅលើជនណាម្នាក់ ឬតតិយជនណាម្នាក់។ មាត្រា២ នៃអនុសញ្ញានេះសង្កត់ធ្ងន់ថា រដ្ឋភាគីត្រូវចាត់វិធានការខាងផ្លូវច្បាប់ រដ្ឋបាល តុលាការ និងវិធានការផ្សេងទៀត ដើម្បីបង្ការកុំឱ្យមានទារុណកម្មនៅលើដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។
លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា សមាគមរបស់លោកបានទទួលទាំងពាក្យបណ្ដឹង និងសំណើសុំមេធាវីពីជនរងគ្រោះរួចហើយ។ លោកបន្តថា ក្រោយពីទទួលបានសំណើនេះ សមាគមអាដហុក នឹងរៀបចំមេធាវី ដើម្បីការពារក្ដីឱ្យជនរងគ្រោះដែរ។ ក្នុងន័យនេះ លោក ចន្ទគា យល់ឃើញថា គោលបំណងសំខាន់នៃការដាក់មេធាវីនេះ គឺត្រូវប្រាកដថា ផលប្រយោជន៍នឹងបានទៅលើជនរងគ្រោះ។ ជាងនេះទៀត មិនត្រូវឱ្យខ្លឹមសារនៃច្បាប់ ត្រូវការពារទៅលើជនណាមួយ ឬបម្រើឱ្យបុគ្គលដែលមានប្រៀបលើច្បាប់ ក្នុងហេតុផលអាក្រក់ឡើយ។
លោកបន្ថែមថា៖ «អ៊ីចឹង យើងសង្ឃឹមថា អំណាចតុលាការនេះនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ដើម្បីកុំឱ្យច្បាប់ហ្នឹងវាមានស្តង់ដារពីរ។ ទី១ អ្នកមានចេះតែរួចខ្លួន ផុតទុក្ខផុតភ័យ គ្មានពីណាចោទប្រកាន់ មានលុយ មានអំណាច ចេះតែរួចខ្លួនទៅ។ ចំណែកអ្នកក្រវិញ ចេះតែជាប់គុកទៅ គ្រាន់តែជេរគេមួយមាត់ ក៏គុកទៅ។អាហ្នឹងកុំឱ្យមានវាមានស្តង់ដារពីរ»។
លោក នូវ រឿន ដែលជាតំណាងម្នាក់ក្នុងចំណោមមនុស្សទាំង៥នាក់ បញ្ជាក់ថា មូលហេតុនៃការដាក់ពាក្យបណ្ដឹងនៅពេលនេះ គោលដៅសំខាន់គឺដើម្បីរកយុត្តិធម៌ឱ្យខ្លួនផង និងយុត្តិធម៌សម្រាប់មនុស្សទូទៅផង។ជាងនេះទៀត សកម្មជនដីធ្លីរូបនេះ រំពឹងថា មន្ត្រីដែលស្ថិតនៅក្នុងមុខងារ ព្រមទាំងរដ្ឋាភិបាលគួរអនុវត្តច្បាប់ប្រកបដោយតម្លាភាព។ មិនតែប៉ុណ្ណោះ អ្វីដែលលោកចង់ឃើញជាងនេះទៀតនោះ គឺប្រទេសកម្ពុជាអាចនឹងកសាងបាននូវយុត្តិធម៌សង្គមមួយពិតប្រាកដ៕