មេធាវីអតីតបុគ្គលិក RFA ប្រាប់សាលាឧទ្ធរណ៍ថា តុលាការថ្នាក់ក្រោមមានចេតនាចាប់កំហុសកូនក្ដីលោក​

អតីត​អ្នក​យក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ចាក​ចេញ​ពី​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។ (ខាន់ លក្ខិណា)

មេធាវីការពារក្ដីឱ្យអតីតបុគ្គលិក RFA ប្រាប់ទៅចៅក្រមជំនុំ​ជម្រះសាលាឧទ្ធរណ៍នៅ​ថ្ងៃ​នេះថា សេចក្ដី​សម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ឱ្យបើកះសាលាឧទ្ធរណ៍លោកទេ។

 មិនធ្វើដើម្បីការស៊ើបអង្កេត​ឡើង​វិញ​ទៅ​​លើសំណុំរឿង​កូន​ក្ដី​របស់​លោក​ មិនមែនធ្វើឡើងដើម្បីស្វែងរកភ័ស្តុតាងដោះបន្ទុកឱ្យកូនក្ដីរបស់លោកឡើយ។

សាលាឧទ្ធរណ៍ នៅថ្ងៃនេះ បានបើកសវនាការបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលប្ដឹងប្រឆាំងនឹងសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដែលសម្រេចឱ្យបើកការស៊ើបអង្កេតលើសំណុំរឿង​«ចារកម្ម»។​​

ក្នុងបន្ទប់សវនាការសាលាឧទ្ទរណ៍​នៅថ្ងៃនេះ លោក យាង សុធារិន្ទ  បានរៀបរាប់ប្រាប់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះថា ពួកគាត់មិនសុខចិត្តដែលចៅក្រមសាលាដំបូងឱ្យបើកការស៊ើបអង្កេតបន្ថែម​លើសំណុំរឿងរបស់ពួកគាត់។

លោកលើក​ឡើង​​ថា ការ​ស៊ើប​អង្កេត​ឡើង​វិញ​នេះ កើត​ឡើង​ដោយសារ​តែ​ការស៊ើបអង្កេតកន្លងមក តុលាការរកមិនឃើញកំហុសរបស់ពួកគាត់។

លោក យាង សុធារិន្ទ និយាយ​ថាចៅ​ក្រម​មិន​មាន​ភ័ស្តុតាង​ត្រឹម​ត្រូវ​ដាក់​បន្ទុក​លើ​រូប​លោក​នោះ​ឡើយ ហើយ​ចំណាត់​ការ​របស់​តុលាការ មាន​ចេតនា​អូស​បន្លាយ​រឿង​ក្ដី​នេះ​ឱ្យ​កាន់​តែ​វែង ដែល​លោក​ចាត់​ទុក​ថា «អយុត្តិ​ធម៌»​សម្រាប់​លោក។

​សហមេធាវីការពារក្ដីឱ្យលោក អួន ឈិន និងលោក យាង សុធារិន្ទ គឺលោក គង់ ពិសី ប្រាប់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះថា ចៅក្រមស៊ើបសួរសាលាដំបូង បានប្រកាសបិទការស៊ើបអង្កេត ហើយបញ្ជូនសំណុំរឿងកូនក្ដីទាំងពីររូបទៅជំនុំជម្រះរួចរាល់ហើយ ដោយកំណត់ប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែ នៅថ្ងៃទី៣០ ខែសីហា នោះ ចៅក្រមមិនបានប្រកាស ដោយលើកទៅប្រកាសនៅថ្ងៃទី៣ ខែតុលា វិញ។

មេធាវីរូបនេះបន្តថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ចៅក្រមមិនបានប្រកាសសាលក្រមទេ ប៉ុន្តែ ចៅក្រមបែរជា​សម្រេចចាត់របៀបលើសំណុំរឿងនេះ ដោយអះអាងថា ការដំណើរការសាកសួរដេញដោលក្នុងសវនាការកន្លងមក នៅមានភាពខ្វះចន្លោះ។

លោកចាត់ទុកការសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឱ្យបើកការស៊ើបអង្កេតបន្ថែមលើសំណុំរឿង​នេះ ជាការស៊ើបអង្កេត ដើម្បីរកភស្តុតាងមកដាក់បន្ទុកលើកូនក្ដីរបស់លោកតែប៉ុណ្ណោះ ខណៈការស៊ើបអង្កេតកន្លងមក តុលាការរកមិនឃើញកំហុសនោះ។

លោក គង់ ពិសី ប្រាប់​ទៅ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ថា សាលក្រមដែល​ចេញឱ្យស៊ើបអង្កេតបន្ថែម គឺ​ជា​ការ​​ដាក់បន្ទុកតែម្ដង ហើយ​វា​បញ្ជាក់​ថា មានការ​សន្មត់​ទុក​មុន​ថា កូន​ក្ដី​លោក​មាន​ទោស​រួច​ជាស្រេច​ទៅ​ហើយ។

មេធាវីការមួយរូបទៀត គឺ សំ ចំរើន ប្រាប់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះដែរថា ករណីនេះ មិនមានភាពចំាបាច់អ្វីដែលតម្រូវឱ្យធ្វើការស៊ើបអង្កេតបន្ថែមទៀតឡើយ ដោយលោកថា រយៈពេលនៃការស៊ើបអង្កេតកន្លងមកសមល្មមនឹងរកភស្តុតាងបានហើយ។

ក្រោយពីសវនាការដេញដោលជិត ១​ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប្លង់ សំណាង សម្រេច​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឬ​នៅ​​សប្ដាហ៍​ក្រោយ។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការ លោក សំ ចំរើន លើកឡើងថា ករណីនេះ មិនមានភាពចាំបាច់អ្វីដែលតម្រូវឱ្យធ្វើការស៊ើបអង្កេតបន្ថែមទៀតឡើយ ហើយ​លោក​ស្នើទៅចៅក្រមជំនុំ​ជម្រះសាលាឧទ្ធរណ៍​ទាត់ចោល​សាលក្រមចាត់របៀបរបស់តុលាការ​ជាន់​ទាប។

លោក សំ ចំរើន ថា៖«ការស៊ើបអង្កេតកន្លងមក តុលាការបានប្រើប្រាស់ពេលវេលាសមល្មមគ្រប់គ្រាន់​ហើយ ​​១៥ ទៅ ១៦​ខែហើយ ​ចំណុចដែលបង្គាប់ឱ្យស៊ើបសួរមិនចាំបាច់​ដូចមាត្រាច្បាប់បាន​កំណត់ថា តុលាការអាចស៊ើបសួរបន្ថែម​ នៅដំណាក់កាលជំនុំជម្រះ​ លុះត្រាស្ថិតនៅក្នុងស្ថានភាពចាំបាច់​ បើមិនចាំបាច់មិនអាចធ្វើការថយទៅស៊ើបសួរឡើងវិញដូចរឿងក្ដីយើងនេះទេ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក  អ៊ី រិន្ទ ប្រាប់​ថា លោក​មិន​អត្ថាធិប្បាយ​លម្អិត​អំពី​សំណុំ​រឿង​នេះ​ទេ ដោយ​ថា វា​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​សួរ​របស់​ចៅក្រម។

លោក អ៊ី រិន្ទ ប្រាប់ថា៖ «សំណុំរឿងនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរហើយ។ អ៊ីចឹង ​​​យើងមិនអាចនិយាយលើសហ្នឹងទេ ​ពីព្រោះនៅក្នុងចំណាច់ការនីតិវិធី​របស់ចៅក្រមស៊ើបសួរ​ ហើយលោកចៅក្រមស៊ើបសួរកំពុងមានចំណាត់កាលតាមនីតិវិធីគាត់ហើយ។ ខ្ញុំមិនមានអីឆ្លើយទេ»។​

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​មើលសិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ បង្ហាញការខកចិត្តចំពោះនីតិវិធីរបស់តុលាការនេះ។

លោក សំ អាត ប្រាប់ថា៖«អ៊ីចឹងរយៈពេល​ជិត ២ឆ្នាំកន្លងមក ​មិនទាន់រកឃើញនូវ ​កំហុស ឬភស្តតាងសម្រាប់​​ដាក់បន្ទុកលើអ្នកទាំងពីរ​ទេ។ អ៊ីចឹងគេទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់អ្នកទាំងពីរហើយ ដោះលែងឱ្យមានសេរីភាពវិញ ពីព្រោះរយៈពេលជិត២ ឆ្នាំហើយដែលតុលាការរកមិនឃើញភស្តុតាងគ្រប់គ្រាន់​ សម្រាប់កំណត់ទោសលើអ្នកទាំងពីរ»។

កាលពីម្សិលមិញ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human​ Right​ Watch​ លោក Phil Robertson បានទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ដោយ​ថា ការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង​​ច្បាស់​លាស់​នោះ​ឡើយ។

លោក​ Phi​l ​Robertson លើកឡើង​​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖ «​ការ​បន្ត​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យកព័ត៌មានវិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូបនេះ គឺ​ជារឿង​ប្រឌិត​​ ដើម្បីប្រឆាំង​​នឹង​អ្នក​កាសែត​​ ដែល​ហ៊ាននិយាយ​រិះ​គន់​រដ្ឋាភិបាល​»។

លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ហើយ​ក្រោយមក ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការចោទប្រកាន់​ថា​ បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស​ និង​ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស​។

អ្នក​ទាំងពីរ​ ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ