ក្រុមមេសហជីពជំរុញសមត្ថកិច្ចស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយឃាតកម្ម​លោក ជា វិជ្ជា

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុមមេសហជីពអំពាវនាវទៅសមត្ថកិច្ចឱ្យបើកការស៊ើបអង្កេតជាថ្មី ស្វែងរកឃាតករ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករសម្លាប់លោក ជា វិជ្ជា យកមកដាក់ទោស ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌នៅកម្ពុជា។

ការអំពាវនាវរបស់ក្រុមមេសហជីពនេះធ្វើឡើងចំគោរពខួប ១៦ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា។

អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ បានថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅថ្ងៃនេះថា សំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា គិតមកដល់ពេលនេះ មានរយៈពេល ១៦ឆ្នាំ​ហើយ ដែល​​សមត្ថកិច្ចនៅ​តែ​មិន​ទាន់ស្វែងរកចាប់ខ្លួន​ឃាតករពិតមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយទេ។

មេដឹកនាំ​សហជីព​រូប​នេះ ថ្លែងថា កាលពីឆ្នាំ២០១៤ សលាដំបូងរាធានីភ្នំពេញ បានចេញលិខិតមួយស្នើឱ្យអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវ និងស៊ើបអង្កេតរងមុខសញ្ញាជនល្មើស និងប្រមូលភស្តុតាង​បញ្ជូនទៅតុលាការវិញ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅតែរកមិនឃើញមុខសញ្ញាឃាតករដដែល។

លោក សេងហាក់ បន្ថែម​ថា នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារមួយទៀត ដែលកម្ពុជាបានផ្តល់សច្ចាប័ន ប៉ុន្តែ រយៈពេល ២ឆ្នាំហើយ គណៈកម្មការនេះ មិនបានហៅសាច់ញាតិរបស់លោក ជា វិជ្ជា ឱ្យ​ចូលរួមផ្តល់ភស្តុតាង​នោះ​ឡើយ ហើយក៏មិន​បាន​ផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធករណីឃាតកម្មករលើអតីតមេដឹកនាំសហជីព លោក ជា វិជ្ជា ឡើយ។

លោក ម៉ាន់ សេងហាក់ ថ្លែងថា៖ «សូមអំពាវនាវ និងសំណូមពរដល់សមត្ថកិច្ចនគរបាលយុត្តិធម៌ ជាពិសេសស្ថាប័នរាជរដ្ឋាភិបាល ត្រូវចាត់ការស៊ើបអង្កេតតាមនីតិវិធី ស្វែងរកមុខឃាតករពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករដែលបានសម្លាប់លោក ជា វិជា្ជ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន​​ ដែលចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា បានលើកឡើងថា អតីតមេសហជីព លោក ជា វិជ្ជា បានលះបង់ច្រើនណាស់ ដើម្បីការពារផលប្រយោជន៍កម្មករ ទាំងការទាមទារឱ្យ​មានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារ​ល្អ​ប្រសើរ កម្មករមានសិទ្ធសេរីភាពល្អ និងទាមទារឱ្យ​កម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ។

លោក រ៉ុង ឈុន បានឱ្យដឹងថា កាលឆ្នាំ​១៩៩៩ លោក ជា វិជ្ជា បានក្លាយជាមេសហជីព គឺមានការគាំទ្រយ៉ាងច្រើនពីក្រុមកម្មករ ហើយលោកបានដឹកនាំកម្មករតវ៉ាទាមទាប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារ រហូតមានការគំរាមសម្លាប់ជាបន្តបន្ទាប់ និងត្រូវបានឃាតករបាញ់សម្លាប់នៅឆ្នាំ២០០៤តែម្តង។

លោក រ៉ុង ឈុន ថ្លែងថា៖ «បើគាត់បាត់បង់ជីវិត ពលរដ្ឋទាំងអស់ត្រូវតស៊ូ ធ្វើម៉េចឱ្យប្រទេសកម្ពុជាយើងទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ពាក្យបណ្តាំមួយទៀត គាត់ថា យើងកុំខ្លាច យើងត្រូវតែតស៊ូដើម្បីលក្ខខណ្ឌការងាររបស់យើង។ បើយើងនៅតែខ្លាច យើងនៅតែភ័យ យើងនៅបន្តរងការជិះជាន់យើងជាប់រហូត»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលចូលគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដែរ បានរំលឹកទៅរដ្ឋាភិបាលឱ្យពន្លឿនរកឃាតករពិត ដើម្បីផ្តល់យុត្តិធម៌ជូនលោក ជា វិជ្ជា។

មេដឹកនាំ​សហជីព​រូបនេះ បានទាមទារទៅរដ្ឋាភិបាល ត្រូវធានាកុំឱ្យមានករណីប្រើអំពើហិង្សា ការសម្លាប់ ឬការធ្វើទុក្ខបុកម្នេញ​លើថ្នាក់ដឹកនាំសហជីពតទៅទៀត ខណៈថ្នាក់ដឹកនាំសហជីពជាច្រើន កំពុងរងបណ្តឹងពីនិយោជក ហើយ​ខ្លះ​ទៀត​រងអំពើហិង្សា។

លោក អាត់ ធន់ ថ្លែង​ថា៖ «ក្នុងនាមសហជីព យើងស្អប់បំផុតអំពើលាមក អំពើថោកទាបទាំងឡាយណាដែលប៉ុនប៉ងសម្លាប់ ឬឃាតកម្មសម្លាប់ ឬអំពើហិង្សាផ្សេងៗមកលើថ្នាក់ដឹកនាំសហជីព ទោះបីក្នុងរូបភាពណាក៏ដោយ។ […] អីចឹង រដ្ឋាភិបាលត្រូវធានាកុំមានករណីសម្លាប់ ករណីអំពើហិង្សា ករណីរើសអើងយាយី ករណីរើសអើងលើថ្នាក់ដឹកនាំសហជីពតទៅទៀត»

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់ថា សមត្ថកិច្ចកំពុងរង់ចាំបទបញ្ជាពីតុលាការ ដើម្បីដំណើរការ​ស៊ើបអង្កេតករណីឃាតកម្មនេះបន្តទៀត។

លោក ឆាយ គឹមឃឿន ប្រាប់ថា៖ «រឿងនេះ យើងធ្លាប់បានចាប់ជនសង្ស័យប៉ុន្មាននាក់មួយសារ។ ក្រោយមក រកឃើញថា មិនជាប់ពាក់ព័ន្ធ តុលាការក៏បានដោះលែង ហើយយើងក៏កំពុងរង់ចាំចំណាត់ការតុលាការដែរ។ បើតុលាការដាក់បទបញ្ជាក់មកទៀត យើងនឹងធ្វើទៀត»

វីអូឌី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ តាម​ទូរសព្ទ និង​បណ្ដាញ​សង្គម​តេឡេក្រាម​ផង​ដែរ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ។

អតីតមេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៤ ខណៈដែលលោកកំពុងអានកាសែតនៅខាងលិចរបងវត្តលង្ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ