អ្នកនាំពាក្យរដ្ឋាភិបាលថា GDPពលរដ្ឋកម្ពុជាកើនជិត១៧០០ដុល្លារនៅឆ្នាំ២០១៩

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP របស់​ពលរដ្ឋកម្ពុជាបានកើនដ​ល់១៦៧៩ដុល្លារ នៅឆ្នាំ២០១៩ ដែលកើន​៨.៤៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមាន១៥៤៨ដុល្លារ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ ថ្លែងបញ្ជាក់អំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃម្សិលមិញថា កំ​ណើននេះ ឆ្លុះ​បញ្ចាំងពី​ជីវភាពពលរដ្ឋកាន់តែប្រសើរ និងដោយសារកត្តាប្រទេសមានសន្តិភាព និងស្ថិរភាពនយោបាយ។

លោក ផៃ ស៊ីផាន ថ្លែងបន្ថែមប្រាប់វីអូឌីនៅថ្ងៃនេះថា៖«បញ្ហាសំខាន់ដទៃទៀតហ្នឹងគឺយើងមានការបណ្តាក់ទុនចូលមកស្រុករបស់យើង ហើយយើងមានចលនាផ្ទៃក្នុង[ប្រទេស]ខាងផ្នែកពាណិជ្ជកម្ម ហើយជាពិសេសការប្រមូលពន្ធនៅក្នុងផ្ទៃក្នុងផ្នែកពាណិជ្ជកម្មរបស់យើងផ្ទៃក្នុងយើងបានកើនច្រើន។»

កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំប្រមាណ៧ភាគរយក្នុងមួយឆ្នាំ។ កំណើននេះ ត្រូវបានធនាគារពិភពលោក World Bank និងមូលនិធិរូបីយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា កំពុងប្រឈមហានិភ័យដោយកត្តារួមផ្សំផ្សេងៗ។

ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចេញ​​​កាលពីខែវិច្ឆិកា World Bank បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានឹងថ​យពី៧.៥ភាគរយ ​នៅឆ្នាំ២០១៨ មកនៅ​ត្រឹម៧ភាគរយនៅឆ្នាំ២០១៩ ហើយនឹងបន្តធ្លាក់ចុះ​ត្រឹម៦.៨ភាគរយនៅឆ្នាំនេះ ដោយបណ្តាលមកពីលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ហៅកាត់ EBA ផ្តល់ដោយ​​​សហភាព​អឺរ៉ុប នៅខែកុម្ភៈខាងមុខ និងការធ្លាក់ចុះកំណើន​សេដ្ឋកិច្ចចិន ដែលកម្ពុជាពឹងអាស្រ័យវិនិយោគិនពីប្រទេសនេះមួយភាគធំ។

ដោយឡែក របាយការណ៍លទ្ធផលពិគ្រោះយោបល់រវាង IMF និងកម្ពុជា ចេញផ្សាយកាលពីខែធ្នូ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះកំណើន៣ភាគរយនៅឆ្នាំដំបូង បើសភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា។

តាមសមាគមរោងចក្រកាត់ដេរ​កម្ពុជា ​GMAC​ ធ្លាប់លើកឡើងថា ការដក​EBA នេះនឹងធ្វើឱ្យកម្ពុជាខាតបង់​ទឹកប្រាក់​ប្រមាណ​ជា៧០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​ ហើយ​កម្មករ៧៥ម៉ឺ​ននា​ក់ក្នុង​វិស័យ​កាត់ដេរ​ និងពលរដ្ឋខ្មែរ៣លាន​នាក់ នឹងប៉ះពាល់ដោយផ្ទាល់ និងប្រយោល។

យ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាច្រើនដងថា គ្មានEBA កម្ពុជានឹងមិនស្លាប់ឡើយ ហើយលោក ថា កម្ពុជានឹងប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ World Bank ចុះផ្សាយនៅខែតុលាឆ្នាំ២០១៨ ព្យាករណ៍ថា ដើម្បីអាចសម្រេចគោលដៅដែលប្រមុខរដ្ឋាភិបាលចង់បាន លុះត្រាតែសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ និងឋិតថេរ ខណៈស្តង់ដា GDP សម្រាប់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ស្មើ៣ ៨៩៦ដុល្លារ និង១២ ០៥៦ដុល្លារ សម្រាប់ចំណូលកម្រិតខ្ពស់។

ក្នុងរបាយការណ៍ដែលមានកូនចំណងជើងថា “តើកម្ពុជាអាចប្រែខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែរទេ?” ធនាគារពិភពលោក លើកឡើងថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាគួរពន្យាពេលគោលដៅពី២០៣០​ដល់២០៣៥ បង្កើនកម្រិតធនធានមនុស្ស និងផលិតផលសរុប បង្កើនទំហំវិនិយោគ និងចាំបាច់បង្កើនអត្រាប្រាក់សន្សំក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការសន្សំពីបរទេស។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ដើម្បីសម្រេចគោលដៅទាំងនោះ គឺកម្ពុជាត្រូវរក្សាស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច និងកត្តារួមផ្សំជាច្រើនរាប់បញ្ចូលទាំងការវិនិយោគលើការកែលំអរអភិបាលកិច្ចមូលដ្ឋាន អាស្រ័យតាមចំណូលជាតិ។

លោក ផៃ ស៊ីផាន មានប្រសាសណ៍ប្រាប់វីអូឌីនៅថ្ងៃនេះថា៖«ទី១យើងធ្វើឱ្យមានទំហំនៃទឹកលុយ ថវិកាហ្នឹងធ្វើការវិនិយោគទៅលើថ្នាក់មូលដ្ឋាន ទម្លាក់លុយច្រើនទៅឃុំសង្កាត់ ដើម្បីឱ្យផ្តល់សេវាកម្មប្រសើរដល់មហាជនរបស់យើង។ ហើយវិនិយោគទី២របស់យើងហ្នឹងគឺយើងមានលុយសម្រាប់បង្កើនប្រាក់បៀរវត្សរ៍របស់មន្រ្តីរាជការ។ ទី៣​យើងសម្អាតមន្រ្តីរាជការយើង[…]ដើម្បីឱ្យ[ធ្វើការ]មានប្រសិទ្ធភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ