ការឆ្លងរាលដាលមេរោគកូរ៉ូណាប៉ះពាល់សេដ្ឋកិច្ចសិង្ហបុរី និងថៃខ្លាំងជាងគេ

(ឆ្វេង) អ្នកទេសចរពាក់ម៉ាសការពារមុខ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ (REUTERS)និង (ស្ដាំ) អ្នកដំណើរមកពីក្រុងវូហាន ប្រទេសចិន មកដល់ក្រុងស៊ីដនី ប្រទេសសិង្ហបុរី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០(AP)។

សេដ្ឋកិច្ចសិង្ហបុរី និងថៃរងការប៉ះទង្គិចខ្លាំងបំផុតក្នុងចំណោមប្រទេសតំបន់អាស៊ានទាំង១០ ពីការរីករាលដាលនៃមេរោគឆ្លងនូវែលកូរ៉ូណា​ដែលកំពុងរាតត្បាតនៅប្រទេសចិន។

តាមការសិក្សាពីក្រុមហ៊ុនហិរញ្ញវត្ថុសិង្ហបុរី ចុះផ្សាយកាលពីចុងខែមករា មូលហេតុដែលនាំឱ្យសិង្ហបុរី និងថៃ រងផលប៉ះពាល់ខ្លាំងជាងគេគឺដោយសារកម្រិតនៃការពឹងផ្អែករបស់ប្រទេសទាំងពីរទៅលើចិនខ្ពស់ជាងគេបើប្រៀបធៀបជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត។​

យោងតាមតួលេខពី World’s Top Exports នៅក្នុងឆ្នាំ២០១៨ ប្រទេសដែលមានប្រជាជនប្រមាណ១ពាន់៤រយលាន់នាក់នេះ គឺជាប្រភពទីផ្សារនាំចេញធំបំផុតរបស់សិង្ហបុរី និងថៃ ដោយគិតជាទំហំទឹកប្រាក់មាន៥០,៤ពាន់លានដុល្លារ និង២៩,៧ពាន់លានដុល្លារ។

របាយការណ៍វិភាគរបស់ក្រុមហ៊ុន Maybank Kim Eng ឱ្យដឹងបន្ថែមថា ផលវិបាកនៃមេរោគឆ្លងលើកនេះ អាចនឹងធំជាងផលវិបាកនៃការរីករាលដាលវីរុសសារកាលពីឆ្នាំ២០០៣ ដោយសារចិនមានឥទ្ធិពលសេដ្ឋកិច្ចកាន់តែធំ និងកាន់តែខ្លាំងលើប្រទេ​សក្នុងតំបន់។

យ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថា ផលវិបាកនោះអាចនឹងថមថយបើរដ្ឋាភិបាលក្រុងប៉េកាំងអាចទប់ស្កាត់ការរីករាលដា​ល និងស្តារវិបត្តិសុខភាពដោយសារវីរុសឆ្លងដែលកំពុងបង្កឱ្យមនុស្សស្លាប់ និងឆ្លងកើនឡើងជាលំដាប់ បានឆា​ប់រហ័ស និងទាន់ពេល។

ក្រុមអ្នកវិភាគដែលបានចូលរួមក្នុងការសិក្សា ឱ្យដឹងបន្ថែមថា ម៉ាឡេស៊ី និងវៀតណាម នឹងរងផលប៉ះពាល់អវិជ្ជមានពីមេរោគឆ្លងមិនខ្លាំងដូចជាសិង្ហបុរី និងថៃ ខណៈឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងរងផលប៉ះពាល់តិចតួច​បំ​ផុត ក្នុងចំណោមរដ្ឋសមាជិកទាំងអស់ ដោយសារសេដ្ឋកិច្ចប្រទេសទាំងនេះពឹងផ្អែកលើផលិតកម្មក្នុងស្រុក ច្រើនជាងការពឹងផ្អែកលើការនាំចេញ។

សាស្ត្រាចារ្យផ្នែកសិក្សាពីអាស៊ាននៅសកលវិទ្យាល័យ Naresuan ប្រទេសថៃ លោក Paul Chambers មើលឃើញថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីមេរោគរាតត្បាតលើប្រទេសក្នុងតំបន់អាស៊ាន គឺអាស្រ័យលើទំហំនៃការពឹងផ្អែករបស់ប្រទេសនីមួយៗលើសេដ្ឋកិច្ចចិន។

លោកបញ្ជាក់ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចថា៖ «មេរោគនូវែលកូរ៉ូណាអាចនឹងបង្កជាវិបត្តិសេដ្ឋកិច្ចមួយផ្សេងទៀតសម្រា​ប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលពឹងអាស័្រយសេដ្ឋកិច្ចចិនកម្រិតមួយខ្ពស់ ហើយផលវិបាកសេដ្ឋកិច្ចកើតឡើងដោយ​សារមេរោគនេះ នឹងបន្តរហូតដល់ភាពភ័យខ្លាចនៃការឆ្លងរសាយបាត់ពីអារម្មណ៍ពលរដ្ឋក្នុងសកលលោក»។

រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចបិទការធ្វើដំណើរចេញចូលទីក្រុងអ៊ូហានដែលជាតំបន់ផ្ទុះមេរោគរាតត្បាត នៅថ្ងៃទី២៣ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនូវែលកូរ៉ូណាទៅក្រៅតំបន់។ យ៉ាងណា បើតាមកាសែត South China Morning Post មនុស្ស៥លាននាក់ក្នុងចំណោមពល​រដ្ឋទីក្រុង១១លាននាក់បានចាកចេញមុនពេលប្រកាសរបស់អាជ្ញាធរ។

គិតត្រឹមវេលាព្រឹកនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគនូវែលកូរ៉ូណាបានកើនដល់ ៤២៦នាក់ ចំណែកអ្នកឆ្លងមាន២០ ៦២២ ករណី។ ក្នុងនោះ សិង្ហបុរីរកឃើញអ្នកឆ្លង ១៨ករណី ថៃ ១៩ករណី ម៉ាឡេស៊ី ៨ករណី វៀតណាម ៨ករណី ហ្វីលីពីន ២ករណី និងកម្ពុជា ១ករណី។ នេះបើយោងតាមរបាយការណ៍ពី Channel News Asia។

អង្គការសុខភាពពិភពលោក បានប្រកាសដាក់ពិភពលោកក្នុងគ្រាអាសន្ននៃការរីករាលដាលមេរោគនូវែលកូរ៉ូណា កាលពីចុងខែមករា គឺបន្ទាប់ពីអង្គការអន្តរជាតិមួយនេះ មើលឃើញពីសន្ទុះនៃការរាតត្បាតក្នុងតំបន់ និងបារម្ភពីការរីករាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ហើយមិនបានត្រៀមខ្លួនទប់ស្កាត់ល្អគ្រប់គ្រាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ